ភ្នំពេញៈ ខណៈ​មាន​ការ​ថ្កោលទោស​ពី​អន្តរជាតិ​ចំពោះ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នេះ ប្រទេស​ជប៉ុន​កាលពី​ម្សិលមិញ​បាន​សម្រេច​ផ្តល់​សម្ភារ​មាន​តម្លៃ​ ៧,៥ ​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​ដំណើរការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​។

ការ​ផ្ដល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន និង​ឯកអគ្គរាជទូត​ជប៉ុន​លោក Hidehisa Horinouchi ហើយ​ជប៉ុន​ក៏​សន្យា​ថា​នឹង​ផ្តល់​ហឹប​ឆ្នោត​ និង​សម្ភារ​ចាំបាច់​ដទៃ​ទៀត​ផង​ដែរ​។ ​នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​ព័ត៌មាន​។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា​៖ «​ជំនួយ​ជា​បន្តបន្ទាប់​របស់​ជប៉ុន​ដល់​កម្ពុជា​និយាយ​ជារួម​ និង​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និយាយ​ដោយ​ឡែក​បង្ហាញ​ពី​ការ​តាំង​ចិត្ត​របស់​ជប៉ុន​ក្នុង​ការ​ជួយ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​រីកចម្រើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។

កាលពី​ខែ​វិច្ឆិកា​គណបក្ស​ប្រឆាំង​តែ​មួយ​គត់​របស់​កម្ពុជា​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ទាំង​បង្ខំ​ដោយ​រង​បទ​ចោទប្រកាន់​ថា​បាន​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ហើយ​មេដឹកនាំ​របស់​ខ្លួន​គឺ​លោក កឹម សុខា ក៏​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយ​រង​ការ​ចោទប្រកាន់​ពី​បទ​ «​ក្បត់ជាតិ​» ​កាលពី​ខែ​កញ្ញា​។

ការ​រំលាយ​គណបក្ស​ប្រឆាំង​ និង​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្សប្រឆាំង​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ខ្លាំង​ថា ជា​ការ​ប្រឌិត​ឡើង​ដើម្បី​ពង្រឹង​​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

ភ្លាមៗ​សហរដ្ឋអាមេរិក​បាន​លុបចោល​ជំនួយ​សម្រាប់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ហើយ​សហភាព​អឺរ៉ុប​ក៏​បាន​ធ្វើ​តាម​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ​។ ក្រុម​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ដល់​ជប៉ុន​ឲ្យ​ចាត់​វិធានការ​ដូច​គ្នា ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​។

ពិធី​ចុះ​ហត្ថលេខា​រវាង​កម្ពុជា-ជប៉ុន​កាលពី​ម្សិលមិញ​។ផា លីណា

លោក Horinouchi បាន​ថ្លែង​នៅក្នុង​ពិធី​នោះ​ថា​៖ «​ប្រទេស​ជប៉ុន​ផ្តល់​ហិប​ឆ្នោត​ចំនួន​ ១០០០០ ​ហិប​»​។ លោក​បាន​បន្ថែម​ថា​៖ «​វា​គឺជា​ការចូលរួម​ឧបត្ថម្ភ​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​បោះឆ្នោត​...​ដូច្នេះ​ហើយ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​អាច​ទុក​ចិត្ត​បាន​ពី​ពលរដ្ឋ​កម្ពុជា​»​។

ដោយឡែក​លោក ប្រាក់ សុខុន បាន​សម្តែង​ការ​ដឹងគុណ ខណៈ​ប្រធាន​ (​គជប​) ​លោក​ ស៊ិក ប៊ុនហុក បាន​កត់សម្គាល់​ថា ជប៉ុន​គឺជា​មិត្ត​ដ៏ល្អ​របស់​កម្ពុជា​។

លោក​បាន​ថ្លែង​ថា​៖ «​ប្រទេស​ជប៉ុន​ជា​មិត្ត​របស់​យើង​មិន​ដែល​បោះបង់​យើង​ចោល​ទេ​ហើយ​ក៏​មិន​ដែល​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​ដែរ​»​។

នៅ​ពេល​សួរ​ថា ហេតុអ្វី​បាន​​ជា​ជប៉ុន​នៅ​តែ​បន្ត​គាំទ្រ​ដល់​ការ​​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ដទៃ​ទៀត​ជា​មិត្ត​របស់​ខ្លួន​បាន​ផ្អាក​ផ្តល់​ជំនួយ​ទៅ​ហើយ​នោះ​លោក Hironori Suzuki ដែល​ជា​អ្នក​ផ្តល់​ប្រឹក្សា​នៅ​ស្ថានទូត​ជប៉ុន​គ្រាន់​តែ​និយាយ​ថា វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ការ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​នេះ ពីព្រោះ​វា​បាន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់​ពលរដ្ឋ​។

លោក​បាន​បន្ត​ថា​៖ «​ប្រទេស​ជប៉ុន​បាន​លើក​ទឹក​ចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​កម្ពុជា ដែល​រួម​មាន​ទាំង​រាជរដ្ឋាភិបាល​...​ឲ្យ​ធានា​ដល់​បរិយាកាស​ហើយ​សិទ្ធិ​របស់​អ្នក​ចូលរួម​ក្នុង​ឆាក​នយោបាយ​ និង​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​គេ​គោរព​»​។

កញ្ញា កឹម មនោវិទ្យា ដែល​ជា​អតីតមន្ត្រី​គណបក្ស​សង្គ្រោះជាតិ និង​ត្រូវ​ជា​កូនស្រី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​បាន​ថ្លែង​ថា ការ​បោះឆ្នោត​នេះ​មិន​អាច​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់​ពលរដ្ឋ​ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បាន​ទេ​។

នៅ​ក្នុង​សារ​មួយ​ថ្លែង​មក​កាន់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កញ្ញា មនោវិទ្យា បាន​បញ្ជាក់​ថា​ហេតុផល​តែ​មួយ​គត់​សម្រាប់​ការ​គាំទ្រ​បន្ត​របស់​ជប៉ុន​គឺ​ប្រសិន​បើ​ពួកគេ​អាច​ធានា​បាន​ថា ការ​បោះឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​។

កញ្ញា​បន្ត​ថា​៖ «​បើ​មិន​ដូច្នោះ​ទេ ប្រទេស​ជប៉ុន​ត្រូវ​ពន្យល់​យ៉ាង​ហោច​ណាស់​ទៅ​ដល់​ពលរដ្ឋ​ពាក់កណ្តាល​ប្រទេស​ថា​ហេតុអ្វី​បាន​ជា​ខ្លួន​កំពុង​គាំទ្រ​ដល់​ការ​បោះឆ្នោត​សិប្បនិម្មិត​ដែល​ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នោះ​»៕ NS