Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គ.ជ.ប បង្កើត​ក្រុម​ព័ត៌មាន​ដើម្បី​វាយបក​ការ​រិះគន់

Content image - Phnom Penh Post
លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​។ ហេង ជីវ័ន

គ.ជ.ប បង្កើត​ក្រុម​ព័ត៌មាន​ដើម្បី​វាយបក​ការ​រិះគន់

ភ្នំពេញៈ គ.ជ.ប បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ប្រតិកម្ម​ព័ត៌មាន​មួយ​ដើម្បី​ទប់ស្កាត់ និង​វាយបក​រាល់​ចំណុច​រិះគន់​ស្រប​ពេល​ដែល​មាន​ការ​រិះគន់​ និង​វាយប្រហារ​កាន់តែ​ច្រើន​ឡើង​លើ​ស្ថាប័ន គ.ជ.ប ក្រោយ​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​ហើយ​តំណាង​ពី​គណបក្ស​ប្រឆាំង​បាន​ដើរ​ចេញ​ពី​ស្ថាប័ន​កំពូល​មួយ​នេះ​។

ក្នុង​សេចក្តី​ប្រកាស​ចុះ​ថ្ងៃ​ទី ៤ ខែ​ធ្នូ ឆ្នាំ​ ២០១៧ គ.ជ.ប បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ដោយ​ស្ថិត​នៅ​ក្រោម​ការ​ណែនាំ និង​បញ្ជា​ផ្ទាល់​ពី​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក​។

ក្រៅពី​ការ​ប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​ការ​បោះឆ្នោត ភារកិច្ច និង​ការ​ទទួល​ខុសត្រូវ​សំខាន់​របស់​ក្រុម​ការងារ​នេះ​គឺ «​ប្រមូល​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ជា​សាធារណៈ ដើម្បី​ធ្វើការ​វិភាគ​នូវ​ព័ត៌មាន​អវិជ្ជមាន​បង្ខូច​កិត្តិយស គ.ជ.ប ធ្វើឲ្យ​មាន​ការ​យល់ច្រឡំ បំភាន់​សាធារណមតិ ទិសដៅ​ធ្វើឲ្យ​អាប់ឱន ឬ​ធ្វើឲ្យ​មហាជន​មាន​ការ​សង្ស័យ ឬ​មិន​ទុក​ចិត្ត​លើ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​»​។

ការ​ទទួល​ខុស​ត្រូវ​មួយ​ទៀត​របស់​ក្រុម​ប្រតិកម្ម​ព័ត៌មាន​នេះ​គឺ​ «​ធ្វើការ​ឆ្លើយ​បំភ្លឺ​ជា​លាយលក្ខណ៍​អក្សរ​ក្នុង​ករណី​ពិនិត្យ​ឃើញ​ការ​ផ្សាយ​ព័ត៌មាន​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង គ.ជ.ប ឬ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ទាំង​មូល​» ដោយ​អនុញ្ញាត​ឲ្យ​ប្រើ​ត្រា​អគ្គលេខាធិការ គ.ជ.ប លើ​លិខិត​បំភ្លឺ​នានា​។ ក្រុម​ការងារ​នេះ​ធ្វើការ​ដោយ​មិន​គិត​ពី​ពេលវេលា និង​ថ្ងៃ​ឈប់​សម្រាក​ហើយ​ត្រូវ​ប្រជុំ​ក្រុម​រយៈពេល ១៥ នាទី​ជា​រៀងរាល់​ថ្ងៃ​ព្រមទាំង​រាយការណ៍​ជូន​ប្រធាន គ.ជ.ប ដោយ​ផ្ទាល់​មាត់​អំពី​ព័ត៌មាន​អវិជ្ជមាន​ទាំង​ឡាយ​។

ក្រុម​ប្រតិកម្ម​ព័ត៌មាន​នេះ​មាន​សមាជិក​ ៧ ​រូប​ដែល​ដឹកនាំ​ដោយ​លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប និង​មាន​សមាសភាព​ដែល​ជា​ជំនួយការ​របស់​លោក ស៊ិក ប៊ុនហុក​។ ក្រុម​នេះ​មាន​កញ្ចប់​ថវិកា​សម្រាប់​អនុវត្ត​ការងារ​ និង​មាន​ក្រុម​ជំនួយ​មកពី​នាយកដ្ឋាន​មួយ​ចំនួន​នៃ​ស្ថាប័ន គ.ជ.ប​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នក​នាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ទេ​ចំណែក​សមាជិក​នៅ​ក្នុង​ក្រុម​ប្រតិកម្ម​ព័ត៌មាន​នេះ​ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ​កាលពី​ម្សិលមិញ​។

បើ​ទោះបី​ជា​ក្រុម​ការងារ​នេះ​ទើប​តែ​ត្រូវ​បាន​ប្រកាស​បង្កើត​កាលពី​ថ្ងៃ​ទី​ ៤ ខែ​ធ្នូ​ក៏ដោយ​ក៏​ក្រុម​ការងារ​នេះ​បាន​ចេញ​ប្រតិកម្ម​ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​ ២ ខែ​ធ្នូ​ឆ្លើយតប​នឹង​ការ​រិះគន់​ពី​ឯករាជភាព​របស់​ គ.ជ.ប និង​បង្ហាញ​ពី​ការ​ស្វែងយល់​នៃ​បដិវត្តន៍​ពណ៌​។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​បោះឆ្នោត​យល់​ឃើញ​ថា​វា​មិន​មាន​ការ​ចាំបាច់​ដែល គ.ជ.ប ត្រូវ​បង្កើត​ក្រុម​ការងារ​នេះ​ទេ​។

លោក រ៉ុង ឈុន អតីត​សមាជិក គ.ជ.ប ដែល​ទើប​លាលែង​ពី​ស្ថាប័ន​កំពូល​នេះ​បាន​ថ្លែង​ថា គ.ជ.ប មាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​រួច​ហើយ​ដែល គ.ជ.ប អាច​ប្រើ​នាយកដ្ឋាន​នេះ​ដើម្បី​ប្រមូល​ព័ត៌មាន​ដោយ​មិន​ចាំបាច់​ទៅ​បង្កើត​ក្រុម​ប្រតិកម្ម​ព័ត៌មាន​មួយ​ទៀត​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​តាម​ទស្សនៈ​ខ្ញុំ វា​មិន​ចាំបាច់​អី​ទេ​ក្នុង​នាម​ស្ថាប័ន​ គ.ជ.ប ប៉ុណ្ណឹង​។ ក្នុង​នោះ​យើង​មាន​នាយកដ្ឋាន​ព័ត៌មាន​រួច​ហើយ​យើង​ប្រើប្រាស់​មន្ត្រី​នៅ​ក្នុង​នាយកដ្ឋាន​ព័ត៌មាន​ហ្នឹង​ទៅ​វា​គ្រប់គ្រាន់​ហើយ​មិន​បាច់​បង្កើត​ក្រុម​ជាន់​លើ​ក្រុម​មួយ​ទៀត​ទេ​។ គាត់​អាច​ថ្លឹងថ្លែង​ព័ត៌មាន​ល្អ​អាក្រក់​អី​វា​បាន​ដូច​គ្នា​»​។

ទោះ​យ៉ាង​ណា ​លោក រ៉ុង ឈុន ថ្លែង​ថា​ ក្រុម​ប្រតិកម្ម​ព័ត៌មាន​នេះ​អាច​ល្អ ឬ​អាក្រក់​គឺ​អាស្រ័យ​លើ​គោលបំណង​នៃ​ការ​បង្កើត​។ «​ជា​ការ​ល្អ​ដែល​បើ​ឃើញ​ព័ត៌មាន​អ្នក​រិះគន់​ផ្តល់​អនុសាសន៍​ថា​ត្រូវ​ធ្វើ​ម៉េចៗ ហើយ​ធ្វើការ​កែ​លម្អ​។ តែ​បើ​មាន​ព័ត៌មាន​ហើយ​យើង​មិន​ដឹង​ពី​ការ​លើក​ឡើង​អំពី​ស្ថាប័ន​របស់​ខ្លួន វា​ធ្វើ​ឲ្យ​ស្ថាប័ន​មិន​រឹងមាំ​។ តែ​វា​ស្រ័យ​លើ​គោលបំណង​នៃ​ការ​បង្កើត​។ បើ​បង្កើត​ក្នុង​គោលបំណង​ល្អ វា​ល្អ​ហើយ តែ​បើ​បង្កើត​ក្នុង​គោលបំណង​អាក្រក់​វា​នឹង​អាក្រក់​»​។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត NICFEC យល់​ថា​លោក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បង្កើត​ក្រុម​ប្រតិកម្ម​ព័ត៌មាន​នេះ​ទេ​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ថា​ពួកគាត់​កំពុង​ដាក់​សម្ពាធ​លើ​សារព័ត៌មាន​។ សារព័ត៌មាន​គួរ​តែ​មាន​សិទ្ធិ​ផ្សព្វផ្សាយ​។ គ.ជ.ប មាន​អ្នក​នាំពាក្យ​ស្រាប់​ហើយ ដូច្នេះ​មិន​ចាំបាច់​អី​ទៅ​បង្កើត​ក្រុម​ថ្មី​នេះ​ទេ​»​។

ស្រដៀង​គ្នា​នេះ​លោក យឿង សុធារ៉ា អ្នក​ជំនាញ​ផ្នែក​ច្បាប់​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ខុម ហ្វ្រែល បាន​ថ្លែង​ថា គ.ជ.ប គួរ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ ចំពោះ​ការ​រិះគន់​ការ​លើក​ឡើង និង​ផ្តល់​អនុសាសន៍​ដែល​មាន​ប្រយោជន៍​ដល់​ការ​កែលម្អ​ស្ថាប័ន គ.ជ.ប ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ដំណើរការ​ដោយ​ឯករាជ្យ​។

aលោក​និយាយ​ថា​៖ «​បើសិន​ជា​គេ​បង្កើត​ក្រុម​នេះ​ដើម្បី​តែ​វាយបក​ទៅ​លើ​ការ​រិះគន់ ហើយ​ព្យាយាម​បង្កើត​ហេតុផល​ដើម្បី​វាយបក​ទៅ​លើ​សង្គម​ស៊ីវិល​នោះ វា​នឹង​មិន​ល្អ​ទេ​»​។

នៅ​ពេល​សួរ​ថា​តើ​លោក​យល់​ថា គ.ជ.ប នៅ​តែ​ជា​ស្ថាប័ន​ដែល​ឯករាជ្យ​ឬ​យ៉ាង​ណា​? លោក សុធារ៉ា មិន​ឆ្លើយ​ឲ្យ​ចំ​សំណួរ​នេះ​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​៖ «​ស្ថាប័ន​នេះ​មិន​មាន​តុល្យភាព​នៃ​អំណាច​ទៀត​ទេ​»៕

0

Comments

Please, login or register to post a comment