ស្ទឹងត្រែងៈ ​ក្រុមហ៊ុន​ចិន​មួយ​កំពុង​តែ​ដំណើរការ​បង្កើត​ស្ថានីយ​ដាំ​ដើម​ប្រេងខ្យល់ និង​អាកាស្យា​នៅ​លើ​ផ្ទៃដី​ជាង ២ ម៉ឺន​ ៦ ​ពាន់​ហិកតា​ក្នុង​គម្រោង​ទឹកប្រាក់ ២០០ លាន​ដុល្លារ​អាមេរិក​ក្នុង​ស្រុក​សៀមប៉ាង​ដើម្បី​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​បរិស្ថាន​។

ប៉ុន្តែ​សកម្មជន​បរិស្ថាន​បាន​មើល​ឃើញ​ថា គម្រោង​នេះ​ជា​ការ​បំផ្លាញ​ព្រៃឈើ​កម្ពុជា​ទៅ​វិញ ហើយ​មាន​តែ​ក្រុមហ៊ុន​ចិន​ទេ​ដែល​ជា​អ្នក​ចំណេញ​។

ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ សៀម៉ុន​ (​ខេមបូឌា) ​អេ ហ្គ្រីខលឈ័រ ខេមប្រេហេនស៊ីវ ឌីវេឡុបម៉ិន (SIEMON (CAMBODIA) Agricultural Comprehensive Development Co.,LTD) គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់ ២០០ ​លាន​ដុល្លារ​ដើម្បី​បង្កើត​ស្ថានីយ​ដាំ​ឈើ​លើ​ផ្ទៃដី​ទំហំ ២៦ ៩៩០,៦៧ ហិកតា នៅ​ក្នុង​ឃុំ​ស្រែសំបូរ ស្រុក​សៀមប៉ាង​។

អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​ពិនិត្យ​របាយការណ៍​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​កាលពី​ថ្ងៃ​អង្គារ​ហើយ​ដំណើរការ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២៥ ក្នុង​ដំណាក់កាល​ដំបូង​។ នេះ​បើ​យោង​តាម​មន្ត្រី​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​។

លោក ដួង ពៅ អភិបាលរង​ខេត្ត​ស្ទឹងត្រែង​ដែល​ដឹកនាំ​ការ​ប្រជុំ​បាន​ឲ្យ​ដឹង​ថា ទំហំ​ផ្ទៃដី​ក្នុង​គម្រោង​នេះ​គឺជា​ដីព្រៃ​សឹក​រេចរឹល​ដែល​មិន​សូវ​មាន​អត្ថប្រយោជន៍ ហើយ​នឹង​ត្រូវ​កាត់​ចេញ​ដើម្បី​សម្អាត​ដី​យក​ទៅ​ដាំ​ដើម​អាកាស្យា និង​ដើម​ប្រេងខ្យល់​។

លោក​ថ្លែង​ថា​៖ «​គម្រោង​វិនិយោគ​លើ​ព្រៃ​រេចរឹល​ដែល​រដ្ឋ​ដក​ហូត​ [​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​] ​។ បើ​ពិនិត្យ​មើល​របាយការណ៍​អត់​មាន​ប៉ះពាល់​ដល់​ព្រៃ​ដែល​មាន​តម្លៃ​ខ្ពស់​ទេ​... ដី​ហ្នឹង​មិន​អាច​ដាំ​អី​ក្រៅពី​ហ្នឹង​ទេ​។ អ៊ីចឹង​អត់​មាន​ជម្រើស​ក្រៅ​ពី​ស្តារ​ព្រៃ​ឡើង​វិញ​ដែល​កកើត​កាបូន ដើម្បី​ទ្រទ្រង់​អាកាសធាតុ និង​ស្រូប​ទឹកភ្លៀង​»​។ លោក​បន្ថែម​ថា ឈើ​ធម្មជាតិ​នឹង​ត្រូវ​ប្រមូល​ហើយ​បង់​ពន្ធ​ជូន​រដ្ឋ តែ​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មិន​ទាន់​ដឹង​ពី​ចំនួន​ជាក់លាក់​នៅ​ឡើយ​ទេ​។

លោក​បន្ត​ថា​ចំពោះ​របាយការណ៍​ពី​ការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​វិញ​គឺ​មាន​មួយ​ចំនួន​ហើយ​អង្គប្រជុំ​ក៏​សុំ​ឲ្យ​មាន​ការ​កែសម្រួល​ដែរ​។ ក្នុង​នោះ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ៣៦ គ្រួសារ​ផង​ដែរ តែ​អាជ្ញាធរ​បាន​ដោះស្រាយ​កាត់​ដី​ជូន​ពួកគាត់​ហើយ​ដែរ​។ ទោះ​យ៉ាង​ណា​គម្រោង​នេះ​នឹង​ផ្តល់​ប្រាក់​ចំណូល​ជូន​រដ្ឋ កម្លាំង​ពលកម្ម​ប្រហែល​ ៥ ​ពាន់​នាក់​ការ​អភិវឌ្ឍ​មូលដ្ឋាន និង​ការ​ទទួល​​ទិញ​កសិផល​កសិកម្ម​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ជាទូទៅ​ឃើញ​ថា​ការ​ប៉ះពាល់​បញ្ហា​សង្គម និង​បរិស្ថាន គឺ​មាន​មួយ​ចំនួន​។ ការ​វិនិយោគ​ ១ តែងតែ​មាន​ការ​ប៉ះពាល់​តែ​ត្រូវ​ស្ថិត​ក្នុង​កម្រិត ១ ​ទាប​ទាំង​ធនធាន​ធម្មជាតិ និង​ពលរដ្ឋ​។ របាយការណ៍​នឹង​ត្រូវ​យក​ទៅ​កែសម្រួល​ និង​ដាក់​ទៅ​ថ្នាក់​លើ​ពិនិត្យ និង​សម្រេច​»​។

លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ដី​នោះ​បាន​កាត់​ចេញ​ពី​ក្រុមហ៊ុន Green Sea ហើយ​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​រៀបចំ​ថ្នាល ដើម្បី​បណ្តុះ​កូន​ឈើ​កាលពី​ប៉ុន្មាន​ខែ​មុន​រួច​ហើយ​។

ទោះ​យ៉ាង​ណា​សកម្មជន​បរិស្ថាន​ដែល​ទទួល​បាន​ពាន​រង្វាន់​ពិភពលោក លោក​ អ៊ូច ឡេង យល់​ឃើញ​ផ្សេង​ពី​មន្ត្រី​អាជ្ញាធរ​លើ​គម្រោង​វិនិយោគ​នេះ​ដោយសារ​តែ​លោក​សង្កេត​ឃើញ​ថា​គម្រោង​ដាំ​ដើមឈើ​ឡើង​វិញ​បែប​នេះ កន្លង​មក​មិន​មាន​ផលប្រយោជន៍​សម្រាប់​ពលរដ្ឋ​កម្ពុជា​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ វា​បង្ក​ឲ្យ​វិនាសកម្ម​ដល់​ព្រៃឈើ​ទៅ​វិញ​ទេ​។

លោក​ អូច ឡេង ​បញ្ជាក់​ថា​៖ «​កន្លង​មក​ក្រុមហ៊ុន តែងតែ​កាប់​ឈើ​ធម្មជាតិ ហើយ​ដាំ​ជំនួស​ដោយ​ឈើ​ឥតប្រយោជន៍​។ ប្រយោជន៍​សម្រាប់​តែ​ក្រុមហ៊ុន តែ​ធ្វើឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ ប៉ះពាល់​ប្រព័ន្ធ​ការពារ​បរិស្ថាន និង​ពលរដ្ឋ​។ អ្វី​ដែល​ក្រុមហ៊ុន​ធ្វើ​គឺ​កេង​ចំណេញ​តែ​ម្តង គ្មាន​បំណង​អភិវឌ្ឍ​ក្រៅ​តែ​ពី​កាប់​ឈើ​យើង​យក​ទៅ​លក់​ហើយ​រត់​ចោល​ស្រុក​បាត់​»​។

ប៉ុន្តែ​លោក ដួង ពៅ ថ្លែង​ថា​បទល្មើស​វា​តែងតែ​មាន​តិចតួច​តែ​អាជ្ញាធរ​ក៏​ខំ​ទប់ស្កាត់​ដែរ​។

លោក​ លៀង សេង ​ប្រធាន​មន្ទីរ​កសិកម្ម​បាន​ថ្លែង​ថា​ជា​ធម្មតា​នៅ​ពេល​ដែល​មាន​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ ទើប​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​គម្រោង​អភិវឌ្ឍន៍​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​យើង​មាន​មន្ត្រី​យើង​នៅ​ប្រចាំការ​ហ្នឹង​ដែរ​។ ជួនកាល​ពលរដ្ឋ​កាប់​ប្រើប្រាស់​កៀនៗ​ហ្នឹង ហើយ​អាច​ឆ្លើយ​ដាក់​គ្នា​អ៊ីចឹង​ទៅ​។ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទាំង​ថ្នាក់​ខេត្ត​ថ្នាក់​កណ្តាល​ចុះ​ផ្ទៀងផ្ទាត់ វាយ​ត្រា​បង់​លុយ​ [​បង់​ពន្ធ​]»​។

លោក ផាន់ យុត អភិបាលស្រុក​ សៀមប៉ាង បាន​ឲ្យ​ដឹង​ថា​ដី​ដែល​ស្ថិត​ក្នុង​គម្រោង​នេះ​ជា​ព្រៃ​របោះ​ហើយ​ករណី​ដែល​បង្ក​ផលប៉ះពាល់ វា​តែងតែ​មាន​ដំណោះស្រាយ​។

លោក​ កែវ អូម៉ាលីស្ស អនុប្រធាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ព្រៃឈើ​ថ្លែង​ថា លោក​បាន​ដឹង​ពី​គម្រោង​នេះ​តែ​លោក​មិន​បាន​ដឹង​ព័ត៌មាន​លម្អិត​នោះ​ទេ​។ បុគ្គលិក​ក្រុមហ៊ុន​បាន​ផ្តាច់​ទូរស័ព្ទ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាលពី​ម្សិលមិញ​។

គម្រោង​ដាំ​ដើមឈើ​ឡើង​វិញ​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ​ ស៊ីងបាយអូធិច (Think Biotech Cambodia) កំពុង​តែ​ធ្វើ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង​លើ​ផ្ទៃដី ១៥២ ០០០ ហិកតា​។

កាលពី​ឆ្នាំ ២០១៧ សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ​ និង​ស្ទឹងត្រែង​បាន​ធ្វើ​ការ​តវ៉ា​ដល់​ស្ថាប័ន​ថ្នាក់​ជាតិ និង​ស្ថាតទូត​កូរ៉េ​ខាង​ត្បូង​ឲ្យ​បញ្ឈប់​គម្រោង​នេះ​ដោយសារ​ពួកគាត់​តែ​លើក​ហេតុផល​ថា​វា​នឹង​បំផ្លាញ​ព្រៃឈើ​ព្រម​ទាំង​ជីវភាព​របស់​ពួកគាត់​៕