ភ្នំពេញៈ ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​លក្ខណៈ​ចម្រូង​ចម្រាស​កាលពី​ថ្ងៃ​សុក្រ​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ដាក់​កំហិត​ទោស​លើ​សេរីភាព​នៃ​ការ​បង្កើត​អង្គការ​សមាគម និង​ការ​ហាមប្រាម​មិន​ឲ្យ​មាន​ការ​ប្រមាថ​ព្រះមហាក្សត្រ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​សំណើ​វិសោធនកម្ម​ទាំងអស់​ត្រូវ​បាន​អនុម័ត​រួម​ជាមួយ​នឹង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ដែល​គ្រប់គ្រង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​។

វិសោធនកម្ម​នេះ​ត្រូវ​បាន​ព្រាង​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ស ខេង ហើយ​បន្ទាប់​ពី​នេះ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​អនុម័ត​ដែល​មាន​សមាជិក​ភាគច្រើន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។

រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​ដោយ​សំឡេង​ ២ ​ភាគ​ ៣ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ខ្វះ​តែ​ ៣ ​សំឡេង​ប៉ុណ្ណោះ ខណៈ​ច្បាប់​ស្តីពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​គ្រាន់​តែ​តម្រូវ​ឲ្យ​មាន​សំឡេង​ភាគច្រើន​ប៉ុណ្ណោះ​។

គណបក្ស​ដែល​មាន​សំឡេង​តំណាង​ច្រើន​បំផុត បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ដើរ​តួនាទី​គាំទ្រ​គណបក្ស​កាន់​អំណាច​។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ឈ្នះ​តែ ៣ ភាគរយ​ប៉ុណ្ណោះ​នៃ​សំឡេង​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​ ២០១៣ ប៉ុន្តែ​អាច​ទទួល​បាន​អាសនៈ​សភា​ចំនួន ៤១ បន្ទាប់ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ស្ទើរ​តែ​ពាក់​កណ្តាល​ប្រទេស​។

អ្វី​ដែល​ចោទ​ជា​ការ​សង្ស័យ​បន្ថែម​ទៀត​គឺ​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ដាក់​ពាក្យ​បណ្តឹង​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ក្រសួង​មហាផ្ទៃ​។ មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់​បាន​ឃើញ​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ វិសោធនកម្ម​ចំពោះ​មាត្រា ៣៤, ៤២, ៤៩, ៥៣ និង​ ១១៨ ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នក​នាំ​ពាក្យ​ជាច្រើន​។

មាត្រា ៣៤ ចែង​ថា​ច្បាប់​បោះឆ្នោត​កំណត់​បទ​ប្បញ្ញត្តិ​ដែល​ដាក់​កម្រិត​សិទ្ធិ​បោះឆ្នោត ឬ​សិទ្ធិ​ឈរ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​។ វិសោធនកម្ម​ថ្មី​នឹង​បំភ្លឺ​ថា​អាច​ដកហូត​សិទ្ធិ​ទាំង​នោះ​ទាំង​ស្រុង​។

មាត្រា ៤២ ផ្តល់​សេរីភាព​ចំពោះ​ការ​បង្កើត​អង្គការ សមាគម និង​សិទ្ធិ​បង្កើត​គណបក្ស​នយោបាយ​។ វិសោធនកម្ម​នេះ​នឹង​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​ «​គិត​អំពី​អត្ថប្រយោជន៍​ជាតិ​ជា​ធំ​»​។ មាត្រា​ ៤៩ ​ចែង​ថា «​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​» ​និង​មាន​ «​កាតព្វកិច្ច​... ការពារ​មាតុភូមិ​»​។

វិសោធនកម្ម​នេះ​ហាមប្រាម​បុគ្គល​គ្រប់រូប​មិន​ឲ្យ​បំផ្លាញ​អត្ថប្រយោជន៍​ជាតិ​។ មាត្រា​ ៥៣ ​ចែង​ថា​កម្ពុជា​នឹង​មិន​ឈ្លានពាន​ ឬ​ជ្រៀតជ្រែក​នៅ​ក្នុង​កិច្ចការ​របស់​ប្រទេស​ដទៃ​នោះ​ទេ​។ វិសោធនកម្ម​នឹង​ប្រកាស​ថា​កម្ពុជា​ «​ប្រឆាំង​ការ​ជ្រៀតជ្រែក​ណា​មួយ​ពី​បរទេស​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​»​។

មាត្រា​ ១១៨ ពន្យល់​ថា​រដ្ឋាភិបាល​កណ្តាល​រួម​មាន​សមាសភាព នាយក​រដ្ឋមន្ត្រី ឧបនាយក​រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​។ វិសោធនកម្ម​នេះ​នឹង​ដក​រដ្ឋលេខាធិការ​ចេញ​ពី​ខុទ្ទកាល័យ ហើយ​អនុញ្ញាត​ឲ្យ​រដ្ឋលេខាធិការ​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ជាជាង​ការ​បោះឆ្នោត​ដោយ​សភា​។

ក្រុមមន្ត្រី​បាន​លើក​ឡើង​ផ្សេង​គ្នា​អំពី​ថា តើ​ក្រម​ព្រហ្មទណ្ឌ​នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​បន្ថែម​ឬ​អត់ ដើម្បី​ចែង​អំពី​ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​ការ​បំពាន​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថ្មី​។ ទាំង​លោក ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ថ្លែង​ថា​ការ​ធ្វើ​វិសោធនកម្ម​បន្ថែម​មិន​មាន​លក្ខណៈ​ចាំបាច់​ទេ ដោយសារ​ក្រម​ព្រហ្មទណ្ឌ​មាន​បទប្បញ្ញត្តិ​ដែល​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​ការ​បំពាន​ទាំង​នោះ​។

ទោះ​យ៉ាង​ណា​ក្តី​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធិ និង លោក​ សក់ សេដ្ឋា សមាជិក​ក្រុម​ការងារ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្លែង​ថា ការ​ធ្វើ​វិសោធនកម្ម​បន្ថែម​គឺ​មាន​លក្ខណៈ​ចាំបាច់​។

នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​វិសោធនកម្ម​ដោយ​ឡែក​មួយ​ចំពោះ​ក្រម​ព្រហ្មទណ្ឌ​នឹង​ដាក់​បញ្ចូល​ច្បាប់​ស្តីពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​ដែល​ហាម​មិន​ឲ្យ​មាន​ការ​ប្រមាថ​ព្រះមហាក្សត្រ នរោត្តម សីហមុនី​។

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ AKP បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា «​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​នឹង​ត្រូវ​ប្រឈមមុខ​ការ​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ​» ​និង​ពិន័យ​ពី ២ ទៅ​ ១០ ​លាន​រៀល​។ «​នីតិបុគ្គល​» ​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​ពិន័យ​រហូត​ដល់​ ៥០ ​លាន​រៀល​រួម​ជាមួយ​នឹង ​«​ការ​ដាក់​ទោសទណ្ឌ​ដទៃៗ​ទៀត​»​។

លោក ផៃ ស៊ីផាន បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាស​មួយ​កាលពី​ម្សិលមិញ​ថា​៖ «​យើង​គ្រាន់​តែ​ចង់​ការពារ​ព្រះមហាក្សត្រ​ដូច​ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង​»​។ លោក ស៊ីផាន ​បន្ត​ថា​ក្តីបារម្ភ​របស់​សង្គម​ស៊ីវិល​អំពី​ច្បាប់​នេះ​គឺ​គ្មាន​ហេតុផល​។

កាល​ពេល​ច្បាប់​ស្តីពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​បាន​ប្រកាស​បង្កើត​ដំបូង​អ្នក​ជំនាញ​អំពី​អាស៊ីអាគ្នេយ៍​លោក Paul Chambers បាន​ព្រមាន​ថា​នៅ​ក្នុង​ប្រទេស​ថៃ​ច្បាប់​ស្តីពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​ជា​ញឹកញាប់​ត្រូវ​បាន​ប្រើ​ដើម្បី​កាត់​ទោស​គូបដិបក្ខ​នយោបាយ​ដែល​ប្រមាថ​ព្រះមហាក្សត្រ​។

លោក​បាន​សរសេរ​នៅ​ពេល​នោះ​ថា​៖ «​ចំពោះ​ករណី​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​អនុម័ត​ជា​និមិត្តរូប​ដោយ​ព្រះមហាក្សត្រ​ដូច្នេះ​ច្បាប់​ស្តីពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​អាច​មាន​ន័យ​ថា​តុលាការ​នឹង​ចាត់ការ​អ្នក​ណា​ដែល​រិះគន់​លោក ហ៊ុន សែន​»​។

លោក​នាយក​រដ្ឋមន្ត្រី​ខ្លួន​លោក​ក៏​ធ្លាប់​បាន​លើក​ឡើង​អំពី​ការ​រំលាយ​របប​រាជានិយម​ទាំង​មូល​កាលពី​ឆ្នាំ​ ២០០៥ នៅ​ពេល​ដែល​ព្រះមហាក្សត្រ​នរោត្តម សីហមុនី នឹង​មិន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ព្រំដែន​ដែល​មាន​លក្ខណៈ​ចម្រូង​ចម្រាស​។ សមត្ថកិច្ច​របស់​ព្រះមហាក្សត្រ សីហមុនី ជា​ញឹកញាប់​ត្រូវ​បាន​ជំនួស​ដោយ​ប្រធាន​ព្រឹទ្ធសភា ដែល​ចុះហត្ថលេខា​លើ​ច្បាប់​ជំនួស​នៅ​ពេល​ព្រះអង្គ​បដិសេធ​។

កាលពី​ម្សិលមិញ​លោក Chambers បាន​ថ្លែង​ថា​រដ្ឋាភិបាល​ចាប់​អារម្មណ៍​តែ​ការ​ការពារ​ព្រះមហាក្សត្រ​ដើម្បី​ពង្រីក​អំណាច​របស់​ខ្លួន​។ «​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​ដែល​ចង់​បង្កើន​អំណាច​របស់​ព្រះមហាក្សត្រ​ពិតប្រាកដ​នោះ​ទេ ដោយសារ​ព្រះមហាក្សត្រ​អាច​នឹង​ប្រឆាំង​នឹង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​»​។

ដោយ​ថ្លែង​ថា​ច្បាប់​ថ្មី​គ្រាន់​តែ​ជា​និមិត្តរូប​លោក Chambers រំពឹង​ថា ហ៊ុន សែន នឹង​ប្រើ​ច្បាប់​ទាំង​នោះ​ដើម្បី​ធ្វើឲ្យ​ការ​គ្រប់គ្រង​ប្រទេស​របស់​លោក​មាន​លក្ខណៈ​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សម្ដែង​ក្តីបារម្ភ​អំពី​វិសោធនកម្ម​នេះ​ទាំង​ពី​ខ្លឹមសារ និង​អំពី​ការ​ព្រាង​វិសោធនកម្ម​នៅ​ក្នុង​លក្ខណៈ​សម្ងាត់​។

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ (ICJ) ក៏​បាន​បន្ថែម​សំឡេង​របស់​ខ្លួន​ទៅ​លើ​ក្តីបារម្ភ​នេះ​ផង​ដែរ​កាលពី​ថ្ងៃ​សុក្រ​ដោយ​ស្នើសុំ​កម្ពុជា​បញ្ឈប់​ «​កិច្ចខិតខំ​ប្រឹងប្រែង​ដាក់​កម្រិត​ហួស​ហេតុ​ទៅ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​»​។

លោក Kingsley Abbot អ្នក​នាំពាក្យ ICJ ត្រូវ​បាន​ស្រង់​សម្តី​នៅ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ច្បាប់​នេះ​ថា​៖ «​ជា​ការ​ប៉ុនប៉ង​បន្ថែម​ទៀត​...​ដើម្បី​ជា​អាវុធ​ធ្វើឲ្យ​ប្រទេស​នេះ​មាន​លក្ខណៈ​ស្រប​ច្បាប់​»​។

នៅក្នុង​អ៊ីមែល​មួយ​កាលពី​ម្សិលមិញ​លោក Abbott ក៏​បាន​ព្រមាន​ផង​ដែរ​ថា ច្បាប់​របស់​ថៃ​ត្រូវ​បាន​បកស្រាយ​ «​ទូលំទូលាយ​ណាស់​» ដែល​វា​មាន​ផលប៉ះពាល់​ទៅលើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​លើ​បញ្ហា​នយោបាយ និង​គោលការណ៍​ជាទូទៅ​។ «​សិទ្ធិ​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​ការពារ​ក្រោម​ច្បាប់​អន្តរជាតិ ហើយ​មិន​គួរ​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទោសទណ្ឌ​ព្រហ្មទណ្ឌ​នោះ​ទេ​»៕ PS