ភ្នំពេញ/បាត់ដំបងៈ នគរបាល​ខណ្ឌ​ដង្កោ​បាន​ឃាត់​ខ្លួន​បុរស​ ២ ​នាក់​ និង​ឆែកឆេរ​ក្នុង​កែប​ម៉ូតូ​ឃើញ​ថ្នាំញៀន​ ៥ ​កញ្ចប់​​ធំ​ស្មើ​នឹង​ទម្ងន់​ប្រហែល​ ១ ​គីឡូក្រាម​កាលពី​ព្រឹក​ម្សិលមិញ​ នៅ​ផ្លូវ​សេនទ្រី​ ភូមិ​ម័ល សង្កាត់-ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ ខណៈ​ដែល​នៅ​ខេត្ត​បាត់ដំបង​ក៏​មាន​ឃាត់​ខ្លួន​បុរស​ ២ ​នាក់​ដែរ​ពាក់ព័ន្ធ​នឹង​ករណី​ដូច​គ្នា​។

លោក​ ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោ​បាន​ប្រាប់​ថា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​នេះ​ឈ្មោះ យឹម ប៉ុនឆៃ អាយុ​ ២៨ ​ឆ្នាំ​មាន​លំនៅ​សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក ជិះ​ម៉ូតូ​ម៉ាក​ហុងដ្រាឌីម​សេ​ ១២៥ ​ឆ្នាំ​ ២០១៧ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GM-2632 ​និង​ឈ្មោះ នុត លីណា អាយុ​ ៣០ ​ឆ្នាំ​មាន​លំនៅ​ភូមិ​ទួលពង្រ សង្កាត់​ចោមចៅ​។

លោក​បាន​បញ្ជាក់​ថា​មុន​ពេល​ឃាត់​ខ្លួន​គឺ​នគរបាល​ខណ្ឌ​ដង្កោ​បាន​ក្តាប់​មុខ​សញ្ញា​ដឹង​មុន ហើយ​ក៏​បាន​ចាត់​កម្លាំង​ចាំ​ឃ្លាំមើល​នៅ​ហាង​កាហ្វេ​​មួយ​នៅ​ផ្លូវ​សេនទ្រី​ ភូមិ​ម័ល​។ ​ពេល​នោះ​ជនសង្ស័យ​បាន​មក​ណាត់​ជួបគ្នា​បម្រុង​នឹង​ដោះដូរ​គ្រឿងញៀន​ក៏​ត្រូវ​សមត្ថកិច្ច​លោក​ឃាត់​ខ្លួន​បាន​តែ​ម្តង​។

លោក​ថា​៖ «​យើង​ចាប់​បាន​ ៥ ​កញ្ចប់​ធំ ប៉ុន្តែ​មិន​ដឹង​ចំនួន​ប៉ុន្មាន​ទេ ហើយ​ក៏​មិន​ដឹង​ថា​ជា​ប្រភេទ​ថ្នាំញៀន​អ្វី​ដែរ ព្រោះ​មិន​ទាន់​ពិសោធ​»​។

ករណី​ដូច​គ្នា​នេះ​ដែរ នៅ​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃ​ ៧ ខែ​កុម្ភៈ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក៏​បាន​ឃាត់​ខ្លួន​បុរស​សង្ស័យ​ ២ ​នាក់​ផង​ដែរ​ជាមួយ​ថ្នាំញៀន​មេតំហ្វេតាមីន​ ៩៩៤,៨០ ​ក្រាម​។

លោក​ឧត្តមសេនីយ៍ កុយ ហៀង ស្នងការរង​ខេត្ត​នេះ​បាន​ប្រាប់​ថា​៖ «​ករណី​នេះ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ ២ ​នាក់​មែន តែ​មិន​ទាន់​ប្រាប់​បាន​ទេ ព្រោះ​កំពុង​ស្រាវជ្រាវ​បន្ត​សិន​»​។

ទោះ​យ៉ាង​ណា មន្ត្រី​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​នេះ​ម្នាក់​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​នោះ​មាន​​ម្នាក់​ឈ្មោះ សាំង សេរី ហៅ​ រ៉ាភ អាយុ​ ៣៨ ​ឆ្នាំ មាន​លំនៅ​ភូមិ​កំពង់យាម ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​ និង​ឈ្មោះ​ លាង ដឿន អាយុ​ ៣៨ ​ឆ្នាំ​មាន​លំនៅ​ភូមិ​ពោធិ ឃុំ​ភ្នំ-កុង​ស្រុក​អង្គរជ័យ ខេត្ត​កំពត​។

បើ​តាម​មន្ត្រី​ដដែល​ប្រាប់​ថា​ប្រតិបត្តិការ​នោះ​គឺ​ធ្វើ​ឡើង​នៅ​ផ្ទះ​សំណាក់​ដែល​មាន​យីហោ​ឈ្មោះ «​គាន​ថៃ​» បន្ទប់​លេខ​ ២០២ ក្នុង​ក្រុម​ទី​ ០៣ ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ឯ​វត្ថុតាង​ផ្សេង​ទៀត​ដែល​រឹបអូស​បាន​មាន​ទូរស័ព្ទ​ដៃ​ចំនួន​ ២ ​គ្រឿង​កាបូប​លុយ​ ២-ប្រាក់រៀល​ ១៦៦០០ ​រៀល លោហធាតុ​ពណ៌​លឿង​ ១ ​វង់​មាន​ដាំ​ត្បូង និង​រថយន្ត​ Lexus (RX-300) ​ពណ៌​សម្បក​ឪឡឹក​ ១ ​គ្រឿង ផង​ដែរ​៕