ភ្នំពេញៈ ចៅក្រម និង​ព្រះរាជ​អាជ្ញា​ចំនួន​ ១៩៥ ​រូប ​ត្រូវបាន​ដំឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ​ទៅ​តាម​កម្រិត​នៃ​សញ្ញាបត្រ ខណៈ​ដែល​ក្រុម​ចៅក្រម និង​ព្រះរាជអាជ្ញា​នៃ​តុលាការ​កម្ពុជា ​ត្រូវ​បាន​គេ​រិះគន់​ថា ធ្វើ​ការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​មាន​អំណាច ដែលមាន​ចៅក្រម និង​ព្រះរាជអាជ្ញា​មួយ​ចំនួន​បាន​សម្រេច​ក្តី​ចម្រូង​ចម្រាស​ ទាក់ទង​នឹង​ករណី​នយោបាយ ដីធ្លី និង ​សិទ្ធិ​មនុស្ស​។

យោង​តាម​ព្រះរាជក្រឹត្យ​ចេញ​ថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ ​២០១៧ ឡាយ​ព្រះ​ហត្ត​លេខា​ដោយ​ព្រះមហាក្សត្រ​សម្តេច នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​ដំឡើង​ថ្នាក់ និង​ ឋានន្តរស័ក្តិ តាម​កម្រិត​សញ្ញាបត្រ ដល់​ចៅក្រម ​១២៣ ​រូប ​នៃ​ក្របខ័ណ្ឌ​ចៅក្រម គឺមាន​វរ​ចៅក្រម និង​ឧត្តម​ចៅក្រម ​២​ រូប ដែល​ក្នុង​នោះ​លោក​ចៅក្រម​ ញាណ សុវណ្ណ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​ចៅក្រម ថ្នាក់​លេខ ៥ មក​ឧត្តម​ចៅក្រម​ថ្នាក់​លេខ​ ៤ និង​លោក​ចៅក្រម ​គឹម រ៉ាវី ត្រូវបាន​ដំឡើង​ឋានន្តរ​ស័ក្តិ​ពី​ឧត្តម​ចៅក្រម​ថ្នាក់​លេខ​ ៦ មក​ឧ​ត្ត​ម​ចៅក្រម ថ្នាក់​លេខ​ ៥ ចំណែកឯ​លោក​ចៅក្រម ​អិន វ៉ានវិបុល ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​វរ​ចៅក្រម ថ្នាក់​លេខ ​២ មក​វរ​ចៅក្រម ថ្នាក់​លេខ​ ១ លោក​ស្រី​ចៅក្រម ពេ​ជ ម៉ា​រ៉ែ​ន ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ពី វរ​ចៅក្រម​ថ្នាក់​លេខ​ ២ មក​វរ​ចៅក្រម ថ្នាក់​លេខ ​១...​។

ជាមួយគ្នានេះ ព្រះរាជអាជ្ញា​ចំនួន​ ៧២ ​រូប​ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរ​ស័ក្តិ​ថ្នាក់​អនុ ព្រះរាជអាជ្ញា វរ​ព្រះរាជអាជ្ញា និង​ឧត្តម​ព្រះរាជអាជ្ញា​ផងដែរ​។

លោក​ស្រី ​ចាត​សូ រស្មី ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​វរ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​ ១ មក​ឧត្តម​ព្រះរាជអាជ្ញា ថ្នាក់​លេខ ​៦ លោក ​អ៊ុំ សុភក្តិ ត្រូវ​បាន​ដំឡើង​ឋានន្តរ​ស័ក្តិ​ពី​វរ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​ ២ មក​វរ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​ ១ លោក ឯក ឆេង​ហួត ត្រូវ​បាន​ដំឡើង​ឋានន្តរ​ស័ក្តិ​ពី​វរ​ព្រះរាជអាជ្ញា ថ្នាក់​លេខ ​២ មក​វរ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​ ១​ លោក​ កែវ សុជាតិ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​វរ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​ ៣ មក​វរ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​ ២...​។

ចៅក្រម​ដែល​សម្រេច​ក្តី​ចម្រូង​ចម្រាស​ហើយ​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ រួម​មាន លោក​ចៅក្រម សេង លាង កាន់​សំណុំ​រឿង​ជួប សម្លាប់ ដែល​ជាប់ចោទ​ពីបទ​បាញ់​សម្លាប់​អ្នក​វិភាគ​លោក​បណ្ឌិត​កែម ឡី ឡើង​ពី​វរ​ចៅក្រម​ថ្នាក់​លេខ ​២ ​មក​វរ​ចៅក្រម​ថ្នាក់​លេខ ​១​។

លោក​ចៅក្រម ឃុន លាង​ម៉េង កាន់​ករណី​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក ករណី​អតីត​សមាជិក​ព្រឹទ្ធសភា​លោក​ហុង សុខ​ហួរ ករណី​អតីត​មេឃុំ ស៊ាង ចែត និង​ករណី​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​លោក ម៉ម សូណង់ដូរ លោក​ចៅក្រម​រូបនេះ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​វរ​ចៅក្រម​ថ្នាក់​លេខ​៣ មក​វរ​ចៅក្រម​ថ្នាក់​លេខ​២​។

លោក ប៉ុល សំអឿន កាន់​សំណុំ​រឿង​សកម្មជន​ដីធ្លី​ដ៏​ល្បី អ្នក​ស្រី​ទេព វណ្ណី ដំឡើង​ពី​វរ​ចៅក្រម​ថ្នាក់​លេខ​ ៣ មក​វរ​ចៅក្រម​ថ្នាក់​លេខ ​២​។

លោក​ ឆាយ ច័ន្ទ​តារា​វណ្ណ កាន់​សំណុំ​រឿង​ករណី​ផ្ទុះ​អាវុធ​នាំ​ឲ្យ​ស្លាប់​មនុស្ស​លើ​ផ្លូវ​វេង​ស្រេង​ត្រូវបាន​ដំឡើង​ពី វរ​ចៅក្រម​ថ្នាក់​លេខ ​៣ មក​វរ​ចៅក្រម​ថ្នាក់​លេខ ២ លោក​រស់ ពិសិដ្ឋ កាន់​សំណុំរឿង​អ្នក​វិភាគ​លោក​គឹម សុខ ករណី​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរី​រដ្ឋា លោក​សម រង្ស៊ី លោក ស៊ុត ឌី​ណា ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​វរ​ចៅក្រម​ថ្នាក់​លេខ​ ៣ មក​វរ​ចៅក្រម​ថ្នាក់​លេខ ​២​។

លោក តាំង ស៊ុន​ឡាយ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ វរ​ចៅក្រម​ថ្នាក់​លេខ ​៣ ត្រូវបាន​ដំឡើង​មក​វរ​ចៅក្រម​ថ្នាក់​លេខ ​២ លោក ​តុប ឈុន​ហេង កាន់​សំណុំរឿង​អតីត​តំណាងរាស្ត្រ​លោក ​អ៊ុំ សំអាន ឧកញ៉ា​ថោង សារ៉ាត់ ដំឡើង​ពី​វរ​ចៅក្រម​ថ្នាក់​លេខ​ ៣ មក​វរ​ចៅក្រម​ថ្នាក់​លេខ​២​។

ចៅក្រម ​គី ឫទ្ធី កាន់​ករណី​កឹម សុខា លោក​គឹម​សុខ ត្រូវបាន​ដំឡើង​ពី​វរ​ចៅក្រម​ថ្នាក់​លេខ​៣ មក​វរ​ចៅក្រម​ថ្នាក់​លេខ​ ២​។

លោក កោ វណ្ឌី កាន់​សំណុំរឿង លោក​មេឃុំ ស៊ាង ចែត លោក ហុង សុខ​ហួរ លោក សម រង្ស៊ី ត្រូវ​បាន​ដំឡើង​ពី​វរ​ចៅក្រម ថ្នាក់​លេខ​៣ មក​វរ​ចៅក្រម​ថ្នាក់​លេខ​ ២​។

លោក​ប្លង់ សំណាង កាន់​ករណី លោក​ហុង សុខ​ហួរ មន្ត្រី​អាដហុក អតីត​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រឆាំង​លោក​មាជ សុវណ្ណារ៉ា អតីត​សមាជិក​ព្រឹទ្ធសភា លោកស្រី​ថាក់ ឡានី លោក​គឹម សុខ ត្រូវ​បាន​ដំឡើង​ពី​អនុ​ចៅក្រម​ថ្នាក់​លេខ​១​មក​វរ​ចៅក្រម​ថ្នាក់​លេខ​៤​។

លី លីប​ម៉េង កាន់​សំណុំ​រឿង​ក្រុមហ៊ុន​ឃុន សៀរ ករណី​លោក ញឹក ប៊ុនឆៃ និង​អង្គរក្ស​លោក ជា ស៊ីម ត្រូវ​បាន​ដំឡើង​ពី​អនុ​ចៅក្រម​ថ្នាក់​លេខ​១ មក​វរ​ចៅក្រម​ថ្នាក់​លេខ​៤​។

ដោយ​ឡែក លោក​ចៅក្រម ​កែវ មុនី ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាន់​សំណុំ​រឿង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក​អង្គ វង្ស​វឌ្ឍនា បានស្នើ​ឲ្យ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ស៊ើបអង្កេត​បន្ទាន់​ចំពោះ​ករណី​មិន​ប្រក្រតី​របស់​ចៅ​ក្រម​រូប​នេះ ពាក់ព័ន្ធ​នឹង​ការ​សាកសួរ​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង​មួយរូប​ដោយ​មិន​មាន​វត្តមាន​មេធាវី​។

ការ​ស៊ើប​អង្កេត​នេះ ធ្វើ​ឡើង បន្ទាប់ពី​មាន​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ស្នើ​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌ ស៊ើប​អង្កេត​ករណី​នេះ ប៉ុន្តែ​ចៅក្រម​កែវ មុនី ត្រូវ​បាន​ដំឡើង ពី​វរ​ចៅក្រម​ថ្នាក់​លេខ​៣ មក​វរ​ចៅក្រម​ថ្នាក់​លេខ​ ២​។

លោក​អ៊ី ឋាវរ កាន់​សំណុំរឿង​លោក កែម ឡី ត្រូវបាន​ដំឡើង​ពី​អនុ​ចៅក្រម​ថ្នាក់​លេខ ២ ទៅជា​អនុ​ចៅ​ក្រម​លេខ​ ១​។

លោក​ ពេជ្រ វិជ្ជាធរ កាន់​សំណុំរឿង អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប ត្រូវ​បាន​ដំឡើង​ពី​អនុ​ចៅក្រម​ថ្នាក់​លេខ ​២ ទៅ​អនុ​ចៅក្រម​ថ្នាក់​លេខ​១​។

លោក​ម៉ែន វណ្ណៈ កាន់​ករណី​អនុប្រធាន​សាលា​ដំបូង​ខេត្តកំពង់ស្ពឺ​បាន​សុំទោស​ក្រឡាបញ្ជី​ជា​ជន​ពិការ​ម្នាក់​ចំពោះ​ការយក​ឈើច្រត់​គ្រវែង​ចោល​ជាការ​លេងសើច​ ​ប៉ុន្តែ​មិនបាន​លើក​ឡើង​ពី​ការ​ចោទ​ប្រកាន់ ត្រូវ​បាន​ដំឡើង​ពី​អនុ​ចៅក្រម​ថ្នាក់​លេខ​ ២ ទៅ​អនុ​ចៅក្រម​លេខ​១​។

លោក ចាន់ ពុទ្ធី​ស័ក្តិ តំណាង​អ្នកភូមិ​ក្នុងភូមិ​១ ដែល​ធ្លាប់​ត្រូវបាន​ចោទ​ប្រកាន់​ក្នុង​រឿង​ដីធ្លី នៅ​តំបន់​បឹង​កក់​និយាយ​ថា វា​គ្មាន​យុត្តិធម៌ សម្រាប់​សកម្មជន​ដីធ្លី សិ​ទិ្ធ​មនុស្ស និង​គណបក្ស​ប្រឆាំង​ទេ ព្រោះ ពួក​គេ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ទោស​ហើយ​ពួកគេ​ត្រូវបាន​ដោះលែង​វិញ​នៅ​ពេល​មាន​សម្ពាធ​អន្តរជាតិ និង​នយោបាយ​ហើយ​បើ​គ្មាន​ការអន្តរាគមន៍​ពី​អន្តរជាតិ​ទេ​គឺ​ពួកគេ​បន្ត​នៅជាប់​ឃុំ​រហូត​។

លោក​បញ្ជាក់ថា​៖ «​ឥឡូវ​ដោយសារ​ស្ថានភាព​នយោបាយ​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ប្រជាជនមាន​ការភ័យខ្លាច ក្នុងការ​ជួបជុំ និង​ការ​បញ្ចេញ​មតិ​ដោយ​សារ​ពួក​គេ​មិន​ទុកចិត្ត​តុលាការ​ដោយ​តុលាការ​ហ្នឹង​មិនអាច​ផ្តល់​យុត្តិធម៌​ជូន​ពួកគេ ការ​តែង​តាំង​នេះ​គឺជា​ការ​លើក​ទឹក​ចិត្ត​បក្ខពួក​ដើម្បី​ឲ្យ​មន្ត្រី​ទាំង​នោះ​ធ្វើការ​តាម​ខ្លួន ​(​នាយករដ្ឋមន្ត្រី​)​ ហើយ​នេះ​ គឺជា​ការ​កៀរគរ​បក្ខពួក​របស់​ខ្លួន​ដើម្បី​ធ្វើ​តាម​ខ្លួន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​បន្ត​ទទួល​នូវ​ភាព​អយុតិ្តធម៌​ដោយ​មិន​ឈរ​នៅលើ​គោលការណ៍​នីតិរដ្ឋ​និង​យុត្តិធម៌ ទោះបីជា​យើង​មាន​ភ័ស្តុតាង និង​សាក្សី​ក៏​នៅតែ​ចាញ់ក្តី​ដែរ​»​។

លោក ​ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​មាន​ប្រសាសន៍​ថា ចៅក្រម​និង​ព្រះរាជ​អាជ្ញា មាន​បី​ថ្នាក់ គឺ​ថ្នាក់​អនុ វរៈ​និង​ឧត្តម ហើយ​រយៈពេល​ ២ ​ឆ្នាំ​ឡើង​មួយ​ថ្នាក់ ហើយ​ថា​ពេល​ដែល​មន្ត្រី​ចូល​ធ្វើ​ការ​ដំបូង​គឺ​ពួក​គាត់​ទទួល​បាន​អនុ​ចៅក្រម​ហើយ​បន្ត​ឡើងទៅ​វរៈ​ចៅក្រម ហើយ​ចុង​ក្រោយ ទៅ​ឧត្តម​ចៅក្រម​។

លោក​ថ្លែងថា​៖ «​គោល​នយោបាយ​មន្ត្រី​រាជការ​នៅ​ពេល​ឡើង​ស័ក្តិ​និង​ថ្នាក់​ប្រាក់​បៀវត្ស​ក៏​ឡើង​ទៅ​តាម​ដែរ​។​នេះ​គឺជា​ការ​លើក​ចិត្ត​របស់​មន្ត្រី​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នរណា​ធ្វើការ​ងារ​បាន​ស្នាដៃ​ល្អ​ទៅ​បាន​ឡើង​ថ្នាក់​និង​ឋានន្តរស័ក្តិ និង​តំណែង​ទៅតាម​ហ្នឹង​ដែរ​»​។

លោក​បន្ថែម​ថា ករណី ដែល​គេ​មិន​ដែល​ឈ្នះ​ក្តី​ដោយ​សារ​ពួក​គេ​ពុំមាន​ភ័ស្តុតាង និង​ការពារ​រឹងមាំ​នៅក្នុង​ការ​តទល់​នៅ​តុលាការ​ហើយ​ទាក់ទង​នឹង​ការ​តែង​តាំង​និង​ឡើង​ឋានន្តរ​ស័ក្តិ​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​តាំងពី​ស្នាដៃ បទ​ពិសោធន៍​ការងារ​និង​សញ្ញាបត្រ​មិន​មែន​ឡើង​តាម​ការ​ស្គាល់​គ្នា​នោះ​ទេ​។

លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ផ្តន្ទាទោស​នៅក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ ជាច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ ថ្លែងថា ការ​ដំឡើង​ឋានៈ​បែប​នេះ​«​បង្ហាញ​អំពី​របៀប​ដែល​តុលាការ​កម្ពុ​ជាមាន​លក្ខ​ណៈ​នយោបាយ​នៅ​ពី​ក្រោយ ថោក និង​គួរ​ឲ្យ​ស្អប់​»​។ «​វា​ធ្វើ​ឲ្យ​តុលាការ​មិនមាន​ភាព​អាច​ជឿ​ជាក់​បាន​។ វា​ជំរុញ​ឲ្យ​ប្រជាជន​បះបោរ​ប្រឆាំង​នឹង​ប្រព័ន្ធ​នេះ​»​។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ ដែល​បានគេច​ចេញពី​ប្រទេស​កម្ពុជា​ដោយសារ​ភ័យខ្លាច​ការ​ចាប់​ខ្លួន ​កាលពី​ខែ តុលា ថ្លែងថា ការដំឡើងឋានៈ​បែបនេះ​កើត​ចេញ​ពី​ប្រព័ន្ធ​«​ផ្តាច់ការ​និង​ពុករលួយ​»​។ «​វា​ជា​ផ្នែក​នៃ​វប្បធម៌​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​មេដឹកនាំ​កំពូល និង​គ្មាន​អ្វី​សង្ស័យ​...»៕ PS