ភ្នំពេញៈ ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់​ដ៏ធំ​មួយ​ពី​សហរដ្ឋ​អាមេរិក​បាន​មក​ស្វែងយល់​ពី​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​កម្ពុជា​ដើម្បី​ធានា​ថា ប្រភព​ទំនិញ​ដែល​ពួកគេ​បាន​បញ្ជា​ទិញ​នោះ គ្មាន​ការកេងប្រវ័ញ្ច​ទៅ​លើ​សិទ្ធិ​របស់​កម្មករ​។ នេះ​បើ​តាម​លោក អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

លោក សំហេង បាន​បញ្ជាក់​បែប​នេះ​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្រោយ​ពី​លោក​បាន​ជួបពិភាក្សា​ជាមួយ​លោក Sean Cady នាយក​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់ VF Asia មកពី​អាមេរិក​កាលពី​ម្សិលមិញ​។

លោក សំហេង ថ្លែង​ថា​៖ «​អ្វី​ដែល​គេ​ចង់​ឃើញ​ក៏​ដូចជា​គោលការណ៍​របស់​រដ្ឋាភិបាល គឺ​គោលនយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម ផលិតកម្ម​របស់​យើង​ជាមួយ​នឹង​លក្ខខណ្ឌ​ការងារ​ល្អ​ដែល​បង្កើត​ឲ្យ​មាន​ជា​ប្រភព​ទំនិញ​ស្អាតស្អំ គ្មាន​ការកេងប្រវ័ញ្ច​ទៅ​លើ​សិទ្ធិសេរីភាព​របស់​កម្មករ សេរីភាព​អង្គការ​វិជ្ជាជីវៈ សេរីភាព​សហជីព និង​និយោជក និង​ការចរចា​ជា​សមូហភាព​ជាដើម​»​។

បើ​តាម​លោក សំហេង ក្នុង​មួយ​ឆ្នាំ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​អាមេរិក​មាន​ទឹកប្រាក់​ពី ១២ ពាន់​លាន​ទៅ​ដល់ ២០ ​ពាន់​លាន​ដុល្លារ​ដែល​ក្នុង​នោះ​ក្រុមហ៊ុន VF បាន​បញ្ជា​ទិញ​ចន្លោះ​ពី​ ៣៥០ ​ទៅ​ ៤០០ លាន​ដុល្លារ​ដោយ​មាន​រោងចក្រ​ចំនួន ២៨ ជា​អ្នក​ផ្គត់ផ្គង់ ហើយ​រោងចក្រ​ទាំង​នោះ​បាន​ផ្តល់​ការងារ​ដល់​កម្មករ​ប្រមាណ​ ៥៥០០០ ​នាក់​។

លោក សំហេង បញ្ជាក់​ថា​៖ «​ការជួប​គ្នា​លើក​នេះ​គឺ​យើង​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការជួប​គ្នា​លើក​មុន ហើយ​យើង​ក៏​មាន​ការពេញចិត្ត​នូវ​អ្វី​ដែល​យើង​ធ្លាប់​បាន​ពិភាក្សា​ពី​មុន​មក ជាពិសេស​កិច្ចសហប្រតិបត្តិការ​ល្អ​ការបញ្ជា​ទិញ​នៅ​តែ​មាន និង​មាន​លើស​មុន​ថែម​ទៀត​»​។

លោក​បន្ត​ថា​អ្វី​ដែល​ជា​តម្រូវការ​របស់​កម្មករ រួមមាន​ការទទួល​បាន​ទឹកស្អាត បញ្ហា​បរិស្ថាន កន្លែង​ស្នាក់នៅ ការអប់រំ​សិក្សា​រហូត​ទៅ​ដល់​បញ្ហា​សុវត្ថិភាព​នៃ​ការធ្វើ​ដំណើរ​​របស់​កម្មករ​ព្រម​ទាំង​ការ​ដោះស្រាយ​បញ្ហា​ដួលសន្លប់​ជាដើម​។

លោក​បន្ថែម​ថា​៖ «​អ្វី​ដែល​គេ​ចង់​ឃើញ​ក៏​ដូចជា​គោលការណ៍​របស់​រដ្ឋាភិបាល គឺ​គោលនយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ផលិតកម្ម​របស់​យើង​ជាមួយ​នឹង​លក្ខខណ្ឌ​ការងារ​ល្អ​ដែល​បង្កើត​ឲ្យ​មាន​ជា​ប្រភព​ទំនិញ​ស្អាតស្អំ គ្មាន​ការកេងប្រវ័ញ្ច​ទៅ​លើ​សិទ្ធិសេរីភាព​របស់​កម្មករ សេរីភាព​អង្គការ​វិជ្ជាជីវៈ សេរីភាព​សហជីព និង​និយោជក និង​ការចរចា​ជា​សមូហភាព​ជាដើម​»​។

នៅពេល​ដែល​សុំ​ការបញ្ជាក់​ពី​បញ្ហា​នេះ​តំណាង VF គ្រាន់​តែ​ឆ្លើយ​យ៉ាង​ខ្លី​ថា​ «​ក្នុងជំនួប​នេះ​គឺ​យើង​ចង់​ឲ្យ​មាន​ភាពប្រាកដប្រជា​ថា​សុខុមាលភាព​របស់​កម្មករ​កម្ពុជា​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ព្រម​ទាំង​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​បន្ត​ទៅ​មុខ​ទៀត​»៕