កណ្ដាលៈ លោក​ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​កំពុង​បន្ត​សាកសួរ​លើ​ជនសង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ដ្រី​ម្នាក់​ដាក់​ចូល​ក្នុង​ធុង​ទឹកកក បន្ទាប់ពី​ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​។

លោក អ៊ាវ ចំរើន បាន​ថ្លែង​ថា ជនសង្ស័យ​នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​ «​មនុស្សឃាត​គិតទុក​ជា​មុន​» ​តាម​មាត្រា​ ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​អស់​មួយ​ជីវិត​។ ហើយ​ជនសង្ស័យ និង​វត្ថុតាង​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​កណ្ដាល​នៅ​ថ្ងៃ​អង្គារ​នេះ​។

លោក​បាន​ថ្លែង​ថា​ជនសង្ស័យ​ឈ្មោះ សឿ សុផេង អាយុ​ ៣១ ​ឆ្នាំ​មាន​មុខរបរ​ជា​ជាង​ជួសជុល​ទូរស័ព្ទ​ស្នាក់នៅ​ផ្ទះជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ យឿន ធានី អាយុ​ ២៩ ​ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។ នាង​ទើប​មកពី​ប្រទេស​កូរ៉េ​បាន​មួយ​ឆ្នាំ​។

កាលពី​រសៀល​ថ្ងៃទី​ ១៦ ខែ​មីនា ឆ្នាំ​ ២០១៨ ក្រុម​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ធុង​ទឹកកក​ពណ៌​ក្រហម​ចំណុះ​ ២០០ ​លីត្រ​មួយ​ត្រូវ​បាន​គេ​ប្លុង​ចោល​នៅ​ក្បែរ​ស្ពាន​ព្រះគន្លង ស្ថិត​ក្នុង​ភូមិ​អន្លង់ ឃុំ​ព្រែ​កតាមាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដោយ​ធុង​នោះ​មាន​កិប​សោ​ពណ៌​ខ្មៅ​មួយ​ផង​ដែរ​។ លោក​ស្នងការ​បាន​បញ្ជាក់​ថា​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ករណី​ឃាត​កម្មនេះ គឺ ពុំ​មាន​អ្នក​ផ្សេង​ទៀត​ពាក់ព័ន្ធ​នោះ​ទេ​។ ​ជនសង្ស័យ​បាន​សារភាព​ចំពោះ​នគរបាល​ថា ខ្លួន​ចាញ់​ល្បែង និង​ជំពាក់​ប្រាក់​គេ​ច្រើន​ពេក​ទើប​បែក​គំនិត​រៀបចំ​គម្រោង​សម្លាប់​ស្ត្រី​រងគ្រោះ ដើម្បី​ប្លន់​យក​ម៉ូតូ និង​គ្រឿង​​អលង្ការ​មួយ​ចំនួន​។ ​ជនសង្ស័យ​ថា​៖ «​ខ្ញុំ​បាន​ជំពាក់​បំណុល​សរុប​​ជិត​ ២០០០ ​ដុល្លារ ទើប​ខ្ញុំ​សម្រេចចិត្ត​រៀប​គម្រោង​សម្លាប់​នាង​ដើម្បី​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ដោយ​ខ្ញុំ​បាន​រៀបចំ​បង្កប់​ខ្សែភ្លើង​នៅក្នុង​បន្ទប់​ទឹក​»៕