Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គណបក្ស​អំណាច​ខ្មែរ​នឹង​ប្តឹង​លោក​ ហោ ណាំហុង ​ពី​បទ​បរិហារកេរ្តិ៍

លោក ហោ ណាំហុង ឧបនាយករដ្ឋ​មន្ត្រី និង​រដ្ឋមន្ត្រី​ការបរទេស​ និង​លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។
លោក ហោ ណាំហុង ឧបនាយករដ្ឋ​មន្ត្រី និង​រដ្ឋមន្ត្រី​ការបរទេស​ និង​លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។ រូប ម៉ៃ វីរៈ/ផា លីណា

គណបក្ស​អំណាច​ខ្មែរ​នឹង​ប្តឹង​លោក​ ហោ ណាំហុង ​ពី​បទ​បរិហារកេរ្តិ៍

ភ្នំពេញៈ លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​នឹង​ដាក់​ពាក្យ​ប្តឹង​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ការបរទេស​ទៅ​សាលា​ដំបូង​រាជធានី​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយពី​បទ​បរិហារកេរ្តិ៍​បើ​ទោះបី​ជា​ដឹង​ថា​តុលាការ​កម្ពុជា​មិន​ឯករាជ្យ​យ៉ាង​ណា​ក៏ដោយ​។

លោក សួន សេរីរដ្ឋា បាន​​ឲ្យ​ដឹង​​​ថា​បន្ទាប់ពី​កិច្ច​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​ក្រសួង​ការបរទេស​កាល​ថ្ងៃ​ទី​ ៧ ធ្នូ ឆ្នាំ ២០១៥ លោក ហោ ណាំហុង បាន​ថ្លែង​ទៅ​កាន់​អ្នកកាសែត និង​បាន​​ថ្លែង​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ និង​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ថ្មី​ថែម​ទាំង​បាន​ចោទប្រកាន់​គណបក្ស​អំណាច​ខ្មែរ​ថា​ជា​គណបក្ស​មួយ​ដែល​មេដឹកនាំ​របស់​ខ្លួន​ជា​មេ​គំនិត​ភេរវកម្ម​ក្នុង​ប្រទេស​កម្ពុជា​។

លោក រដ្ឋា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​៖ «​លោក​ ហោ ណាំហុង បាន​ចោទ​ប្រកាន់​​គណបក្ស​​អំណាច​ខ្មែរ​របស់​ខ្ញុំ​ដែល​មាន​មូលដ្ឋាន​នៅ​​សហរដ្ឋ​អាមេរិក​ថា​ជា​គណបក្ស​មួយ​ដែល​មេដឹកនាំ​របស់​ខ្លួន​ជា​មេ​គំនិត​​ភេរវកម្ម​​នៅក្នុង​ប្រទេស​»។

លោក​បាន​ថ្លែង​ថា​លោក​បាន​សម្រេច​ប្តឹង​​​លោក​ ណាំហុង ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ប្រជាជន​ឲ្យ​រើសអើង​គណបក្ស​អំណាច​ខ្មែរ​ពីព្រោះ​តាំង​ពី​ដំបូង​គណបក្ស​អំណាច​ខ្មែរ​មិនមែន​ជា​ក្រុម​អង្គការ​ភេរវកម្ម​ ឬ​សមាជិក​​ភេរវករ​ណា​មួយ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។

លោក​បន្ត​ថា​៖ «ដូច្នេះ​អ្វី​ដែល​គាត់​បាន​និយាយ​គឺ​មិន​ពិត​និង​ជា​អំពើ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​លើ​គណបក្ស​អំណាច​​ខ្មែរ​​​ដើម្បី​ឲ្យ​អ្នក​គាំទ្រ និង​ប្រជាជន​ខ្មែរ​ខ្លាច​មិន​ហ៊ាន​គាំទ្រ​គណបក្ស​អំណាច​ខ្មែរ​»។

បើ​តាម​លោក សេរីរដ្ឋា ពាក្យ​បណ្តឹង​របស់​គណបក្ស​​អំណាច​ខ្មែរ​ទាមទារ​ឲ្យ​លោក ណាំហុង ធ្វើការ​សុំទោស​ជា​សាធារណៈ​ចំណែក​​ពាក់ព័ន្ធ​នឹង​ប្រាក់​ជំងឺ​ចិត្ត​ថ្នាក់ដឹកនាំ​គណបក្ស​នឹង​ពិភាក្សា​​នៅ​ក្នុង​កិច្ចប្រជុំ​គណបក្ស​នៅ​សន្និសីទ​កាសែត​​នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក សេរីរដ្ឋា បាន​ថ្លែង​ថា​លោក​ដឹង​ជា​មុន​រួច​ហើយ​ថា​តុលាការ​នឹង​មិន​ស្វែងរក​យុត្តិធម៌​​សម្រាប់​លោក​ទេ​ប៉ុន្តែ​ចាំបាច់​លោក​​ត្រូវ​តែ​ប្តឹង​ដើម្បី​បង្ហាញ​​សាធារណជន​ និង​សហគមន៍​អន្តរជាតិ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ភាព​មិន​ឯករាជ្យ​របស់​ប្រព័ន្ធ​តុលាការ​កម្ពុជា​​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​ដឹង​ថា​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​មិន​ឯករាជ្យ និង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន និង​រដ្ឋាភិបាល​កម្ពុជា​។ ​ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​មិន​មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​ធ្វើ​បែប​នេះ​ទេ​»។

លោក ទេព វីរៈ អ្នក​នាំពាក្យ​គណបក្ស​អំណាច​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​គណបក្ស​នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​សុក្រ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​សង្កាត់​ទឹក​ល្អក់ ២ ​ខណ្ឌ​ទួលគោក​ដែល​និយាយ​អំពី​គម្រោង​ដាក់​ពាក្យ​ប្តឹង​លោក​ ហោ ណាំហុង​នេះ​។

ពាក់ព័ន្ធ​នឹង​គម្រោង​ដាក់​ពាក្យ​ប្តឹង​នេះ​លោក ហោ ណាំហុង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​រសៀល​​ម្សិលមិញ​បន្ទាប់​​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្តី​អាស៊ាន​ថា​លោក​និយាយ​​ពាក់ព័ន្ធ​នឹង​លោក សួន សេរីរដ្ឋា ពី​ព្រោះ​លោក សួន សេរីរដ្ឋា មាន​បញ្ហា​កាលពី​អតីតកាល​ជាមួយ​តុលាការ​កម្ពុជា​។ ប៉ុន្តែ​ឥឡូវ​នេះ​គាត់​ត្រូវ​បាន​លើកលែង​ទោស​​ និង​មាន​សិទ្ធិ​ចូលរួម​នយោបាយ​ពេញលេញ​ដើម្បី​​ចូលរួម​ការ​បោះឆ្នោត​នៅពេល​ខាង​មុខ​។

លោក កា សាវុធ មេធាវី​របស់​លោក ហោ ណាំហុង បាន​ថ្លែង​ថា​លោក​មិន​​ទាន់​បាន​ដឹង​ពី​ករណី​នេះ​ទេ​។

បើ​តាម​ឯកសារ​របស់​តុលាការ​បាន​ឲ្យ​ដឹង​ថា​លោក សួន សេរីរដ្ឋា អាយុ ៤៣ ឆ្នាំ​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ​​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ជាប់​ពន្ធនាគារ​ ៧​ ឆ្នាំ​ និង​ពិន័យ​ជា​​ប្រាក់​ចំនួន​ ២៥ ​លាន​រៀល​ (​ប្រហែល​ ៦២៥០ ដុល្លារ​)​ កាលពី​ថ្ងៃ​ទី ១៤ ខែ​មករា​ ឆ្នាំ​ ២០១៥ ពី​បទ​​ចោទប្រកាន់​ថា​​ «​ញុះញង់​ប្រជាជន​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​អំពើ​ក្បត់​ជាតិ»។

ប៉ុន្តែ លោក សេរីរដ្ឋា ត្រូវ​បាន​​ព្រះមហាក្សត្រ​លើក​លែង​​ទោស​នៅ​ថ្ងៃ​ទី​ ១០ កក្កដា​ ឆ្នាំ ២០១៥ ហើយ​ក្រោយ​មក​លោក​បាន​ដាក់​ពាក្យ​​សុំ​បង្កើត​គណបក្ស​នយោបាយ​ជា​ផ្លូវការ​៕ PS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ