ភ្នំពេញៈ កម្មកររោងចក្រម្នាក់ ត្រូវគ្រាប់កាំភ្លើងស្លាប់ ដោយសារកម្លាំងនគរបាលបានប្រើកាំភ្លើងបាញ់រះឡើងលើជាង ១០ គ្រាប់ ខណៈដែលកម្លាំងនគរបាលទាំងនោះ បានបើកប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់ និងលេងអាប៉ោងមួយកន្លែង ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យកាលពីម្សិលមិញ។
បុរសជាជនរងគ្រោះឈ្មោះ សៀក សារ៉ន អាយុ ៣៣ ឆ្នាំ មកពីស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវគ្រាប់កាំភ្លើងរបស់នគរបាល ២ គ្រាប់ ដែលមួយគ្រាប់ត្រូវចំបំពង់ក និងមួយគ្រាប់ទៀតត្រូវអំបែងគ្រាប់ចំដៃស្តាំ ហើយបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយ។
ភរិយានិងសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ពេលចុះបង្ក្រាបនោះកម្លាំងសមត្ថកិច្ចបានបាញ់រះបង្អើលក្រុមអ្នកលេងជល់មាន់ហើយបានត្រូវជនរងគ្រោះ ដែលកំពុងតែស្នាក់នៅនឹងបន្ទប់ជួលជាន់ទី ៣ ក្បែរសង្វៀនជល់មាន់ និងលេងអាប៉ោង។ ជនរងគ្រោះបានស្លាប់ចោលកូន ២ នាក់ កូនប្រុសអាយុ ២ ឆ្នាំ និងកូនស្រីអាយុ៥ឆ្នាំ។ ក្រោយពេលស្លាប់សាកសពត្រូវបានដឹកយកទៅវត្តពោធិ៍ចិនតុង។
ស្ត្រីជាប្រពន្ធឈ្មោះ ណុប សុផានី អាយុ ២៧ ឆ្នាំ បានស្រែកទ្រហោយំបណ្តើរនិយាយបណ្តើរនៅនឹងកន្លែងតម្កល់សពនៅវត្តពោធិ៍ចិនតុងថា៖«ខ្ញុំមិនសុខចិត្តទេ...ឲ្យខ្ញុំធ្វើអីក៏ធ្វើដែរ ឲ្យតែប្តីខ្ញុំរស់វិញ។ ប្តីខ្ញុំនៅសុខៗហេតុអីគេបាញ់ប្តីខ្ញុំ?»។
សុផានី បានរៀបរាប់ទាំងទឹកភ្នែកថា នាង និងប្តីកំពុងតែស្ថិតក្នុងបន្ទប់ជួល ហើយពេលនោះ នគរបាលស្លៀកពាក់ស៊ីវិលជាច្រើននាក់បានឆ្មក់ចូលទៅកាន់ទីនោះ និងបានបាញ់បង្អើលអ្នកលេងជល់មាន់ប្រមាណជា១០គ្រាប់។
នាងនិយាយថា៖«ខ្ញុំបានឮសំឡេងគ្រាប់កាំភ្លើង ហើយក៏ឃើញប្តីត្រូវរបួសក៏សួរថា ត្រូវអី? គាត់ឆ្លើយថា ត្រូវគ្រាប់ ហើយក៏ដួល។ អ្នកជិតខាងជួយបីទៅពេទ្យ។ ខ្ញុំឃើញឈាមហូរពីបំពង់កនិងដៃ។ ប៉ូលិសចុះទៅបាញ់រះអត់មានមើលគេ។ បាញ់ជិត១០ គ្រាប់ឯនោះ។ គេអត់មានមើលថា មនុស្សនៅលើអីទេ»។ នាងបានឲ្យដឹងថា កន្លែងជល់មាន់នេះបើកលេងជារៀងរាល់ថ្ងៃ។
បងស្រីបង្កើតជនរងគ្រោះ អ្នកស្រីសៀក សុខចាន់ អាយុ ៣៥ ឆ្នាំ បានយំខ្សឹកខ្សួល ស្តាយស្រណោះប្អូនប្រុស ហើយបានស្រែករកយុត្តិធម៌។
អ្នកស្រីយំផងនិយាយផងថា៖«ប្អូនខ្ញុំស្លូតណាស់។ប្អូនខ្ញុំ មិនបានចុះលេង[ជល់មាន់]នឹងគេទេ។ ជួយរកយុត្តិធម៌ឲ្យប្អូនខ្ញុំផង។ ប្អូនខ្ញុំស្លាប់ ដោយអយុត្តិធម៌ណាស់។ ចង់ឲ្យជួយរកច្បាប់ដោះស្រាយឲ្យ»។
លោក នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យនៅក្រសួងសុខាភិបាល ដែលបានចុះទៅធ្វើកោសល្យវិច័យសាកសពបានឲ្យដឹងថា ជនរងគ្រោះត្រូវគ្រាប់កាំភ្លើងចំនួន ១ គ្រាប់ចំបំពង់កធ្លុះទៅខាងក្រោយ។ ក្រៅពីនោះ មានស្នាមត្រូវអំបែងចំនួន ២ កន្លែងនៅត្រង់ក និងដៃស្ដាំផងដែរ។
លោកថ្លែងថា៖ «អ៊ីចឹង [ជនរងគ្រោះ] ស្លាប់ ដោយសារហូរឈាមចេញពីក្នុងខ្លួន។ ទីតាំងដែលចំគឺ សរសៃនៅកហ្នឹងហើយ ដែលធ្វើឲ្យធ្លាយ ហើយឆ្លងកាត់ដាច់សរសៃឈាមនៅក ធ្លាយរហូតដល់ខ្នង។ យើងវះយកបានគ្រាប់១។ ចំសរសៃឈាមធំ ១ នៅក ដែលហូរឈាមមិនឈប់។ ចំសរសៃឈាមធំមិនយូរទេគឺស្លាប់ហើយ គឺពី១៥ទៅ២០នាទីទេ»។
លោកខុន រ៉ុម ដែល ជាអ្នកជិតខាង និងជាអ្នកដែលបានជួយគ្រាហ៍ជនរងគ្រោះទៅមន្ទីរពេទ្យបានឲ្យដឹងថា លោកបានឃើញនគរបាលស្លៀកពាក់ស៊ីវិលដកកាំភ្លើងចេញ ហើយបានបាញ់ឡើងលើយ៉ាងហោចណាស់ជាង ១០ គ្រាប់ ដើម្បីបង្អើលឬគំរាមអ្នកលេងល្បែងស៊ីសងខុសច្បាប់។
លោកកត់សម្គាល់ថា នៅទីនោះមានអ្នកលេងអាប៉ោងជារៀងរាល់ថ្ងៃ មានប្រមាណជា ២០ នាក់និងជល់មាន់ប្រមាណ ៧០ នាក់ផងដែរ។ ក្រុមគ្រួសារជនរងគ្រោះបានទទូចឲ្យមានការទទួលខុសត្រូវ លើការបាញ់រះរបស់កម្លាំងនគរបាល ដែលបណ្តាលឲ្យស្លាប់សមាជិកគ្រួសាររបស់ខ្លួននេះ។
បន្ទាប់ពីត្រូវធ្វើការពិនិត្យរួច សាកសពត្រូវបានគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលជាច្រើនរូប បានបដិសេធធ្វើអធិប្បាយលើបញ្ហានេះ។ ចំណែក លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ក៏សុំមិនទាន់ធ្វើអត្ថាធិប្បាយលើបញ្ហានេះដែរ ដោយបញ្ជាក់យ៉ាងខ្លីថា នគរបាលកំពុងតែស្រាវជ្រាវលើករណីនេះ៕