ភ្នំពេញៈ បុរស​វ័យ​ចំណាស់​ជាតិ​អូស្ត្រាលី​ម្នាក់​កាលពី​ម្សិលមិញ​បាន​ទទូច​សុំ​ចៅក្រម​តុលាការ​កំពូល​នៅ​ក្រៅ​ឃុំ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​យន្តហោះ​ដ្រូន​កាលពី​ឆ្នាំ​មុន​ជា​ករណី​ដែល​រង​ការ​ចោទ​ថា​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ធ្វើ​បដិវត្តន៍​ពណ៌​។

ក្នុង​សវនាការ​ដែល​មាន​ចៅក្រម​ជំនុំ​ជម្រះ​​ ៥ ​រូប​ដឹកនាំ​ដោយ​លោក​ចៅក្រម​ ស៊ឹង បញ្ញាវុឌ្ឍ ​បាន​ប្រាប់​ជន​ត្រូវ​ចោទ​តាមរយៈ​អ្នក​បកប្រែ​ថា​៖ «​តុលាការ​កំពូល​បើក​សវនាការ​ជំនុំជម្រះ​ថ្ងៃ​នេះ​គឺជា​ការ​ជម្រះ​សំណុំ​រឿង​មុន​អង្គ​សេចក្តី ព្រោះ​ជា​ការ​ជម្រះ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​»​។

លោក JAMES STANIFORTH RICKETSON អាយុ​ ៦៨ ​ឆ្នាំ​ដែល​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​បំភ្លឺ​នោះ​បាន​ឆ្លើយ​ថា​នៅ​ថ្ងៃ​ទី​ ៣ ខែ​មិថុនា​ឆ្នាំ​មុន​លោក​បាន​បង្ហោះ​យន្តហោះ​ដ្រូន​ហើយ​ ២ ​ថ្ងៃ​ក្រោយ​មក​ក៏​ត្រូវ​នគរបាល​ឃាត់​ខ្លួន និង​នាំ​ទៅ​បន្ទប់​ជួល​ហើយ​រឹបអូស​សម្ភារ​លោក​មាន​ទូរស័ព្ទ​ ៤ ​គ្រឿង កុំព្យូទ័រ និង​ម៉ាស៊ីន​ថត​អស់​។ លុះ​ដល់​ថ្ងៃ​ ៥ មិថុនា សមត្ថកិច្ច​ប្រាប់​លោក​ថា​ធ្វើ​ខុស​ច្បាប់​កម្ពុជា​។

លោក​ RICKETSON ​បន្ត​ថា​ក្នុង​រឿង​នេះ​លោក​បាន​សួរ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អំពី​ភ័ស្តុតាង​ដែរ ដែល​លោក​ថា​ហោច​ណាស់​ក៏​ត្រូវ​យោង​លើ​រដ្ឋធម្មនុញ្ញ​ ១ ​ឬ​នីតិវិធី​ព្រហ្មទណ្ឌ​ដែរ តែ​នោះ​អត់​ទេ ហើយ​លោក​យល់​ថា​ជា​ការ​ចោទ​ភាន់​ច្រឡំ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ប៉ូលិស​ជឿ​ថា​ខ្ញុំ​មាន​កំហុស តែ​ខ្ញុំ​ទាមទារ​បញ្ជាក់​ពី​ភ័ស្តុតាង​ដល់​ខ្ញុំ តែ​ប៉ូលិស​មិន​បង្ហាញ​ទេ​។ បន្ទាប់​មក​ក៏​លេច​មុខ​ខ្ញុំ​តាម​ទូរទស្សន៍​រដ្ឋាភិបាល​ចោទ​ខ្ញុំ​ទាក់ទង​នឹង​គណបក្ស​សង្គ្រោះជាតិ និង​ការ​ធ្វើ​បដិវត្តន៍​ពណ៌​។ ​ត្រង់​នេះ​ឯង​ថា​ខ្ញុំ​ខុស​ច្បាប់​។ ​ខ្ញុំ​ជឿ​ថា​កំហុស​ខ្ញុំ​គឺ​ត្រង់​ខ្ញុំ​បង្ហោះ​យន្តហោះ​ដ្រូន​មិន​បាន​សុំ​ច្បាប់​ជា​មុន​។

លោក​ RICKETSON ​បន្ត​ថា​៖ «​បើ​ខាង​ចៅក្រម​ស៊ើបសួរ​ចោទ​ខ្ញុំ​សូម​ឲ្យ​ធ្វើ​សវនាការ​ជា​សាធារណៈ​ដោយ​មាន​អ្នកកាសែត​ចូលរួម ហើយ​ខ្ញុំ​មាន​សិទ្ធិ​ការពារ​ខ្លួន​ហើយ​បើ​គ្មាន​ភ័ស្តុតាង​ទេ​សូម​ដោះលែង​ខ្ញុំ​វិញ​។ ​ខ្ញុំ​មិន​អាច​ចេញ​ពី​កម្ពុជា​រួច​ទេ ព្រោះ​សម្ភារ​ថត​ភាពយន្ត​ខ្ញុំ​មាន​តម្លៃ​ប្រហែល​ ៥ ​ម៉ឺន​ដុល្លារ​ហើយ​ខ្ញុំ​មាន​កូន​ធម៌​ជា​ទីស្រឡាញ់​ខ្ញុំ​នៅ​កម្ពុជា​ទៀត​»​។

លោក​អគ្គព្រះរាជអាជ្ញារង​ ឈួន ចាន់ថា តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ជន​ត្រូវ​ចោទ​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ចោទ​ពី​បទ​ប្រមូលផ្តុំ​ព័ត៌មាន​ធ្វើឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​តាម​មាត្រា​ ៤៤៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​មាត្រា​ ២០៥ ​ហើយ​ការ​សម្រេច​មិន​ឲ្យ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​ជា​ការ​ត្រឹមត្រូវ​ហើយ​។ ​កាលណា​ឲ្យ​នៅ​ក្រៅ​ឃុំ​អាច​ប៉ះពាល់​ដល់​នីតិវិធី​ស៊ើបអង្កេត​»​។

ទោះ​យ៉ាង​ណា​លោកស្រី ពឹង យក់ហៀប មេធាវី​ការពារ​សិទ្ធិ​ជន​ត្រូវ​ចោទ​សន្និដ្ឋាន​ថា​កូន​ក្តី​លោកស្រី​ពេល​នគរបាល​សួរ​គ្មាន​មេធាវី​ទេ​។ លោកស្រី​ថា បើ​នៅ​ក្រៅ​ឃុំ​គាត់​មិន​បង្ក​បទល្មើស និង​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ទេ​។ ​ដូច្នេះ​សូម​តុលាការ​បង្វិល​សំណុំ​រឿង​ទៅ​ឧទ្ធរណ៍​ជម្រះ​ឡើង​វិញ​។

ប្រសិន​បើ​រកឃើញ​កំហុស​ដូច​ការ​ចោទ​មែន​នោះ​លោក JAMES STANIFORTH RICKETSON ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​។

ក្រោយ​ជំនុំជម្រះ​លោក ចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ថ្លែងថា​សាលដីកា​នៃ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ១៧ ខែ​មករា ខាង​មុខ ៕