ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះឆ្នោត​​ (​គ.ជ.ប) ​កាលពី​ម្សិលមិញ​បាន​បោះឆ្នោត​ចាប់​យក​លេខ​រៀង​គណបក្ស​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា ដោយ​គណបក្ស​ប្រជាជន​បាន​លេខ​រៀង​ទី​ ១ គណបក្ស​យុវជន​កម្ពុជា​ទទួល​បាន​លេខ​ទី​ ២ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​លេខ​រៀង​ទី​ ៣ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​លេខ​រៀង​ទី​ ៤​។

លោក ស៊ិក ប៊ុនហុក ប្រធាន​​ គ.ជ.ប បាន​ថ្លែង​ថា​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​ ៦២ ​អាសនៈ ​អាណត្តិ​ទី​ ៤ ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ឆ្នាំ​នេះ​។ គណបក្ស​ដែល​ចូលរួម​ប្រកួត​ក្នុង​អាណត្តិ​នេះ​មាន​ ៤ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។

លោក​បញ្ជាក់​ថា​៖ «​យើង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ខុស​ពី​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ហើយ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​​ព្រឹទ្ធសភា​មាន​អង្គ​បោះឆ្នោត​​តែ​តំណាងរាស្ត្រ​ក្នុង​តំណែង​ ១២៣ ​រូប និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​តំណែង ១១៥៧២ ​រូប​ប៉ុណ្ណោះ​ពោល​គឺ​​មិន​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ទូទៅ​នោះ​ឡើយ​»​។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ថ្លែង​ថា​ការ​ចាប់​ឆ្នោត​គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​តម្លាភាព​យុត្តិធម៌​ក្នុង​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ និង​ងាយស្រួល​ចំណាំ​លេខ​រៀង​គណបក្ស​លើ​សន្លឹក​ឆ្នោត ។

លោក​បន្ត​ថា​សន្លឹក​ឆ្នោត​មួយ​មាន​ឈ្មោះ​គណបក្ស និង​ Logo តែ​មួយ​គត់ ហើយ​ឈ្មោះ​គណបក្ស​នីមួយៗ​ត្រូវ​បាន​សរសេរ​លើ​ក្រដាស​ក្នុង​ទំហំ និង​ទំព័រ​ដូច​គ្នា​ហើយ​បត់​ជា​ ២ ​ផ្នត់​រួច​ដាក់​ចូល​ក្នុង​ស្រោម​សំបុត្រ​មួយ​ទៀត​ដោយ​មាន​រុំ​កៅស៊ូ​បិទ​ជិត រួច​​ក៏​ដាក់​ចូល​ក្នុង​ហឹប​ឆ្នោត ហើយ​មាន​ការ​ផ្ទៀងផ្ទាត់​ជា​សាធារណៈ ហើយ​ក្រឡុក​វា​ជាច្រើន​ដង​។ បន្ទាប់​មក​ទើប​និមន្ត​សម្ដេច​សង្ឃ​ទាំង​ ២ ​អង្គ​ចាប់​យក​ម្ដង​មួយ​សន្លឹកៗ​រហូត​គ្រប់​គណបក្ស​ទាំងអស់​។

លោក អូក គឹមហាន អនុប្រធាន​ខុទ្ទកាល័យ​គណបក្ស​ប្រជាជន​ដែល​បាន​ចូលរួម​ថ្លែង​ថា​លោក​ពេញ​ចិត្ត​លទ្ធផល​នេះ និង​រំពឹង​ថា​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ខាង​មុខ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ថា​ការ​បោះឆ្នោត​នៅ​ពេល​នេះ​មាន​លក្ខណៈ​ល្អ​ត្រឹមត្រូវ និង​មាន​តម្លាភាព​ព្រោះ​យើង​ឃើញ​...​មាន​សម្ដេច​សង្ឃ អ្នក​សារព័ត៌មាន តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល តំណាង​គណបក្ស​​នយោបាយ និង​មន្ត្រី​ជំនាញ​ពី​ស្ថាប័ន​ជាច្រើន​ទៀត​ចូលរួម​អង្កេត និង​តាមដាន​...»​។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ក៏​បាន​សម្ដែង​ក្ដី​រីករាយ​នឹង​លទ្ធផល​នេះ​ដែរ ខណៈ​លោក​ថា​សមាជិក​គណបក្ស​របស់​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​លើក​នេះ​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ក្រោយ​បញ្ចប់​​ពិធី​បោះឆ្នោត​នោះ​ថា អាសនៈ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​ត្រូវ​បោះឆ្នោត​ជ្រើស​តាំង​ត្រូវ​បែង​ចែង​តាម​ភូមិភាគ​ដូច​ជា​៖ ភូមិភាគ​ទី​ ១-នៅ​រាជធានី​ភ្នំពេញ​មាន ៦ ​អាសនៈ ទី​ ២-ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​មាន​ ៨ ​អាសនៈ ទី​៣- ខេត្ត​កណ្ដាល​មាន​ ៥ ​អាសនៈ ទី​ ៤-ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន​មាន​ ១០ ​អាសនៈ ទី​ ៥-​ខេត្ត​តាកែវ កំពត និង​ខេត្ត​កែប​មាន ៧ ​អាសនៈ ទី​ ៦-ខេត្ត​ព្រៃវែង និង​ស្វាយរៀង​មាន​ ៧ ​អាសនៈ ទី​ ៧-​ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ខេត្ត​ព្រះសីហនុ​មាន​​ ៩ ​អាសនៈ​ និង​​ទី​ ៨-​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី​មាន​ ៦ ​អាសនៈ​៕