ភ្នំពេញៈ ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​កម្ពុជា​កាន់​តែ​ងាក​ខ្លាំង​ឡើងៗ​ចេញ​ពី​ជំនួយ និង​ការ​វិនិយោគ​ពី​ប្រទេស​លោក​ខាង​លិច ខណៈ​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​កាន់តែ​ធ្លាក់​ចុះ ហើយ​បែរ​ទៅ​រក​ជំនួយ​ខ្លាំង​ឡើង​ពី​ប្រទេស​ចិន​ដែល «​មិន​មាន​ការ​ភ្ជាប់​លក្ខខណ្ឌ​»​។

ក្នុង​រយៈកាល​ខែ​ចុង​ក្រោយ​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ពី​បទ​ក្បត់​ជាតិ ហើយ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល និង​បាន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​រិះគន់​រដ្ឋាភិបាល ខណៈ​មាន​ការ​ថ្កោលទោស​កាន់តែ​ខ្លាំង​ឡើង​ពី​សហគមន៍​អន្តរជាតិ​។

ជា​ការ​ឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​កាត់ផ្តាច់​ជំនួយ​ចំពោះ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​របស់​កម្ពុជា ហើយ​អាមេរិក​បាន​ប្តេជ្ញា​ហាមប្រាម​ទិដ្ឋាការ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​។

ប៉ុន្តែ​ចិន​បាន​សម្ដែង​នូវ​ការ​គាំទ្រ​ចំពោះ​ «​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ដើម្បី​ការពារ​ស្ថិរភាព​នយោបាយ​» និង​បាន​ប្រកាស​ផ្តល់​ជំនួយ​ផ្ទាល់​ខ្លួន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​ផង​ដែរ​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​សម្ដែង​ក្តី​រីករាយ​ថា​ចិន​នឹង​បំពេញ​ចន្លោះ​ប្រហោង​ដែល​អាមេរិក​ដក​ចេញ​ និង​បាន​ចំអក​ទៅ​អាមេរិក​ថា​ប្រទេស​មហាអំណាច​លោក​ខាង​លិច​ ​«​ភ័យខ្លាច​ចិន​យក​អាសនៈ​របស់​ខ្លួន​»​។

ទោះ​យ៉ាង​ណា​ក្តី​ក្រុម​អ្នក​វិភាគ​បាន​ថ្លែង​ថា​ជំនួយ​របស់​ចិន​នៅ​តែ​អាច​មាន​ផលវិបាក​អវិជ្ជមាន​ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​យល់​ឃើញ​ដូចនេះ​ដែរ ខណៈ​មន្ត្រី​រដ្ឋាភិបាល និង​ពាណិជ្ជករ​ចិន​មួយ​ចំនួន​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​បែរ​ទៅ​រក​ចិន​នេះ​។

នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​មក​ទស្សនកិច្ច​កម្ពុជា​រួម​ជាមួយ​នឹង​មេដឹកនាំ​តំបន់​ទន្លេ​មេគង្គ​ដទៃៗ​ទៀត​នា​សប្តាហ៍​នេះ ហើយ​មេដឹកនាំ​ទាំងអស់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដើម្បី​ចូលរួម​កិច្ចសហប្រតិបត្តិការ​មេគង្គ‑ឡានឆាង​។ ក្រុម​អ្នក​ឃ្លាំ​មើល​បាន​សម្តែង​ការ​ព្រួយបារម្ភ​ខ្លាច​ថា​កិច្ចសហប្រតិបត្តិការ​មេគង្គ‑ឡានឆាង​នឹង​ផ្តល់​ឲ្យ​ចិន​នូវ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​គ្មាន​ដែន​កំណត់​នៅ​តាម​បណ្តោយ​ទន្លេ ខណៈ​ចិន​មិន​ព្រម​ចូលរួម​នៅ​ក្នុង​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ឯករាជ្យ​។

លោក​បណ្ឌិត Bill Laurance នៅ​ក្នុង​អត្ថបទ​របស់​លោក​ដែល​មាន​ចំណងជើង​ថា​កេរ​ដំណែល​ខ្មៅ​ងងឹត​នៃ​ការ​ជំរុញ​របស់​ចិន​សម្រាប់​ធនធាន​សកល​ដែល​បោះពុម្ព​ដោយ​សាលា Yale នៃ​ការ​សិក្សា​អំពី​រុក្ខា​ប្រមាញ់​ និង​បរិស្ថាន​បាន​សរសេរ​ថា​៖ «​ខ្ញុំ​មិន​ដែល​ឃើញ​ប្រទេស​មួយ​ដែល​មាន​ផលប៉ះពាល់​លើសលប់​ទៅ​លើ​ផែនដី​ដូចជា​ចិន​ឥឡូវ​នេះ​ទេ​»​។

លោក Laurance គឺជា​អ្នក​អេកូឡូស៊ី​ជនជាតិ​អូស្ត្រាលី និង​ជា​អ្នក​មាន​កិត្តិយស​ខ្ពស់​នៅ​សាកល​វិទ្យាល័យ James Cook​។ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​លោក​គឺ​មាន​ភាព​សកម្ម​នៅ​ក្នុង​ប្រទេស​ចំនួន ២០ នៅ​អាស៊ី អាមេរិក​ឡាទីន និង​អាហ្វ្រិក ដែល​អាជីវកម្ម​ចិន និង​អ្នក​វិនិយោគ​ចិន​កំពុង​បង្ក​ការ​ខូចខាត​យ៉ាង​ខ្លាំង​ចំពោះ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​។

លោក​បាន​ថ្លែង​មក​កាន់​ភ្នំពេញ​ប៉ុស្តិ៍​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា​៖ «​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​បាន​ធ្វើឲ្យ​ខ្ញុំ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​»​។

លោក Laurance បាន​សរសេរ​​នៅ​ក្នុង​អត្ថបទ​មួយ​កាលពី​ខែ​មីនា​ថា​៖ «​ការ​អភិវឌ្ឍ​ជាតិ​ពិតណាស់​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រសើរ​ឡើង​ហើយ​ការ​វិនិយោគ​របស់​ចិន​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​...​ជា​អកុសល ក្រុមហ៊ុន​ចិន និង​វិនិយោគិន​ចិន​កម្រ​ធ្វើឲ្យ​មាន​ភាព​ជឿនលឿន​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម អភិបាលកិច្ច​ប្រសើរ​ឡើង និង​ចីរភាព​បរិស្ថាន​ដែល​នឹង​ជំរុញ​ឲ្យ​មាន​កំណើន​ប្រកប​ដោយ​ស្ថិរភាព និង​រយៈពេល​វែង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​»​។

លោក Laurance បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ឆ្ងាយ​ពី​ការ​នាំ​យក​ឱកាស និង​ទ្រព្យសម្បត្តិ​ទៅ​ឲ្យ​ប្រជាជន​មូលដ្ឋាន​គម្រោង​អភិវឌ្ឍន៍​របស់​ចិន​មាន​គោលបំណង​រក្សា​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​សហគមន៍​ចិន​។

លោក​សរសេរ​តាម​អ៊ីមែល​ថា​៖ «​ពាណិជ្ជករ​ចិន​មាន​បំណង​ភាគច្រើន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ខ្លាំង​រស់នៅ និង​ធ្វើការ​ជាមួយ​គ្នា​ហើយ​ភាគច្រើន​បំផុត​ជួល​បុគ្គលិក​ជនជាតិ​ខ្លួនឯង​... ពី​មុន​ពេល​ពួកគេ​ជួល​ប្រជាពលរដ្ឋ​មូលដ្ឋាន​»​។

លោក​បាន​បន្ថែម​ថា​៖ «​តាម​បទពិសោធ​របស់​ខ្ញុំ ពាណិជ្ជករ​ជនជាតិ​ចិន​ជាច្រើន​មាន​លក្ខណៈ​គឃ្លើន ច្រងេងច្រងាង និង​សូកប៉ាន់​មន្ត្រី​សាធារណៈ​... ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​លទ្ធភាព​ទូលំ​ទូលាយ​ចំពោះ​ដី រ៉ែ ឈើ ប្រេង និង​ឧស្ម័ន និង​ធនធាន​ដទៃៗ​ទៀត​ហើយ​ជា​ញឹកញាប់​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ជាតិ​»​។

លោក Laurance បាន​ទទួល​ស្គាល់​ថា ចិន​មិន​ត្រឹម​តែ​កេងប្រវ័ញ្ច​ទៅ​លើ​បរិស្ថាន​ទេ ប៉ុន្តែ​ប្រទេស​នេះ កេងប្រវ័ញ្ច​ច្រើន​ជាង​ប្រទេស​ដទៃៗ​។

អត្ថបទ​នេះ​បាន​សរសេរ​ទៀត​ថា​៖ «​គ្មាន​ប្រទេស​ណា​ធ្លាប់​ផ្លាស់ប្តូរ​ផែនដី​យ៉ាង​លឿន​ខ្លាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​បែប​នេះ​ទេ​»​។

ចន្លោះ​ពី​ឆ្នាំ ២០០៦ និង​ ២០០៨ ទំនប់​វារីអគ្គិសនី​កំចាយ​គឺជា​គម្រោង​វិនិយោគ​បរទេស​ធំ​បំផុត​របស់​កម្ពុជា​។ នេះ​បើ​តាម​របាយការណ៍​របស់​មូលនិធិ Heinrich Boll Stiftung វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​អភិវឌ្ឍ និង​មូលនិធិ​ជីវិត​សត្វព្រៃ​។ គម្រោង​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ Sinohydro ដែល​ជា​ក្រុមហ៊ុន​កម្មសិទ្ធិ​របស់​រដ្ឋ​ចិន​។ នៅ​ក្នុង​ឆ្នាំ ២០០៦ អតីត​នាយក​រដ្ឋមន្ត្រី​ចិន លោក Wen Jiabao បាន​សន្យា​ផ្តល់​ជំនួយ​ចំនួន​ ៦០០ លាន​ដុល្លារ​ដល់​កម្ពុជា​។

បើ​តាម​របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​ស្ទើរ​ពាក់កណ្តាល​នៃ​កញ្ចប់​ជំនួយ​នេះ​គឺ​គាំទ្រ​ការ​អភិវឌ្ឍ​...​ទំនប់​វារីអគ្គិសនី​កំចាយ​»​ ​ហើយ​ជំនួយ​ដែល​នៅ​សល់​ដទៃ​ទៀត​គឺ​សម្រាប់​ការ​សាងសង់​ស្ពាន និង​ការិយាល័យ​រដ្ឋាភិបាល​។

ឯកសារ​នេះ​កត់សម្គាល់​ថា​៖ «​អង្គការ​សង្គម​ស៊ីវិល​បាន​ព្រមាន​ថា​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​របស់​កម្ពុជា​អាច​​បណ្តេញ​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ចេញ​ពី​លំនៅឋាន និង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​»​។

ក្តីបារម្ភ​ស្រដៀង​គ្នា​នេះ​ដែល​ត្រូវ​បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​ទើប​សម្ពោធ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាលពី​ខែ​កញ្ញា​។

ទំនប់​វារីអគ្គិសនី​ស្ទឹងត្រែង​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន HydroLancang ដែល​ជា​ក្រុមហ៊ុន​កម្មសិទ្ធិ​របស់​រដ្ឋ​ចិន និង​បាន​លើក​ឡើង​អំពី​ក្តីបារម្ភ​អំពី​ការ​ខូចខាត​មិន​អាច​ជួសជុល​បាន​ចំពោះ​ជលផល​ក្នុង​ទន្លេសាប ដែល​ចិញ្ចឹម​ប្រជាពលរដ្ឋ​រាប់លាន​នាក់​។

លោក Alejandro Gonzalez-Davidson ដែល​ជា​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​និរទេស​តាម​បញ្ជា​របស់​លោក ហ៊ុន សែន បាន​ថ្លែង​ថា​រដ្ឋាភិបាល​កម្ពុជា​ «​ធ្វើការ​ជា​ចំហ​ជាមួយ​ក្រុមហ៊ុន​ធំៗ​នៅ​ក្នុង​វិស័យ​ដូចជា​វិស័យ​ថាមពល សំណង់ និង​រ៉ែ​»​។

លោក​ថ្លែង​នៅ​ក្នុង​សារ​មួយ​កាលពី​ម្សិលមិញ​ថា​៖ «​វា​ជា​ការ​ផ្តល់​អាទិភាព​ចំពោះ​ជំនួយ​ពី​ចិន​។ ចំនួន​លុយ​ដ៏ច្រើន​ទាំង​នេះ​យើង​កំពុង​និយាយ​អំពី​វា​នៅ​ទី​នេះ​ហើយ​ភាគច្រើន​បំផុត​ជា​គម្រោង​ធំៗ​ដូចជា ទំនប់​វារីអគ្គិសនី សម្បទាន​ដី​សេដ្ឋកិច្ច និង​រ៉ែ​»​។

លោក Gonzalez បាន​ពន្យល់​ថា ក្រុមហ៊ុន​ចិន​ «​ដែល​មិន​មាន​តម្លាភាព និង​គណនេយ្យភាព​» ​ទាំង​នេះ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​តុលាការ​កម្ពុជា នគរបាល និង​ថែម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា និង​បញ្ហា​ផ្លូវ​ច្បាប់​ណា​មួយ​។

លោក Gonzalez បាន​គូសបញ្ជាក់​បន្ថែម​ថា​៖ «​ការ​ប្រើ​ស្ថាប័ន​រដ្ឋ​ទាំង​នេះ​នឹង​មាន​ផល​អវិជ្ជមាន​» ខណៈ​មន្ត្រី​រដ្ឋាភិបាល​ទទួល​បាន​អត្ថប្រយោជន៍​។ លោក​ក៏​បាន​ពន្យល់​ផង​ដែរ​ថា​ក្រុមហ៊ុន​កម្ពុជា​ជាច្រើន​ដែល​មាន​កិច្ចសន្យា​ជួយ​គម្រោង​របស់​ចិន​គឺជា​កម្មសិទ្ធិ​ ឬ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​។

លោក​អះអាង​ថា​៖ «​ក្រុមហ៊ុន​ដែល​មាន​លក្ខណៈ​ផ្តាច់​មុខ​លើ​ការ​ចែកចាយ​អគ្គិសនី​ចេញ​ពី​ទំនប់​ទាំង​នោះ​...​គឺ​ស្ថិត​នៅ​ក្រោម​ឆត្រ​របស់​ក្រុមហ៊ុន​ភាពី​ម៉ិច​...»​។

Guterres ក៏​បាន​ចង្អុល​ទៅ​ក្រុមហ៊ុន Union Development Group (UDG) នៅ​កោះកុង​ជា​ឧទាហរណ៍​មួយ​ទៀត​នៃ​ការ​អភិវឌ្ឍ​របស់​ចិន​ដែល​មាន​លក្ខណៈ​កេងប្រវ័ញ្ច​។ ក្រុមហ៊ុន​ដែល​ជា​កម្មសិទ្ធិ​របស់​ចិន​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ជួល​រយៈពេល ៩៩ ឆ្នាំ​ទៅ​លើ​ដី​ចំនួន ៤៥០០០ ហិកតា​នៅ​ក្នុង​ឧទ្យាន​ជាតិ​បទុមសាគរ​។

ក្រុមហ៊ុន UDG គ្រោង​សាងសង់​រមណីយដ្ឋាន​នៅ​មាត់​សមុទ្រ និង​ព្រលាន​យន្តហោះ​អន្តរជាតិ​ផង​ដែរ​ដែល​ចំណាយ​អស់​ទឹកប្រាក់ ៣,៨ ពាន់​លាន​ដុល្លារ ហើយ​បណ្តេញ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​នៅ​ក្នុង​ស្រុក​ចំនួន​ ២​។

ក្រុមហ៊ុន UDG ក៏​ត្រូវ​បាន​ចោទប្រកាន់​ផង​ដែរ​ថា​បាន​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​នោះ និង​មិន​គោរព​ទៅ​តាម​កញ្ចប់​សំណង​ដែល​បាន​សន្យា​ដែល​ត្រូវ​ផ្តល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញចេញ​។

លោក Brian Eyler ជា​អ្នក​ជំនាញ​ម្នាក់​ស្តីពី​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​ចិន​ជាមួយ​នឹង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជា​នាយក​នៃ​កម្មវិធី​អាស៊ីអាគ្នេយ៍​របស់​វិទ្យាស្ថាន Stimson បាន​ថ្លែង​ថា​ជំនួយ​របស់​ចិន​បណ្តាល​ឲ្យ​មាន​ការ​ខូចខាត​ទាំង​រយៈពេល​ខ្លី និង​ទាំង​រយៈពេល​វែង​។

ទោះបី​ជា​យ៉ាង​ណា​ក្តី​លោក សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ច្រានចោល​ការ​លើក​ឡើង​ដែល​ថា​ជំនួយ​របស់​ចិន​មាន​លក្ខណៈ​គ្រោះថ្នាក់ និង​អះអាង​ថា​បទបញ្ជា​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ «​រឹងមាំ​»​។

លោក​ថ្លែង​កាលពី​ម្សិលមិញ​​ថា​៖ «​ខ្ញុំ​មិន​រើសអើង​នឹង​ការ​វិនិយោគ​របស់​ចិន​ទេ​»​។ «​រាល់​ការ​វិនិយោគ និង​អភិវឌ្ឍ​ទាំងអស់​ត្រូវ​តែ​គោរព​ទៅ​តាម​បទ​ប្បញ្ញត្តិ​របស់​ប្រទេស​»​។

តំណាង​ស្ថានទូត​ចិន​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​សប្តាហ៍​នេះ​៕ PS