Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ

Content image - Phnom Penh Post
សារធាតុ​គីមី​ជាច្រើន​មុខ​ដែល​សមត្ថកិច្ច​រឹបអូស​បាន​នឹង​រក្សា​ទុក​ជា​ភ័ស្តុតាង​។ រូបថត នគរបាល

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ

ភ្នំពេញ: បុរស​ជា​មេការ​ឃ្លាំង​ស្តុក​ទំនិញ​របស់​ក្រុមហ៊ុន​ភួងហេង​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​សុក្រ​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​នូវ​ទំនិញ​ខុស​ច្បាប់​ជាច្រើន​ប្រភេទ​។

លោក​ ឡុង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា​ជនសង្ស័យ​ឈ្មោះ ឃុន សាមិត្ត អាយុ​ ៤៨ ​ឆ្នាំ​ជា​មេការ​នៅក្នុង​ឃ្លាំង​ស្តុក​ទំនិញ​មួយ​របស់​ក្រុមហ៊ុន ភួងហេង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៤៣០ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ត្រូវ​បាន​ចោទប្រកាន់​ការ​ប្រើប្រាស់​ និង​រក្សាទុក​សារធាតុ​គីមី​ប្រភេទ​អាស៊ីត​ខ្លាំង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ការ​ផលិត​ឱសថ និង សាប៊ូ ខុស​ច្បាប់ និង ក្លែង​គុណភាព​ទំនិញ​ហើយ​នៅ​ពេល​នេះ​តុលាការ​កំពុង​ធ្វើការ​សាកសួរ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក ស្រេង បាន​ថ្លែង​ទៀត​ថា​នៅ​ក្នុង​ដំណាក់កាល​សាកសួរ​របស់​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​ថា​ខ្លួន​គ្រាន់​តែ​ជា​បុគ្គលិក​មើល​ការ​ខុសត្រូវ​នៅ​ក្នុង​ឃ្លាំង ដូច្នេះ​ខ្លួន​មិន​ដឹង​ថា​ទំនិញ​ទាំង​នេះ​មាន​ច្បាប់​ ឬ​គ្មាន​ច្បាប់​នោះ​ទេ​។

កាលពី​រសៀល​ថ្ងៃ​សុក្រ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​សហការ​ជាមួយ​មន្ដ្រី​ជំនាញ​មកពី​ក្រសួង​ឧស្សាហកម្ម និង ក្រសួង​សុខាភិបាល រឹបអូស​បាន​មេតាណុល​ចំនួន​ ១៥០ ​ប៊ីដុង​ក្នុង​ប៊ីដុង​ចំណុះ​ ៣០ ​លីត្រ មេកាហ្វេ មេសាប៊ូ និង សារធាតុ​គីមី​ពីរ​ប្រភេទ​ផ្សេង​ទៀត​ដែល​គេ​យក​មក​ប្រើ​សម្រាប់​ផលិត​ឱសថ​ (​ថ្នាំ​គ្រាប់ និង​សេរ៉ូម​) ​ក្លែងក្លាយ​។ ​ទំនិញ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​នាយកដ្ឋាន​ជំនាញ​នៃ​ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​សុខាភិបាល​ដើម្បី​ធ្វើ​ជា​វត្ថុតាង​៕

0

Comments

Please, login or register to post a comment