Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គជប ​ដោះស្រាយ​បណ្ដឹង​ចប់​មុន​ពេល​កំណត់

Content image - Phnom Penh Post
ដំណើរការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​តាម​បណ្ដឹង​ពី​គណបក្ស​នយោបាយ​កន្លង​មក​។ ហេង ជីវ័ន

គជប ​ដោះស្រាយ​បណ្ដឹង​ចប់​មុន​ពេល​កំណត់

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះឆ្នោត​ (​គជប​) ឲ្យ​ដឹង​ថា គជប ​បាន​ដោះស្រាយ​បណ្តឹង​រួចរាល់​អស់​ហើយ​មុន​កាលបរិច្ឆេទ​កំណត់​ដែល​ក្នុង​បណ្តឹង​សរុប​ ៦១ មាន​ ៣៣ បណ្តឹង​ដែល​ភាគច្រើន​ជា​ការ​​ប្តឹង​សុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​​វិញ​ត្រូវ​បាន​ច្រានចោល​។

លោក​ ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​​ គជប ថ្លែង​កាលពី​ម្សិលមិញ​ថា​តាម​កាលបរិច្ឆេទ គ ជ ប ឈប់​ទទួល​បណ្តឹង​នៅ​ថ្ងៃ​ទី​ ១៩ ​មិថុនា​ហើយ​តាម​កាលវិភាគ គជប ត្រូវ​ដោះស្រាយ​បណ្តឹង​ឲ្យ​រួច​​រាល់​នៅ​ថ្ងៃ​ទី​ ២៤ មិថុនា ប៉ុន្តែ​​មក​ទល់​ថ្ងៃ​អាទិត្យ​មិន​មាន​​បណ្តឹង​ដាក់​ចូល​មក​ទៀត​ឡើយ​​ហើយ​បណ្តឹង​នានា​ក៏​បាន​សម្រេច​រួច​ហើយ​ដែរ​។

លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​​ថា​៖ «​ជា​ផ្លូវ​ច្បាប់​ការ​ដោះស្រាយ​​មិន​ទាន់​ចប់​ទេ ប៉ុន្តែ​ជាក់ស្តែង​អស់​បណ្តឹង​ត្រូវ​ដោះស្រាយ​ហើយ​។ រង់ចាំ​ថ្ងៃ​ប្រកាស​លទ្ធផល​» ​។ តាម​កាលវិភាគ គជប ត្រូវ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​ ២៥ ខែ​មិថុនា​ខាង​មុខ​នេះ​។

ទាក់ទង​នឹង​បណ្តឹង​សេចក្តី​ប្រកាស គជប ឲ្យ​ដឹង​ថា គជប បាន​បដិសេធ​បណ្តឹង​ចំនួន ៣៣ ដែល​ក្នុង​នោះ​គណបក្ស​សង្គ្រោះ​​ជាតិ​ចំនួន​​ ២២ ​បណ្តឹង គណបក្ស​ប្រជាជន​ចំនួន​ ១០ ​បណ្តឹង និង​បណ្តឹង​ប្រជាពលរដ្ឋ​ចំនួន​ ១ ​បណ្តឹង​។ ជា​លទ្ធផល​បណ្តឹង​ទាំង​នោះ​ត្រូវ​បាន​បដិសេធ​ដោយសារ​ត្រូវ​បាន​ «​ថ្លោះ​សិទ្ធិ​នៃ​ការ​ប្តឹង​ (​ផុត​កាលកំណត់​របស់​ច្បាប់​)»​។

២២ ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​មកពី​រាជធានី​ភ្នំពេញ ខេត្ត​ពោធិ៍សាត់ សៀមរាប តាកែវ ត្បូងឃ្មុំ កំពង់ស្ពឺ​ និង​ខេត្ត​កណ្តាល​។ ក្នុង​ចំណោម​បណ្តឹង​ទាំង​នោះ​មាន​ ៣ ​បណ្តឹង​ជា​បណ្តឹង​ព្រហ្មទណ្ឌ​ និង​ក្រៅ​ពី​​នេះ​គឺជា​បណ្តឹង​សុំ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​។

ចំពោះ​បណ្តឹង​ទាំង​ ១០ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​មកពី​រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ រតនគិរី និង​ខេត្ត​ព្រៃវែង​ដែល​បណ្តឹង​ទាំងអស់​នោះ​ជា​បណ្តឹង​សុំ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​កាលពី​ថ្ងៃ​សុក្រ គជប ​ក៏​បាន​ចារ​បដិសេធ​បណ្តឹង​សុំ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​ក្នុង​សង្កាត់​ស្វាយប៉ាក​រាជធានី​ភ្នំពេញ​ដែល​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បញ្ជាក់​ថា​៖ «​បដិសេធ​បណ្តឹង ព្រោះ​បណ្តឹង​ដែល​ដាក់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ពុំ​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ស្រប​តាម​មាត្រា​ ១៤៩ ​និង​មាត្រា​ ១៥២ នៃ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​»​។

លទ្ធផល​នៅ​សង្កាត់​ស្វាយប៉ាក​គឺ​រក្សា​នៅ​ដដែល​ដូច​ដែល​បាន​រាប់​នៅ​ថ្នាក់​សង្កាត់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ចំនួន ២៨១១ ​សំឡេង​គឺ​​ឈ្នះ​គណបក្ស​ប្រជាជន​ដែល​ទទួល​បាន​ ២៨០៦ ​សំឡេង​។ លេខ​បី​បាន​ទៅ​លើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួល​បាន​ ១១៧ ​សំឡេង​។

ជាមួយ​គ្នា​នេះ​ដែរ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​ដែល​ប្តឹង​សុំ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅក្នុង​ឃុំ​គំរូ​ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ​ក៏​ត្រូវ​បាន​បដិសេធ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​គណបក្ស​សង្គ្រោះជាតិ​ ៣ ​សំឡេង​។

មាន​គណបក្ស​នយោបាយ​ចំនួន​ប្រាំ​បាន​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ទីនោះ​ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ១១២៥ ​សំឡេង​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ចំនួន​ ១១២២ ​សំឡេង​។ លេខ​ ៣ ​បាន​ទៅ​លើ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​ចំនួន​ ៧៩២ សំឡេង​,​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួល​បាន​ ១៩៥ ​សំឡេង​ និង​ចុងក្រោយ​គេ​​គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​ ១៦០ ​សំឡេង​៕NS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ