សៀមរាបៈ ជនបរទេស ២ នាក់ទៀតដែលពាក់ព័ន្ធនឹងការរាំបែបអាសអាភាសនៅក្រុងសៀមរាបត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និងត្រូវបានបណ្ដេញចេញពីកម្ពុជាកាលពីថ្ងៃទី ១៣ កុម្ភៈ បន្ទាប់ពីពួកគេ ៧ នាក់ត្រូវបានដោះលែងក្រោមលក្ខខណ្ឌដូចគ្នាកាលពីសប្ដាហ៍មុន។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបលោក យិន ស្រាង មិនបានបញ្ជាក់លម្អិតពីករណីដោះលែងអ្នកទាំង ២ នាក់ទេដោយគ្រាន់តែប្រាប់ថាចៅក្រមស៊ើបសួរ លោក ឆែ វិរៈ ជាអ្នកសម្រេចដោះលែង។
គិតទាំង ២ នាក់នេះទៀតគឺមានជនបរទេស ៩ នាក់ហើយដែលត្រូវបានប្រាប់ឲ្យចាកចេញពីកម្ពុជាក្នុងចំណោមពួកគេ ១០ នាក់ដែលត្រូវបានចាប់ខ្លួនទាក់ទិននឹងបទចោទថា «ផលិតរូបភាពអាសអាភាស» កាលពីថ្ងៃទី ២៥ ខែមករាឆ្នាំនេះនៅភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
មេធាវីការពារក្តីឲ្យបរទេសទាំង ១០ នាក់លោក អ៊ូច សុភត្រា បានថ្លែងថា កូនក្តីលោក ២ នាក់ដែលទទួលបានការដោះលែងឲ្យនៅក្រៅឃុំនោះមានសញ្ជាតិន័រវែស និងហូឡង់។ ពួកគេបានត្រឡប់ទៅប្រទេសគេវិញតាំងពីថ្ងៃ ១៣ កុម្ភៈ ម្ល៉េះ។
លោកថា៖ «ដូច្នេះកូនក្តីរបស់ខ្ញុំនៅឃុំខ្លួនឯពន្ធនាគារគឺសល់តែម្នាក់ប៉ុណ្ណោះ» និងថា ការទទួលបានការដោះលែងនេះ ដោយសារលោកដាក់ពាក្យសុំនៅក្រៅឃុំឲ្យពួកគេកាលពីថ្ងៃទី ៨ ខែកុម្ភៈ។
លោកបន្តថា៖ «ជនបរទេសម្នាក់ទៀតជាតិអង់គ្លេស យើងអត់ដាក់សុំក្រៅឃុំ ដោយសារឯកសារបញ្ជាក់ថា គាត់ជាអ្នកចាត់ចែងរៀបចំពិធីជប់លៀង។ អ៊ីចឹង ទោះយើងសុំឲ្យគាត់ក៏គេ [តុលាការ] មិនព្រមដែរ»។
មិនមានព័ត៌មានបញ្ជាក់ពីដំណើរការជំនុំជម្រះនៃសំណុំរឿងក្ដីនេះថានឹងបើកសវនាការនៅពេលណានោះទេ។
កាលពីថ្ងៃទី ២៥ ខែមករា ជនបរទេស ៨៧ នាក់ត្រូវបានឃាត់ខ្លួនដោយសារពួកគេបានប្រមូលផ្តុំគ្នារៀបចំពិធីជប់លៀងដែលអាជ្ញាធរថា «រាំបែបអាសអាភាស» ហើយបានអប់រំជនទាំងនោះចំនួន ៧៧ នាក់រួចឲ្យត្រឡប់ទៅវិញ ប៉ុន្តែ ១០ នាក់ដែលសង្ស័យថា ជាអ្នករៀបចំកម្មវិធីត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត។
តាមរយៈសារព័ត៌មាន iheartradio ជនជាតិកាណាដាម្នាក់ក្នុងចំណោម ៧ នាក់ដំបូងដែលបានទៅដល់ប្រទេសរបស់ពួកគេ បានថ្លែងថាពួកគេមិនបានដឹង ហើយមិនបានគិតថាការចូលរួមក្នុងពិធីជប់លៀងស្លៀកពាក់ប៊ីគីនីធ្វើឲ្យប៉ះពាល់ដល់វប្បធម៌កម្ពុជាឡើយ។
ពួកគេបានបដិសេធថា ពួកគេមិនបានចូលរួមក្នុងការផលិតរូបភាពអាសអាភាស ដូចការចុះផ្សាយនោះឡើយ៕