កំពង់ឆ្នាំង/ព្រះសីហនុ/កោះកុងៈ ករណី​ឃាតកម្ម​ប្តី​កាប់​សម្លាប់​ប្រពន្ធ​មាន​ ៣ ​ករណី​ដែល​បាន​កើតឡើង​ក្នុង​ខេត្ត​ចំនួន​ ៣ ​ផ្សេង​គ្នា គ្រាន់​តែ​ក្នុង​រយៈពេល​ ៤ ​ថ្ងៃ​ប៉ុណ្ណោះ គឺ​ខេត្ត​កំពង់ឆ្នាំង កោះកុង និង​​ខេត្ត​ព្រះសីហនុ​។

ឃាតកម្ម​នៅ​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​ប្តី មាន​ឈ្មោះ​ ជី ឃឹមម៉ារ៉ាត់ អាយុ​ ២០ ​ឆ្នាំ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោយ​ពេល​សង្ស័យ​ថា បាន​សម្លាប់​ប្រពន្ធ​អាយុ​ ២០ ​ឆ្នាំ​ដូច​គ្នា ដោយ​បន្សល់​ទុក​កូន​អាយុ​ ៦ ​ខែ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុង​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគិរី កាលពី​ថ្ងៃ​ទី​ ១២ ខែ​កុម្ភៈ​។

លោក គង់ វុទ្ធី មេប៉ុស្តិ៍​ឃុំ​ពាមឆ្កោក​បាន​ឲ្យ​ដឹង​ថា សាកសព​ប្រពន្ធ​ឈ្មោះ ហ៊ន ណាវី អាយុ​ ២០ ​ឆ្នាំ​ត្រូវ​បាន​រកឃើញ​នៅ​យប់​ថ្ងៃ​ទី​ ១២ ខែ​កុម្ភៈ​ក្នុង​ព្រៃ​បន្លា​យួន ឬ​ព្រៃត្រែង​នៅ​ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ប្រមាណ​ ៤០០ ​ម៉ែត្រ​។ លោក​ថា ជនរងគ្រោះ​ត្រូវ​បាន​អារក​សម្លាប់​ដោយ​កាំបិត​តូច​ប្រើ​សម្រាប់​ចិតបន្លែ ដោយ​ជនសង្ស័យ​ជា​ប្តី​។

លោក​និយាយ​ថា​៖ «​ឃាតកម្ម​កើតឡើង​ដោយសារ​ប្តី​។ ប្តី​ខឹង​នាង​នោះ​ចេះ​តែ​រត់​ទៅ​ផ្ទះ​ម្តាយ​។ យើង​ចាប់​បាន​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៣ វា​សារភាព​ហើយ​។ គាត់​មាន​កូន​ម្នាក់​អាយុ​ ៦ ​ខែ ហើយ​ពួកគេ​បាន​ស្គាល់​គ្នា​កាល​នៅ​រៀន​វិទ្យាល័យ​ជាមួយ​គ្នា ពួកគេ​រៀបការ​បាន​ជាង​ ១ ​ឆ្នាំ​។ យើង​មិន​ដឹង​មូលហេតុ​ច្បាស់​ទេ តែ​ក្រុមគ្រួសារ​នេះ​មាន​រឿង​រកាំ​រកូស​រហូត​»​។

លោក គង់ វុទ្ធី បាន​បន្ត​ថា​៖ «​យើង​សង្ស័យ​លើ​ជនសង្ស័យ​ជា​ប្តី​ ដោយសារ​តែ​ក្មេងស្រី​រងគ្រោះ​មិន​ដែល​ទៅ​ណា​ជាមួយ​មនុស្ស​ដែល​គាត់​មិន​ស្គាល់​ច្បាស់​ទេ​។ ទី​ ២ ​កន្លែង​កើត​ហេតុ​វា​មិន​សម​ទៅ​ទេ បើសិន​ជា​មិន​ស្គាល់​គ្នា ហើយ​ទី​ ៣ ពេល​ធ្វើ​បុណ្យ​ប្រពន្ធ ជនសង្ស័យ​មិន​សូវ​ចូលរួម​បុណ្យ វា​ចេះ​តែ​ដើរ​គេច​»​។

លោក ប៉ុល វុទ្ធី ស្នងការរង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​តុលាការ​ហើយ​។

ករណី​មួយ​ទៀត​កើត​នៅ​ខេត្ត​កោះកុង​កាលពី​យប់​ថ្ងៃ​ទី​ ១៣ ខែ​កុម្ភៈ​នេះ​ដោយ​ប្តី​ចុង​បាន​យក​កាំភ្លើង​អាកា​ ៤៧ បាញ់​ទៅ​លើ​ប្រពន្ធ​ចំនួន​​ ២ ​គ្រាប់​បណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់​នៅ​នឹង​កន្លែង​ដោយសារ​ភ្លើង​ប្រចណ្ឌ​នឹង​ប្តី​ដើម​។

តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ហេតុការណ៍​បាញ់​ប្រហារ​នេះ​កើត​នៅ​ភូមិ​ ១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។ ជនរងគ្រោះ​មាន​ឈ្មោះ ហាន ធឿន ត្រូវ​បាន​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ សេង វិបុល យក​កាំភ្លើង​អាកា​ ៤៧ បាញ់​ចំ​ដើមទ្រូង​ប្រពន្ធ​ចំនួន​ ២ ​គ្រាប់​រួច​រត់​គេច​ខ្លួន ដោយសារ​ភ្លើង​ប្រចណ្ឌ​ទៅ​លើ​ប្រពន្ធ​។ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ជនសង្ស័យ​រូប​នេះ​។

ដោយឡែក​ករណី​ឃាតកម្ម​មួយ​ទៀត​បាន​កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ភូមិ​វាល ឃុំ​កំពង់សិលា ស្រុក​កំពង់សិលា​។ លោក ហេង ទូច មេប៉ុស្តិ៍​នគរបាល​ឃុំ​កំពង់​សិលា​បាន​ឲ្យ​ដឹង​ថា​​ មាន​ករណី​ឃាតកម្ម​ប្តី​កាប់​សម្លាប់​ប្រពន្ធ​មួយ​កើតឡើង​នៅ​ភូមិ​វាល ឃុំ​កំពង់សិលា ស្រុក​កំពង់សិលា កាលពី​យប់​ថ្ងៃ​ទី​ ១៣​។

លោក ហេង ទូច និយាយ​ថា​៖ «​ជនសង្ស័យ​ឈ្មោះ ជា នៅ អាយុ​​ ៥២ ​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​នៅ​ក្រោយ​ពេល​គាត់​យក​កាំបិត​ផ្គាក់​កាប់​ប្រពន្ធ​ឈ្មោះ សាក់ ស្រី អាយុ​ ៥៣ ​ឆ្នាំ​នៅ​ពេល​កំពុង​អង្គុយ​អាំងភ្លើង​ពេល​ព្រឹក​នៅ​មុខ​ផ្ទះ​។

លោក​បាន​និយាយ​ថា​៖ «​គ្រួសារ​នេះ​អត់​ដែល​ឃើញ​ឈ្លោះ​គ្នា​ទេ​។ ខាង​ប្តី​ដូចជា​រាង​វិកលចរិត​បន្តិច​។ មុន​ពេល​កើតហេតុ គាត់​បាន​ចាក​ចោល​ផ្ទះ​ប្រហែល​កន្លះ​ខែ ហើយ​ចេះ​តែ​ដើរ​ផ្សងព្រេង​។ យើង​មិន​ដឹង​មូលហេតុ​អ្វី​ទេ តែ​តាម​ថ្នាក់​លើ​ដាក់​ថា​មាន​សតិ​មិន​ប្រក្រតី​។ នៅ​ថ្ងៃ​កើត​ហេតុ គាត់​ចុះ​ទៅ​អាំងភ្លើង ហើយ​ប្តី​ក៏​ចុះ​មក​អាំងភ្លើង​ជាមួយ​គ្នា ហើយ​ប្តី​ងើប​ទៅ​យក​កាំបិត​មក​កាប់​តែ​ម្តង​»​។

លោក​រៀបរាប់​ថា​៖ «​គាត់​កាប់​ពី​ក្រោយ​មួយ​កាំបិត​ចំ​លលាដ៍ក្បាល ពេល​ផ្កាប់​មុខ​ហើយ គាត់​កាប់​មួយ​កាំបិត​ទៀត​ក្រោម​ត្រចៀក​ខាង​ឆ្វេង​។ កាប់​ហើយ គាត់​លើក​ទៅ​ដាក់​លើ​គ្រែ គាត់​អត់​រត់​គេច​ទេ​។ សមត្ថកិច្ច​មក​ឃាត់​តែ​ម្តង​»​។

លោក កុង គា មេឃុំ​កំពង់សិលា​និយាយ​ថា ​ក្រុម​គ្រួសារ​នេះ​មិន​ដែល​បាន​មក​ដល់​សាលា​ឃុំ​ដើម្បី​សុំ​ការ​សម្រប​សម្រួល​ ឬ​លែងលះ​ទេ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ប្រពន្ធ​ធ្លាប់​បាន​កាប់​ទៅ​លើ​ប្តី​ម្តង​ហើយ​។ លោក​និយាយ​ថា​៖ «​គាត់​មាន​សតិ​មិន​សូវ​ស្រួល​។ គ្រួសារ​នេះ​ដូច​មិន​ដែល​ដឹង​រឿង​ដែរ ពី​មុន​មក​ឮ​ថា ប្រពន្ធ​គាត់​ធ្លាប់​កាប់​គាត់​ម្តង​ដែរ តែ​យូរ​ឆ្នាំ​មក​ហើយ តែ​មិន​ធ្ងន់ធ្ងរ​»៕