ភ្នំពេញៈ គណៈ​រដ្ឋ​មន្ត្រី​​ គ្រោង​នឹង​បើក​អង្គ​ប្រ​ជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​ ២ ខែកុម្ភៈ ខាងមុខ​​​នេះ​ ដើម្បី​ពិ​ភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ធម្ម​នុញ្ញ​ ស្ដី​ពី​វិ​សោធ​នកម្ម​ចំ​នួន ១០​ មាត្រា ​​ពាក់​ព័ន្ធ​ជាមួយអ្នក​បោះ​ឆ្នោត​ និង ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ សិទ្ធិ​បង្កើត​សមាគម​និង​គណ​បក្ស​នយោ​បាយ ការ​គោរព​រដ្ឋ​ធម្ម​នុញ្ញ​ អព្យា​ក្រឹត​ភាព​ សេរី​ភាព​និង​សន្តិ​សុខ​ផ្ទាល់​ខ្លួន​ សញ្ជាតិ និង​មាត្រា​ខ្លះ​នៃ​ច្បាប់​ស្ដី​ពី​ការ​រៀប​ចំ​និង​ការ​ប្រ​ព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ។ យោង​តាម​លិខិត​អញ្ជើញ​របស់​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី។​

យោង​តាម​របៀប​វារៈ​នៅ​ក្នុង​លិខិត​អញ្ជើញ​នោះ​បាន​បង្ហាញ​ឲ្យ​ដឹង​នូវ​សេចក្តី​ព្រាង​ច្បាប់​ធម្ម​នុញ្ញ​ស្តីពី​វិ​សោធ​កម្ម​មាត្រា​​ ២៦ មាត្រា ​២៧ ​ថ្មី មាត្រា ​២៨ មាត្រា​ ៣១​ មាត្រា ​៣២ មាត្រា ​៣៤ ​ថ្មី​ មាត្រា​ ៤២ ​មាត្រា ​៤៩ ​មាត្រា​ ៥៣ ​និង ​មាត្រា ​១១៨ ​ថ្មី ។

កាល​ពី​ខែធ្នូ​ លោក​ឧប​នាយ​ករដ្ឋ​មន្ត្រី​ ស ខេង​ ប្រធាន​ក្រុម​ការ​ងារ​​ដើម្បី​ពិនិត្យ​និង​ធ្វើ​វិសោធ​នកម្ម​​រដ្ឋធម្ម​នុញ្ញ ​បាន​អះ​អាង​ថា​ ការ​​ជំរុញ​ឲ្យ​មាន​វិសោ​ធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​ដើម្បី​បង្ការ​មិន​ឲ្យ​ពល​រដ្ឋ​​ធ្វើ​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​ប៉ះ​ពាល់​​ដល់​ផល​ប្រយោ​ជន៍​ជាតិនិង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់កញ្ញា​ កឹម​ មនោ​វិទ្យាជា​កូន​ស្រី​​របស់​អតីត​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​​លោក​ កឹម​ សុខា​ ​ដែល​កំពុង​ជាប់​ឃុំ។​

ក្រោយ​​ពី​ការ​ចាប់​ខ្លួន​លោក​កឹម​សុខា​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​«ក្បត់​ជាតិ»​និ​ង​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​រួចមក​កូន​ស្រី​លោក ​កឹម ​សុខា​ គឺ​កញ្ញា ​កឹម ​មនោ​វិទ្យា​ ​បាន​អំពាវ​នាវ​ដល់​សហ​គម​ន៍​អន្ដរ​ជាតិ​ឲ្យ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា។

ការ​បង្ហាញ​នេះ​ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​សម្តែង​ការ​ព្រួយ​បារម្ភដោយ​ពួកគេ​បាន​ជំ​រុញ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុ​ជា​ធ្វើការ​ជា​មួយ​អ្នក​តំណាង​សង្គម​ស៊ីវិល​មុន​ពេល​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​ដ៏​ច្រើន​បែប​នេះ។

លោក​ស្រី ​Naly Pilorge អនុ​ប្រធាន​ផ្នែក​តស៊ូ​មតិ​នៃ​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ថ្លែង​ថា​មាត្រា​៤២​គឺជា «គ្រឹះ​របស់​សង្គម​ប្រជា​ធិប​តេយ្យ»។

លោក​ស្រី​បាន​ជំ​រុញ​ឱ្យ​ស្ថា​ប័ន​នីតិ​ប្បញ្ញត្តិ​បញ្ឈប់​ការ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូ​រណា​មួយ​ចំពោះ​មាត្រា​ទាំង​នោះ​រហូត​ទាល់​តែ​ប្រជា​ពល​រដ្ឋ​អាច​ទទួល​បាន​ប្រយោ​ជន៍​​ពី​ការ​កែ​ប្រែ​ទាំង​នោះ។

លោក ​Phil Robertson អនុ​ប្រធាន​អង្គ​​ការ ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា ក្រុម​អ្នក​ការ​ទូត«ឥឡូវ​នេះ​ត្រូ​វ​តែ​សម្តែង​ការ​ព្រួយ​បារម្ភ»។

លោក​បាន​ថ្លែង​តាម​អ៊ីមែល​ថា៖«សម្រាប់​រដ្ឋា​ភិបាល​កម្ពុ​ជា​ដែល​ចាប់​ផ្តើម​ធ្វើ​វិសោ​ធន​កម្ម រដ្ឋ​ធ​ម្ម​នុញ្ញ​ជា​សម្ងាត់​ដោយ​គ្មាន​ការពិគ្រោះ​យោ​បល់ ​ជាមួយ​សង្គម​ស៊ីវិល​វា​គឺជា​ក្តី​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​មួយ​ដែល​ឥស្សរ​ជន​បក្ស​កាន់​អំណាច​កំពុង​មាន​ចេតនា​បង្កើត​ការ​ផ្លាស់​ប្តូរ​ជា​អចិន្ត្រៃយ៍​មួយដែ​លវា​នឹង​បំផ្លាញ​​ដល់​លទ្ធិ​ប្រជា​ធិប​តេយ្យ»៕NS