ព្រះវិហារៈ តំណាង​ក្រុមហ៊ុន​ដួងស្រួច ក្នុង​ខេត្ត​ព្រះវិហារ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រមូល​ឈើ​ពី​ខាងក្រៅ​ដី​សម្បទាន​សង្គមកិច្ច​ដូច​ការចោទប្រកាន់​នោះ​ទេ ហើយ​ថា​ក្រុមហ៊ុន​អាច​នឹង​ដាក់​ពាក្យសុំ​ប្រមូល​ឈើ​ដែល​នៅ​សេសសល់​រាប់ពាន់​ដើម​ឡើង​វិញ ក្រោយពី​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព​។

លោក​ លី ពុទ្ធារ៉ា ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​ក្នុង​ខេត្ត​ព្រះវិហារ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ ថា​អគ្គនាយក​ក្រុមហ៊ុន​លោក ដួង ស្រួច អាច​នឹង​ដាក់​ពាក្យ​ស្នើសុំ​ដើម្បី​បន្ត​សកម្មភាព​ប្រមូល​ឈើ​បង្ហើយ​នៅ​ក្នុង​ដីសម្បទាន​សង្គមកិច្ច​ទំហំ​ ១៥៤៥​ ហិកតា​ស្ថិត​ក្នុង​ឃុំ​រំដោះស្រែ ស្រុក​ជាំក្សាន្ត ដែល​ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​។ សំណើ​នោះ​អាច​នឹង​ត្រូវ​ដាក់​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ហើយ​សាលាខេត្ត​ក៏​អាច​នឹង​ចាត់ចែង​បញ្ជូន​ទៅ​ក្រសួង​កសិកម្ម​ដើម្បី​ពិនិត្យ និង​សម្រេច​។

លោក​ ពុទ្ធារ៉ា ​ថ្លែង​ថា​៖ «​ខាង​ក្រុមហ៊ុន​ខ្ញុំ​នៅ​មាន​ឈើ​សេសសល់​។ ​អ៊ីចឹង​អាច​ដាក់​ជា​សំណើសុំ បង្ហើយ​ឈើ​ដែល​សេសសល់​នៅ​ក្នុង​ក្រុមហ៊ុន​។ ការដាក់​ពាក្យ​គឺ​ដាក់​ស្នើ​ពី​ក្រោម​ទៅ​តែ​ខ្ញុំ​អត់​ទាន់​ដឹងថា​នឹង​ដាក់​ពេលណា​ទេ គឺ​អាស្រ័យ​អគ្គនាយក​ក្រុមហ៊ុន​»​។ លោក​ឲ្យ​ដឹង​ថា​ឈើ​ដែល​នៅ​សេសសល់​គឺមាន​ប្រមាណ​ជា​ ៣ ​ទៅ​ ៤ ​ប្រភេទ​ផ្សេងៗ​គ្នា​។ ក្នុង​នោះ​មាន​កូន​ឈើ​ប្រមាណ​ជា​ ៤ ​ទៅ​ ៥ ​ពាន់​ដើម និង​ឈើ​ហុប​ប្រហែល​ជាង​ ១០០ ​ម៉ែត្រគុប​ជាដើម​។

សហគមន៍ អាជ្ញាធរ​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ជាច្រើន​បាន​រាយការណ៍​ចោទប្រកាន់​ថា​ក្រុមហ៊ុន​ ដួង ស្រួច បាន​ប្រមូល​ទិញ​ឈើ​ពី​ក្រៅ​ដីសម្បទាន​សង្គមកិច្ច​។

លោក​ ទេព សែន មេឃុំ​រំដោះ​ស្រែ​ក្នុង​ស្រុ​ជាំក្សាន្ត​អះអាង​ពី​ម្សិលមិញ​ថា បន្ទាប់ពី​ប្រមូល​ឈើ​ក្នុង​ដីសម្បទាន​សង្គមកិច្ច​រួច ក្រុមហ៊ុន​ ដួង ស្រួច បាន​បន្ត​ប្រមូល​ទិញ​ឈើ​ពី​ខាង​ក្រៅពី​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ជន​ចំណាកស្រុក​ដែល​បាន​លួច​កាប់​ក្នុង​ព្រៃ​សហគមន៍​រំដោះ​ស្រែ​ ១ ​និង​រំដោះ​ស្រែ​ ២ និង​ពី​ព្រៃ​ព្រះរកា​កាលពី​ឆ្នាំ​ ២០១៦ និង​ ២០១៧​។

លោក​មេឃុំ​បញ្ជាក់​ថា​៖ «​គាត់​មិន​ត្រឹមតែ​ប្រមូល​ឈើ​ក្នុង​ដីសម្បទាន​ហ្នឹង​ទេ​ [​តែ​] ​គាត់​ឆ្លៀត​ឱកាស​ហ្នឹង​ទៅ​ទិញ​ឈើ​នៅ​ខាង​ក្រៅ​ដី​សម្បទាន​។ គាត់​មិន​ជួយ​សហគមន៍​ហើយ​ថែម​ទាំង​បង្កបញ្ហា​ទិញ​ឈើ​នៅ​ខាង​ក្រៅ​ចូល​មក​ក្នុង​ទៀត​តាមរយៈ​ការឃុបឃិត​គ្នា​ដែល​គាត់​ស្គាល់​»​។

លោក​បន្ត​ថា​ក្នុង​ចំណោម​ឈើ​ដែល​គេ​លួច​កាប់​នោះ​ក៏​មាន​ដើម​ជ័រ​ច្បោះ​របស់​ប្រជាសហគមន៍​ជិត​ ១ ​ពាន់​ដើម​ផង​ដែរ​។ លើសពី​នោះ​ក្រុមហ៊ុន​ក៏​មិន​បាន​ធ្វើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជូន​ពលរដ្ឋ​តាម​ការសន្យា​ផង​ដែរ ដូចជា​មិន​បាន​សាងសង់​មណ្ឌល​សុខភាព សាលារៀន ផ្លូវថ្នល់ អណ្តូងទឹក និង​ប៉ុស្តិ៍​រដ្ឋបាល​ជាដើម​។

លោក​ថ្លែង​ថា​៖ «​យើង​ខ្វះ​ថវិកា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។ កន្លងមក​ក្រុមហ៊ុន​ ដួង ស្រួច ធានាថា​ធ្វើឲ្យ​ តែ​ដល់​ពេល​គាត់​ប្រមូល​ឈើ​ក្នុង​ដី​សង្គមកិច្ច​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​គាត់​អត់​មាន​សមិទ្ធផល​អី​សោះ​ជូន​ដល់​ពលរដ្ឋ​។ គាត់​អត់​ជួយ​ពលរដ្ឋ​។ ប្រមូល​ឈើ​អស់​យក​រួច​ខ្លួន​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​គេ​ទៀត​»​។

តំណាង​ក្រុមហ៊ុន លោក​ ពុទ្ធារ៉ា ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​បាន​ធ្វើ​សកម្មភាព​នៅ​តំបន់​នោះ​ប្រមាណ​ជា​ ៥ ​ឆ្នាំ គឺ​មុន​ពេល​ដែល​លោក​ចូល​ធ្វើការ​ទៅ​ទៀត​។ ប៉ុន្តែ លោក​បាន​បដិសេធ​ថា ក្រុមហ៊ុន​មិន​បាន​កាប់ និង​ប្រមូល​ទិញ​ឈើ​ពី​ខាង​ក្រៅ​ដីសម្បទាន​សង្គមកិច្ច​នោះ​ទេ​។

លោក​អះអាង​ថា​៖ «​ខាង​ខ្ញុំ​កាប់​ឈើ​ក្នុង​ក្រុមហ៊ុន​។ និយាយ​ទៅ​បញ្ហា​ហ្នឹង​គឺ​គ្រាន់តែ​ជា​ពាក្យ​ចោទប្រកាន់​ប៉ុណ្ណោះ​។ និយាយ​ទៅ​ក្រុមហ៊ុន​មិន​មាន​ការ​ខុសច្បាប់​ទេ​»​។

ជាង​ ២ ​សប្តាហ៍​បន្ទាប់ពី​ក្រសួង​កសិកម្ម​បាន​សម្រេច​បញ្ឈប់​ការប្រមូល​ឈើ​កាលពី​ថ្ងៃ​ទី​ ១១ ខែ​មករា​កន្លង​មក​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​ចំនួន ៦ ​នាក់​បាន​ចុះ​ទៅ​ធ្វើ​ការណែនាំ​ក្រុមហ៊ុន​ពី​ខ្លឹមសារ​នៃ​ការសម្រេច​របស់​ក្រសួង​នេះ​។ តំណាង​ក្រុមហ៊ុន លោក ​លី ពុទ្ធារ៉ា ​ក៏​បាន​ចុះ​ហត្ថលេខា​ដោយ​សន្យា​ថា​នឹង​គោរព​តាម​ការសម្រេច​នោះ​ដែរ ហើយ​បើ​មាន​ការ​បំពាន​សេចក្តី​សម្រេច​បញ្ឈប់​នោះ លោក​នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ស្តីពី​ព្រៃឈើ​។

លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត​ព្រះវិហារ និង​លោក​ គោស៊ុំ ប៊ុនសឿត អ្នក​នាំ​ពាក្យ​សាលាខេត្ត​មិន​អាច​ទាក់ទង​សុំ​ការអធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

ក្រៅពី​ខេត្ត​ព្រះវិហារ ក្រុមហ៊ុន​ ដួង ស្រួច ក្នុង​ឆ្នាំ​ ២០១៧ ​ក៏​បាន​ទទួល​សិទ្ធិ​ពី​ក្រសួង​កសិកម្ម ដើម្បី​ប្រមូល​ឈើ​លើ​ដី​សម្បទាន​សង្គមកិច្ច​ក្នុង​ខេត្ត​ស្ទឹងត្រែង​ចំនួន​ ១៥០០ ​ហិកតា និង​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​ចំនួន ​៥១៤៥,៦៨ ​ហិកតា​ផង​ដែរ​៕