ភ្នំពេញៈ សមត្ថកិច្ច​ឃាត់​ខ្លួន​កម្មករ​ជា​ជនជាតិ​ចិន​ចំនួន​ ១២ ​នាក់​ក្នុង​ចំណោម​ ៧៤ ​នាក់​ដែល​រកឃើញ​ថា​បាន​លួច​ឆ្លងដែន​ និង​កំពុង​ស្នាក់នៅ​ក្នុង​ការដ្ឋាន​ចិន​មួយ​កន្លែង​ដោយ​គ្មាន​លិខិត​ឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ និង​កំពុង​ធ្វើ​ការងារ​ខុស​ច្បាប់​ស្ថិត​នៅ​ផ្លូវ​បេតុង ភូមិ​ទួលសំពៅ សង្កាត់​ទួលសង្កែ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។

លោក អ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​នេះ​មាន​ការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការរង​ទទួល​ផែន​អន្ដោប្រវេសន៍ ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផ្សេង​ទៀត ដោយ​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់ និង​កន្លែង​ស្នាក់នៅ​របស់​ជនជាតិ​ចិន​ដែល​លួច​ឆ្លងដែន និង​កំពុង​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ​។

លោក​បញ្ជាក់​ថា​៖ «​យើង​បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​ការដ្ឋាន​សំណង់ និង​កន្លែង​ស្នាក់នៅ Nantong City Daxing Engineering Co.,Ltd បាន​ពិនិត្យ​ឃើញ​មាន​ជនបរទេស​ចំនួន ៧៤ នាក់​ស្រី​ ២ ​នាក់​ជា​ជនជាតិ​ចិន​បាន​លួច​ចូល​មក​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុស​ច្បាប់​គ្មាន​លិខិត​ឆ្លងដែន និង​ប័ណ្ណ​ការងារ​ត្រឹមត្រូវ​»​។

លោក​បន្ត​ថា​ក្នុង​ចំណោម​ ៧៤ ​នាក់​នោះ​គ្មាន​លិខិត​ឆ្លងដែន​ចំនួន​ ១២ ​នាក់ និង​បាន​ដកហូត​លិខិត​ឆ្លងដែន​ ២២ ​ក្បាល​គ្មាន​សៀវភៅ​ការងារ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​ទៅ​តាម​ច្បាប់​។

លោក​ ទៀង ច័ន្ទសារ អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ​ឲ្យ​ដឹង​ថា​លោក​គ្រាន់​តែ​បាន​ទទួល​ព័ត៌មាន​ប៉ុន្ដែ​សម្រាប់​របាយការណ៍​លម្អិត​លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ដោយ​បង្វែរ​ឲ្យ​ទៅ​សួរ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​វិញ​។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បង្ហាញ​ម្សិលមិញ​ថា ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដោយ​បាន​ការ​អនុញ្ញាត​ពី​លោក​ សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ត្រួតពិនិត្យ​នៅ​គោលដៅ​ការដ្ឋាន​សំណង់ និង​កន្លែង​ស្នាក់នៅ Nantong City Daxing Engineering Co.,Ltd៕