ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​បុរស​ជាប់​ចោទ​ម្នាក់​ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​អតីត​ប្រពន្ធ​របស់​ខ្លួន​នៅ​ភូមិ​ត្រពាំង​ព្រីង ស្រុក-ខេត្ត ស្ទឹងត្រែង​កាលពី​ឆ្នាំ​ ២០១៥ ដែល​រឿង​នេះ​ត្រូវ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​ ១ ​ជីវិត​។

តាម​កំណត់​ហេតុ​នគរបាល​យុត្តិធម៌​ខេត្ត​បង្ហាញ​ថា​ជន​ជាប់ចោទ​ឈ្មោះ តូ វីសែល អាយុ ២៧ ឆ្នាំ​បាន​លែងលះ​ជាមួយ​ប្រពន្ធ​ឈ្មោះ រស្មី ស្រីខួច អាយុ​ ២១ ​ឆ្នាំ​ដល់​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង​ស្រេច​បាច់​ហើយ​។ ​ប៉ុន្តែ​រំលង​បាន​ជាង ១ ឆ្នាំ​នៅ​ថ្ងៃ​ទី​ ៧ ខែ​មីនា​ឆ្នាំ​ ២០១៥ ជន​ជាប់ចោទ​ដែល​ទៅ​នៅ​ខេត្ត​រតនគិរី​បាន​មក​ខេត្ត​ស្ទឹងត្រែង​វិញ​។

ពេល​មក​ដល់​ភូមិ​ឃុំ​ខាង​លើ ជន​ជាប់ចោទ​បាន​ឃើញ​ស្ត្រី​អតីត​ប្រពន្ធ​កំពុង​និយាយ​ទូរស័ព្ទ​ជាមួយ​បុរស​ម្នាក់ ពេល​នោះ​ជន​ជាប់ចោទ​បាន​ដក​កាំភ្លើង​ម៉ាក​ឡុក​បាញ់​សំដៅ​នារី​រងគ្រោះ​ចំនួន​ ៧ ​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ហើយ​រត់​គេច​ខ្លួន​។ កំណត់​ហេតុ​បង្ហាញ​បន្ត​ថា​ក្រោយ​ពី​ជន​ជាប់ចោទ​គេច​ខ្លួន​ទៅ​ខេត្ត​រតនគិរី​បាន​ប៉ុន្មាន​ថ្ងៃ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​ ១០ ខែ​ឆ្នាំ​ដដែល​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃ​ទី​ ១៦ ​ខែ​ធ្នូ ឆ្នាំ​ ២០១៥ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ១ ​ជីវិត​ពី​បទ​ «​ឃាតកម្ម​គិត​ទុក​ជា​មុន​» ​តាម​បញ្ញត្តិ​មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​។

រឿង​នេះ​ជន​ជាប់ចោទ​មិន​សុខ​ចិត្ត​ប្តឹង​មក​សាលា​ឧទ្ធរណ៍​ហើយ​ត្រូវ​សាលាឧទ្ធរណ៍​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​ ២២ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៦ ដោយ​កែប្រែ​ពី​ជាប់​ពន្ធនាគារ​ ១ ​ជីវិត​មក​ជាប់​ពន្ធនាគារ ២៥ ​ឆ្នាំ​វិញ​។

នៅ​ក្នុង​បន្ទប់​សវនាការ​ពី​​ម្សិលមិញ​ជន​ជាប់ចោទ​ឆ្លើយ​ប្រាប់​ចៅក្រម​ថា៖ «​ខ្ញុំ​សម្លាប់​ប្រពន្ធ​ខ្ញុំ ព្រោះ​ខ្ញុំ​ខឹង​គាត់​និយាយ​ទូរស័ព្ទ​ជាមួយ​មនុស្ស​ប្រុស ហើយ​ខ្ញុំ​ប្រចណ្ឌ​គាត់​។ សូម​តុលាការ​បន្ថយ​ទោស​ដល់​ខ្ញុំ​ផង ខ្ញុំ​ពិត​ជា​ដឹង​កំហុស​ហើយ​»​។

ទោះ​យ៉ាង​ណា​លោកស្រី​ចៅក្រម គឹម សត្ថាវី ប្រាប់​ទៅ​ជន​ជាប់ចោទ​ថា​៖ «​បើ​ពិនិត្យ​មើល​ពី​អំពើ​របស់​លោក​គឺ​សាហាវ​ព្រោះ​យក​កាំភ្លើង​ពី​ខេត្ត​រតនគិរី​មក​បាញ់​គេ​។ ការ​ដែល​ឧទ្ធរណ៍​បន្ថយ​ទោស​មក​នៅ ២៥ ឆ្នាំ​ក៏​ព្រោះ​យល់​ថា លោក​មាន​កូន​ស្រី​អាយុ ៦ ឆ្នាំ​ដើម្បី​ឆាប់​បាន​ចេញ​ទៅ​វិញ​ចិញ្ចឹម​កូន​»​។

លោក​ព្រះរាជអាជ្ញា ចាន់ តារារស្មី តំណាង​មហាអយ្យការ សន្និដ្ឋាន​ថា​ក្រោយ​ពិចារណា​លើ​អង្គហេតុ​ និង​ការ​សារភាព​របស់​ជន​ជាប់ចោទ​លោក​យល់​ថា​៖ «​ការ​ដែល​សាលា​ឧទ្ធរណ៍​បន្ថយទោស​នៅ​ត្រឹម​ ២៥ ​ឆ្នាំ​ល្មម​ហើយ ខ្ញុំ​យល់​ថា​មិន​គប្បី​សម្រាល​ទោស​ទេ និង​សូម​តម្កល់​សាលក្រម​នៅ​ដដែល​»​។

លោក អ៊ី ចំរើន មេធាវី​ការពារ​សិទ្ធិ​ជន​ជាប់ចោទ​សន្និដ្ឋាន​ថា​ទង្វើ​កូនក្តី​លោក​នេះ​កើត​ចេញ​ពី​ការ​ប្រចណ្ឌ​ ប៉ុន្តែ​កូនក្តី​លោក​ភ្ញាក់​រឭក​ចូល​សារភាព​។ «​សូម​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បង្វិល​សំណុំ​រឿង​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ជម្រះ​ឡើង​វិញ និង​ប្តូរ​ពី​មាត្រា ២០០ មក​មាត្រា ១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​វិញ​»​។

ក្រោយ​ជំនុំជម្រះ​លោកស្រី​ចៅក្រម គឹម សត្ថាវី ថ្លែង​ថា​សាលដីកា​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ ១០ មករា​៕