ភ្នំពេញៈ លោក សម រង្ស៊ី និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រកាស​បើក​ចលនា​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក​ដោយ​បង្ហាញ​យុទ្ធសាស្ត្រ​ ៥ ​ចំណុច​។ ​ប៉ុន្តែ​អ្នក​វិភាគ​ហាក់​ដូច​មិន​សូវ​មាន​សុទិដ្ឋិនិយម​ចំពោះ​ចលនា​នេះ​ខណៈ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថា​មិន​ខ្វល់​នឹង​បញ្ហា​នេះ​។

ចលនា​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ប្រកាស​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​កាលពី​ម្សិលមិញ​ដោយ​លោក សម រង្ស៊ី បាន​ថ្លែង​ថា​ចលនា​នេះ​មាន​សកម្មភាព​ ៥ ​យ៉ាង​រួមមាន ទី​ ១ ការងារ​តស៊ូ​មតិ​នៅ​លើ​ឆាក​អន្តរជាតិ ទី​ ២ ការងារ​លើ​វិស័យ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ និង​ពាណិជ្ជកម្ម​ដោយ​ពន្យល់​អ្នក​វិនិយោគ​ថា​របប​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាត់បង់​ភាព​ស្រប​ច្បាប់ ការងារ​ទី​ ៣ ​របស់​ចលនា​នេះ​គឺ​បំផុស​ឲ្យ​ពលរដ្ឋ​ងើប​ឡើង​តវ៉ា​ ឬ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព ចំណែក​ការងារ​ទី​ ៤ ​គឺ​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​កុំ​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ដែល​ធ្វើបាតុកម្ម​។

ចំណែក​ការងារ​ទី​ ៥ ​របស់​ចលនា​នេះ​លោក សមរង្ស៊ី ថ្លែង​ថា​គឺ​ការ​ធ្វើ​ចលនា​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ឲ្យ​សមាជិក​គណបក្ស​កាន់​អំណាច​នេះ​ចាកចេញ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

លោក សម រង្ស៊ី ថ្លែង​ថា​៖ «​មេដឹកនាំ​គណបក្ស​ប្រជាជន​មួយ​ចំនួន​កំពុង​តែ​រៀបចំ​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​​រស់នៅ​ប្រទេស​ក្រៅ​មួយ​ចំនួន​ដែល​គេ​បញ្ជូន​លុយ​គេ​ទៅ​ដាក់​នៅ​ទី​នោះ​ហើយ​គេ​បាន​ទិញ​ប៉ាស្ព័រ​។ ប្រទេស​មួយ​ចំនួន​ដែល​គេ​លើក​ទឹក​ចិត្ត​អ្នក​ដែល​មាន​លុយ គេ​ឲ្យ​សញ្ជាតិ​គេ ឲ្យ​មក​រស់នៅ​លើ​ទឹកដី​គេ លុះត្រា​តែ​បណ្ដាក់​ទុន​ចំណាយ​លុយ​នៅ​លើ​ទឹកដី​គេ ទិញ​ផ្ទះ បង្កើត​ការងារ រោងចក្រ ហើយ​យក​លុយ​ទៅ​តម្កល់​នៅ​ក្នុង​ធនាគារ​ស្រុក​គេ​ប៉ុន្មាន​លាន​ដុល្លារ ពួក​ពុករលួយ​នៅ​ស្រុក​ខ្មែរ​អត់​មាន​ខ្វះ​លុយ​ទេ​»​។

លោក​បន្ត​ថា​៖ «​ដូច្នេះ​យើង​នឹង​ធ្វើ​ចលនា​ដែល​ពេល​នេះ​ខ្ញុំ​ប្រកាស និង​អំពាវនាវ​ឲ្យ​បងប្អូន​យើង​ក្នុង​ជួរ​គណបក្ស​ប្រជាជន​ថា កុំ​តាម ហ៊ុន សែន ទៀត​។ កុំ​ស្លាប់​ដោយសារ ហ៊ុន សែន កុំ​ស្លាប់​ជំនួស ហ៊ុន សែន មក​ចាប់​ដៃ​ជាមួយ​ខ្មែរ​អ្នក​ស្នេហា​ជាតិ​បងប្អូន​អើយ កសាង​ប្រទេស​ជាតិ​ជាមួយ​គ្នា​»​។

លោក សម រង្ស៊ី និយាយ​ថា​ចលនា​នេះ​មាន​តែ​ស្មារតី​ទេ ហើយ​មិនមែន​ជា​អង្គការ​ដែល​មាន​រចនា​សម្ព័ន្ធ​មាន​សមាជិក ឬ​ការ​ចាត់​តាំង​ចុះ​ឈ្មោះ​ ឬ​ការ​លើក​ស្លាក​អ្វី​ទេ ហើយ​ចលនា​នេះ​ដើម្បី​ជំនួស​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ដែល​មិន​អាច​ធ្វើ​អ្វី​បាន​។

ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​របស់​លោក​តាម​ហ្វេសប៊ុក​លោក សម រង្ស៊ី បាន​ចោទប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថា​ជា​ឧក្រិដ្ឋជន​ដោយ​និយាយ​ថា​៖ «​លោក ហ៊ុន សែន មិន​ចង់​ចុះ​ចេញ​ពី​តំណែង​ព្រោះ​គាត់​ដឹង​ខ្លួន​គាត់​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​តាំងពី​ផែនការ​ក​ ៥ ៣០ ​ឆ្នាំ​ជាង គាត់​កាន់​អំណាច​ ៣៣ ​ឆ្នាំ​ហើយ ហើយ​ក្រោយៗ​នេះ​ការ​សម្លាប់ កែម ឡី ការ​គប់​គ្រាប់បែក​នៅ​មុខ​មន្ទីរ​រដ្ឋសភា​​ឆ្នាំ​ ១៩៩៧ ​ការ​ធ្វើ​រដ្ឋប្រហារ​ខែ​​កក្កដា​ឆ្នាំ​ ១៩៩៧ ការ​សម្លាប់​មេទ័ព​ហ៊្វុនស៊ិនប៉ិច​រាប់រយ​នាក់​ការ​លួច​សម្លាប់​គេ​ជាច្រើន ហ៊ុន សែន ជា​ជនឧក្រិដ្ឋ​»​។

មុន​ពេល​លោក​ថ្លែង​បើក​ចលនា​នេះ​លោក សម រង្ស៊ី បាន​បង្ហោះ​ឯកសារ​បែកធ្លាយ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​លោក​ចោទ​ថា​លោក នេត សាវឿន បាន​ទិញ​សញ្ជាតិ​ពី​ប្រទេស​មួយ​ចំនួន​សម្រាប់​លោក និង​ក្រុម​គ្រួសារ​។

ឯកសារ​នោះ​សរសេរ​ថា​លោក នេត សាវឿន ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​ពលរដ្ឋ​របស់​ប្រទេស Saint Christopher and Nevis នៅ​ទ្វីប​អាមេរិក​កណ្តាល​តំបន់​ការ៉ាប៊ីន​។ ប៉ុន្តែ​ភ្នំពេញ​ប៉ុស្តិ៍​នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា​ឯកសារ​នេះ​ជា​ឯកសារ​ពិត​ ឬ​ក្លែងក្លាយ​ទេ ខណៈ​ដែល​លោក នេត សាវឿន មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​កាលពី​ម្សិលមិញ​ហើយ​លោក សម រង្ស៊ី ក៏​មិន​បាន​បញ្ជាក់​ថា​លោក​បាន​ឯកសារ​នេះ​ពី​ប្រភព​ណា​មក​ដែរ​។

លោក សួស យ៉ារ៉ា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា​លោក​មិន​ខ្វល់​នឹង​ចលនា​របស់​លោក សម រង្ស៊ី ទេ ដោយ​លោក​ថ្លែង​ថា​លោក សម រង្ស៊ី ជា​មនុស្ស​វិកលចរិត​។

លោក​ថា​៖ «​លោក សម រង្ស៊ី ទី​ ១ ជា​ទណ្ឌិត ទី​ ២ ​គាត់​កំពុង​វិកលចរិត ទី​ ៣ គាត់​កំពុង​លក់​ជាតិ​ឯង​ឲ្យ​វិនាសកម្ម​ហើយ​។ ដូច្នេះ​អ្វី​ដែល​ជា​សម្តី​របស់ សម រង្ស៊ី មិន​យក​ជា​ការ​ទេ​»​។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​កម្ពុជា​មិន​មាន​សុទិដ្ឋិនិយម​អំពី​ចលនា​សង្គ្រោះ​ជាតិ​នេះ​ទេ​ដោយ​លោក​ថ្លែង​ថា​ស្ថិត​ក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន និង​ស្រប​ពេល​ដែល​លោក​ សម រង្ស៊ី កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​នោះ​ចលនា​នេះ​ប្រហែល​មិន​ទទួល​បាន​ជោគជ័យ​ឡើយ​។

លោក បាន ថ្លែង​ថា​៖ «​កាលពី​នៅ​ក្នុង​ប្រទេស​ហើយ​លំហ​ប្រជាធិបតេយ្យ​ពេល​នោះ​មាន​ទូលាយ​ជាង​សព្វ​ថ្ងៃ​ហើយ​គាត់​នៅ​ក្នុង​ប្រទេស​ទៀត គណបក្ស​របស់​គាត់​មិន​បាន​ធំធាត់​ណាស់​ណា​ទេ ហើយ​ដល់​មក​បក្ស​សង្គ្រោះ​ជាតិ​ក៏​គាត់​នៅ​ក្នុង​ប្រទេស​ដែរ​ហើយ​ជាមួយ​ឯកឧត្តម កឹម សុខា ទៀត​។ ទាំង​ ២ ​នាក់​ក៏​មិន​បាន​ជោគជ័យ​ក្នុង​ការ​កសាង​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ទៅ​ជា​គណបក្ស​មាន​ឯកភាព​គ្នា​ពេញ​លេញ​ទេ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​សព្វថ្ងៃ​នេះ​គាត់​នៅ​ក្រៅ​ហើយ​ស្ថានភាព​ក្នុង​ប្រទេស លំហ​ប្រជាធិបតេយ្យ​កាន់តែ​រួញ​តូច​ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​ពង្រឹង​កម្លាំង​សន្តិសុខ បង្ក្រាប​តំណាងរាស្ត្រ សកម្មភាព​នយោបាយ​ណា​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​ហ្នឹង ដូច្នេះ​សកម្មភាព​របស់​ចលនា​ហ្នឹង​ពិបាក​នឹង​មាន​ជោគជ័យ​ដូច​ដែល​បាន​គ្រោង​»​។ លោក​ថ្លែង​ថា​ចលនា​មួយ​អាច​ជោគជ័យ​បាន​ទាល់​តែ​មាន​បណ្ដាញ​ និង​សកម្មជន​នៅ​ក្នុង​ប្រទេស​ដែល​អាច​ធ្វើ​សកម្មភាព​បាន​។

ក្រោយ​ពេល​មាន​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ភ្លាម​មាន​ប្រតិកម្ម​គាំទ្រ​អ្នក​ដែល​មាន​ប្រវត្តិ​តស៊ូ​ជាមួយ​គណបក្ស សម រង្ស៊ី ប៉ុន្តែ​អ្នក​ស្មោះស្ម័គ្រ​ជាមួយ​លោក កឹម សុខា មួយ​ចំនួន​បដិសេធ​មិន​ចូលរួម​ចលនា​នេះ​ទេ​។

លោក ឡៅ ម៉ុងហៃ ដែល​ជា​អតីត​ជំនួយការ​លោក កឹម សុខា បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះជាតិ​មិន​សូវ​មាន​ឯកភាព​ផ្ទៃក្នុង​តាំងពី​ដំបូង​ដោយសារ​តែ​អ្នក​ស្មោះត្រង់​ជាមួយ​លោក កឹម សុខា និង​អ្នក​ស្មោះត្រង់​ជាមួយ​លោក សម រង្ស៊ី ស្មោះត្រង់​ទៅ​មេដឹកនាំ​របស់​ពួកគេ​រៀងៗ​ខ្លួន​។

លោក​ថា​៖ «​ការ​បែកបាក់​យើង​ឃើញ​ច្បាស់​ហើយ​គឺ​លោក កឹម សុខា គាត់​អត់​គាំទ្រ​ចលនា​នេះ​ទេ​»៕