ភ្នំពេញៈក្រុម​ការពារ​សិ​ទិ្ធ​ជនភៀស​ខ្លួន បាន​សម្តែង​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​ការ​ធ្វើ​បត្យាប័ន​ជនភៀសខ្លួន​កម្ពុ​ជា​មួយ​រូប​ គឺ​អ្នកស្រី​ សំ​ សុខា​ មកកម្ពុជាវិញ​ កាល​ពីពេល​ថ្មីៗនេះ​ ដោយ​​ពួកគេ​ចាត់ទុកថា​ វា​អាច​ជា​គំរូ​ដ៏​គ្រោះថ្នាក់​មួយ​និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​អ្នក​ប្រឆាំង​ដទៃទៀត​ ដែល​បច្ចុប្បន្ន​ពួកគេ​ កំពុង​ភៀសខ្លួន​នៅក្នុង​ប្រទេស​ថៃ។

បន្ទាប់​ពី​ការ​រំលាយ​គ​ណបក្ស​សង្គ្រោះ​ជាតិ​​ដ៏ចម្រូង​ចម្រាស់​កាល​ខែ​វិច្ឆិកា​​ និង​ការ​ចាប់ខ្លួន​មេដឹកនាំ​គណ​បក្ស​ប្រឆាំង​លោក ​កឹម​ សុខា​ រួចមក​ សកម្ម​ជន ​​និង​មន្ត្រីជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ជាច្រើនរូប​ បាន​ភៀសខ្លួន​​ចេញ​ពី​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន​បើតាម​ការប៉ាន់ស្មាន ​គឺមាន​​សកម្ម​ជន​គណ​បក្សប្រឆាំង​ជាង​ ១០០ នាក់​កំពុង​រស់នៅ​ក្នុងប្រទេស​ថៃ​ ហើយ​ប្រហែល​ពាក់​កណ្តាល ​នៃ​ពួកគេ​ កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន។

ស្ត្រី​ឈ្មោះ​ សំ​ សុខា​ ត្រូវបាន​​គេ​ចាប់​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​ កាលពី​ល្ងាច​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ។

នៅក្នុង​ប្រទេស​កម្ពុជា ​គេ​កំពុង​តាម​ស្វែង​រក​ចាប់ខ្លួន​គាត់​ពីបទ​«ជេរប្រមាថ​និង ​ញុះញង់​ឲ្យ​មានការ​រើសអើង» បន្ទាប់​ពី​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បង្ហាញថា​ ស្ត្រី​រូ​នេះ​ បាន​គប់​ស្បែក​ជើង​ ទៅលើ​​ផ្ទាំង​ប៉ាណូ​ គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែលមាន​រូបលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​រូប​ប្រធាន​រដ្ឋសភា លោក​ហេង​សំរិន។

ភ្លាមៗ​បន្ទាប់ពី​គាត់​ត្រូវបាន​បញ្ជូន​មក តុលាការខេត្ត​កំពង់ស្ពឺ​ បាន​ចេញ​ឯក​សារ​តុលាការ​មួយ ​បង្ហាញ​ថា ​ស្ត្រី​ឈ្មោះ​ សំ​ សុខា​ ត្រូវបាន​កាត់ទោស​កំបាំងមុខ​ ឲ្យ​ជាប់​ពន្ធនា​គារ ២ ឆ្នាំ​ កាលពី​ថ្ងៃទី​ ២៥​ខែ​មករា។

កាលពី​​ថ្ងៃ​ទី ១១​ខែ​កុម្ភៈ​​ លោក ​កាក់​ សាវ៉ុន ​ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ បាន​បញ្ជាក់ថា​ ស្ត្រី​ឈ្មោះ​ សុខា​ បាន​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​របស់​លោក ​ប​ន្ទា​ប់​ពី​ប៉ូលីស​ខេត្ត​ បាន​បញ្ជូន​គាត់​មក​ទីនេះ​ កាលពី​ល្ងាច​ថ្ងៃ​​ទី ៩ ខែ​កុម្ភៈ។

ចំណាត់​ការ​នេះ​គឺជា​ការរំលោភ​លើ​ «គោល​ការណ៍​ច្បាប់​អន្ត​រជាតិ» ដែល​មិន​អនុ​ញ្ញា​ត្ត​ឱ្យ​បញ្ជូន​ជនភៀស​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ណា​ ដែល​ពួកគេ​ អាច​ប្រឈម​នឹង​ការ​ធ្វើទុក្ខ​បុក​ម្នេញ ហើយ ក្រុម​ការពារ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ​ចំពោះ​ចំណាត់ការ​នេះ​ ដោយ​ពួកគេ​បារម្ភ​ថា​ វា​អាច​កើត​ឡើង​ចំពោះ​អ្នក​ប្រឆាំង​នយោ​បាយ​ផ្សេង​ទៀត ​របស់​ប្រទេស​កម្ពុជា។

នៅពេល​ទាក់ទង​ទៅ បន្ទាប់ពី​មានការ​ធ្វើ​បត្យា​ប័ន​ស្ត្រី​ឈ្មោះ​សុខា​នេះ​ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ ​លោក​ ខៀវ​ សុភ័គ​ មិនបាន​បដិសេធ​ថា ​រដ្ឋាភិបាល​អាច​ស្វែង​រក​ឲ្យ​មានការ​បញ្ជូន​ក្រុម​អ្នកគាំទ្រ​គណ​បក្ស​ប្រឆាំង​ដែល​កំពុង​លាក់ខ្លួន​នៅក្នុង​ប្រទេស​ថៃ​នោះទេ។ លោក​ឆ្លើយ​​មុន​ដាក់​ទូរ​សព្ទ​ចុះ​ថា៖«សំណួរ​ល្អ។ សូម​ រង់​ចាំ​មើល»។

លោក Evan Jones មន្ត្រី​របស់​បណ្តាញ​ការពារ​សិ​ទិ្ធ​ជនភៀស​ខ្លួន ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (APRRN) បាន​ថ្លែង​ថា​ ខណៈ​ដែល​ប្រទេស​ថៃ​ មានកំណត់​ត្រា​ល្អ​ នៅពេល​និយាយ​ដល់​ការមិន​បញ្ជូន​ជនភៀស​ខ្លួន​ត្រលប់​ទៅ​ប្រទេស​ដើម​របស់​ពួកគេ​វិញ​នោះ ប៉ុន្តែ​ពេល​នេះ ​វា​ហាក់ដូច​ជាមាន​សម្ពាធ​ផ្នែក​នយោ​បាយ​នៅក្នុង​ករណី​របស់​លោក ​កឹម ​សុខា។

លោក​មាន​ប្រសាសន៍​តាម​អ៊ីម៉េល​ថា៖«ការ​បញ្ជូន​ស្ត្រី​ឈ្មោះ ​សំ​ សុខា​ មកវិញ​កាលពីពេល​ថ្មីៗ​នេះ​ វា​បង្កើត​បាន​ជា​ឥរិយាបថ​ដ៏​គ្រោះ​ថ្នាក់​មួយ​ សម្រាប់​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ដទៃទៀត​ ដែល​ពួកគេ​អាច​កំពុង​លាក់ខ្លួន​នៅក្នុង​ប្រទេស​ថៃ»។

លោក​បន្តថា៖«ប្រសិនបើ​អាជ្ញាធរ​ថៃ​ពិតជា​មានបំណង​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ UNHCR ត្រឡប់​ទៅ​កម្ពុជា​វិញ​មែន​នោះ​វា​ជា​រឿង​ដ៏​គួរឱ្យ​ស្តាយ​ណាស់ ហើយ​មិនមាន​សង្ឃឹម​ច្រើន​នោះទេ​ថា​ ពួកគេ​នឹង​ឆ្លើយតប​ដោយ​ក្តី​អាណិត​អាសូរ​ និង​សមរម្យ​ចំពោះ​អ្នក​ដែល​អាច​ត្រូវ​បាន​ចាប់​ខ្លូន​ដទៃ​ទៀត»។

អតីត អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោកស្រី​មូរ​ សុខ​ហួរ​ ក៏បាន​សម្តែង​ក្តី​ព្រូ​យ​បា​ម្ភ​ស្រដៀង​គ្នា​នេះដែ​រ ខណៈ​ដែល​លោកស្រី​ បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា​ ទៅ​ក្រៅប្រទេស​ កាលពី​ខែតុលា​កន្លងទៅ។

លោកស្រី​ថ្លែង​តាមរយៈ​សារ​មួយ​ថា៖«​ជីវិត​របស់​មនុ​ស្ស គឺ​កំពុង​ស្ថិត​នៅក្នុង​គ្រោះថ្នាក់។ ការរំលោភ​សិទ្ធិ​អ្នក​ដែល​មាន​ឋានៈជា​ជនភៀស​ខ្លួន​ គឺជា​ការរំលោភ​​សិទ្ធិ​មនុស្ស​ ដែល​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហ​ប្រជា​ជាតិ​មិនត្រូវ​ប្រព្រឹត្ត​ដាច់​ខាត»។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ កាលពី​ថ្ងៃ​​ទី ៩ ខែ​កុម្ភៈ អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ Human Rights Watch បាន​ថ្លែងថា​ ប្រទេស​ថៃ​ បាន​បញ្ជូន​ស្ត្រី​ឈ្មោះ​សុខា​ ត្រឡប់​ទៅវិញ​ ទោះ​បីជា​គេ​ដឹង​យ៉ាងច្បាស់​ថា​ គាត់​ជា​ជន​ភៀសខ្លួន​ក៏ដោយ ​ខណៈ​ដែល​ស្ថានទូត​ប្រទេស​លោក​ខាង​លិច ​និង​អង្គការ​​ឃ្លាំមើល​សិទ្ធិ​មនុស្ស UNHCH របស់​អង្គការ​សហ​ប្រជាជាតិ​ កំពុង​ព្យាយាម​ស្វែងរក​ប្រទេស​ទី​បី​ ដើម្បី​ឲ្យ​គាត់​អាច​​ទៅ​តាំង​ទីលំ​នៅ​ថ្មី​នៅទីនោះបាន។

លោក Brad Adams នាយក​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​របស់​អង្គការ Human Right Watch ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែងថា៖«ករណីនេះ​ គឺជា​រឿង​ដ៏​គួរឱ្យ​ព្រួយបារម្ភ​មួយ​ ថា​តើ​ប្រទេស​ថៃ​ នឹង​ប្រព្រឹត្តិ​លើ​ជន​ភៀសខ្លួន​ដទៃទៀត​យ៉ាង​ដូចម្តេច​ ដែល​ពួកគេ​កំពុង​រស់នៅ​លើទឹក​ដីរ​បស់​ខ្លួន​នោះ»។

អ្នក​ស្រី​សុខា​ ត្រូវបាន​ចាប់​ខ្លួន​នៅក្នុង​ប្រទេស​ថៃ​ កាល​ពីដើម​ខែ​មករា ​ពីបទ​ស្នាក់នៅ​ហួស​ទិដ្ឋា​ការ​កំណត់ ដែល​ការ​ចោទ​ប្រកាន់​នេះ​ ត្រូវបាន​មេធាវី​របស់​គាត់​ កំពុង​រៀបចំ​ប្តឹង​ឧទ្ធរណ៍​។

លោក Marte Hellema អ្នក​គ្រប់​គ្រង​កម្មវិធី ទំនាក់​ទំនង​របស់​អង្គការ (FORUM-ASIA) ប្រចាំ​តំបន់​អាស៊ី បាន​ថ្លែង​តាមរយៈ​អ៊ីមែល​ថា៖«ការមិន​អើពើ​លើ​ស្ថាន​ភាពជា​ជនភៀសខ្លួន​របស់​អ្នកស្រី​សុខា​ និង​ការបញ្ជូន​គាត់​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ​បានធ្វើ​ឱ្យមាន​ក្តីបារម្ភ​យ៉ាងខ្លាំងបំផុត ​ចំពោះ​អ្នកដទៃ​ទៀត​ ដែល​ពួកគេ​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ថៃ»។

លោក​បាន​បញ្ជាក់​ថា៖«វា​បាន​បង្ហាញ​អំពី​ការមើល​ស្រាល​និង​មិន​គោរព​ចំពោះ​ជីវិត​ជនភៀសខ្លួន​ ដែល​កំពុង​ប្រឈម​ហានិភ័យ​ នៅពេល​ដែល​ពួកគេ​ ត្រូវបាន​បញ្ជូនទៅ​ប្រទេស​ដើម​របស់​ពួក​គេ​វិញ។ «ខណៈដែល​រដ្ឋាភិ​បាល​ក​ម្ពុ​ជា​ អាច​នឹង​ទោ​ទន់​ទៅរក ប្រទេសជិតខាង​ខ្លួន ​ចំពោះ​វិធានការ​នេះ ប៉ុន្តែ​អង្គការ​ FORUM-ASIA សូម​រំឭក​កម្ពុជា​ថា​ ខ្លួន​ជា​រដ្ឋ​ភាគី​ នៃ​អនុសញ្ញា​ស្តីពី​ជនភៀសខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​កាតព្វកិច្ច​គោរព​បទ​បញ្ញត្តិ​ដែល​មាន​​នៅក្នុង​អនុសញ្ញា​នោះ»។

កាលពី​ខែតុលា​ឆ្នាំ ២០១៦ អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុ​ជា​ លោក​ជុំ​ ស៊ុ​ន្ទ​រី​ បាន​ថ្លែងថា ​រដ្ឋាភិបាល​កំពុង​ពិនិត្យ​សំណើ​របស់​ថៃ​ ដើម្បី​ធ្វើ​បត្យាប័ន​ជនជាតិ​ថៃ​ចំនួន ៣ នាក់ ដែល​ពួកគេ​បាន «ប្រមាថ​ព្រះមហា​ក្សត្រ​ថៃ» ជា​សំណើ​មួយ​ ក្នុង​ចំណោម​សំណើ​ជាច្រើន ​នៅ​ទូទាំង​ពិភព​លោក ​​ដែល​បានស្នើ​ឲ្យ​បញ្ជូន​អ្នក​ដែល​ត្រូវបាន​ចោទ​ប្រកាន់ថា​ ប្រមាថ​ព្រះមហាក្សត្រ​ ក្រោយពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​មហាក្សត្រ​ថៃ Bhumibol Adulyadej ក្នុង​ឆ្នាំ ២០១៦។

លោក​សុន្ទរី​ មិនអាច​ទាក់ទង​បានទេ​ កាលពី​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ដើម្បី​ផ្ទៀង​ផ្ទាត់​លទ្ធផល​នៃ​ការស្នើសុំ​ឬ​ចម្លើយ​ថា​តើ​ប្រទេស​កម្ពុជា ​បាន​ឆ្លើយ តប​ដោយ​ការបញ្ជូន​ក្រុម​អ្នក​ប្រឆាំង​ពី​កម្ពុជា​ ទៅវិញឬ​យ៉ាង​ណា​។

ចំណែក​មន្ត្រី​ក្រសួង​ការបរ​ទេស​ថៃ​ ក៏​មិនអាច​ទាក់ទង​ដើម្បី​ស្នើសុំ​ការបំភ្លឺ​បានដែរ​៕​ NS