មណ្ឌល​គិរីៈ ជនសង្ស័យ ៦ ​នាក់​ ដែល​ពាក់ព័ន្ធ​នឹង​ការពួន​ស្ទាក់​​បាញ់​សម្លាប់​អ្នក​ការ​ពារ និង​អភិរក្ស​ព្រៃឈើ​ ចំនួន ៣​នាក់​នៅ​ស្រុក​អូរ​រាំង ខេត្ត​មណ្ឌល​គិរី​ ត្រូវ​បាន​បញ្ជូន​ទៅ​​​ឃុំ​ខ្លួន​ នៅ​​ពន្ធនាគារ​ខេត្ត​មណ្ឌល​គិរី​​ កាល​ពី​ម្សិល​មិញ បន្ទាប់​ពីចៅ​ក្រម​ស៊ើប​សួរ​ បាន​សម្រេច​​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​​សម​គំនិត និងពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​។

លោក មាស ប្រុស​ ​អ្នក​នាំពាក្យ​​សាលា​ដំបូង​ខេត្ត​​មណ្ឌល​គិរី​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា ឈ្មោះ​ ផល​ ពេញ មេប៉ុ​ស្ដិ៍​អូរ​លែ និង​ឈ្មោះ កើត វេហា ជា​ទាហាន​ការ​ពារ​ព្រំដែន ត្រូវ​បាន​ចោទ​ពីបទ​ឃាតកម្ម​គិត​ទុកជា​មុន ​​និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់។ ឈ្មោះ កើត វេតា មេ​បញ្ជា​ការ​កង​អនុសេនាតូច​លេខ​​ ៣ និង​ឈ្មោះ ​ណាង វ៉ាន់​និត​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត ​ក្នុង​បទ​ល្មើស​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង ​ឈ្មោះ​ ទន​ ធារ៉ា នគរ​បាល​ប៉ុស្ដិ៍​អូរ​រលែ និង​ឈ្មោះ ឡាយ សាវី មេ​បញ្ជា​ការ​រង​កង​អនុ​សេនា​តូចលេខ​​ ៣ បទ​ធ្វើ​អន្តរា​គមន៍និង​ផ្តល់​ការ​អនុ​ញាតដោយ​ផ្ទាល់​ ក្នុង​បទ​ល្មើស​ព្រៃ​ឈើ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖«តុលាការ​យើង ​បាន​សម្រេច​ឃុំខ្លួន​ទាំង​ ៦​ នាក់។ ឈ្មោះ​ ផល​ ពេញ និង ឈ្មោះ កើត វេហា ​ត្រូវ​បាន​ចោទ​ពីបទ​ឃាតកម្ម​គិត​ទុក​ជា​មុន​និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ ក្នុង​មាត្រាទី​ ២០០​ នៃ​ក្រម​ព្រហ្មទណ្ឌ​និង​មាត្រា​ទី ២០ នៃ​ច្បាប់ ការ​គ្រប់​គ្រង​អាវុធ ចំណែក ឈ្មោះ កើត វេតា ​និង​ណាង វ៉ាន់​និត ​ផ្តល់​ជំនួយ​ដល់ចារី​ លុបបំបាត់​វត្ថុ​តាង…ផល ពេញ​និង​ឈ្មោះ​កើត វេហា​បាន​ប្រើប្រាស់​អាវុធ​ពី​រ​ដើម​ ​ដើម្បី​បាញ់​ប្រហារ»។

លោក​បាន​បន្ថែម​ថា៖«ឈ្មោះ ទន​ ធារ៉ា និង​ឈ្មោះ ឡាយ សាវី​ ត្រូវ​ចោទ​ពីបទ​ធ្វើ​អន្តរា​គមន៍និង​ផ្តល់​ការ​អនុញាតដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល ​ក្នុង​ការ​ជួយ​ដល់​អ្នក​ធ្វើ​អាជីវ​កម្ម​ព្រៃ​ឈើ​ ក្នុង​មាត្រាទី​ ១០០​ ក្នុង​បទ​ល្មើស​ព្រៃ​ឈើ…គេ​បញ្ជូន​ទៅ​ពន្ធនាគារ​ ហើយ​ចៅ​ក្រម​ស៊ើបសួរ​ សម្រេច​ឃុំខ្លួន​ហើយ​រង់ចាំ​​ស៊ើប​អង្កេត​នឹង​សវនា​ការ»។

លោក យឺត កាន អាយុ​ ២៤ ​ឆ្នាំ​ ត្រូវ​ជា​ប្អូនបង្កើត​របស់​លោក តើន សុខណៃ ជន​ជាតិ​ភាគតិច​ និង​ជា​មន្ត្រី​ឧទ្យា​នុរក្ស​​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ បាន​ថ្លែង​ថា ​លោក​មាន​ការ​សប្បាយ​រីក​រាយ​នៅ​ពេលតុលាការ​ បាន​ចោទ​ប្រកាន់​ជន​ដៃ​ដល់​ទាំង ​៦ ​នាក់​ ហើយ​លោក​សុំ​ឲ្យ​ដាក់​ទោស​អ្នក​ទាំង​នេះ​​ដាក់​ពន្ធ​នាគារ​អស់មួយ​ជីវិត​។

លោក​​បញ្ជាក់​ថា៖«ខ្ញុំ​ពេញ​ចិត្ត​នឹង​ចំណាត់​ការ​របស់​អាជ្ញាធរ​ដោយ​ពួក​គាត់​បាន​ចាប់​ខ្លួន​ជន​ដៃ​ដល់បាន​ទាំង​អស់​។ ​យើង​មិន​ជឿទេ​ថា​ ពួក​គាត់​ (ជន​រង​គ្រោះ) បាន​ទារលុយ​…ហើយវា​បាន​បាញ់ ​ដើ​ម្បី​បំបិទមាត់​ទាំង​អស់​ តែ​ដោយ​សារ​អំពើ​អា​ក្រក់​របស់​ពួក​វា ត្រូវ​បាន​ចាប់​បាន​។ វាដោះ​សា​រដើម្បីបាន​រួច​ខ្លួន​។ យើង​សុំឲ្យ​ច្បាប់​ដាក់​​គុក​ពួក​វា​អស់​មួយ​ជីវិ​ត​»។

ជន​សង្ស័យ​ទាំង​ ៦ នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​មាន​ឈ្មោះ ១. ផល ពេញ ជា​នាយ​នគរបាល​ប៉ុស្ដិ៍​អូររលែ​នៃ​វរការពារ​ព្រំដែន​លេខ ៦២១ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ ទី​ ២ ខែ​កុម្ភៈ នៅ​ខេត្ត​ត្បូង​ឃ្មុំ ២. ​កើត វេតា​ ជា​ទាហាន​ការពារ​ព្រំដែន ៣. ឡាយ សាវី ជា​ទាហាន​ការពារ​ព្រំដែន ៤. ទន់ ធារ៉ា ជា​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​អូររលែ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​ ១ ខែ​កុម្ភៈ និង ៥. ​ឈាង វ៉ាន់​និត ប្អូន​ថ្លៃ ផល ពេញ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​ ២ ខែ​កុម្ភៈ ឆ្នាំ​​ ២០១៨​។ ចំណែក​ទី​ ៦ កើត វេហា ​បាន​ចូល​ខ្លួន​មក​សារភាព​នៅ​ថ្ងៃ​ទី​ ១ ខែ​កុម្ភៈ​។

កន្លង​ទៅ​ជន​សង្ស័យ​ ផល ពេញ​ បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​នៅ​ក្រសួង​មហាផ្ទៃ​ថា ការ​កាប់​ឈើ​នៅ​ទីនោះ​គឺ​បាន​កើត​ឡើង​ជា​ធម្មតា​ទៅ​ហើយ ​ទាំង​ពលរដ្ឋ​កម្ពុជា ទាំង​វៀត​ណាម ​ហើយ​ថា ​ថ្ងៃ​កើត​ហេតុ​ ថ្ងៃ​ទី ៣០ ខែ​មករា មាន​កងរាជ​អាវុធហត្ថ និង​បរិស្ថាន​ បាន​ប្រទះ​ឃើញ​រណារ​​អារ​ឈើ​ជន​ជាតិ​វៀតណាម​​ចំនួន ២ ​គ្រឿង ​ហើយ​បាន​សួរ​នាំ​ពួកគេ​ថា​ ហេតុ​អ្វី​បាន​ជា​ពួកគេ​ចូល​មក​​តំបន់​ស ហើយ​ថា​ក្រុម​នេះ​ បាន​ចូល​ជាច្រើន​លើក​មក​ហើយ​តែ​ហាម​ពួកគេ​មិន​ស្តាប់​ទេ​។

​ជនសង្ស័យ​បាន​ថ្លែង​ថា​ កងរាជ​អាវុធ​ហត្ថ និង​មន្ត្រី​បរិស្ថាន​ ដែល​ជា​ជន​រងគ្រោះ ​បាន​ថតរូប​វៀតណាម និង​ចាប់​រណារ​វៀតណាម ហើយ​បាន​សុំ​​ប្រាក់​៥ ​លាន​​រៀល​ជា​ថ្នូរ​នឹង​ការ​ប្រគល់​រណារ​ឲ្យ​វៀត​ណាម​វិញ ​ហើយ​ឈ្មោះ ទន់ ធារ៉ា ជា​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​អូររលែ​ គឺជា​អ្នក​ទាក់ទង​ជាមួយ​មន្ត្រី​បរិស្ថាន ​តែ​ដោយសារ​កងរាជ​អាវុធ​ហត្ថ និង​បរិស្ថាន​បាន​រាយ​ការណ៍​ទៅ​ព្រះរាជអាជ្ញា​ ដែល​ធ្វើឲ្យ​លោក​ ផល ពេញ​ដាច់​ចិត្ត​បាញ់​ទៅ​លើ​កងរាជ​អាវុធហត្ថ និង​បរិស្ថាន​។

គួរ​បញ្ជាក់​ថា​ ករណី​បាញ់​ប្រហារ​នោះ ​បាន​បណ្តាល​ឲ្យ​មន្ត្រី​ការពារ​ព្រៃឈើ​ ៣ ​រូប​ស្លាប់​ នៅ​ចំណុច​អូរហ៊ុច ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ​ដែល​បាន​កើតឡើង​នៅ​ចន្លោះ​ម៉ោង ៤ រសៀល ថ្ងៃ​ទី​ ៣០ ខែ​មករា ឆ្នាំ​ ២០១៨។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​បាញ់​ស្លាប់​​នោះ​ រួម​មាន​មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ​ឈ្មោះ​ សេក វឌ្ឍនា មន្ដ្រី​ឧទ្យានុរក្ស​ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​ ឈ្មោះ តើន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមា​គម​អភិរក្ស​សត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា​។

ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​ករណី​នេះ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​គេ​បាន​រកឃើញ​សម្បក​កាទូស​ចំនួន ៧ គ្រាប់​សុទ្ធ​តែ​ប្រភេទ AK និង​ថា​ជន​រង​គ្រោះ​ត្រូវ​គេ​ពួនស្ទាក់​បាញ់​ពេល​កំពុង​ល្បាត​។ អង្គការ WCS បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃ​ទី ២ ខែ​កុម្ភៈ​ ដោយ​ហៅ​ជន​រងគ្រោះ​ទាំង​ ៣ ​ថា​ជា «​វីរជន​អភិរក្ស​ព្រៃឈើ​»​។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ បន្ទាប់​ពី​​ពិធី​បិទ​សន្និបាតស្តី​ពី​លទ្ធផល​ការ​ងារ​​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ឆ្នាំ ២០១៧ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ ២០១៨ នៅ​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ ឆ្នាំ ២០១៨ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា​៖«យើង​សោក​ស្តាយ​ណាស់​ព្រោះ​ព្រៃ​​នេះ ជា​ព្រៃ​លក់​កាបោ​ន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​អាមេរិកាំង ​ក្នុង​ព្រៃ​អភិរក្ស​ហ្នឹង​។ រឿង​អី​ទៅ​ឃុប​ឃិត​គ្នា​ឲ្យ​អ្នក​ក្រៅ ម​ក​កាប់​ឈើ​យក​ផល​ប្រយោ​ជន៍។ តែ​រឿង​រ៉ាវ​ហ្នឹង​បាន​ចាប់​អស់​ហើយ​ ទាំង​អស់​៦​នាក់»៕ រាយ​ការណ៍​បន្ថែមដោយ នៀម ឆេង