ភ្នំពេញៈ គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រកាស​រំលាយ​ខ្លួន​ដោយ​ខ្លួនឯង ស្រប​ពេល​ដែល​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​នេះ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដែល​ការ​ប្រកាស​រំលាយ​នេះ​គឺជា​អ្វី​ដែល​ត្រូវ​បាន​គេ​ពន្យល់​ថា​ដើម្បី​បញ្ជាក់​ពី​ជំហរ​នៃ​ការ​រួបរួម​មិន​មាន​ការ​បែកបាក់​គ្នា​របស់​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ជាតិ​និយម​។

​ការ​ប្រកាស​រំលាយ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ចរន្ត​ចង់​ឲ្យ​ក្រុម​ជើង​ក្រោម​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ងាក​ទៅ​ជ្រក​ក្រោម​ស្លាក​គណបក្ស​ដើម​របស់​ខ្លួន​គឺ​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​ សិទ្ធិមនុស្ស ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ​ហើយ​ក៏​ស្រប​ពេល​ដែល​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម បាន​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ថ្មី​មួយ បន្ទាប់ពី​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧​។

យោង​តាម​លិខិត​មួយ​ផ្ញើ​ជូន​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃ​ទី​ ២៨ ខែ​មករា ឆ្នាំ​ ២០១៨ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សឺន ស៊ូបែរ្តិ៍ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា​គណបក្ស​មួយ​នេះ បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដោយ​ «​សម្រេច​ជា​ឯកច្ឆន្ទ​រំលាយ​» គណបក្ស​សិទ្ធិមនុស្ស​ចាប់ពី​ថ្ងៃ​នេះ​តទៅ​។

ទោះ​យ៉ាង​ណា​លិខិត​ដែល​ដាក់​ជូន​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​ ២៩ ខែ​មករា​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​សម្រេច​រំលាយ​គណបក្ស​មួយ​នេះ​ទេ​។

ប៉ុន្តែ​លោក សឺន ស៊ូបែរ្តិ៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​គណបក្ស​សិទ្ធិ​មនុស្ស​មាន​គម្រោង​រំលាយ​យូរ​មក​ហើយ​តាំងពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​រំលាយ​ចូល​គ្នា​មក ម្ល៉េះ​។

លោក​បន្ត​ថា​គ្មាន​ហេតុផល​នៅ​ពី​ក្រោយ​ទាក់ទង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ​។

ទោះបី​យ៉ាង​ណា​កញ្ញា កឹម មនោវិទ្យា កូនស្រី​លោក កឹម សុខា ដែល​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើការ​ពន្យល់​ផ្ទុយ​ពី​លោក សឺន ស៊ូបែរ្តិ៍ ទៅ​វិញ​។

កញ្ញា មនោវិទ្យា ដែល​ស្ថិត​នៅក្នុង​ចំណោម​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨ ​រូប​ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ ឆ្នាំ​នោះ​បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង​កាលពី​ម្សិលមិញ​ថា​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​គណបក្ស​សិទ្ធិមនុស្ស បាន​សម្រេច​រំលាយ​គណបក្ស​នេះ​ដោយ​ឈរ​លើ​គោលការណ៍​ ៣ ​យ៉ាង​ «១-ដើម្បី​បញ្ជាក់​ពី​ជំហរ​នៃ​ការ​រួបរួម​មិន​មាន​ការ​បែកបាក់​របស់​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ជាតិនិយម​។ ២- ​មិន​ធ្វើ​តាម​សេណារីយោ​ដែល​គេ​ឱ្យ​យើង​លេង​ល្បែង​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​គេ​ឱ្យ​យើង​ចែក​ចាន​ចែក​ឆ្នាំង​ទៅ​នៅ​ផ្ទះ​ចាស់​រៀងៗ​ខ្លួន​នោះ​ទេ​។ ៣- ​គោរព​ឆន្ទ:​របស់​ប្រជាពលរដ្ឋ និង​ម្ចាស់​ឆ្នោត​ជាង ៣ លាន​នាក់​ដោយ​នៅ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ការ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​វា​គឺជា​សិទ្ធិ​សម្រេច​របស់​ប្រធាន​គណបក្ស​នោះ​។

ប៉ុន្តែ​លោក ឥសាន បាន​សរសេរ​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​ថា​ក្រោយ​បាត់​តួនាទី​របស់​លោក កឹម សុខា «​ទណ្ឌិត​ សម រង្ស៊ី​» ​កាន់​តែ​ធ្ងន់ក ម្នាក់ឯង​គឺ​នៅ​ថ្ងៃ​ទី ២៨ ខែ​មករា​ឆ្នាំ ២០១៨ លោក សម រង្ស៊ី ​និង​បក្ខពួក​មួយ​ចំនួន​បាន​ប្រកាស​បង្កើត​ «​របស់​ដែល​ហៅ​ថា​ចលនា​សាង​ង្គ្រោះ​ជាតិ​ក្រៅ​ច្បាប់​ប្រកប​ដោយ​ការ​ប្រទាំង​ប្រទើស​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ក្រុម កឹម សុខា និយម​»​។

លោក​សរសេរ​ទៀត​ថា​ ​ជាមួយ​គ្នា​នេះ​ដែរ ​ក្រុម​មេដឹកនាំ​បក្ស​សិទ្ធិមនុស្ស​ក៏​បាន​សម្រេច​រំលាយ​បក្ស​សិទ្ធិមនុស្ស​ចោល ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​នឹង​គណបក្ស​ «​សាង​ង្គ្រោះ​ជាតិ​» ​តែ​មួយ​។

លោក​បញ្ជាក់​ថា​៖ «​បើ​មើល​ពី​ក្រៅ​វា​បង្ហាញ​ថា​ក្រុម​និយម កឹម សុខា និង​ក្រុម​និយម​ សម រង្ស៊ី មាន​ទំនាស់​គ្នា​យ៉ាង​ស្រួចស្រាល់ បន្ទាប់ពី​មាន​ការ​រំលាយ​បក្ស​សាង​ង្គ្រោះ​ជាតិ និង​ការ​ចាប់​ខ្លួន កឹម សុខា ពី​បទ​ក្បត់​ជាតិ​មក​។ ឥឡូវ​នេះ​ក្រុម​និយម សម រង្ស៊ី ហាក់​មាន​មោទនភាព​ និង​មាន​ប្រៀប​ជាង​ក្រុម​និយម​ កឹម សុខា ដោយ​យល់​ថា​ក្រុម​ខ្លួន​មាន​តួនាទី​ខ្លាំង​ជាង ក្រុម កឹម សុខា ​និយម​»​។

លោក​ ឥសាន ​បាន​ព្រមាន​ទៀត​ថា​៖ «​ប៉ុន្តែ​ការ​យល់​ឃើញ​ប្រកប​ដោយ​ចិត្ត​លោភលន់​នឹង​អំណាច​នេះ​របស់​ក្រុម​និយម សម រង្ស៊ី ភ្លេច​គិត​ថា​របស់​ដែល​ហៅ​ថា​ចលនា​សាង​ង្គ្រោះ​ជាតិ​ស្អី​នេះ​គឺជា​ក្រុម​ខុស​ច្បាប់ ទោះបី​នៅ​ក្រៅ​ប្រទេស​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នៃ​ប្រទេស​កម្ពុជា វា​កាន់តែ​បង្កើន​បទល្មើស​ឲ្យ​ខ្លួន​កាន់តែ​មាន​ពិរុទ្ធភាព​ធ្ងន់​ទៅៗ​ដែល​នាំ​ឲ្យ​កាន់​តែ​ទទួល​ទោស​កាន់តែ​ធ្ងន់​ថែម​ទៀត​ប៉ុណ្ណោះ​»​។

លោក សាម អ៊ីន អគ្គលេខាធិការ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ថ្លែង​ថា​សម្រាប់​រូប​លោក​វា​ប្រសើរ​ប្រសិន​បើ​គណបក្ស​សិទ្ធិមនុស្ស ឬ​គណបក្ស​ភ្លើងទៀន​សម្រេច​ចូលរួម​ការ​បោះឆ្នោត​នា​ខែ​កក្កដា ឆ្នាំ ២០១៨ ដោយ​ប្រើប្រាស់​មធ្យោបាយ​ណា​ក៏ដោយ​។

លោក​បញ្ជាក់​ថា​៖ «​យើង​ចង់​ឃើញ​ពួកគេ​ជា​រណសិរ្ស​រួបរួម​មួយ​។ យើង​មិន​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ការ​ទាមទារ​ឲ្យ​មាន​ស្តង់ដារ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ​ទេ​។ យើង​ក៏​មិន​ឃើញ​ជម្រើស​ដទៃ​ណា​ប្រសើរ​ជាង​ការ​ចូលរួម​ការ​បោះឆ្នោត​ដែរ​។ កម្ពុជា​ទទួល​រង​ការ​ឈឺចាប់​ច្រើន​ពី​របប​ហិង្សា​។ ការ​ផ្លាស់ប្តូរ​របប​ទាំងអស់​កើត​ឡើង​តាមរយៈ​ហិង្សា​»​។ លោក​បន្ត​ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ផ្លូវ​ត្រូវ​មួយ​។

លោក អ៊ីន បាន​ចោទ​សួរ​ថា​៖ «​ប្រសិន​បើ​យើង​ធ្វើ​ពហិការ​ហើយ​មិន​ប្រឈមមុខ​នឹង​ការ​បោះឆ្នោត តើ​យើង​មាន​ជម្រើស​អ្វី​? តើ​មាន​ដំណោះស្រាយ​អ្វី​ក្រៅ​ពី​ការ​ចូលរួម​ការ​បោះឆ្នោត​? ពិត​ណាស់ យើង​ត្រូវ​ការ​ទាមទារ​ឲ្យ​មាន​ដំណើរការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​»​។

ទោះ​យ៉ាង​ណា​លោក​ សាម អ៊ីន ​សង្ឃឹម​ថា​ពួកគេ​នឹង​ពិភាក្សា​ក្នុង​ចំណោម​ពួកគេ​ហើយ​ធ្វើ​សេចក្តី​សម្រេច​ប្រកប​ដោយ​ការ​ពិចារណា​មិនមែន​ផ្អែក​លើ​អារម្មណ៍​ភ្លាមៗ​នោះ​ទេ​។

លោក​ យ៉ង សាំងកុមារ ប្រធាន​ក្រុមប្រឹក្សា​គោល​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ឮ​ថា​គណបក្ស​សិទ្ធិមនុស្ស​បាន​រំលាយ​ខ្លួន​ដោយ​ខ្លួនឯង​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ដែរ ដោយសារ​ខ្ញុំ​មិន​បាន​គិត​ដល់​ថា​គាត់​ប្រកាស​រំលាយ​លឿន​ភ្លាមៗ ដូច្នេះ​ហើយ​ខ្ញុំ​មាន​ការ​សោកស្តាយ​ដោយ​ខ្ញុំ​មិន​ចង់​ឃើញ​បក្ស​មួយ ដែល​បាន​ជួយ​ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​រស់រវើក​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​ ២០១២ និង ២០១៣ ​។ គួរ​ឲ្យ​ស្តាយ​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​»​។

ទោះបី​យ៉ាង​ណា​លោក​ កុមារ ​សង្ឃឹម​ថា​នឹង​មាន​កម្លាំង​ថ្មី​កើតឡើង​ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​៕ PS