ភ្នំពេញៈ រដ្ឋាភិ​បាល​កម្ពុជា​បាន​ទទួល​ហិរញ្ញ​ប្បទាន​ឥត​សំណង​ពី​រដ្ឋា​ភិ​បាល​ជប៉ុន​ គិតជា​ប្រាក់​ប្រមាណ ​៨០០​ លាន​យ៉េន​ (ប្រ​មាណ​ ៧ ​លាន​ដុល្លារ​អា​មេរិក) ជា​ហឹប​ឆ្នោត និង​​ សម្ភារ​ចាំ​បាច់​ផ្សេង​ទៀត​ដល់​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) សម្រាប់​ការ​បោះ​ឆ្នោត​សក​ល​ខាង​មុខ​។

ពិធី​សារ​នៃ​ការ​ផ្ដល់​ហិរញ្ញ​ប្ប​ទាន​នេះ​មាន​ការ​ចុះ​ហត្ថ​លេ​ខា​រវាង​​លោក​ទេសរដ្ឋមន្ត្រី ​ប្រាក់​ សុខុន រ​ដ្ឋ​មន្ត្រី​ក្រសួង​កា​របរទេស​និង​លោក​ ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯក​អគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ទី​ ២១​ ខែកុម្ភៈ​នេះ ​ដើម្បី​​អនុវត្ត​គម្រោង​កម្ម​វិធី​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​។

ក្នុង​ក្រប​ខណ្ឌ​នៃ​កម្ម​វិធី​នេះ​ ជប៉ុន​នឹង​ផ្តល់​ហឹប​បោះ​ឆ្នោត​និង​សម្ភារ​ចាំបាច់​ដទៃ​ទៀត​ដល់(គជប)​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ខែ​កក្កដា​ឆ្នាំ​នេះ។

លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯក​អគ្គ​រាជ​ទូត​ជប៉ុន ​ប្រចាំ​កម្ពុជា ​បាន​ប្រាប់​អ្នក​សារ​ពត៌​មាន​​ថា ៖«តាម​រយៈ​ជំនួយនេះ​ជប៉ុន​នឹង​ផ្តល់​ហឹប​ឆ្នោត​ចំនួន​ជាង​ ១០០០០​...ដូច​ហឹប​ឆ្នោត​ដែល​ជប៉ុន​បាន​ផ្តល់​ឲ្យ​កាល​ពី​មុន​ដើម្បី​ធានា​ភាព​ត្រឹម​ត្រូវ​ក្នុង​ការ​បោះ​ឆ្នោត។ ជប៉ុន​ ក៏កំពុង​ផ្តល់​ជំនួយ​ផង​ដែរ​ដល់​ការ​កែ​ទម្រង​បោះ​ឆ្នោ​ត​ក្រោយ​មាន​ការ​ស្នើ​សុំ​​ពី​លោក​នាយ​ករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ទៅ​កាន់​នា​យក​រដ្ឋមន្ត្រី​ ស៊ិន​ហ្សូ អា​បេ​ កាល​ពី​ឆ្នាំ ​២០១៣…»។

លោក​បាន​បន្ត​ថា៖ «ហឹប​ឆ្នោត​នេះ​គឺជា​និមិត្ត​រូប​នៃ​ជំនួយ​ជប៉ុន​ចំពោះ​ប្រជា​ធិប​តេយ្យ។…​ខ្ញុំ​សង្ឃឹម​ថា​ ហឹប​ឆ្នោត​នេះនឹង​ផ្តល់​អត្ថ​ប្រយោ​ជន៍​យូរ​អង្វែង​សម្រាប់​កា​ររៀប​ចំ​ការ​ឆ្នោត​ដោយ​រលូន​នៅ​កម្ពុជា​នា​ពេល​អ​នាគ​ត»។

លោក​ ប្រាក់ ​សុខុន​ បាន​ថ្លែង​ថា ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​សូម​សម្តែង​នូវ​អំណរ​គុណ​ជាថ្មី​​ចំពោះ​រដ្ឋាភិ​បាល​និង​ប្រជា​ជន​ជប៉ុន​ដែល​បាន​បន្ត​គាំទ្រ​ដំណើរ​ការ​អភិវឌ្ឍន៍​ក៏​ដូច​ជា​ការ​សាង​និង​ពង្រឹង​លទ្ធិប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា។​

លោក ស៊ិក​ ប៊ុន​ហុក ​ប្រធាន ​(គជប)​ បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​​ (គជប)​ មាន​កិច្ច​សហ​ប្រតិ​បត្តិកា​រយ៉ា​ង​ល្អ​ជា​មួយ​​ជប៉ុន ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ហើយ​ប្រទេស​ជប៉ុន​ជាមិត្ត​ដ៏ល្អ​ដែល​មិន​ធ្លាប់​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​។

លោក​បញ្ជាក់​​ថា៖​ «មិត្ត​ជប៉ុន​គឺ​គេ​មិន​ដែល​បោះ​បង់​យើង​ហើយ​ក៏គេ​មិន​លក់​ដៃ​ចូល​ទៅក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​យើង​ទេ។ ​ប្រតិ​បត្តិការ​ទំនាក់​ទំនង​ការ​ទូត​នេះ ៦៥ ឆ្នាំ… យើង​សហ​ការ​ជា​មួយ​គ្នា​ល្អ​ណាស់​ គាត់​ចុះទៅ​ជួយ​មើល​តាំង​ពី​បច្ចេក​ទេស​។ នេះ​គឺជា​មិត្ត​ដ៏ល្អ​មិន​ដែល​បោះ​បង់​ចោល​គ្នា​ទេ។ យើង​ឃើញ​ហើយ​ភា​គី​ជប៉ុន​គឺ​ជួយគ្រប់​កាលៈ​ទេសៈ​»។

លោក​បាន​បញ្ជាក់​ថា​ (គជ​ប​) ត្រូវ​ការ​​ហឹប​ឆ្នោត​សរុបប្រហែល ​៣០ ០០០​ ហើយ​ថា ​កម្ពុជា​នឹង​ទទួល​មួយ​ចំណែក​ទៀត​ពី​ភា​គី ​ចិន​៕