Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ចៅសង្កាត់​ធ្លាក់​ឆ្នោត​មកពី​ CPP ​មិន​ប្រគល់​ការិយាល័យ​ឲ្យ​ CNRP

Content image - Phnom Penh Post
លោក ឈួន ឆាត ចៅសង្កាត់​វាលវង់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ហុង មិនា

ចៅសង្កាត់​ធ្លាក់​ឆ្នោត​មកពី​ CPP ​មិន​ប្រគល់​ការិយាល័យ​ឲ្យ​ CNRP

ភ្នំពេញ: អតីត​ចៅសង្កាត់​មួយ​ចំនួន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​មិន​ផ្ដល់​ការិយាល័យ​ធ្វើការ​ក្នុង​សាលា​សង្កាត់​ទៅ​ឲ្យ​ចៅសង្កាត់​ថ្មី​ដែល​ជា​អ្នក​បន្ត​វេន​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឆ្នោត​កាលពី​ដើម​ខែ​មិថុនា​ហើយ​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​សុពលភាព​ចូល​កាន់​តំណែង​កាលពី​ដើម​សប្ដាហ៍​នេះ​។

រឿង​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​សង្កាត់​វាលវង់​ក្នុង​រាជធានី​ភ្នំពេញ និង​សង្កាត់​លេខ​ ១ ​ក្នុង​ក្រុង​ព្រះសីហនុ​ដែល​ចៅសង្កាត់​ថ្មី​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ភាព​ចម្រូង​ចម្រាស​គ្នា​រឿង​ការិយាល័យ​ធ្វើការ​នេះ​ក្រុម​ប្រឹក្សា​មកពី​គណបក្ស​ទាំង​ពីរ​បាន​អះអាង​ហេតុផល​រៀងៗ​ខ្លួន​ក្នុង​ការ​ទាមទារ តែ​បញ្ហា​នេះ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​​មហាផ្ទៃ​កាលពី​ម្សិលមិញ​មិន​បាន​បង្ហាញ​ពី​នីតិវិធី​ច្បាស់លាស់​ក្នុង​ការ​ផ្ទេរ​អំណាច​ក្រោយ​ការ​បោះឆ្នោត​នោះ​ទេ ដោយ​គ្រាន់​តែ​អះអាង​លើ​ការ​សម្រុះ​សម្រួល​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​។

លោក ឈួន ឆាត ចៅសង្កាត់​វាលវង់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា​ក្រោយពី​ក្រសួង​​មហាផ្ទៃ​ប្រកាស​សុពលភាព​ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​ទី​ ៤ ខែ​កក្កដា​រហូត​ដល់​ពេល​នេះ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ការិយាល័យ​ធ្វើការ​របស់​ចៅសង្កាត់​ចាស់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ហើយ​កំពុង​អង្គុយ​នៅក្នុង​អគារ​សាលា​សង្កាត់​ដែល​មាន​លក្ខណៈ​ជា​ផ្ទះល្វែង​ពី​ខាង​មុខ​បន្ទប់​ការិយាល័យ​ចៅសង្កាត់​ចាស់​ដែល​ធ្លាក់​ឆ្នោត​។

លោក ឆាត ថ្លែង​ថា​៖ «​ខ្ញុំ​មិន​អាច​ចូល​ធ្វើការ​ក្នុង​បន្ទប់​ចៅសង្កាត់​បាន​ទេ​ដោយ​ថា​ចៅសង្កាត់​ចាស់​មិន​យល់​ព្រម​។ ខ្ញុំ​បាន​ជជែក​ជាមួយ​ចៅសង្កាត់​ចាស់​ពី​ការ​រើ​បន្ទប់​នេះ​ដែរ តែ​ចៅសង្កាត់​ចាស់​ដែល​បច្ចុប្បន្ន​ជា​ចៅសង្កាត់​រង​ទី​ ២ ​មិន​យល់​ព្រម និង​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​អង្គុយ​នៅ​បន្ទប់​ឡៅតឿ ឬ​ក៏​បន្ទប់​មួយ​ផ្សេង​ទៀត​ដែល​គ្មាន​តុ​ ឬ​កៅអី​នោះ​»​។

លោក ហេង ស៊ាងលាង ចៅសង្កាត់រង​ទី​ ១ ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​បាន​ថ្លែង​ថា​ចៅសង្កាត់​ចាស់ លោកស្រី កែវ សកល បច្ចុប្បន្ន​ជា​ចៅសង្កាត់​រង​ទី​ ២ គាត់​មិន​យល់​ព្រម​ចាកចេញ​ពី​បន្ទប់​ចៅសង្កាត់​ហើយ​ទាមទារ​បន្ត​នៅ​​អង្គុយ​ក្នុង​បន្ទប់​នោះ​ដដែល​ដោយ​បាន​ស្នើ​ឲ្យ​ចៅ​សង្កាត់​ថ្មី​ទៅ​អង្គុយ​ធ្វើការ​នៅ​បន្ទប់​ផ្សេង​មួយ​ទៀត​។

លោក ស៊ាងលាង ថ្លែង​ថា​៖ «​គាត់​ថា​គាត់​មិន​រើ​ចេញ​ទេ ព្រោះ​គាត់​បាន​ធ្វើការ​នៅ​ក្នុង​ហ្នឹង​តាំងពី​យូរយារ​ណាស់​មក​ហើយ​...​គាត់​ថា​យើង​ថ្មី​អ៊ីចឹង​ឲ្យ​រៀបចំ​ថ្មី​ទៅ តែ​វា​ជា​កន្លែង​តូច​ចង្អៀត មិន​សម​កន្លែង​ចៅសង្កាត់ ពេល​មាន​ប្រជាពលរដ្ឋ​មក​គាត់​ត្រូវ​ចូល​ក្នុង​ពិភាក្សា​ការងារ ពេល​ឲ្យ​ទៅ​កន្លែង​ទទឹង​ពីរ​ម៉ែត្រ បណ្តោយ​ពីរ​ម៉ែត្រ​កន្លះ​តើ​ធ្វើ​ម៉េច​បើ​ដាក់​តែ​តុ​មួយ​ចង្អៀត​ហ្នឹង​...​បើ​សិន​ជា​គាត់​នៅ​តែ​អត់​ចេញ​យើង​នឹង​ធ្វើ​លិខិត​ទៅ​រាជធានី ឬ​ក៏​ខណ្ឌ​ដើម្បី​ឲ្យ​ពួកគាត់​ជួយ​»​។

លោកស្រី កែវ សកល បាន​ថ្លែង​ថា​បន្ទប់​ដែល​លោកស្រី​កំពុង​ប្រើប្រាស់​នេះ​កាល​មុន​ឆ្នាំ​ ២០០២ ជា​បន្ទប់​របស់​ចៅសង្កាត់​រង​ទី​ ១ និង​ទី​ ២ ទី​ ៣ ​នោះ​ទេ ដែល​ពេល​នោះ​លោកស្រី​ជា​ចៅសង្កាត់​រង​ទី​ ២ ​។ លុះ​ដល់​ឆ្នាំ​ ២០០២ លោកស្រី​បាន​ជាប់​ឆ្នោត​ជា​ចៅសង្កាត់ ហើយ​ក៏​មិន​បាន​ប្តូរ​ទៅ​ធ្វើការ​នៅ​បន្ទប់​ចៅសង្កាត់​ចាស់​នោះ​ដែរ​ដោយ​បន្ត​អង្គុយ​នៅ​បន្ទប់​ដដែល​ក្នុង​នាម​ជា​ចៅសង្កាត់​។

លោកស្រី សកល ថ្លែង​ថា​៖ «​បើ​ថ្នាក់​លើ​គាត់​ចុះ​មក​ឃើញ​ហើយ​គាត់​គិត​ថា​សំណូមពរ​ខ្ញុំ​មិន​ត្រឹមត្រូវ សំណូមពរ​គេ​ត្រឹមត្រូវ​ជាង​ក៏​តាម​ហ្នឹង តែ​ខ្ញុំ​យល់​ថា​អាច​វាយ​ទម្លាយ​ជញ្ជាំង​ហើយ​នៅ​រួម​គ្នា​ទាំង​បី​នាក់ ចៅសង្កាត់ ចៅ​រង​ទី​ ១ និង​ចៅរង​ទី​ ២»​។

ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​លោក អ៊ុក ចេត្តនី ចៅសង្កាត់ សង្កាត់​លេខ​ ១ ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​អះអាង​ថា​មិន​ទាន់​បាន​ចូល​អង្គុយ​ធ្វើការ​ក្នុង​បន្ទប់​ចៅសង្កាត់​ដែរ ដោយ​ចៅសង្កាត់​ចាស់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​យល់ព្រម​រើ​ចេញ​ពី​បន្ទប់​នោះ​នៅ​ឡើយ​។

លោក ចេត្តនី ថ្លែង​ថា​៖ «​ដោយសារ​ប្រជាពលរដ្ឋ​គាត់​ស្គាល់​បន្ទប់​ចាស់​ហ្នឹង​ជា​បន្ទប់​ចៅសង្កាត់ ហើយ​យើង​ក៏​​សម្រេច​យក​បន្ទប់​ចៅសង្កាត់​ចាស់​មក​ធ្វើ​ជា​បន្ទប់​ចៅ​សង្កាត់​ថ្មី​តែ​គាត់​អត់​ព្រម​ឲ្យ​ដោយ​គាត់​ថា បន្ទប់​ហ្នឹង​ជា​បន្ទប់​គាត់​មក​យូរហើយ និង​មួយ​ទៀត​ថា​ឯកសារ​ដីធ្លី​មិន​ទាន់​ដោះស្រាយ​រួច​របស់​គាត់​នៅ​ពេញ គាត់​មិន​អាច​ឲ្យ​បាន​ទេ​»​។

លោក​ថា​ស្មៀន​សង្កាត់​​កំពុង​រៀបចំ​របាយការណ៍​ពី​ករណី​នេះ​ដើម្បី​ដាក់​ទៅ​កាន់​សាលាខេត្ត​កាលពី​ម្សិលមិញ​។ ​

លោក ឈិត សុផាត អតីត​ចៅសង្កាត់ សង្កាត់​លេខ​ ១ បាន​ថ្លែង​ថា​សាលា​សង្កាត់​បាន​កសាង​ឡើង​ដោយ​ធ្វើ​បន្ទប់​ធ្វើការ​ប៉ុនៗ​គ្នា​ទាំងអស់​គឺ​ស្មៀន​មួយ​បន្ទប់ ចៅសង្កាត់​មួយ​បន្ទប់ ចៅសង្កាត់រង​ទី​ ១ ទី ​២ ​មួយ​បន្ទប់​។

លោក​ សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​មិន​ទាន់​បាន​ទទួល​របាយការណ៍​ទាក់ទង​នឹង​ករណី​ការ​ដោះដូរ​បន្ទប់​ធ្វើការ​របស់​ចៅសង្កាត់​ថ្មី​នៅ​ឡើយ​ទេ​។

ទោះបី​យ៉ាង​ណា​ លោក​បញ្ជាក់​ថា ​ករណី​បែប​នេះ​ក្រុម​ប្រឹក្សាឃុំ សង្កាត់​អាច​ប្រជុំ​ពិភាក្សា​ផ្ទៃក្នុង​គ្នា​បាន​ដោយ​ទុក​ឲ្យ​ពួកគាត់​សម្របសម្រួល​គ្នា​នៅ​មូលដ្ឋាន បើ​មាន​ការ​អី​ចាំ​គាត់​រាយការណ៍​ឡើង​មក​លើ នេះ​ជា​លទ្ធិប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​គាត់ សម្រប​សម្រួល​គ្នា​ទៅ​។

លោក សេដ្ឋា ថ្លែង​ថា​៖ «​ការ​អន្តរាគមន៍​ពី​ថ្នាក់ជាតិ​ទៅ​ល្គឹក​ណា​តែ​ពួកគាត់​ដោះ​មិន​ចេញ អាហ្នឹង​វា​មាន​គ្រប់​តែ​ប្រទេស​ហ្នឹង​មិនមែន​មាន​តែ​យើង​ទេ ទុក​លទ្ធភាព​ឲ្យ​អ្នក​នយោបាយ​មូលដ្ឋាន​គាត់​ចេះ​សម្របសម្រួល​គ្នា​ទៅ គាត់​ចេះ វា​ជា​មធ្យោបាយ​ពង្រឹង​ការងារ​ជា​ក្រុម​»​។

លោក សំ គន្ធាមី នាយកប្រតិបត្តិ​អង្គការ​និចហ្វិក​បាន​ថ្លែង​ថា​មេឃុំ​ជាប់​ឆ្នោត​ថ្មី​មាន​សិទ្ធិ​ក្នុង​ការ​រៀបចំ​ការិយាល័យ​សម្រាប់​ដំណើរ​ប្រតិបត្តិការ​ឃុំ សង្កាត់​។

លោក គន្ធាមី ថ្លែង​ថា​៖ «​សាលាឃុំ​គឺជា​អគារ​របស់​រដ្ឋ វា​ត្រូវ​តែ​ប្រគល់​ទៅ​ឲ្យ​អ្នក​ជាប់ឆ្នោត​ជា​ចៅសង្កាត់​ថ្មី​ចាត់ចែង មិនមែន​ជា​របស់​ឯកជន​ទេ មិន​ត្រូវ​ក្រាញ​ទេ ឲ្យ​អ្នក​ថ្មី​គេ​រៀបចំ​ការិយាល័យ​ទៅ​»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ