ភ្នំពេញៈ ចលនា​សង្គ្រោះ​ជាតិ​របស់​លោក​ សម រង្ស៊ី បាន​ជួល​ក្រុមហ៊ុន​ទំនាក់​ទំនង​សាធារណៈ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ឲ្យ​ជួយ​នៅ​ក្នុង​ «​យុទ្ធនាការ​» ​របស់​ពួកគេ ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​។

កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន BerlinRosen ដែល​ត្រូវ​បាន​ឃើញ​ជា​សាធារណៈ​នេះ​ត្រូវ​បាន​ចេញ​ទៅ​តាម​ច្បាប់​ស្តីពី​ការចុះ​បញ្ជី​ភ្នាក់ងារ​បរទេស​កាលពី​ខែ​មីនា និង​បង្ហាញ​ថា​ក្រុមហ៊ុន​នេះ​នឹង​ចូលរួម​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​ ២ ​ដង​ក្នុង​មួយ​ខែ សម្រាប់​យុទ្ធនាការ​ស្តីពី​គណបក្ស​ប្រឆាំង​របស់​កម្ពុជា​ដែល​ត្រូវ​បាន​រំលាយ​។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​បំផុត​របស់​កម្ពុជា​ត្រូវ​បាន​រំលាយ​នៅ​មុន​ការបោះឆ្នោត​ជាតិ​ខែ​កក្កដា​។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ជាប់​ពន្ធនាគារ​ពី​បទ​ក្បត់ជាតិ ខណៈ​លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​នេះ​ដែរ​កំពុង​រស់នៅ​និរទេស​ដោយ​ខ្លួនឯង​នៅ​បរទេស​ដើម្បី​គេច​ពី​ការចាប់​ខ្លួន​។

បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​លោក សម រង្ស៊ី និង​សមាជិក​ផ្សេង​ទៀត​បាន​ចាប់ផ្តើម​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ពី​សហរដ្ឋ​អាមេរិក​កាលពី​ខែ​មករា​ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក សុខា និង​ការ​ដំណើរការ​ឡើង​វិញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ ចលនា​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ និង​វិធានការ​អន្តរជាតិ​ដទៃៗ​ទៀត ខណៈ​លោក សម រង្ស៊ី បាន​សន្យា​ថា នឹង​អំពាវនាវ​ឲ្យ​មាន​ការតវ៉ា​នាពេល​ខាង​មុខ​។

បើ​ទោះបី​ជា​លោក សម រង្ស៊ី តែងតែ​ទទូច​ថា​ចលនា​សង្គ្រោះ​ជាតិ​មិនមែន​ជា​គណបក្ស​នយោបាយ ប៉ុន្តែ​ជា​ជាង​ «​ចលនា​» ​ក្រៅ​ផ្លូវការ​ក្រុម​នេះ​បាន​កំណត់​អត្តសញ្ញាណ​ខ្លួនឯង​ថា​ជា​ «​គណបក្ស​នយោបាយ​បរទេស​» ​នៅក្នុង​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន BerlinRosen​។

ចលនា​សង្គ្រោះ​ជាតិ​បាន​ព្រមព្រៀង​បង់ប្រាក់​ចំនួន ២៥ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ក្រុមហ៊ុន​នេះ​សម្រាប់​សេវា​ផ្សេងៗ​រហូត​ដល់​ថ្ងៃទី ១០ សីហា ឆ្នាំ ២០១៨ ដែល​មាន​ន័យ​ថា​នឹង​ត្រូវ​ផ្តល់​សេវា​រហូត​ដល់​ការបោះឆ្នោត​រួច​។

កិច្ចសន្យា​នេះ​ចែង​យ៉ាង​ច្បាស់​ថា ក្រុមហ៊ុន BerlinRosen នឹង​មិន​ពាក់ព័ន្ធ​នៅក្នុង​ការ​ឡបប៊ី​ទេ​ ប៉ុន្តែ​នឹង​អនុវត្ត​ «​សកម្មភាព​នយោបាយ​» និង​អាច​ដើរតួ​ជា​ «​អ្នក​ប្រឹក្សា​យោបល់​ទំនាក់ទំនង​សាធារណៈ​» ឬ​ «​ភ្នាក់ងារ​ឃោសនា​ជា​សាធារណៈ​»​។ «​វិសាលភាព​ការងារ​» ​រួម​មាន​ការជួប​ដោយ​ផ្ទាល់​ជាមួយ​មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក និង​ «​ការប្រាស្រ័យ​ទាក់ទង និង​សម្រប​សម្រួល​ជា​បន្ត​»​។

ក្រុមហ៊ុន​នេះ​នឹង​ត្រូវ​ផ្ញើ​សារ​អំពី​ដំណើរ​វិវត្តន៍​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ និង​បង្កើត​សារ​ «​ស្នូល​សំខាន់ៗ​»​។

កិច្ចសន្យា​នេះ​បន្ត​ថា​៖ «​ក្រុមហ៊ុន BerlinRosen នឹង​ធ្វើការ​ជំរុញ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រហូត​ដល់​ ២ ​ដង​ក្នុង​មួយ​ខែ​ដោយ​ផ្តោត​ទៅ​លើ​កម្មវិធី​ចុះ​ផ្សព្វផ្សាយ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​...​និង​ជ្រើសរើស​សារព័ត៌មាន​អន្តរជាតិ​»​។ ​កិច្ចសន្យា​នេះ​ក៏​ត្រូវ​បាន​រាយការណ៍​ដំបូង ដោយសារ​ព័ត៌មាន Asia Times ផង​ដែរ បើ​ទោះបី​ជា​លោក សម រង្ស៊ី បាន​រិះគន់​ការចាក់​ផ្សាយ​របស់​ពួកគេ​ថា «​ភាព​អសុក្រឹត និង​លម្អៀង​យ៉ាង​ខ្លាំង​» នៅក្នុង​អ៊ីមែល​កាលពី​ម្សិលមិញ​ក្ដី​។

លោក រង្ស៊ី ថ្លែង​ថា​ចលនា​សង្គ្រោះ​ជាតិ​មាន​ «​មិត្តភក្តិ​ជាច្រើន​ទូទាំង​ពិភពលោក​» ដែល​នឹង​ជួយ​ពួកគេ​សម្រេច​គោលដៅ​ក្នុង​ការនាំ​យក​ប្រជាធិបតេយ្យ​ត្រឡប់​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​។ លោក​ថ្លែង​ថា​៖ «​យើង​កំពុង​ធ្វើ​ការងារ​ដើម្បី​សម្រេច​គោលដៅ​នេះ​ជាមួយ​មនុស្ស​ល្អៗ​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​លើ​ឆាក​អន្តរជាតិ​»​។

លោក សម រង្ស៊ី ថ្លែង​ថា​៖ «​អ្នក​នឹង​ឃើញ​ការកើនឡើង​នៃ​គំនិត​ផ្តួចផ្តើម​រួម​គ្នា​ខ្លាំង​ឡើង និង​ព្រឹត្តិការណ៍​រួម​គ្នា​ជាច្រើន​»​។

លោកស្រី Astrid Noren-Nilsson ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ដែល​ឯកទេស​អំពី​កម្ពុជា​បាន​ថ្លែង​ថា វា​ជា​គំនិត​ល្អ​ដែល​ចលនា​នេះ​ផ្តោត​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក និង​អន្តរជាតិ​។ លោកស្រី​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​ចលនា​សង្គ្រោះ​ជាតិ​ប្រហែល​ជា​មិន​អាច​ធ្វើ​អ្វី​បាន​នៅក្នុង​ប្រទេស​កម្ពុជា​តែឯង​ទេ​»​។

លោកស្រី Noren-Nilsson បន្ថែម​ថា​ចំណាប់​អារម្មណ៍​អន្តរជាតិ​អាច​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ «​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ត្រឡប់​ទៅ​ស្រុក​វិញ​»​។

លោក Paul Chambers ដែល​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ Naresuan ក្នុង​ប្រទេស​ថៃ​បាន​ថ្លែង​ថា យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ជា​វិធី​មួយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ «​បង្កើន​ការគាំទ្រ​» ប៉ុន្តែ​អាច​មាន​លទ្ធផល​អាក្រក់​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​ការប្រើប្រាស់​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ​អាមេរិក​នេះ​អាច​ធ្លាក់​នៅក្នុង​កណ្តាប់ដៃ​របស់​លោក​ ហ៊ុន សែន ដែល​ឥឡូវ​នេះ​និយាយ​ថា​... ការប្រើប្រាស់​ក្រុមហ៊ុន​នេះ​ដោយ​ចលនា​សង្គ្រោះ​ជាតិ​បង្ហាញ​ថា ចលនា​នេះ​ជា​ឧបករណ៍​មួយ​សម្រាប់​អត្ថប្រយោជន៍​អាមេរិក​ដើម្បី​បំផ្លាញ​កម្ពុជា​»​។

ទន្ទឹម​នេះ​ដែរ​កាលបរិច្ឆេទ​នៃ​សវនាការ​ត្រូវ​បាន​កំណត់​សម្រាប់​ការដាក់​ពាក្យ​របស់​លោក​ សម រង្ស៊ី​ ក្នុង​ការសុំ​ព័ត៌មាន​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក​ដែល​កំពុង​ប្រឈម​នឹង​ការពិនិត្យ​ខ្លាំង​ឡើង​មិន​ធ្លាប់​មាន​ពី​មុន ខណៈ​កើត​មាន​រឿង​អាស្រូវ​អន្តរជាតិ​ជាច្រើន​។

លោក សម រង្ស៊ី បាន​ចោទប្រកាន់​ក្រុមហ៊ុន​ហ្វេសប៊ុក​ថា​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ប្រើប្រាស់​វេទិកា​នេះ​ខុស​គោលការណ៍​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​។ លោក​អះអាង​ថា​ព័ត៌មាន​អំពី​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នឹង​ជួយ​លោក​ក្នុង​សំណុំ​រឿង​ផ្លូវ​ច្បាប់​ជាច្រើន​។ ទោះ​យ៉ាង​ណា​ក្តី​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ច្រានចោល​សំណើ​របស់​លោក សម រង្ស៊ី ដោយ​ទុក​សេចក្តី​សម្រេច​ស្ថិត​ក្នុង​ដៃ​របស់​តុលាការ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក​។

សវនាការ​នេះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​ ៣០ ខែ​កក្កដា​នៅ​ចំពោះ​មុខ​ចៅក្រម Sallie Kim នៅក្នុង​ទីក្រុង San Francisco៕ PS