ភ្នំពេញៈ ស្ថាបនិក​នៃ «គណបក្ស ​កែម ឡី» បាន​សម្រេច​ប្តូរ​ឈ្មោះ​មួយ​នេះ​​ចេញ និង​ដាក់​ឈ្មោះ​ថ្មី​ថា «គណបក្ស ខ្មែរ​តែមួយ​» ក្រោយ​មាន​ការ​តម្រូវ​ពីក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់​ស្តី​ពី​គណ​បក្ស​នយោបាយ​ ដែល​មិន​តម្រូវ​ឲ្យ​យក​តាម​ឈ្មោះ​រូប​វ័ន្ត​បុគ្គល។

ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ ដែល​មាន​លោក កែម រិទ្ធិសិត ជា​ប្រធាន​គណបក្ស​ និង​ ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក កែម ឡី បាន​ដាក់​ចូល​ក្រសួង​មហា​ផ្ទៃ កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​មីនានេះ​ បាន​សុំ​ចុះ​បញ្ជី «គណបក្ស ខ្មែរ​តែ​មួយ» ហើយ​ត្រូវ​បាន​នាយក​ដ្ឋាន​កិច្ចការ​សមាគម​ និង​គណបក្ស​នយោបាយ​ទទួល​យក​ និង​​បោះ​ត្រា​រួច​ហើយ ​។

លោក គុជ លី ជា​ស្ថាបនិក និង​ជា​អ្នក​នាំពាក្យ​គណបក្ស បាន​ប្រាប់​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​រំពឹង​ថា គណបក្ស​ខ្មែរតែ​មួយ នឹង​ត្រូវ​បាន​ទទួល​សា្គល់​ពី​ឧបនាយករដ្ឋមន្ត្រី នាពេល​ឆាប់​ៗ​ខាង​មុខ​ដើម្បី​ លោក​ត្រៀម​រៀប​ចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ សម្រាប់​ការ​បោះ​ឆ្នោតនា​ខែ​កក្កដា​ ខាង​មុខ​នេះ។

លោក​ កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ បាញ់​សម្លាប់នៅ​កណ្តាល​រាជ​រាធានី​ភ្នំពេញ ក្នុង​ខែកក្កដា​ ឆ្នាំ ២០១៦ ជា​អ្វី​ដែល​គេជឿ​ថា ជា​ករណី​នយោបាយ​។

លោក គុជ​ លី បាន​ឲ្យ​ដឹង​ថា ៖ «ការ​ដូរ​ឈ្មោះ​ និង​រូ​បឡូហ្គោមាន​រូប​លោក កែម ឡី មក​មនុស្ស​បីនាក់​កៀក​ដៃ​គ្នា គឺ​តំណាង​ឲ្យ​សាមគ្គី​រវាង​ខ្មែរ​និង​ខ្មែរ។...មានន័យ​ថា ខ្មែរលើ​ ខ្មែរ​ក្រោម ខ្មែរ​កណ្តាល គឺ​តែ​មួយ​ គ្មាន​រើសអើង»។

ច្បាប់​ស្តី​ពី​វិសោធ​នកម្ម​គណបក្ស​នយោបាយ​ថ្មី ដែល​មាន​ការ​ទាក់​ទិន​នឹងមិន​ឲ្យ​ប្រើ​ឈ្មោះ ឬ​រូប​​បុគ្គល គឺ​មាន​ទិសដៅ​ទៅលើ ​គណបក្ស​សម រង្ស៊ី ដែល​ក្រោយ​មក​ប្តូរ​ជា ​គណបក្សភ្លើងទៀន។ រីឯគណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ក៏​បាន​ប្តូរ​រូប​សញ្ញា​គណបក្ស​របស់​ខ្លួន​ដែរ។

កាលពី​ព្រឹកមិញ​នេះ គណបក្ស​ខ្មែរតែមួយ​ ដែល​តាម​ច្បាប់​តម្រូវ​ឲ្យ​ក្រសួង​នូវ​សមាសភាព​ស្ថាបនិក​ ៧ រូប និង​ដាក់​ជូន​នូវ​ស្នាម​មេដៃ​អ្នក​គាំទ្រ​ ចំនួន ៤ ០០០ នាក់​ផងដែរ​។

តាម​គម្រោង​ បើ​មាន​ការ​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​ក្រសួង​ មហាផ្ទៃ ថ្នាក់​ដឹក​នាំ​ គណបក្ស​ខ្មែរ​តែ​មួយ​ នឹង​ធ្វើ​ការ​រៀបចំ​សមាជ នៅ​ថ្ងៃ​ទី ៨ ខែ​មេសា​ ខាង​មុខ​នេះ។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ នៅ​មិនអាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ មក​ទល់​ពេល​នេះ​ ៕