ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ( គ.ជ.ប) ​កាលពី​ម្សិលមិញ​បាន​ប្រកាស​រៀបចំ​បោះពុម្ព​សន្លឹកឆ្នោត​ចំនួន​ ២៥៩៥០ ​សន្លឹក ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជិត​ ២ ​ម៉ឺន​ដុល្លារ ដើម្បី​ត្រៀម​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​ ៤ ​ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ ឆ្នាំ​នេះ​។

លោក​ ឌឹម សុវណ្ណារុំ អ្នក​នាំពាក្យ​ (​គ.ជ.ប​) ​បាន​ថ្លែង​ថា គ.ជ.ប បាន​ចំណាយ​ទឹកប្រាក់​ជិត​ ២ ​ម៉ឺន​ដុល្លារ​ស្មើ​នឹង​ ៧៤ ​លាន​រៀល​សម្រាប់​បោះពុម្ព​សន្លឹក​​ឆ្នោត​សរុប​មាន​ចំនួន​ ២៥៩៥០ ​សន្លឹក​ក្នុង​នោះ​សន្លឹក​ឆ្នោត​បម្រុង​មាន​ ៥៣០០ ​សន្លឹក សន្លឹក​ឆ្នោត​គំរូ​មាន​ ១២៥០ ​សន្លឹក ហើយ​សន្លឹក​ឆ្នោត​ត្រូវ​បែងចែក​តាម​ភូមិភាគ​នីមួយៗ​ក្នុង​រយៈពេល​ ៣៦ ​ម៉ោង​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​។

លោក​បន្ដ​ថា​ការ​រៀបចំ​បោះពុម្ព​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ប្រការ​ ៨,២,១ ដែល​បាន​ចែង​ថា ទី​ ១-គ.ជ.ប ធានា​ការ​បោះពុម្ព​សន្លឹកឆ្នោត​លើ​ក្រដាស​ស ទី​ ២-សន្លឹក​ឆ្នោត​នីមួយៗ​ត្រូវ​មាន​គល់​បញ្ជី​លេខ​រៀង និង​លំដាប់​តៗ​គ្នា និង​ទី​ ៣- សន្លឹកឆ្នោត​នីមួយៗ​ត្រូវ​មាន​សញ្ញា​សម្គាល់​គណបក្ស ឈ្មោះ អក្សរ​កាត់​ និង​អក្សរ​ពេញ ឈ្មោះ និង​ Logo ត្រូវ​ដាក់​ទៅ​តាម​លំដាប់​ដោយ​ផ្អែក​ទៅ​លើ​ការ​ចាប់​ឆ្នោត​។

លោក ឌឹម សុវណ្ណារុំ បាន​បញ្ជាក់​ថា​៖ «​អ្វី​ដែល​យើង​ចង់​បង្ហាញ​នេះ​ក្នុង​គោលបំណង​ចង់​ឲ្យ​មាន​តម្លាភាព​ដល់​សាធារណជន​ជូន​ដល់​អង្គ​បោះឆ្នោត​អំពី​ការងារ​ជាក់ស្ដែង​ដែល គ.ជ.ប ​បាន​ធ្វើ​។ ​ការ​ដែល​ គ.ជ.ប បាន​ធ្វើ​នេះ​គឺ​ផ្នែក​ទៅ​លើ​បទបញ្ជា​ និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​»​។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​លើក​ឡើង​ថា​លោក​មិន​បារម្ភ​ពី​ចំនួន​សន្លឹកឆ្នោត​ទេ ព្រោះ​ គជប គេ​មាន​នីតិវិធី​របស់​គេ​ច្បាស់លាស់ ប៉ុន្ដែ​លោក​បារម្ភ​ពី​​ដំណើរការ​ការ​បោះឆ្នោត​ព្រោះ​ខ្លាច​ពេល​បោះឆ្នោត​អាច​មាន​ករណី​លួច​បន្លំ​។ លោក​ថា​៖ «​យើង​នឹង​ពង្រឹង​ការ​តាមដាន​បន្ថែម​ទៀត​លើ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​គណបក្ស​មួយ​ជិះសេះ​លែងដៃ​នោះ​ទេ​»​។

លោក ញេប ប៊ុនជិន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា​លោក​ក៏​មិន​ជំទាស់​នឹង​ការ​​បោះពុម្ព​សន្លឹកឆ្នោត​នេះ​ដែរ ព្រោះ គ.ជ.ប មាន​បទពិសោធ​ស្រាប់​ទៅ​ហើយ ដោយ​គណបក្ស​លោក​គ្រាន់​តែ​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ជា​ការ​ស្រេច​។

លោក​ថា​៖ «​អត់​អី​ទេ​ប្អូន យើង​ត្រៀម​តែ​ខ្លួន​ចូលរួម​ទៅ​បាន​ហើយ យើង​នឹង​មិន​ជំទាស់​នឹង​ការ​បោះពុម្ព​សន្លឹកឆ្នោត​នេះ​ទេ ព្រោះ​ គ.ជ.ប គេ​ចេះ​ចាត់ចែង​ហើយ ព្រោះ​យើង​បាន​ជជែក​គ្នា​រួចរាល់​អំពី​នីតិវិធី​នេះ​»​។

លោក យឿង សុធារ៉ា មន្ត្រី​ច្បាប់​ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​យល់​ឃើញ​ថា​ការ​ពិត​ខុមហ្វ្រែល​មិន​បាន​ចូលរួម​សង្កេត​​ការណ៍​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ទេ ប៉ុន្ដែ​ជា​យោបល់​លោក​ថា​វា​ជា​ការ​ខាតបង់​នូវ​ថវិកា​ជាតិ​មួយ​ចំណែក​តូច ដែល​ គ.ជ.ប ​បាន​បោះ​សន្លឹក​ឆ្នោត​បម្រុង​ច្រើន​ប្រហែល​នឹង​អង្គ​បោះឆ្នោត​។

លោក​ថា​៖ «​វា​ជា​ការ​បោះឆ្នោត​អសកល​អ្នក​ចូលរួម​បោះឆ្នោត​គឺជា​អ្នក​ដែល​មាន​ជំនាញ និង​ជា​អ្នក​បង្ហាត់​បង្រៀន​ប្រជាពលរដ្ឋ​អំពី​របៀប​បោះឆ្នោត ហើយ​ប្រសិន​បើ​ពួកគាត់​មិន​ចេះ​គូស​លើ​សន្លឹក​ឆ្នោត វា​ជា​រឿង​ចម្លែក ហើយ​ខ្ញុំ​មិន​ជឿ​ថា ពួកគាត់​មិន​ចេះ​គូស​នោះ​ទេ​»​។

អង្គ​បោះឆ្នោត​សម្រាប់​ការ​ចូលរួម​បោះឆ្នោត​តាម​បែប​អសកល​នេះ​គឺជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស និង​សមាជិក​រដ្ឋសភា​ទាំងអស់​ជាង​ ១ ​ម៉ឺន​នាក់​។ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​យល់​ឃើញ​ថា​គេ​អាច​ទស្សន៍ទាយ​ទុក​មុន​បាន​ថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​ជា​បក្ស​ដែល​ទទួល​បាន​ការ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ច្រើន​ជាង​គេ ព្រោះ​ការ​​បោះឆ្នោត​នេះ​ផ្អែក​ទៅ​លើ​សមាជិក​សភា និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ណា​ដែល​ច្រើន​ជាង​។ ប៉ុន្តែ​លទ្ធផល​នេះ គេ​នៅ​មិន​ទាន់​អាច​ស្មាន​ទុក​មុន​បាន​ថា សំឡេង​ពិត​ជា​នៅ​ស្ថិតស្ថេរ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ​៕