ភ្នំពេញៈ នៅ​ក្នុង​ករណី​ដ៏​កម្រ​មួយ ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់​ដ៏​ធំ​មួយ របស់​អាមេ​រិក បាន​បដិ​សេធ ចំពោះ​ការ​លើក​ឡើង​របស់​ក្រសួង​ការ​ងារ ដែល​ថា ក្រុម​ហ៊ុន បាន​​សរ​សើរ​​កិច្ច​​ខិត​​ខំ​​ប្រឹង​​ប្រែង​របស់​​រដ្ឋា​​ភិ​បាល ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​សិទ្ធិ​របស់​កម្មករ និង​ថា ក្រុម​ហ៊ុន បានប​ង្កើន​ការ​បញ្ជាទិ​ញដូ​ចការ​អះ​អាង​នោះទេ។

នៅ​ក្នុង​សេចក្តី​​ថ្លែង​ការ​ណ៍​មួយ អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន VF Corporation លោក Craig Hodges បាន​ថ្លែង​ថា ការ​ចុះ​ផ្សាយ​ព័ត៌​មាន​ដែល​ថា ក្រុមហ៊ុន​បាន​សម្ដែង​ការ​ពេញចិត្ត ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការ​កែ​លម្អ​សិទ្ធិ​កម្ម​ករ​ «គឺជា​ការ​បង្ហាញ​ខុស​ធំមួយ​» អំពី​ជំហររ​បស់​ក្រុម​ហ៊ុន។

លោក Hodges បានថ្លែងថា តាមពិត«យើងមានក្តីបារម្ភ ចំពោះសកម្មភាពនាពេលថ្មីៗនេះ របស់រដ្ឋាភិបាលកម្ពុជា ដែលហាក់បីដូចជាបន្ទាបវឌ្ឍនភាព ឆ្ពោះទៅរកការកែលម្អសិទ្ធិកម្មករ ហើយ​ទំនង​ជា​បាន​បង្កើត​បរិយា​កាស​មួយ ដែល​ធ្វើ​ឲ្យខ្សោយ​ដល់​ការ​ការ​ពារ​សិទ្ធិ​មនុស្ស»។

ក្រុមហ៊ុន VF Corporation ដែលជាក្រុមហ៊ុនមេ នៃម៉ាកផលិតផលដូចជា The North Face, JanSport និង Timberland បញ្ជាទិញសម្លៀកបំពាក់ពីរោងចក្រជាង ២០ រោងចក្រក្នុងប្រទេសកម្ពុជា ដោយចំណាយពី ៣៥០ ទៅ ៤០០ លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមក្រសួងការងារ។

កាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុនបញ្ជាទិញដ៏ធំនេះ បានសរសើររដ្ឋាភិបាល ចំពោះការធ្វើឲ្យមានភាពប្រសើរឡើង ចំពោះ​សិទ្ធិ​កម្មករ​និង​កំពុង​បង្កើន​ការ​បញ្ជា​ទិញ។

សារព័ត៌មានរដ្ឋាភិបាល AKP ដែលគាំទ្ររដ្ឋាភិបាល និងកាសែត Khmer Times បានចុះផ្សាយអំពីការអះអាងនេះ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន VF Corporation បានបន្ទរភាសា នៃលិខិតចំហ ដែលសរសេរដោយក្រុមហ៊ុនសម្លៀកបំពាក់អាមេរិក និងសហភាពអឺរ៉ុបមួយចំនួន កាលពីថ្ងៃអង្គារ ដែលរិះគន់ ចំពោះ​ការ​យាយី​ដល់​មេដឹក​នាំ​សហជីព និងច្បាប់និងបទប្ប​ញ្ញត្តិថ្មី ដែលមានលក្ខណៈរឹតបន្តឹងជាងមុន ពាក់ព័ន្ធនឹងវិស័យការងារ។

តំណាងក្រុមហ៊ុននៅមានវត្តមានក្នុងប្រទេសកម្ពុជានៅឡើយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបជាមួយមេដឹកនាំសហជីពមួយចំនួន។

បើតាមលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(ស៊ីខៅឌូ) បានឲ្យដឹងថា ក្រុមហ៊ុននេះ ស្តាប់តាមការប្តឹងពីមេដឹកនាំសហជីព ហើយក៏បានសង្កត់ធ្ងន់ផងដែរថា ពួក​គេ​នឹង​មិន​បង្កើន​ការ​បញ្ជា​ទិញទេ ប្រសិន​បើ​មិន​ឃើញ​មាន​ការ​កែ​លម្អ​សិទ្ធិ​កម្មករ។

លោក ធន់ បានថ្លែងថា៖ «បើប្រៀបធៀបទៅម៉ាកបញ្ជាទិញដទៃៗ ខ្ញុំអាចឃើញថា ក្រុមហ៊ុន VF យកចិត្តទុកដាក់ជាងម៉ាកដទៃៗ ក្នុងការដោះស្រាយបញ្ហាក្នុងឧស្សាហកម្មកាត់ដេរ»។ «ខ្ញុំសង្ឃឹមថា ក្តី​បារម្ភ​ដែល​យើង​លើក​ឡើង​នេះ នឹង​ត្រូវ​បាន​កែ​លម្អ»៕PS