មណ្ឌលគិរីៈ មន្ត្រី​តុលាការ​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ប្រាប់​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១ ខែ​កុម្ភៈ​ឆ្នាំ​ ២០១៨ ថា មន្ត្រី​យោធា​ការពារ​ព្រំដែន​ឈ្មោះ កើត វេហា ជា​យោធា​នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​នៅ​វរៈ​ ១០៣ ​ដែល​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​មន្ត្រី​អាវុធហត្ថ មន្ត្រី​បរិស្ថាន និង​បុគ្គលិក​អង្គការ WCS នៅ​ស្រុក​អូររាំង​បាន​និង​កំពុង​ឃុំ​ខ្លួន​នៅ​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​។

អ្នក​នាំពាក្យ​​ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌលគិរី​លោក ម៉ម វ៉ាន់ដា បាន​ថ្លែង​ដែរ​ថា​តុលាការ​មិន​ទាន់​ធ្វើការ​ចោទប្រកាន់ ឈ្មោះ កើត វេហា នៅ​ឡើយ​ទេ​កាលពី​ម្សិលមិញ​ជនសង្ស័យ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​បន្ទាប់ពី​ចូល​មក​សារភាព​ដោយសារ​តែ​ក្រុម​ការងារ​ថ្នាក់​ជាតិ​មិន​ទាន់​បាន​បូក​សរុប​របាយការណ៍​។

លោក ម៉ម វ៉ាន់ដា បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​ករណី​នេះ​យើង​មិន​អាច​ទាន់​សរុប​បាន​ទេ​។ ស្អែក​គណៈកម្មាធិការ​ថា្នក់​ជាតិ​គាត់​នឹង​បញ្ចប់​បូក​សរុប​របាយការណ៍​នេះ​។ យើង​មិន​ទាន់​ចោទប្រកាន់​ទេ​ដោយសារ​សំណុំ​រឿង​មិន​ទាន់​សរុប​របាយការណ៍​នៅ​ឡើយ​។ ​គាត់​ត្រូវ​រក្សា​ទុក​នៅ​ទី​នោះ​សិន​។ គាត់​បាន​ចូល​មក​ផ្តល់​នូវ​ចម្លើយ​យើង​បាន​ធ្វើ​ការងារ​ច្រើន​មក​ហើយ​»​។ ​ប៉ុន្តែ​លោក​បាន​បដិសេធ​ប្រាប់​ពី​ព័ត៌មាន​បន្ថែម​ដោយ​បញ្ជាក់​ថា​កំពុង​ស៊ើបអង្កេត​។

លោក​ សូ សុវណ្ណ ស្នងការរង​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កើត វេហា បាន​ចូល​សារភាព​កាល​យប់​ថ្ងៃ​ពុធ​ហើយ​ត្រូវ​បាន​យក​ទៅ​សាកសួរ​នៅ​ការិយាល័យ​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ខណៈ​ពេល​ឈ្មោះ ផល ពេញ នាយ​នគរបាល​ប៉ុស្តិ៍​អូរលែរ បាន​និង​កំពុង​រត់គេច​ខ្លួន​។

លោក​ សូ សុវណ្ណ ​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​អាជ្ញាធរ​យើង​កំពុង​សាកសួរ​លោក កើត វេហា ​នៅ​ខេត្ត​។ ល្ងាច​មិញ​គាត់​ចូល​មក​ម៉ោង​ ១១ ​យប់​ហើយ​តាម​ពិត​គាត់​ចូល​សារភាព​ខ្លួន​គាត់​ទេ​។ គាត់​បាន​និង​កំពុង​សាកសួរ​នៅ​កងរាជ​អាវុធហត្ថ​ខេត្ត មិនមែន​យើង​ចាប់​គាត់​បាន​ទេ​។ យើង​កំពុង​ស្វះស្វែង​ម្នាក់​ទៀត​ឈ្មោះ ផល ពេញ​»​។

លោក សុវណ្ណ បាន​បញ្ជាក់​បន្ថែម​ថា​អ្នក​ពាក់ព័ន្ធ​មាន​តែ​ ២ ​នាក់​ទេ​ដែល​សង្ស័យ​ទាក់ទង​នឹង​ការ​បាញ់​ប្រហារ​នេះ​យោង​តាម​វីដេអូ​ដែល​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់​បាន​និយាយ​ឲ្យ​ដឹង​ថា​ផ្លូវ​នេះ​ពី​ដើម​គឺជា​តំបន់​ព្រៃ​ក្រាស់​ហើយ​ថា វៀតណាម​បាន​លួច​ធ្វើ​ផ្លូវ​ក្នុង​រយៈពេល​បួនដប់​ថ្ងៃ​ថ្មី​នេះ​ដើម្បី​ចូល​ដឹកឈើ​ហើយ​នៅ​ក្បែរ​នោះ​ក៏​មាន​ទីស្នាក់ការ​បរិស្ថាន​ផង​ដែរ ហើយ​បិទ​ផ្លូវ​ហើយ​ផ្លូវ​នេះ​ធ្វើ​ដំណើរ​ទៅ​វៀតណាម​។​នេះ​មាន​ន័យ​ថា​វៀតណាម​មក​ស៊ី​រូង​ផ្ទៃក្នុង​ក្បែរ​ប៉ុស្តិ៍​វា​ហ្នឹងឯង​ (​ឈើ​) ​សុទ្ធ​តែ​របស់​វៀតណាម​ទាំងអស់​ម្សិលមិញ​វា​ចេញ​អស់​ច្រើន​ហើយ​។

មន្ត្រី​ដដែល​នេះ​បាន​ថ្លែង​បន្ត​ថា​៖ «​ហើយ​យើង​ឃើញ​សុទ្ធ​តែ​ជនជាតិ​វៀតណាម​ទាំងអស់ កង​ហ្នឹង​ហើយ​កន្លែង​ជំរំ​របស់​វា​ក៏​បាន​មក​ដល់​ដែរ​វា​បាន​បោះចោល​ទាំង​អង្រឹង​មាន​គ្នា​ ៦ ​នាក់​ហើយ​មាន​ខ្មែរ​ ៣ ​នាក់​»​។

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​ថា​គេ​កំពុង​ធ្វើការ​ស៊ើបអង្កេត ហើយ​បាន​បដិសេធ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​លម្អិត​។

ការ​បាញ់​ប្រហារ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ប៉ុស្ដិ៍​អូររលែ​ក្នុង​ភូមិសាស្ដ្រ​ភូមិ​ពូហ្យាម ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​នៅ​ចន្លោះ​ម៉ោង​ ៤ ​ថ្ងៃ​ទី​ ៣០ ខែ​មករា ឆ្នាំ​ ២០១៨ បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ ៣ ​នាក់​រួមមាន​មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ មន្ដ្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី និង​បុគ្គលិក​អង្គការ​សមាគម អភិរក្ស​សត្វព្រៃ Wildlife Conservation Society (WCS) ​ហើយ​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​ករណី​នេះ​លោក ប៊ុនឈាត បាន​ថ្លែង​ថា​សមត្ថកិច្ច​បាន​រកឃើញ​គ្រាប់​កាទូស​កាំភ្លើង ៧ គ្រាប់​សុទ្ធ​តែ​ប្រភេទ AK និង​ថា ជន​រងគ្រោះ​ត្រូវ​គេ​ពួនស្ទាក់​បាញ់​ពេល​កំពុង​ល្បាត​៕