ភ្នំពេញៈ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​អង្គប្រជុំ​ពេញអង្គ​នៃ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​ដែល​ផ្ដោត​ទៅ​លើ​ស្ថានទោស​ចំពោះ​ជន​ដែល​ប្រមាថ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ទាំង​សេចក្ដី​ព្រាង​ស្ដីពី​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​។ យោង​តាម​របៀបវារៈ​ដែល​មាន​នៅក្នុង​លិខិត​អញ្ជើញ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

លោក ជិន ម៉ាលីន ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​សេចក្តី​ព្រាង​ច្បាប់​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​គឺ​នឹង​ផ្តោត​ទៅ​លើ​ទោស​បញ្ញត្តិ​ប្រមាថ​ព្រះមហាក្សត្រ​។

លោក ម៉ាលីន ថ្លែង​ថា​៖ «​ជា​ទិដ្ឋភាព​រួម​គឺ​ទាក់ទង​បញ្ញតិ្ត​ផ្តន្ទាទោស​ប្រមាថ​ព្រះមហាក្សត្រ​។ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​យើង យើង​មាន​មាត្រា អង្គ​ព្រះមហាក្សត្រ មិន​អាច​ត្រូវ​រំលោភ​បំពាន ប៉ុន្តែ​ក្នុង​ក្រមព្រហ្មទណ្ឌ​ពុំ​ទាន់​មាន​មាត្រា​ណា​ក្នុង​ការ​ដាក់​ទោស​ដល់​ជន​ណា​ដែល​ប្រមាថ​ព្រះមហាក្សត្រ​នោះ​ទេ​។ នេះ​ដើម្បី​ឲ្យ​មាន​សមភាព និង​សុគតភាព​ជាមួយ​រដ្ឋធម្មនុញ្ញ​គឺ​ចាំបាច់​ត្រូវ​មាន​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​បញ្ញតិ្ត​ទាក់ទង​នឹង​ទោស​ប្រមាថ​ព្រះមហាក្សត្រ​។ គ្រាន់​ថា ទោស​ប៉ុន​ណា ទោស​ប្រព្រឹត្ត​បែប​ណា មិន​ទាន់​ដឹង​»​។

លោក ម៉ាលីន ថ្លែង​បន្ត​ថា​៖ «​យើង​ធ្វើ​ច្បាប់​ទៅ​តាម​ស្ថានភាព​វិវឌ្ឍន៍​របស់​សង្គម និង​ស្ថានភាព​ជាក់ស្តែង​របស់​សង្គម​។ យើង​មើល​ស្ថានភាព​បច្ចុប្បន្ន មាន​ការ​ប្រមាថ និង​មាក់​ងាយ​ព្រះមហាក្សត្រ​ច្រើន​។ ប្រទេស​ជាច្រើន​សុទ្ធ​តែ​មាន​បញ្ញត្តិ​ក្នុង​ការ​ការពារ​អង្គ​ព្រះមហាក្សត្រ មាន​តែ​កម្ពុជា​ជា​របប​រាជានិយម មាន​តែ​បញ្ញតិ្ត​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល តែ​អត់​មាន​បញ្ញតិ្ត​ដោយ​ឡែក​អ៊ីចឹង​ទេ ទើប​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​មិន​អាច​អនុវត្ត​បាន​។ យើង​មើល​លើ​ការ​វិវឌ្ឍ​តាម​ស្ថានភាព​ជាក់ស្តែង ដើម្បី​ការពារ​ឧត្តមភាព​ព្រះមហាក្សត្រ​ដែល​រដ្ឋធម្មនុញ្ញ​មិន​អាច​រំលោភ​បំពាន​បាន ត្រូវ​តែ​មាន​បញ្ញត្តិ​ណា​ក្នុង​ក្រមព្រហ្មទណ្ឌ​ដើម្បី​ដាក់​ទោស​ទណ្ឌ អ្នក​ប្រមាថ​ព្រះមហាក្សត្រ​...»​។

លោក ម៉ាលីន បាន​ថ្លែង​ថា​ដោយសារ​មាន​សេចក្តី​ព្រាង​វិសោធនកម្ម​បញ្ញតិ្ត​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ​គឺ​តម្រូវ​ឲ្យ​មាន​វិសោធនកម្ម​ច្បាប់​ផ្សេង​ទៀត​រួម​មាន សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​។

លោក ម៉ាលីន បន្ត​ថា​៖ «​នេះ​ជា​ដំណើរការ​ធម្មតា​នោះ​ទេ​»​។

លោក កើត រិទ្ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​យុត្តិធម៌​ដែល​ទទួល​បន្ទុក​លើ​ការ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​រង់ចាំ​ឲ្យ​គណៈរដ្ឋមន្ត្រី​ធ្វើ​វិសោធនកម្ម​ជា​មុន​សិន​។

លោក រិទ្ធ ថ្លែង​ថា​៖ «​ចាំ​គណៈរដ្ឋមន្ត្រី​គេ​ប្រជុំ​សិន​។ ចង់​បាន​មុន​អី ខ្ញុំ​មិនមែន​អ្នក​សម្រេច​ផង​។ ចាំ​មើល​សិន​គណៈរដ្ឋមន្ត្រី គេ​សម្រេច​សិន មួយៗ ពីរៗ​ហើយ ចាំ​គេ​សម្រេច​សិន​។ ខ្ញុំ​អត់​ទាន់​ហ៊ាន​ថា​ម៉េច ព្រោះ​ឯកឧត្តម​រដ្ឋមន្ត្រី (​អង្គ វង្សវឌ្ឍានា​) ជា​ប្រធាន​ក្រុម​ការងារ គាត់​អត់​បាន​ណែនាំ​ឲ្យ​បញ្ចេញ​ទៅ​អ្នក​កាសែត​ផង​»​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​យោង​តាម​របៀបវារៈ​នៃ​អង្គប្រជុំ​ពេញ​អង្គ​គឺ​នឹង​ពិភាក្សា​ផង​ដែរ​លើ​សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម​មាត្រា ៣៤ ​ថ្មី មាត្រា​ ៤២ មាត្រា​ ៤៩ មាត្រា​ ៥៣ និង​មាត្រា​ ១១៨ ​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ដែល​មាត្រា​ទាំង​នេះ​ពាក់ព័ន្ធ​ជាមួយ​អ្នក​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត សិទ្ធិ​បង្កើត​សមាគម និង​គណបក្ស​នយោបាយ ការ​គោរព​រដ្ឋធម្មនុញ្ញ អព្យាក្រឹតភាព សេរីភាព និង​សន្តិសុខ​ផ្ទាល់​ខ្លួន​សញ្ជាតិ​។

អង្គប្រជុំ​ក៏​នឹង​ពិភាក្សា​ផង​ដែរ​លើ​មាត្រា ២៦ មាត្រា​ ២៧ ​ថ្មី​មាត្រា​ ២៨ មាត្រា​ ៣១ និង​មាត្រា​ ៣២ ​នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ពាក់ព័ន្ធ​លើ​បណ្ដឹង​តវ៉ា​ដោយ​ផ្ទាល់​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​បុគ្គល​ ឬ​គណបក្ស​នយោបាយ​ដែល​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​មិន​សុខ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត និង​បណ្ដឹង​តវ៉ា​របស់​បុគ្គល​ ឬ​គណបក្ស​នយោបាយ​ដែល​មិន​សុខ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​សម្រេច​បដិសេធ​ការ​តវ៉ា​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ និង​នីតិវិធី​នៃ​បណ្ដឹង​។

កាលពី​ខែ​ធ្នូ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ប្រធាន​ក្រុម​ការងារ​ដើម្បី​ពិនិត្យ និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បាន​អះអាង​ថា​ការ​ជំរុញ​ឲ្យ​មាន​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​ដើម្បី​បង្ការ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ និង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​កញ្ញា កឹម មនោវិទ្យា ជា​កូនស្រី​របស់​អតីត​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​។ ក្រោយពី​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ពី​បទ​ «​ក្បត់​ជាតិ​» ​និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​រួច​មក​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​អំពាវនាវ​ដល់​សហគមន៍​អន្ដរជាតិ​ឲ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា​។

លោកស្រី Naly Pilorge អនុប្រធាន​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ថ្លែង​ថា​មាត្រា​ ៤២ ​គឺជា​ «​គ្រឹះ​របស់​សង្គម​ប្រជាធិបតេយ្យ​»​។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ដែល​ចាប់ផ្តើម​ធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ​ជា​សម្ងាត់​ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​វា​គឺជា​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​មួយ​ដែល​ឥស្សរជន​បក្ស​កាន់​អំណាច​កំពុង​មាន​ចេតនា​បង្កើត​ការ​ផ្លាស់ប្តូរ​មួយ​ដែល​វា​នឹង​បំផ្លាញ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​។

លោក មឹន ស៊ាន អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថ្លែង​ថា​ការ​កែ​ច្បាប់​ជា​ការ​សម្រួល​ឲ្យ​ត្រូវ​តាម​សភាពការណ៍​។ លោក​ថា​៖ «​ការ​កែ​រដ្ឋធម្មនុញ្ញ​ឲ្យ​វា​ស៊ី​ចង្វាក់​គ្នា​មិនមាន​អី​ទេ​»៕ NS