ឧត្តរមានជ័យៈ ការ​អះ​អាង​ដែល​ថា មាន​កង​យោធា​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ខេត្ត​ ឧត្តរមានជ័យ នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​ការពារ​ដោយ​គម្រោង​ឥណទាន​ កាបូន​ ដែល​ទាក់​ទង​នឹង​ក្រុមហ៊ុន អាកាសចរណ៍ Virgin Atlantic ដែល​មាន​មូល​ដ្ឋាន​នៅ​ចក្រ​ភព​ អង់គ្លេស​នោះ បាន​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​នេះ ​ចាប់​ផ្តើម​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​កម្មវិធី​មួយ​នេះ។

ក្រុមហ៊ុន Virgin Atlantic បាន​ប្រើ​ឥណទាន​កាបូន​ពី​គម្រោង REDD+ ដែល​គាំទ្រ​ដោយ​អង្គការ​ សហប្រជាជាតិ នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន ពី​ការ​ហោះហើរ​របស់​ខ្លួន។

បើ​យោង​តាម​អ្នក​ជំនាញ​អភិរក្ស លោក Suwanna Gauntlett បាន​ថ្លែង​ថា ​គម្រោង​ឥណ​ទាន​កាបូន​ នៅ​ខេត្ត​ឧត្តរមានជ័យ គឺជា​គម្រោង​ រេដបូក REDD + ដំបូង​គេ​នៅ​ក្នុង​ប្រទេស​ កម្ពុជា ហើយ​វា​មាន​បញ្ហា​ជា​ច្រើន​កើត​ឡើង ​ចាប់​តាំង​ពី​បាន​ចាប់​ផ្តើម​​ក្នុង​​ឆ្នាំ ២០០៨​។ ប៉ុន្តែ​ការ​អះអាង​ចុងក្រោយ​បំផុត​នៃ​បញ្ហា​​ដែល​រីក​រាល​ដាល ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ ​នៅក្នុង​របាយការណ៍​មួយ​ កាល​ពី​ខែ​មុន ​ដោយ​អង្គការ​បរិស្ថាន​មួយ ​ដែល​មាន​មូល​ដ្ឋាន​នៅ​ចក្រភព​អង់គ្លេស។

អង្គការបរិស្ថាន Fern បាន​ប្រើ​គម្រោង​នេះ​សម្រាប់​ការ​សិក្សា។

ការ​សិក្សា​បាន​រក​ឃើញ​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ នៅ​តែបាន​កើត​ឡើង​នៅ​ក្នុង​តំបន់​នោះ​ ចាប់​តាំង​ពី​គម្រោង​នេះ​ បាន​ចាប់​ផ្តើម​ពីដំបូង​​មក​ម្ល៉េះ ខណៈ​ដែល​អ្នក​ភូមិ​ពួក​គាត់​មិន​បាន​ទទួល​ប្រាក់​សម្រាប់​ការ​ដើរ​ល្បាត​ព្រៃ​នោះ​ទេ។

លោក​ស្រី Anna M Catchpole អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Virgin Atlantic បាន​ឱ្យ​ដឹង​ កាល​ពី​ថ្ងៃ​ទី ២៤ ខែ​ ធ្នូ ​​ថា ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ ដោយ​ធ្វើ​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​និង​យន្ត​ហោះ​ថ្មីៗ ដូច​ជា​គម្រោង​ឥណទាន​ កាបូន នៅ​ឧត្តរមាន​ជ័យ ដែល​​ផ្តល់​តាម​រយៈ​ក្រុមហ៊ុន​ទូទាត់​កាបូន Natural Capital Partners ជាដើម។

លោកស្រី Catchpole ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖«អតិថិជន​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Virgin មាន​ជម្រើស​ក្នុង​ការ​ទិញ​ឥណទាន​នេះ ហើយ​ប្រាក់​នឹង​ត្រូវ​ធ្លាក់​ទៅ​ដល់​ការងារ​អភិរក្ស​ នៅ​ក្នុង​តំបន់​នោះ​ ដើម្បី​ជួយ​ផ្តល់​ហិរញ្ញប្ប​ទាន ​ដល់​​គម្រោង​អភិរក្ស​ធនធាន​ធម្មជាតិ ​និង​ថាមពល ហើយ​យើង​បាន​ទាក់​ទង​អង្គការ Natural Capital Partners ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​លើ​ការ​អះ​អាង​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ Fern នេះ។

លោក​ស្រី Catchpole មិន​បាន​ឆ្លើយ​តប ​ទៅនឹង​សំណួរ​ជាក់​លាក់​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​របស់​ក្រុម​ហ៊ុន​អាកាសចរ Virgin Atlantic ជាមួយ​គម្រោង REDD + នៅ​ខេត្ត​ឧត្តរមានជ័យ ឬ​អំពី​ការ​ស៊ើប​អង្កេត​នោះ​ទេ។

ចំណែក​អង្គការ Natural Capital Partners ក៏​មិន​បាន​ឆ្លើយតប ទៅ​នឹង​សំណើ​ម្តង​ហើយ​ម្តង​ទៀត ​ដើម្បី​សុំ​ឲ្យ​ផ្តល់​យោបល់ ចំពោះ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នោះ​ដែរ។

ការ​សិក្សា​នេះ ​បាន​រក​ឃើញ​ថា​ ទីតាំង​សរុប​ទាំង​អស់​ចំនួន ១៣ គឺ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ជិត​ ៦៥០០០ ហិក​តា។ គម្រោង​នៅ​​ខេត្ត​ ឧត្តរមានជ័យ ​នេះ​ គឺ​មិន​ដំណើរ​ការ​ទេ។ សរុប​ទាំង​អស់​មាន​ ៥៨ ភូមិ​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូល​រួម​ក្នុង​កិច្ច​ការពារ​តំបន់​នោះ។

លោក កែវ អូម៉ាលីស អនុប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​ទទួល​ស្គាល់​អំពី «បញ្ហា​ទាក់ទង​ទៅ​នឹង​លំហូរ​ហិរញ្ញវត្ថុ​ដល់​សហគមន៍» ប៉ុន្តែ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​មិន​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែម​ទៀត ​ស្តីពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ នៅ​ក្នុង​តំបន់​នោះ​ទេ ដូច​អភិបាល​ខេត្ត​ព្រះវិហារ លោក ស ថាវី និង​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ដែរ។

ការសិក្សា​នេះ ​បាន​រក​ឃើញ​ថា​ នៅ​តំបន់​ការ​ពារ​ជាច្រើន​ ត្រូវបាន​គេ​សន្មត​ថា៖ «ព្រៃឈើ​ជាង​ពាក់​កណ្តាល...ត្រូវ​បាន​បាត់​បង់»។

ការ​សិក្សា​នោះ​បញ្ជាក់​ថា៖ «កម្មវិធី REDD+ មិន​មាន​អំណាច​ ដើម្បី​បញ្ឈប់​ដំណើរ​ការ​ទាំង​នោះ​បាន​ទេ។ ឧទាហរណ៍​ភ័ស្តុតាង​មើល​ឃើញ​ផ្ទាល់​ភ្នែក​និង​រូប​ថត​ជាច្រើន ដែល​បាន​បង្ហាញ​សកម្មភាព​កង​យោធា​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ក្នុង​តំបន់​នៃ​គម្រោង​នោះ ក៏​ប៉ុន្តែ​គេ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ»។

យោង​តាម​របាយការណ៍ បាន​ឲ្យ​ដឹងថា ​មាន​សាក្សី​ម្នាក់​ ក្នុង​ចំណោម​សាក្សី​ជាច្រើន​នាក់​ផ្សេង​ទៀត​ដែល​ជា​អ្នកភូមិ​មាន​ភារ​កិច្ចការពារ​ព្រៃឈើ​នោះ បាន​ប្រាប់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា៖ «តំបន់​ដែល​ពួកគាត់​ដើរ​ល្បាត​ គឺ​នៅ​ជិត​កន្លែង​ដែល​កង​យោធា​កំពុង​ឈូស​ឆាយ​ព្រៃ។ មន្ត្រី​ទាំង​នោះ​ ចូល​មក​ជាមួយ​នឹង​ការ​អនុម័ត​យល់​ព្រម​ពី​រដ្ឋាភិបាល ដើម្បី​បញ្ឈប់​គម្រោង​ REDD+ ដែល​វា​បាន​បង្ហាញ​អំពី​ស្ថានការណ៍​ទាំង​មូល​នៃ​តំបន់​នោះ»។

ផល​ប៉ះ​ពាល់​អវិជ្ជមាន ​លើ​គម្រោង​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​ស្ទើរ​គ្រប់​ទី​កន្លែង​ លើក​លែង​តែ​តំបន់​មួយ​ ដែល​គ្រប់​គ្រង​ដោយ​ព្រះ​សង្ឃ​ដែល​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ខ្ពស់។

របាយ​ការណ៍​​បញ្ជាក់​ថា៖ «ព្រៃ​សហគមន៍​របស់​ព្រះ​សង្ឃ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ព្រះ​សង្ឃ​ ដែល​មាន​ទំនាក់​ទំនង ជិត​ស្និទ្ធ​ជា​មួយ​អភិបាល​ខេត្ត​ និង​អាជ្ញាធរ​ព្រៃឈើ»។

ថ្វី​បើ​មាន​ការ​អះ​អាង​ថា​ អ្នក​ភូមិ​ទទួល​បាន​ប្រាក់​ឈ្នួល​សម្រាប់​ការ​ដើរ​ល្បាត ​នៅ​តាម​តំបន់​នៃ​គម្រោង​នោះ​ក្តី​ ក៏​ក្រុម​អ្នក​ស្រាវជ្រាវ​មិន​បាន​រក​ឃើញ​នរណា​ម្នាក់​ នៅ​ថ្នាក់​ភូមិ​ ដែល​ត្រូវ​បាន​គេ​ជួល​ដោយ​គម្រោង ​REDD+ នេះ​ដែរ។

អ្នកស៊ើប​អង្កេត​ម្នាក់​ បាន​ថ្លែង​នៅ​ក្នុង​របាយ​ការណ៍​នោះ​ថា៖ «មាន​ពាក្យ​បណ្តឹង​ជាច្រើន ​អំពី​ការ​ទទួល​បាន​ប្រាក់​ត្រឹម​តែ​ ៥០ ដុ​ល្លារ ​សម្រាប់​ភូមិ​ទាំង​មូល​ ដើម្បី​ធ្វើ​សកម្មភាព​ល្បាត​ព្រៃឈើ​ច្រើន​ឆ្នាំ។ នៅ​ពេល​ដែល​ខ្ញុំ​ប្រាប់​អ្នក​ភូមិ​ថា​ តាម​ពិត​ពួកគេ​ត្រូវ​ទទួល​បាន​ប្រាក់​សម្រាប់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ពួកគេ ក្នុង​ការ​ដើរ​ល្បាត ​ពេល​នោះ ​ពួក​គាត់​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ និង​ខឹងសម្បា​យ៉ាង​ខ្លាំង​រហូត​ដល់​យំ»។

បើ​យោង​តាម​របាយការណ៍ បាន​ឲ្យ​ដឹង​ថា​ នៅ​កន្លែង​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត ​នៃ​គម្រោង​នេះ​ អ្នក​ភូមិ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​សូក​សំណូក​ទៅ​គណៈកម្មាធិការ​ព្រៃ​សហគមន៍​ ឬ​ក៏​ទា​ហាន​ ដើម្បី​បាន​គេ​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​ព្រៃ​ ដើម្បី​ប្រមូល​ផល​ព្រៃ​ឈើ​តូច​តាច​ដែល​មិន​មែន​ជា​ឈើ​ធំៗ។

លោក Gauntlett នាយក​ប្រតិបត្តិ​អង្គការ Wildlife Alliance បាន​មាន​ប្រសាសន៍​ថា​ គម្រោង​នៅ​ខេត្ត​ឧត្តរមានជ័យ គឺជា​កម្មវិធី REDD+ ដំបូង​បំផុត​របស់​កម្ពុជា​ ហើយ​ប្រហែល​ជា​គម្រោង​ដែល​ពិបាក​បំផុត​ ដោយ​យោង​ទៅ​លើ​ផែន​ការ​មិន​​ល្អ កង្វះ​ការ​គាំទ្រ​ពី​ដៃគូ​នានា​ និង​ការ​ប្រមូល​ផ្តុំ​កង​យោធា​នៅ​ក្នុង​តំបន់​នោះ។ វា​ត្រូវ​បាន​អនុម័ត​ដោយ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី នៅ​ខែ​ឧសភា ឆ្នាំ​ ២០០៨ ដោយ​យោង​ទៅ​តាម​ឯកសារ​មួយ​ស្តី​ពី​ទិន្នន័យ REDD + នៅ​ពេល​ដែល​អ្នក​តាំង​លំនៅ​ជាច្រើន នៅ​ក្នុង​តំបន់​នោះ​គឺជា​ទាហាន។

លោក​ស្រី​បន្ថែម​ថា៖ «វា​បាន​ក្លាយ​ជា​រឿង​មួយ​ដ៏​លំបាក​ ក្នុងការ​ការពារ​ព្រៃឈើ។​ ពួក​គេ​បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ យ៉ាង​ច្រើន​»។

ជា​លទ្ធផល​លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​នោះទេ​ នៅ​ពេល​បាន​ឮ​អំពី​ការ​អះអាង​ដែល​បាន​លើក​ឡើង​ នៅ​ក្នុង​​របាយការណ៍​នោះ។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​វា​ផ្ទុយ​ទៅ​នឹង​គោលដៅ​នៃ​សកម្មភាព​របស់​គម្រោង [​REDD +] នេះ​ ដែល​ត្រូវ​បាន​គេ​គិត​ថា​ ដើម្បី​កែ​លម្អ​ជីវភាព​រស់​នៅ​របស់​អ្នក​ភូមិ​ និង​ដើម្បី​ជួយ​ការពារ​ព្រៃ​ឈើ​នោះ»។ លោក​បន្ថែម​ថា ​គម្រោង​នេះ​ហាក់​ដូច​ជា​មាន​កំហុស​តាំងពី​ដំបូង​ដោយ​ដៃគូ​របស់​រដ្ឋាភិបាល​ហាក់​ធូររលុង​នឹង​គ្មាន​លទ្ធផល។

យោង​តាម​ឯកសារ​ស្តីពី​គម្រោង​នេះ បញ្ជាក់​ថា​ ដៃគូ​ទាំង​នោះ ​រួម​មាន​ទាំង​អ្នក​ភូមិ​ក្នុង​មូលដ្ឋាន រដ្ឋបាល​ព្រៃឈើ អង្គការ Pact ក្រុមហ៊ុន Terra Global Capital និង​សហគមន៍​ព្រៃឈើ​អន្តរជាតិ​ ជា​ដើម។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក Daimen Hardie មន្ត្រី​នៅ​សហគមន៍​ព្រៃឈើ​អន្តរជាតិ​ កាល​ពី​សប្តាហ៍​មុន បាន​អះអាង​ថា អង្គការ​របស់​លោក​ មិន​ធ្លាប់​ចូល​រួម​ក្នុង​គម្រោង REDD + នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ប៉ុន្តែ​បើ​យោង​តាម​​លោក​ អូម៉ាលីស ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Terra Global Capital ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ សានហ្វ្រានស៊ីស្កូ នៅតែ​ជា​ដៃ​គូ​ដដែល​។

លោក Suwanna បាន​ថ្លែង​ថា​ ត្រូវ​ឱ្យមាន​ភាគី​ទី​ ៣ ចូល​រួម​ ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដើម​ ដើម្បី​ជួយ​ដល់​គម្រោង​នេះ​ ដើម្បី​ឲ្យ​អាច​ចេញ​ជា​​លទ្ធផល​ល្អ​បាន។

លោក​បន្ត​ថា៖ «បើ​ចង់​ឲ្យ​បាន​គម្រោង REDD ល្អ ត្រូវ​តែ​មាន​ការ​ការពារ​នៅ​កន្លែង​នោះ​ផ្ទាល់»។

អ្នក​អភិរក្ស​ឯករាជ្យ​លោក Marcus Hardtke បាន​ថ្លែង​ថា​ នៅ​ពេល​ដែល​គម្រោង​នេះ ​ចាប់​ផ្តើម​ដំបូង​វា​ហាក់​បាន​ «គូស​បញ្ជាក់​អំពី​កិច្ចការ​ជាច្រើន និង​បាន​បង្ហាញ​ជា​សេណារីយោ​ឈ្នះឈ្នះ»។

លោក​បាន​ថ្លែង​តាម​រយៈ​អ៊ីមែល​ថា៖ «តាម​ពិត​គម្រោង​នេះ​នៅ​មាន​ប៉ុន្តែ​វា​ហាក់​មិន​មាន​ដំណើរ​ការ​ទេ។ វា​មាន​តែ​នៅ​លើ​ក្រដាស​សរ​លោង​តែ​ប៉ុណ្ណោះ និង​សំណើ​សុំ​ផ្តល់​មូលនិធិ​ដែល​បាន​សរសេរ​ឡើង ដោយ​អ្នក​ពិគ្រោះ​យោបល់​ ដើម្បី​លក់​គម្រោង​ឥណទាន​កាបូន។ ឥទិ្ធពល​ទៅ​ដល់​តំបន់​នោះ ហាក់​ស្ទើរ​តែ​គ្មាន​សោះ»។

យោង​តាម​ឯកសារ​ ស្តីពី​គម្រោង​នេះ បាន​ឲ្យ​ដឹងថា ​គិត​ត្រឹម​ខែ កុម្ភៈ ​ឆ្នាំ​ ២០១៦ គម្រោង​នេះ ​បាន​ចេញ​ប័ណ្ណ​ឥណទាន​ កាបូន ​ចំនួន ៤៨ ០០០។

លោក Hardtke បាន​ចោទ​ប្រកាន់​ថា ​វា​ជា «គម្រោង​រក​លុយ» សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​ ដែល​លក់​ឥណទាន​ និង​សម្រាប់​ «មន្ត្រី​ទំនាក់​ទំនង​សាធារណៈ»។

លោក Hardtke បាន​​មាន​ប្រសាសន៍​ថា៖ «ឧទា​ហរណ៍​នេះ ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ​ការ​ពិត​គឺ​មិន​ទាក់ទង​នោះទេ​ នៅ​ពេល​និយាយ​ដល់​ការ​ធ្វើ​សាជីវកម្ម​ឥណទាន​កាបូន​ជា​លក្ខណៈ​អន្តរជាតិ»៕NS