ភ្នំពេញៈ នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​នឹង​បញ្ជូន​បុរស​ជនជាតិ​ចិន​ដីគោក ២ ​នាក់​ក្នុង​ចំណោម​ ១១ ​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ​នេះ ខណៈ​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ ១០ នាក់​សុទ្ធ​តែ​គ្មាន​លិខិត​ឆ្លងដែន បន្ទាប់ពី​ឃាត់​ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​ ១១ ខែ​កុម្ភៈ​នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ១២ ខែ​កុម្ភៈ​ថា បុរស​ជនជាតិ​ចិន ២ ​នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះ ពួកគេ​ក៏​មាន​អាវុធខ្លី ១ ដើម​ជាប់​នៅ​នឹង​ខ្លួន​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ចំពោះ​ជនជាតិ​ចិន​ ២ ​នាក់​នោះ សមត្ថកិច្ច​ខ្ញុំ​បាន​កសាង​សំណុំ​រឿង​រួច​ហើយ ពួកគេ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ស្អែក​ (១៣ កុម្ភៈ​) ​នេះ​។ ក្រៅពី​ជនសង្ស័យ​ ២ ​នាក់​នេះ​ក៏​មាន​ជនជាតិ​ចិន ៩ នាក់​ (​ស្រី ២ ប្រុស​​ ៧ ​នាក់​)​ ទៀត​ដែរ ប៉ុន្តែ​ខាង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ហៅ​ទៅ​សាកសួរ​បន្ត​ទៀត​នៅ​ស្នងការ​ក្រុង​ភ្នំពេញ​»​។

ជនជាតិ​ចិន​ ២ ​នាក់​នោះ​មាន​ឈ្មោះ Dai Xun ភេទ​ប្រុស​អាយុ ៣៧ ឆ្នាំ​កាន់​លិខិត​ឆ្លងដែន​លេខ EA926438 និង​ឈ្មោះ Pu yijiang ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ​គ្មាន​លិខិត​ឆ្លងដែន និង​អាវុធខ្លី ម៉ាក ៥៩ មួយ​ដើម ពួកគេ​ស្នាក់​នៅ​ផ្ទះជួល បុរី​ញូវថោន​ក្នុង​សង្កាត់​ចោមចៅ​។

លោក កែវ ធា នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ស្នងការ​រាជធានី​ បាន​ថ្លែង​យ៉ាង​ខ្លី​ថា​៖ «​មនុស្ស​ ៩ ​នាក់​នោះ ខាង​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ​ប្រគល់​ឲ្យ​ខ្ញុំ​មែន តែ​ខ្ញុំ​ប្រគល់​ពួកគេ​បន្ត​ទៅ​ឲ្យ​ខាង​នីតិវិធី​នៃ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​រាជធានី​ហើយ​»​។

ភ្នំពេញ ​ប៉ុស្តិ៍​ មិន​អាច​ទាក់ទង​ខាង​ការិយាល័យ​អន្តោប្រវេសន៍​ដើម្បី​សុំ​បញ្ជាក់​បាន​ទេ​។

បើ​តាម​កំណត់​ហេតុ​នគរបាល​បង្ហាញ​ថា កាលពី​រំលង​អធ្រាត្រ​មុន​ពេល​កើត​ហេតុ​ម៉ោង ១ យប់​ឈាន​ចូល​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ​កម្លាំង​នគរបាល​បាន​ចេញ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ពេល​នោះ​បាន​ឃើញ​ជនសង្ស័យ​ចិន​ ២ ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស្ពាយ​កាបូប​។ ដោយ​មាន​ការ​សង្ស័យ​កម្លាំង​ល្បាត​ក៏​ហៅ​ពួកគេ​ឈប់ ដើម្បី​ត្រួតពិនិត្យ​ពេល​នោះ​ជនសង្ស័យ​បាន​លូកដៃ​ចូល​ក្នុង​កាបូប​បម្រុង​យក​អាវុធ​ទើប​នគរបាល​ចាប់ដៃ​ជាប់​ហើយ​ទះ ១ ដៃ​បណ្តាល​ឲ្យ​ជនសង្ស័យ​ដួល​ធ្លាក់​កាំភ្លើង​ពី​ដៃ រួច​ក៏​ឃាត់​ខ្លួន​តែ​ម្តង​ទៅ​។ ក្រោយពី​សាកសួរ​ជនសង្ស័យ​​ ២ ​នាក់​រួច​នៅ​ព្រឹក​ថ្ងៃ​ទី​ ១១ កុម្ភៈ សមត្ថកិច្ច​បាន​បន្ត​ទៅ​ឃាត់​ខ្លួន​ជនជាតិ​ចិន ៩ ​នាក់​ទៀត ដែល​ជួល​ផ្ទះ​ស្នាក់នៅ ហើយ​ពួកគេ​ទាំងអស់​សុទ្ធតែ​គ្មាន​លិខិត​ឆ្លងដែន​៕