មណ្ឌលគិរីៈ ជនសង្ស័យ ៦ ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​អ្នក​ការពារ និង​អភិរក្ស​ព្រៃឈើ​នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​កាលពី​ម្សិលមិញ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់​។

ជន​ទាំង​នេះ​ដែល​មាន​មន្ត្រី​យោធា និង​មន្ត្រី​ប៉ូលិស​ព្រំដែន​ផង​នោះ​ត្រូវ​បាន​ដឹក​បញ្ជូន​ចេញ​ពី​ទីបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​។

លោក ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌលគិរី​ថ្លែង​ថា​៖ «​យើង​បាន​ឃាត់​ខ្លួន​ ៦ ​នាក់​ក្នុង​នោះ​មាន​ជន​ដៃដល់​ ២ ​នាក់​ក្រៅពី​នេះ​គឺជា​អ្នក​រួម​គំនិត​។ ​យើង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​»​។

លោក ម៉ម វ៉ាន់ដា អ្នក​នាំពាក្យ​ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌលគិរី​បាន​អះអាង​កាលពី​ម្សិលមិញ​ថា​តុលាការ​បាន​ចាប់​ផ្ដើម​សាកសួរ​លើ​ជន​សង្ស័យ​ទាំង​នោះ​ហើយ​បន្ទាប់ពី​មក​ដល់​តុលាការ​។

លោក វ៉ាន់ដា ថ្លែង​ថា​៖ «​យើង​បាន​សាកសួរ​ ប៉ុន្តែ​ដោយ​យើង​សាកសួរ​មិន​ទាន់​ចប់​ដូច្នេះ​យើង​ផ្ញើទុក​នៅ​ទីបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​សិន ហើយ​នៅ​ព្រឹក​នេះ​យើង​នឹង​សាកសួរ​បន្ត​។ ជន​ទាំងអស់​នេះ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ផ្សេងៗ​គ្នា​»​។

លោក ប៊ូ ប៊ុនឈាត អធិការ​នគរបាល​ស្រុក​អូររាំង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ជន​សង្ស័យ​សរុប​ ៦ ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​បាញ់​ប្រហារ​សម្លាប់​ជនរងគ្រោះ​ ៣ ​នាក់​មាន​ម្នាក់​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ជា​មន្ត្រី​បរិស្ថាន និង​ម្នាក់​ជា​មន្ត្រី​អង្គការ​ការពារ​សត្វព្រៃ WCS​។

ជនសង្ស័យ​ទាំង​ ៦ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​មាន​ឈ្មោះ ១. ផល ពេញ ជា​នាយ​នគរបាល​ប៉ុស្ដិ៍​អូររលែ​នៃ​វរការពារ​ព្រំដែន​លេខ ៦២១ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ ទី​ ២ ខែ​កុម្ភៈ នៅ​ខេត្ត​ត្បូងឃ្មុំ ២. ​ឈ្មោះ កើត វេតា ជា​ទាហាន​ការពារ​ព្រំដែន ៣. ឈ្មោះ ឡាយ សាវី ជា​ទាហាន​ការពារ​ព្រំដែន ៤. ឈ្មោះ ទន់ ធារ៉ា ជា​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​អូររលែ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​ ១ ខែ​កុម្ភៈ និង ៥. ​ឈ្មោះ​ ឈាង វ៉ាន់និត ប្អូនថ្លៃ ផល ពេញ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​ ២ ខែ​កុម្ភៈ ឆ្នាំ​​ ២០១៨​។ ចំណែក​ទី​ ៦ ឈ្មោះ កើត វេហា ត្រូវ​បាន​ចូល​ខ្លួន​មក​សារភាព​នៅ​ថ្ងៃ​ទី​ ១ ខែ​កុម្ភៈ​។

លោក ប៊ុនឈាត ថ្លែង​ថា​៖ «​អ្នក​ខ្លះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សួរ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​ហើយ​គាត់​ឃាត់​នៅ​ទី​នោះ​តែ​ម្តង​។ ខាង​ស្រុក​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ស្នងការ យើង​បាន​កោះ​ហៅ​អ្នក​ដែល​បាន​ពាក់ព័ន្ធ​មក​ទាំងអស់ ហើយ​សរុប​មក​ដល់​ពេល​នេះ​គឺ​មាន ​៦ ​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដើម្បី​បន្ត​ការ​ស៊ើប​អង្កេត​»​។

លោក​ សូ សុវណ្ណ ស្នងការរង​ខេត្ត​មណ្ឌលគិរី ថា ឈ្មោះ ផល ពេញ ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ថ្នាក់​ជាតិ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លោក សុវណ្ណ ថ្លែង​ថា​៖ «​នេះ​ជា​រឿង​ទំនាស់​រវាង​ភាគី​ទាំង​សងខាង (​ជន​រងគ្រោះ​ និង​ជន​ដៃដល់​) ​។ ទាំង​សង​ខាង​បាន​ទាស់​សម្តី​នឹង​គ្នា​ដែល​បង្ក​ទៅ​ជា​រឿង​បាញ់​សម្លាប់​បែប​នេះ​»​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​លោក សុំ​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​នោះ​ទេ​។

យោង​តាម​វីដេអូឃ្លីប​ដែល​ផ្សាយ​នៅ​លើ​អនឡាញ​ Fresh News បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ផល ពេញ បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​នៅ​ក្រសួង​មហាផ្ទៃ​ថា ការ​កាប់​ឈើ​នៅ​ទីនោះ​គឺជា​ធម្មតា​ទៅ​ហើយ​ទាំង​ពលរដ្ឋ​កម្ពុជា ទាំង​វៀតណាម​ហើយ​ថា​ថ្ងៃ​កើត​ហេតុ​មាន​កងរាជ​អាវុធហត្ថ និង​បរិស្ថាន​បាន​ប្រទះ​ឃើញ​រណារ​វៀតណាម​ ២ ​គ្រឿង​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ហើយ​បាន​សួរ​នាំ​ពួកគេ​ថា​ហេតុ​អ្វី​បាន​ជា​ពួកគេ​ចូល​ទៅ​តំបន់ស ហើយ​ថា​ក្រុម​នេះ​បាន​ចូល​ជាច្រើន​លើក​ហើយ​តែ​ហាម​ពួកគេ​មិន​ស្តាប់​ទេ​។

យោង​តាម​វីដេអូឃ្លីប​នេះ​ជនសង្ស័យ​បាន​ថ្លែង​ថា​កងរាជ​អាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​ដែល​ជា​ជនរងគ្រោះ​បាន​ថតរូប​វៀតណាម និង​ចាប់​រណារ​វៀតណាម ហើយ​បាន​សុំ​ ៥ ​លាន​ជា​ថ្នូរ​នឹង​ការ​ប្រគល់​រណារ​ឲ្យ​វៀតណាម​វិញ​ហើយ​ឈ្មោះ ទន់ ធារ៉ា ជា​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​អូររលែ​គឺជា​អ្នក​ទាក់ទង​ជាមួយ​មន្ត្រី​បរិស្ថាន​តែ​ដោយសារ​កងរាជ​អាវុធហត្ថ និង​បរិស្ថាន​បាន​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា​ដែល​ធ្វើឲ្យ​លោក​ ផល ពេញ​ដាច់​ចិត្ត​បាញ់​ទៅ​លើ​កងរាជ​អាវុធហត្ថ និង​បរិស្ថាន​។

ជនសង្ស័យ​ ផល ពេញ ថ្លែង​ថា​៖ «​ខ្ញុំ​ប្រាប់​ថា​មិន​បាច់​រាយការណ៍​ទៅ​ណា​ទេ ពី​ព្រោះ​តែ​ប៉ុណ្ណឹង​មិន​បាច់​វែង​ឆ្ងាយ​បួន​ដប់​ម៉ឺន​ចែក​គ្នា​ចាយ​ទៅ​...​ខ្ញុំ​មិន​បាន​ទៅ​ការពារ​ក្រុម​អ្នក​កាប់​ឈើ​ទេ​។ ខ្ញុំ​ខឹង​រឿង​ថា​ព្រម​នឹង​គ្នា​តែ​បែរ​ជា​ទៅ​រាយកាណ៍​ទៅ​ព្រះរាជអាជ្ញា​»​។

គួរ​បញ្ជាក់​ថា​ករណី​បាញ់​ប្រហារ​នោះ​បណ្តាល​ឲ្យ​មន្ត្រី​ការពារ​ព្រៃឈើ​ ៣ ​រូប​ស្លាប់​នៅ​ចំណុច​អូរហ៊ុច ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​បាន​កើតឡើង​នៅ​ចន្លោះ​ម៉ោង ៤ រសៀល ថ្ងៃ​ទី​ ៣០ ខែ​មករា ឆ្នាំ​ ២០១៨ បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ៣ នាក់ រួម​មាន​មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ​ សេក វឌ្ឍនា មន្ដ្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ឈ្មោះ តើន សុខណៃ និង​បុគ្គលិក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា​។

ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​ករណី​នេះ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​គេ​បាន​រកឃើញ​សម្បក​កាទូស​ចំនួន ៧ គ្រាប់​សុទ្ធ​តែ​ប្រភេទ AK និង​ថា​ជនរងគ្រោះ​ត្រូវ​គេ​ពួនស្ទាក់​បាញ់​ពេល​កំពុង​ល្បាត​។ អង្គការ WCS បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ​ដោយ​ហៅ​ជន​រងគ្រោះ​ទាំង​ ៣ ​ថា​ជា «​វីរជន​អភិរក្ស​ព្រៃឈើ​»​។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក សៅ សុភាព បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​លើក​ឡើង​របស់​លោក​អភិបាល​ខេត្ត​ដែល​ថា​មន្ត្រី​ល្បាត​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទាំង​នោះ​អាច​ «​ឃុបឃិត​» ​ជាមួយ​កងកម្លាំង​ព្រំដែន និង​អ្នក​កាប់​ឈើ​ព្រម​ទាំង​មន្ត្រី​ដទៃៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាញ់​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​យើង​ទាំងអស់​គ្នា​មិន​គួរ​ធ្វើឲ្យ​មាន​ការ​ឈឺចាប់​បន្ថែម​ទៀត​ទៅ​ដល់​គ្រួសារ​ដែល​បាន​បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្លួន​ទេ​ហើយ​ទុក​ឲ្យ​...​ប្រព័ន្ធ​យុត្តិធម៌​ធ្វើ​ការងារ​លើ​ករណី​នេះ និង​ស្វែងរក​យុត្តិធម៌​សម្រាប់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​»​។

លោក កែន សេរីរដ្ឋា នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ WCS បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​លើក​ឡើង​ខាង​លើ​ដោយ​ថ្លែង​ថា​៖ «​ខ្ញុំ​ទុក​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ឆ្លើយតប​ដោយសារ​ពួកគេ​ធ្វើការ​ស៊ើបអង្កេត​»​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បង្ហោះ​ដោយ​អង្គការ​អភិរក្ស​នេះ​កាលពី​ថ្ងៃ​សុក្រ​លោក សេរីរដ្ឋា បាន​សម្តែង «​ការ​សោកស្តាយ និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏មហា​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​វីរជន​អភិរក្ស ព្រៃឈើ​ទាំង​ ៣ ​រូប​»​។

លោក សេរីរដ្ឋា បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​ថា​អ្នក​ទាំង​ ៣ ​នាក់​ «​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ពេល​ត្រឡប់​មកពី​តំបន់​អូរហ៊ុច​ដែល​ជា​តំបន់​ព្រំដែន​កាប់​ឈើ​ខុស​ច្បាប់​។

លោក​ថ្លែង​ថា​៖ «​ជា​រៀងរាល់​ថ្ងៃ​មន្ត្រី​ឧទ្យានុរក្ស និង​ក្រុម​អនុវត្ត​ច្បាប់​បាន​ប្រថុយ​ជីវិត​របស់​ខ្លួន​ដើម្បី​ការពារ​សត្វព្រៃ និង​ព្រៃឈើ​។ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ឧក្រិដ្ឋជន កាប់​បំផ្លាញ​ព្រៃ​នៅ​កម្ពុជា គំរាមកំហែង និង​បាញ់​សម្លាប់​អ្នក​ការពារ​សម្បត្តិ ធម្មជាតិ​កើតឡើង​ជាថ្មី​ម្តង​ទៀត​ឡើយ​។ យើង​ទាំងអស់​គ្នា​នឹង​ចងចាំ​លោក សុខណៃ លោក វឌ្ឍនា និង​លោក ខ្នា ជា​វីរជន​អភិរក្ស​ព្រៃឈើ​ជា​រៀងរហូត​»៕ PS