ភ្នំពេញៈរបាយការណ៍​មួយ ​​របស់​​​នគរ​បាល​ជាតិ​ កាល​ពី​ថ្ងៃ​ទី ៦​​ ខែ​កុម្ភៈ​ ស្តីពី​បញ្ហា​ព្រំ​ដែន​​ បាន​បង្ហាញ​ថា ​ប្រទេស​ថៃ​ គឺ​ជា​​អ្នក​រំលោភ​បំពាន​ទូទៅ​​​ច្រើន​បំផុត​​ ក្នុង​ចំណោម​ប្រទេស​​ជិត​ខាង​របស់​កម្ពុជា​​ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​​នគរ​បាល​ជាតិ​​បាន​ថ្លែង​​នៅ​ថ្ងៃ​ទី ៧ ខែ​កុម្ភៈថា ​​ជា​ទូទៅ​ស្ថាន​ភាព​នេះ​​គឺ ​«​​ធម្មតា​»។

របាយការណ៍​បង្ហាញ​ថា ចំនួន​ការ​​រំលោ​ភ​បំពាន​​ លើ​​ទឹក​ដី​កម្ពុជា ​​និង​ព្រំ​ដែន​សមុទ្រ​​ ព្រម​ទាំង​​ព្រំ​ដែន​អាកាស​សម្រាប់​ឆ្នាំ​ ២០១៧ ​​ត្រូវ​បាន​កត់​ត្រា​ថា​​​ មាន​ចំនួន​ ៣៨៨​ ករណី​។ ​​ក្នុង​ចំណោម​ករណី​ទាំងនោះ ​​មាន​ចំនួន​ ៣៦៥ ​ករណី​ ​ដែល​ជា​ករណី​ភាគ​ច្រើន​បំផុត​​ ត្រូវ​បាន​រំលោភ​ដោយ​ប្រទេស​ថៃ​​ ​បន្ទាប់​មក​ ១៥ ​ករណី​ដោយ​ប្រទេស​វៀត​ណាម និង ​៨ ​ករណី​ដោយ​ប្រទេស​ឡាវ។

​អ្នក​នាំ​ពាក្យ​នគរ​បាលជាតិ លោក គៀត ចាន់​ថារិទ្ធ ​បាន​ថ្លែង​នៅ​ថ្ងៃ​ទី ​៧ ខែ​កុម្ភៈ​ថា៖ «​​យើងបាន​ឃើញ​​កន្លង​មក​ថា ភាគ​ច្រើន​បំផុត​ គឺ​ប្រទេស​​ថៃ​ដែល​បាន​​ហោះ​ត្រូន ​[ចូល​មក​ក្នុង​ដែន​អាកាស​របស់​កម្ពុជា​] ​និង​ចង់​មើល​​អំពី​ស្ថាន​ភាព​ដោយ​សារ​[ពួក​គេ​]ភ័យ​ខ្លាច​​​មាន​បញ្ហា​ណា​មួយ​​ ​ឬ​ដើម្បី​ឃ្លាំ​មើល​យើង​»។ ​

លោក​បាន​បន្ត​ថា​ ​សកម្ម​ភាព​បែប​នេះ​«​​ជា​ធម្មតា​នៅ​តាម​ព្រំ​ដែន​»​ ប៉ុន្តែ​​នៅ​ពេល​​យន្ត​ហោះ​ត្រូន​​ចូល​មក​ក្នុង​​ដែន​ដី​កម្ពុជា​ ​វា​នឹង​ត្រូវ​កត់​ត្រា​ថា ​រំលោភ​បំពាន​។ ​លោក​បន្ត​ថា​ ជួន​កាល​ ករណី​ពាក់​ព័ន្ធ​នឹង​កម្លាំង​ប្រដាប់​អាវុធ​ព្រំ​ដែន​ថៃ​​ ដែល​ដាក់​លួស​​បន្លា​​តាម​ព្រំ​ដែន​​ ហើយ​​​​យូរ​ៗ​ម្តង​​ ឆ្លង​ចូលមក​ដី​កម្ពុជា​។

លោក​បាន​កត់​សម្គាល់​ថា ​ករណី​​បែប​នេះ​ គណៈ​កម្មាធិការ​ព្រំ​ដែន ​នឹងកែ​តម្រូវ​ស្ថានភាព​នេះ​។ ​លោក​បាន​ថ្លែង​បន្ត​ថា​៖ «​​យើង​មិន​ខ្វល់​អំពី​បញ្ហា​តូច​ ​វា​អាច​ក្លាយ​ជា​បញ្ហា​មួយ​ទៀត ​ដែល​យើង​​យល់​ថា​ ពិបាក​ដោះ​ស្រាយ​នា​ពេល​អនាគត​»៕ PS