Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ចៅក្រម​ជម្រះ​រឿង​ពន្យារពេល​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ​មន្ត្រី​អាដហុក និង​អគ្គលេខាធិការរង​ គជប ថ្ងៃ​នេះ​ បន្ទាប់ពី​ឃុំ​ជិត​ ១ ឆ្នាំ

Content image - Phnom Penh Post
នី ចរិយា អតីត​អគ្គលេខាធិការង​ គជប​ ពេល​នាំ​មក​តុលាការ​ភ្នំពេញ​កន្លង​មក​។ ផា លីណា

ចៅក្រម​ជម្រះ​រឿង​ពន្យារពេល​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ​មន្ត្រី​អាដហុក និង​អគ្គលេខាធិការរង​ គជប ថ្ងៃ​នេះ​ បន្ទាប់ពី​ឃុំ​ជិត​ ១ ឆ្នាំ

ភ្នំពេញ: សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​បន្ត​ការ​ជម្រះ​ក្ដី​ដើម្បី​សម្រេច​ការ​ពន្យារពេល​នីតិវិធី​នៃ​ការ​ឃុំ​ខ្លួន​ជា​លើក​ទី ២ ជុំវិញ​ដំណើរ​រឿង​សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ខែ​មីនា​មេសា ឆ្នាំ ២០១៦ ដោយ​មន្ត្រី​សមាគម​អាដហុក ៤ រូប និង​អគ្គលេខាធិការរង​មួយ​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

យោង​តាម​លិខិត​ចៅក្រម​ស៊ើបសួរ​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ទី ២៤ ខែ​មេសា​ឆ្នាំ ២០១៧។

លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​លោក សំ សុគង់ ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ នី ចរិយា ឲ្យ​ចូល​មក​កាន់​សាលា​ដំបូង​រាជធានី​នៅ​វេលា​ម៉ោង ៩:០០ នាទី​ព្រឹក ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ ២០១៧។

នៅ​ក្នុង​លិខិត​អញ្ជើញ​នេះ លោក ចៅក្រម​ស៊ើបសួរ​បាន​បញ្ជាក់​ថា៖ «សាមី​ខ្លួន​ត្រូវ​អញ្ជើញ​ឲ្យ​ទាន់​ពេលវេលា និង​យក​លិខិត​ផ្សេងៗ​ដែល​ទាក់ទង​នឹង​រឿង​ខាង​លើ​មក​ជាមួយ​ផង​ប្រសិន​បើ​មាន»។

មន្ត្រី​ទាំង ៥ រូប​នៅ​ក្នុង​ដំណើរ​រឿង​នេះ​ត្រូវ​បាន​ចោទប្រកាន់​ដោយ​អនុលោម​តាម​ច្បាប់​ជាក់លាក់​យោង​តាម​មាត្រា ៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ពី​បទ​ញ៉ាំង​ឲ្យ​សាក្សី​ផ្ដល់​សក្ខីកម្ម​ភូតកុហក។

លោក មេធាវី សំ សុគង់ បាន​ថ្លែង​ពី​ថ្ងៃ​ម្សិលមិញ​ថា​រឿង​នេះ​ប្រហែល​ជា​ពាក់​កណ្ដាល​ខែ​មេសា សាលា​ឧទ្ធរណ៍​ប្រកាស​តម្កល់​ដីកា​សម្រេច​មិន​ព្រម​ដោះលែង​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ហើយ​ការ​សម្រេច​ឃុំ​ខ្លួន​មុន​ការ​ជម្រះ​ក្ដី​លើក​ទី​មួយ​នឹង​ផុត​កំណត់​ប៉ុន្មាន​ថ្ងៃ​នេះ ដែល​រឿង​នេះ​ត្រូវ​លើក​មក​ជម្រះ​ជា​លើក​ទី ២ នៅ​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី​នេះ​មាន​ជន​ជាប់ចោទ​ដែល​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​ចំនួន ៤ នាក់​គឺ​អ្នកស្រី លឹម មុន្នី, នី សុខា យី សុខសាន និង ណៃ វង់ដា និង នី ចរិយា។

លោក សុគង់ ថ្លែង​ថា៖ «ខ្ញុំ​ចូលរួម​ហើយ​ខ្ញុំ​នឹង​ស្នើ​ទៅ​ចៅក្រម​កុំ​ឲ្យ​សម្រេច​បន្ត​ឃុំ​ខ្លួន​កូនក្ដី​របស់​ខ្ញុំ ទោះបី​ជា​ការ​សម្រេច​វា​ស្ថិត​នៅ​លើ​ចៅក្រម តែ​ខ្ញុំ​សង្ឃឹម​ថា​ចៅក្រម​នឹង​ពិចារណា​ការ​ស្នើ​របស់​ខ្ញុំ ខ្ញុំ​យល់​ថា​ការ​បន្ត​ឃុំ​ខ្លួន​កូនក្ដី​ខ្ញុំ​មិន​ចាំបាច់​ទេ ហើយ​វា​ប៉ះពាល់​ដល់​សិទ្ធិ​ជន​ត្រូវ​ចោទ​ដែល​ធានា​ដោយ​ច្បាប់​ជាតិ​ និង​អន្តរជាតិ»។

ខណៈ​លោក ឡោ ជុនធី មេធាវី​ការពារ​ជន​ជាប់ចោទ​អាដហុក​ទាំង ៤ នាក់​បាន​ថ្លែង​ពី​ម្សិលមិញ​បញ្ជាក់​ថា​នឹង​ចូលរួម​ក្នុង​តុលាការ​នៅ​ថ្ងៃ​នេះ​ដែរ។

លោក ជុនធី ថ្លែង​ថា៖ «យើង​ជា​មេធាវី​តែងតែ​ជំទាស់​នឹង​ការ​ឃុំ​ខ្លួន​តាំងពី​លើក​ដំបូង ពីព្រោះ​មិន​សម​ហេតុផល​ដែល​ជន​ជាប់ចោទ​ត្រូវរ៉ូវ​គ្នា បង្ក​បញ្ហា ជា​នីតិវិធី​តុលាការ​ត្រូវ​បិទ​ការ​ស៊ើបសួរ​ហើយ​ចេញ​ដីការ​ដំណោះស្រាយ​ថា​ត្រូវ​លើកលែង​ការ​ចោទប្រកាន់ ឬ​បញ្ជូន​ដំណើរ​រឿង​ទៅ​ជម្រះ​បន្ទាប់ពី​ផុត​នីតិវិធី​ឃុំ​ខ្លួន ១៨ ខែ»។

ការ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​ ៥ នាក់​នឹង​គ្រប់​មួយ​ឆ្នាំ​នៅ​ក្នុង​សប្ដាហ៍​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ចៅក្រម​នឹង​បន្ត​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង ៥ នាក់​បន្ត​ទៀត តែ​ក្រោយ​មក​ភ្លាម​លោក​បាន​កែតម្រូវ​ថា​ជា​ការ​យល់ច្រឡំ។

លោក​ថ្លែង​ថា៖ «យើង​អញ្ជើញ​មេធាវី​ និង​ជន​ត្រូវ​ចោទ​មក​តុលាការ​ថ្ងៃ​ទី ២៧ ជួប​ចៅក្រម​ដើម្បី​ជម្រាប​ប្រាប់​ពី​នីតិវិធី​នៃ​ការ​ពន្យារ​ការ​ឃុំ​ខ្លួន ហើយ​ការ​សម្រេច​ថា​បន្ត​ឃុំ​ ឬ​មិន​បន្ត​វា​អាស្រ័យ​លើ​ចៅក្រម»។

កាលពី​ពេល​កន្លង​មក​នេះ​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ចាត់ទុក​ថា​ការ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង ៥ នាក់​នោះ​ថា​ជា​ការ​ចាប់​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ហើយ​ទាំង​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទាំង​នោះ​តែ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​របាយការណ៍​កាលពី​ពេល​កន្លង​មក​ដែរ​ថា បទ​ញ៉ាំង​ឲ្យ​សាក្សី​ផ្ដល់​សក្ខីកម្ម​ភូតកុហក​ពោល​គឺ​មិនមែន​ជា​ការ​កាត់​សេចក្ដី​តាម​អំពើ​ចិត្ត​នោះ​ទេ។

ថ្វី​បើ​ជន​ត្រូវ​ចោទ​ទាំង ៥ នាក់​នឹង​ត្រូវ​បាន​ចៅក្រម​សម្រេច​បន្ត​ឃុំ​ខ្លួន​រយៈពេល ៦ ខែ​ទៀត​ក៏ដោយ អ្នក​ទាំង​នេះ​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រកប​ដោយ​កិត្តិនាម​ពី​មូលនិធិម៉ាទីន​អានណល ដែល​លោក​ជា​អតីត​អគ្គលេខាធិការ​នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ ហើយ​រង្វាន់​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ១០ ខែ​តុលា​នៅ​ទីក្រុង​ហ្សឺណែវ (Geneva, Switzerland)។ រង្វាន់​នេះ​សម្រេច​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន ១០។

លោក ប្រែន ឌូលី (Brain Dooley) នៃ​ក្រុម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ថ្លែង​ថា៖ «វា​ជា​ភាព​ក្លាហាន​ដ៏ធំ​មហិមា​សម្រាប់​មនុស្ស​ដូចនេះ​ដែល​ហ៊ាន​ក្រោក​ឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​ព្យាយាម​ធ្វើ​ឲ្យ​បាត់បង់​ការ​រិះគន់ ឬ​បែប​រៀបចំ​ណា​មួយ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ដោយ​ឥត​ឈប់ឈរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ