ភ្នំពេញៈ ក្រុមគ្រួសារសកម្មជនអតីតអង្គការមាតាធម្មជាតិ ២ រូបនៅខេត្តកោះកុងកាលពីម្សិលមិញបានឡើងមកដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នជាតិមួយចំនួនដើម្បីឲ្យស្ថាប័នទាំងនេះជួយអន្តរាគមន៍ដោះលែងកូនរបស់ពួកគេ បន្ទាប់ពីសាលាដំបូងខេត្តកោះកុងឃុំខ្លួនកាលពីថ្ងៃទី ១៣ ខែកញ្ញាកន្លងទៅដោយសារតែពួកគេបានទៅថតសាឡង់របស់ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ដែលសង្ស័យថាមានដឹកខ្សាច់។
ការស្នើសុំឲ្យជួយអន្តរាគមន៍លើការឃុំឃាំងកូនរបស់ខ្លួននេះធ្វើឡើងស្របពេលដែលតុលាការខេត្តកោះកុងគ្រោងបើកសវនាការជំនុំជម្រះសំណុំរឿងសកម្មជនអង្គការមាតាធម្មជាតិទាំង ២ រូបនេះនៅថ្ងៃទី ២៥ ខែមករាឆ្នាំ ២០១៨ ។
អ្នកស្រី ទី ម៉ារី ត្រូវជាម្ដាយរបស់សកម្មជនបរិស្ថានឈ្មោះ ហ៊ុន វណ្ណៈ បានលើកឡើងថាអ្នកស្រីបានស្នើសុំឲ្យអាជ្ញាធរ និងតុលាការខេត្តកោះកុងដោះលែងកូនប្រុសអ្នកស្រីជាច្រើនដងមកហើយ ប៉ុន្ដែពួកគេមិនបានឆ្លើយតបអ្វីជាមួយអ្នកស្រីទេ ដោយខណៈនេះអ្នកស្រីសម្រេចចិត្តទៅដាក់លិខិតនៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួន។
អ្នកស្រីបន្តថា លិខិតស្នើសុំជួយអន្តរាគមន៍នេះគឺដាក់នៅក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល រដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ «ខ្ញុំរំពឹងថាស្ថាប័នទាំងនេះនឹងជួយអន្តរាគមន៍ឲ្យដោះលែងកូនប្រុសរបស់ខ្ញុំ ព្រោះពួកគេមិនបានធ្វើអ្វីខុសច្បាប់ទេដោយពួកគេគ្រាន់តែថតរូបទេសភាពតាមសមុទ្រតែប៉ុណ្ណោះ ពួកគេនៅក្មេងណាស់មិនដឹងពីបញ្ហាអ្វីច្បាស់ទេ»។
អ្នកស្រី ដួង សាកធារី ត្រូវជាម្ដាយសកម្មជនបរិស្ថានឈ្មោះ ឌឹម គុនឌី បានថ្លែងថាអ្នកស្រីសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធទាំងនេះនឹងជួយអន្តរាគមន៍ឲ្យតុលាការខេត្តកោះកុងដោះលែងកូនប្រុសអ្នកស្រីដែលត្រូវបានចាប់ឃុំខ្លួនទាំងអយុត្តិធម៌។
«កូនប្រុសរបស់ខ្ញុំមិនបានធ្វើអ្វីខុសច្បាប់ទេដោយគ្រាន់តែពួកគេថតរូបទេសភាពតាមមាត់សមុទ្រ ហើយកន្លងមកដែលពួកគេបានធ្វើនេះ យើងអាចចាត់ទុកថាពួកគេធ្វើដើម្បីជាតិរបស់យើងទៅវិញទេ បើកូនខ្ញុំបានប្រព្រឹត្តអ្វីខុសច្បាប់ ខ្ញុំក៏មិនមកទាមទារបែបនេះដែរ តែនេះគ្នាគ្មានខុសអ្វីទេ»។
តាមលិខិតរបស់ម្ដាយសកម្មជនបរិស្ថានទាំង ២ រូបដែលសុំជួបលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសរសេរថា៖ «កូនៗរបស់យើងខ្ញុំមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់របស់តុលាការហើយការចូលរួមរបស់ពួកគេ គឺស្របទៅនឹងសេចក្ដីអំពាវនាវរបស់រដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានផ្ទាល់ ដែលបានអំពាវនាវឲ្យយុវជនចូលរួមឃ្លាំមើល និងការពារបរិស្ថាន និងធនធានធម្មជាតិ ប៉ុន្ដែនៅពេលដែលពួកគេចូលរួមបែរជាមានការចាប់ខ្លួនដាក់ពន្ធនាគារដោយមិនមានដំណោះស្រាយអ្វីទៅវិញ។ ដោយមើលឃើញពីទុក្ខលំបាករបស់កូនៗយើងខ្ញុំដែលកំពុងជាប់ឃុំឃាំងដោយអយុត្តិធម៌ ដូច្នេះទើបយើងខ្ញុំស្នើសុំជួបឯកឧត្តមដើម្បីបង្ហាញអំពីទុក្ខកង្វល់ និងផលលំបាករបស់ពួកគេក៏ដូចជាយើងខ្ញុំជាម្ដាយបង្កើតគឺមានការអាណិតអាសូរ និងនឹករឭកកូនៗជាខ្លាំង»។
លោក លី ហួត មន្ត្រីរដ្ឋបាលនៃក្រសួងបរិស្ថានដែលបានចេញមកទទួលញត្តិកាលពីម្សិលមិញបានឲ្យដឹងថាលោកគ្រាន់តែអាចទទួលយកបញ្ហារបស់ពួកគាត់តែប៉ុណ្ណោះ។
លោកនិយាយថា៖ «ខ្ញុំទទួលបញ្ហាដែលពួកគាត់ដាក់មកដើម្បីពិនិត្យពីបញ្ហាដែលបានស្នើ ឬដាក់មកកាន់ក្រសួង ប៉ុន្ដែលទ្ធផលបែបណាខ្ញុំមិនមែនជាអ្នកសម្រេចទេហើយរង់ចាំការសម្រេចរបស់ថ្នាក់លើ»។
ការឃុំខ្លួនសកម្មជនអតីតអង្គការមាតាធម្មជាតិលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី នេះត្រូវបានអង្គការសង្គមស៊ីវិលចំនួន ២២ ក្នុងនោះក៏មានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសមាគមសិទ្ធិមនុស្សអាដហុក និងអង្គការសិទ្ធិមនុស្សលីកាដូផងដែរនោះកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយស្នើដល់អាជ្ញាធរឲ្យទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកទាំង ២ នាក់នោះជាបន្ទាន់។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានហៅការចាប់ខ្លួន និងឃុំខ្លួនសកម្មជនបរិស្ថានទាំង ២ នាក់នោះថា ធ្វើឡើងដោយមិនសមហេតុផលធ្វើតាមអំពើចិត្ត និងជាចេតនាប៉ុនប៉ងបិទសំឡេង ដាក់ទណ្ឌកម្មទៅលើការងារស្របច្បាប់របស់ពួកគេក្នុងនាមជាអ្នកការពារសិទ្ធិមនុស្សផ្នែកបរិស្ថាន។
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៧ ក្នុងពេលពួកគាត់កំពុងថតរូបសាឡង់ធំៗ ២ គ្រឿងនៅស្រុកព្រែកខ្សាច់ ខេត្តកោះកុងដែលពួកគាត់សង្ស័យថាកំពុងដឹកខ្សាច់នាំចេញខុសច្បាប់។ ពួកគាត់ត្រូវបានចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារខេត្តកោះកុងពីបទ «ប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល» និង «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
លោក សំ ចំរើន មេធាវីការពារក្តីឱ្យសកម្មជនទាំង ២ រូបនេះបានឲ្យដឹងថា លោកត្រៀមខ្លួនរួចជាស្រេចនៅក្នុងការតតាំងរឿងក្តីនេះហើយនិងខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីរកយុត្តិធម៌ជូនកូនក្តីរបស់លោក។
លោក អ៊ុន សុវណ្ណធារី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញបានបដិសេធធ្វើអធិប្បាយដោយថ្លែងថា៖ «ខ្ញុំកំពុងរវល់ខ្លាំងណាស់មិនអាចនិយាយទូរស័ព្ទបានទេ»។
នៅដើមឆ្នាំ ២០១៥ ប្រធានអង្គការមាតាធម្មជាតិគឺលោក Alejandro Gonzalez Davidson ត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីប្រទេសកម្ពុជាក្រោមហេតុផលថាទិដ្ឋាការ ឬវីសារបស់ជនបរទេសដែលតែងតែចេញមុខការពារធនធានធម្មជាតិរូបនេះផុតកំណត់។
អង្គការមាតាធម្មជាតិត្រូវគេដឹងថាបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិនៅខេត្តកោះកុងជាពិសេសធ្វើសកម្មភាពប្រឆាំងទៅនឹងអាជីវកម្មបូមខ្សាច់ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ ទោះជាយ៉ាងណានៅទីបំផុតក្រសួងមហាផ្ទៃបានសម្រេចលុបឈ្មោះអង្គការនេះជាផ្លូវការនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧៕