​រតនគិរី:នគរបាល​​ព្រហ្មទណ្ឌ​ក្រុង​បាន​លុង​ បាន​​​សម្រេច​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ ទៅ​សាលា​ដំបូង​ខេត្តរតនគិរី កាល​ពី​ល្ងាច​​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ​ឆ្នាំ ២០១៨ ​ដោយ​សង្ស័យ​​ថា ជន​នេះ​ ពាក់ព័ន្ធ​​ករណី​​រំលោភ​សម្លាប់​សិស្ស​នារី​ថ្នាក់​ទី​ ១២ ​ម្នាក់ ​កាល​​ពី​យប់​ថ្ងៃ​ទី ​២​ ខែ​កុម្ភៈ​​​នៅភូ​មិ ​៤​ សង្កាត់​កាចាញ​ ​បើ​​ទោះ​បី​ជា​ជន​នេះ​បាន​បដិសេធ​ក៏​ដោយ​​។​

លោក​ តេង​ សាវុធ​ អធិការ​រង​​ក្រុង​​បាន​លុង​ បាន​ឲ្យ​​ដឹង​ថា ​នគរបាល​​ព្រហ្មទណ្ឌ​ក្រុង​ និង​នគរបាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នងការ​​ខេត្ត​រតនគិរី​ បាន​​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ ទៅ​សាលា​ដំបូង​ខេត្ត​រតនគិរី​ កាល​ពី​ល្ងាច​ម្សិល​មិញ​ប៉ុន្តែ​​ជន​សង្ស័យ​ម្នាក់​នេះ ​នៅ​មិ​ន​ទាន់​ឆ្លើយ​ថា​ ខ្លួន​គេ​បាន​​សម្លាប់​នារី​រងគ្រោះ​នោះ​ទេ​។​

លោក​ថ្លែង​ថា​៖​«​ជនសង្ស័យ​ម្នាក់​នោះ ​ខាង​ខ្ញុំ​មិន​បាន​ចាប់​បញ្ជូន​បន្ត​ទៅ​ស្នងការ​ខេត្ត​ទេ​គឺ​ខាង​ស្នងការ​និង​ខាង​អធិការ​ក្រុង​បាន​លុង​កសាង​សំណុំ​រឿង​ទៅ​តុលាការ​តែ​ម្តង​។​​ តែ​យ៉ាង​ណា​ជនសង្ស័យ​ម្នាក់​នេះ ​មិន​បាន​ឆ្លើយ​សារភាព​ទេ​ គឺ​គេ​លាក់​បាំង​ប៉ូលិស​ ប៉ុន្តែ​ចំណុច​ខ្លះ​គេ​ឆ្លើយ​ស្រប​គ្នា​ នឹង​នារីរងគ្រោះ​ចេញ​​ពី​សាលា​រៀន​»​។​

​នារីរងគ្រោះ​ឈ្មោះ​ អាត​ ស៊ីង ​អាយុ ​១៨​ ឆ្នាំ​ ជា​ជនជាតិគ្រឹង​ រៀន​​ថ្នាក់​ទី​ ១២​​ នៅ​វិទ្យាល័យ​«សម្តេច​ ហ៊ុន សែន» ​ភូមិ​ថ្មី​ ក្នុង​សង្កាត់​បានលុង ​រី​ឯ​ជន​សង្ស័យ​ឈ្មោះ ​ជា​ ដែន​ អាយុ​ ៣៩​ ឆ្នាំ​ លែង​លះ​ប្រពន្ធ​ និង​រស់​​នៅ​ភូមិ​-​ឃុំ​កើត​ហេតុ​ខាង​លើ​។​

បើ​តាម​លោក​ សួន ​សាវុធ​ នាយនគរបា​ល​ប៉ុស្តិ៍​កាចាញ​ ក្រុង​បានលុង ​បាន​ឲ្យ​ដឹង​ថា បើ​តាម​ឪពុក​ម្តាយ​នារីរងគ្រោះ​​និយាយ​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​យប់​មុន​ពេល​កើត​ហេតុ​ កូនស្រី​របស់​ពួកគាត់ ​​បាន​ជិះ​​ម៉ូតូ​ទៅ​រៀន​​គួ​ហើយ​​ត្រឡប់​​មក​ផ្ទះ​វិញ​ នៅ​ប្រហែល​ម៉ោង​៨​យប់​។​ ពួកគាត់​មាន​តូប​លក់​បន្លែ​មួយ ​នៅ​ខាង​មុខ​ផ្ទះ​ ហើយ​កូន​ស្រី​គាត់​មក​ពី​សាលា​រៀន បាន​​ចូល​ទៅ​​សម្រាក​នៅ​ក្នុង​តូប​នោះ​។​

លោក​បាន​ឲ្យ​ដឹង​ទៀត​​ថា​ នៅ​ព្រលប់​ថ្ងៃ​កើត​ហេតុ​នោះ​ កូន​ប្រុស​របស់​​ពួកគាត់ ​បាន​ទៅ​តូប​លក់​ដូរ​នោះ​ ហើយ​ឃើញ​តែ​ម៉ូតូ​បងស្រី​​ ហើយ​ស្មាន​តែ​បង​ភ្លេច​​ ព្រោះ​ឃើញ​ក្នុង​បន្ទប់​មាន​បើក​ភ្លើង​តែ​​មិន​ខ្ទាស់​ទ្វារ​ទេ​។ នៅពេល​នោះ ​​ប្អូន​ប្រុស​នារីរង​គ្រោះ​​បាន​ខ្ទាស់​ទ្វារ​​ ហើយ​ក៏​បញ្ឆេះម៉ូតូ​ជិះ​ទៅ​ផ្ទះ​ ដែល​នៅ​ជិត​តូប​លក់​ដូរ​នោះ​។​

លោក​នាយ​ប៉ុស្តិ៍​​បាន​ប្រាប់​តាម​សម្តីឪ​ឱពុក​ម្តាយ​នារីរងគ្រោះ​ទៀត​ថា ​លុះ​ប្រហែល​ជា​ម៉ោង ​៣​ទៀប​ភ្លឺ​ ឪពុក​ម្តាយ​បាន​ក្រោក​ទៅ​ទិញ​បន្លែ​ដូច​សព្វ​ដង ​ប៉ុន្តែ​បាន​ដើរ​មក​មើល​តូប​ឃើញ​តែ​ភ្លើង​បើក​នៅ​ក្នុង​បន្ទប់​​របស់​កូនស្រី​ តែ​​មិន​ឃើញ​កូន​ក៏​នាំ​គ្នា​ឆោឡោ​ ដើរ​រក​កូន​ ហើយ​ក៏​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ​។ ​ពេល​នោះ​ពួក​គាត់​បាន​​​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​សង្កាត់​កាចាញ​។​​ ​

បន្ទាប់​មក​​​សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ដល់​កន្លែង​​កើតហេតុ​ និង​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​ឃើញ​ថា​ នារីរងគ្រោះ​ត្រូវ​ជន​ល្មើស​សម្រាត​ខោ ​ប៉ុន្តែ​អាវ​មិន​ទាន់​ដោះ​អស់​ចេញ​ពី​ខ្លួន​ទេ​និង​ដេក​ផ្កាប់​មុខ​។​

លោក​ថ្លែង​បន្ត​ថា ​ករណី​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ​ពេល​​ជន​ល្មើស​​ធ្វើ​សកម្មភាព​បម្រុង​រំលោភ​ប្រហែល​ចំ​ពេល​ប្ងូន​ប្រុស​នារីរងគ្រោះ​ទៅ​បញ្ឆេះ​ម៉ូតូ​ ហើយ​ពេល​នោះ​នារីរងគ្រោះ​​ស្រែក​ ដូច្នេះ​ជន​ល្មើស​បាន​វាយ​​នាង​មួយ​ដៃ​ចំដើម​ទ្រូង ​ព្រោះ​មាន​ស្នាម​ជាំ​ ដែល​ប្រហែល​នារីរងគ្រោះ​ស្រែក​ទើប​ជនល្មើស​ចាប់​ក្បាល​ជ្រមុជ​នឹង​ដី​ធ្វើ​ឲ្យ​នាង​ថប់​ដង្ហើម​ស្លាប់​តែ​ម្តង​ទៅ​។​

លោក​បញ្ជាក់​ទៀត​​ថា ​បើ​តាម​ការ​ធ្វើ​កោសល្យវិច័យ​​បង្ហា​ញ​ថា​ ជន​ល្មើស​ បាន​អូស​នារី​រងគ្រោះ​ទៅ​​​ឆ្ងាយ​ពី​​តូប​លក់​ប្រហែល​​ ១៥ ​ម៉ែត្រ​ប៉ុណ្ណោះ​ ហើយ​ចាប់​នាង​​រំលោភ​​មែន ​​តែ​ដោយ​ដឹង​ថា​ នាង​ស្លាប់​ហើយ​សង្ស័យ​ប្រហែល​ជា​ជន​ល្មើស​អស់​អារម្មណ៍​ក៏​គេច​ខ្លួន​​បាត់​ទៅ​។​

កាល​ពី​ឆ្នាំ​មុន ​ក៏​មាន​ករណី​ដូច​គ្នា​នេះ​ដែរ ​ដោយ​ជន​សង្ស័យ​​បាន​ចាប់​នារីសិស្ស​​វិទ្យាល័យ​ថ្នាក់​ទី​ ១២ ​​ម្នាក់​អាយុ​ ១៨​ ឆ្នាំ​រំលោភ​ ហើយ​សម្លាប់​ចោល​ ក្នុង​ព្រៃ​ដំឡូង​នៅ​ឃុំ​ប៉ាតាង​ ស្រុក​លំផាត់​ខេត្ត​រតនគិរី​។​

បើតាម​លោក​ ថេង​ ចន្ទី​ អធិការ​​ ​ស្រុក​លំផាត់ ​​បាន​រំឭក​ប្រាប់​​នៅ​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ​ថា​ កាល​ណោះ​សមត្ថកិច្ច​របស់​លោក​​ បាន​​ឃាត់​​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ​ចិល ​អូន​ អាយុ​ ១៨ ​ឆ្នាំ​ ប៉ុន្តែ​​ជន​សង្ស័យ​​​រូប​នេះ មិន​បាន​ឆ្លើយ​សារភាព​ពី​ការ​រំលោភ​​សម្លាប់​នារី​រង​គ្រោះ​​នោះ​ទេ​ គឺ​ដូច​ករណី​​នៅ​សង្កាត់​កាចាញ​នេះ​​ដែរ​។​

លោក​បញ្ជាក់​​ថា​៖​«​ជន​សង្ស័យ​នោះ ​ត្រូវ​ព្រះរាជ​អាជ្ញាឃុំ​ខ្លួន​រហូត​ដល់​បច្ចុប្បន្ន​នេះ​ ព្រោះ​តុលាការ​ធ្វើ​ការ​អង្កេត​ឃើញ​ថា​ ជន​នោះ​ អាច​ជាជ​ន​ដៃ​ដល់​ក្នុង​រឿង​នោះ​»​៕​