ភ្នំពេញៈ ករណី​វិវាទ​ដី​ដ៏រ៉ាំរ៉ៃ​ជិត​ ១០ ​ឆ្នាំ​រវាង​ពលរដ្ឋ​ ៣៧៥ គ្រួសារ​ជាមួយ​នឹង​ក្រុមហ៊ុន Koh Kong Plantation Co.,Ltd និង​ក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ក្នុង​ឃុំ​ដងពែង ឃុំ​ជីខលើ ស្រុកស្រែ​អំបិល និង​ឃុំ​កណ្តោល ស្រុក​បទុមសាគរ ខេត្ត​កោះកុង​ត្រូវ​បាន​មន្ត្រី​អន្តរក្រសួង​ដោះស្រាយ​បញ្ចប់​កាលពី​ម្សិលមិញ បន្ទាប់ពី​ភាគី​នីមួយៗ​ព្រម​ទទួល​យក​តាម​ស្មារតី​នៃ​កិច្ចសម្របសម្រួល​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។

ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​នោះ​មាន​ការ​សម្រប​សម្រួល​​ពី​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មាន​ការ​ចូលរួម​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោកស្រី អភិបាលខេត្ត​កោះកុង លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​ឧកញ៉ា លី យ៉ុងផាត់ តំណាង​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​អំពៅ តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ពាក់ព័ន្ធ​ជិត​ ៣០០ ​នាក់​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ថា ជា​លទ្ធផល​ក្រុមហ៊ុន និង​ពលរដ្ឋ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​វិវាទ​នេះ​ជា​ស្ថាពរ​ដោយ​ក្រុម​ពលរដ្ឋ​ ១៧៥ ​គ្រួសារ​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​ជា​ដី​ទំហំ​ ៣ ​ហិកតា និង​ថវិកា​ចំនួន ២៥០០ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រួសារ ប៉ុន្ដែ​មិន​ដោះស្រាយ​ចំពោះ​ពលរដ្ឋ​ដែល​បាន​ដោះស្រាយ​ហើយ​នោះ​ទេ ហើយ​ពលរដ្ឋ ២០០ ​គ្រួសារ​ផ្សេង​ទៀត​ក៏​យល់ព្រម​ទទួល​យក​ដី​ទំហំ ១,៥ ​ហិកតា​ក្នុង​មួយ​គ្រួសារ​ផង​​ដែរ​។ ដោយឡែក ភាគី​ក្រុមហ៊ុន​យល់​ព្រម​ឲ្យ​រដ្ឋ​កាត់​ដី​ទំហំ ៨២៨ ​ហិកតា​ស្ថិត​ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល ដើម្បី​រដ្ឋ​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ខាង​លើ​ និង​ផ្ដល់​ថវិកា​តាម​ចំនួន​ខាងលើ​ជូន​ក្រុម​ពលរដ្ឋ​ក្នុង​ចំណោម​​ ១៧៥ ​គ្រួសារ​តាម​សំណូមពរ​។

លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើក​ឡើង​ថា លោក​ព្យាយាម​សម្របសម្រួល​ដោះស្រាយ​ករណី​វិវាទ​នេះ ឲ្យ​ចប់​ត្រឹម​ថ្ងៃ​នេះ​ [​ម្សិលមិញ​] ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ពួកគាត់​ស្រប​ច្បាប់​ឡើងវិញ​។ ទន្ទឹម​នឹង​នេះ​លោក​បាន​សង្កត់​​ធ្ងន់​លើ​ចំនួន​ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ពិតប្រាកដ និង​សុំ​ឲ្យ​មាន​ចុះកិច្ចសន្យា​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​សុំ​ចំនួន​ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ពិតប្រាកដ ព្រោះ​ខ្ញុំ​មិន​ចង់​ដោះស្រាយ​ឲ្យ​ចំនួន​ ១៧៥ ​គ្រួសារ​រួចរាល់​ហើយ ស្រាប់​តែ​មួយ​ខែ​ក្រោយ​មក​មាន​ពលរដ្ឋ​ ១០០ ​គ្រួសារ​ទៀត​មក​តវ៉ា​លើ​ដី​ហ្នឹង​ដដែល​ទៀត​។ អ៊ីចឹង​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ស្ថានភាព​បែប​នេះ ខ្ញុំ​សុំ​ឲ្យ​ពលរដ្ឋ​ក្នុង​វិវាទ​នេះ ចុះ​កិច្ចសន្យា​ទទួល​ដី និង​បញ្ឈប់​​សកម្មភាព​តវ៉ា​ជាមួយ​នឹង​ដក​ពាក្យបណ្ដឹង​ពី​ពេល​នេះ​ទៅ​»​។

អ្នកស្រី ផាវ ញ៉ើង តំណាង​ពលរដ្ឋ​ ១៧៥ ​គ្រួសារ​មកពី​ឃុំ​ជីខលើ បាន​លើក​ឡើង​ថា អ្នកស្រី​សាទរ​ចំពោះ​ចំណាត់ការ​នេះ​ដោយ​អ្នកស្រី​បាន​សំណូមពរ​ទៅ​រដ្ឋាភិបាល​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ផ្ដល់​សេវាសាធារណៈ​ជូន​ពលរដ្ឋ​ទាំង​នេះ​។

អ្នកស្រី​បន្ត​ថា ទីតាំង​ដី​ដែល​រដ្ឋាភិបាល​សម្រេច​ប្រគល់​ឲ្យ​ពលរដ្ឋ​នេះ​មាន​ចម្ងាយ​ជិត ២០ ​គីឡូម៉ែត្រ​ពី​ទីតាំង​ដី​ភូមិ​ចាស់​របស់​ពួកគាត់ និង​ជា​តំបន់​ដាច់​ស្រយាល​គ្មាន​សេវាសាធារណៈ​ ឬ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ​ទេ ហើយ​ពលរដ្ឋ​ខ្លះ​មិន​មាន​មធ្យោបាយ​ធ្វើ​ដំណើរ ​ឬ​ដឹកជញ្ជូន​ទេ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​កន្លែង​ហ្នឹង​ដាច់ស្រយាល ហើយ​មាន​តែ​ដី​ទេ តែ​យើង​ក៏​មិន​ប្រកែក​នឹង​ការបែងចែក​នេះ​ដែរ ប៉ុន្ដែ​សុំ​ជួយ​ផ្ដល់​សេវាសាធារណៈ​ដូចជា មន្ទីរពេទ្យ សាលារៀន វត្តអារាម និង​ផ្សារ​ឲ្យ​ពលរដ្ឋ​ទាំង​នេះ​ផង​។ ជាពិសេស​ផ្លូវ​ចេញចូល ព្រោះ​សព្វថ្ងៃ​កន្លែង​ហ្នឹង​មាន​តែ​ផ្លូវ​របស់​ក្រុមហ៊ុន​ទេ​»​។

លោក ព្រុំ ឃឹម តំណាង​ពលរដ្ឋ​ប្រមាណ​ ២០០ ​គ្រួសារ​មកពី​ឃុំ​កណ្ដោល ស្រុក​បទុមសាគរ​បាន​លើកឡើង​ថា លោក​សប្បាយរីករាយ​ចំពោះ​ដំណោះស្រាយ​បញ្ចប់​វិវាទ​ក្រោម​ការសម្រប​សម្រួល​ពី​លោក ជា សុផារ៉ា នេះ​ព្រោះ​ពលរដ្ឋ​បាន​ជួប​ទុក្ខ​ជាច្រើន​ឆ្នាំ​មក​ហើយ​។

លោក​បញ្ជាក់​ថា​៖ «​ចាប់ពី​ពេល​នេះ​ទៅ​ពួកខ្ញុំ​មាន​ឱកាស​ប្រកបមុខរបរ​ចិញ្ចឹម​ជីវិត​វិញ​ហើយ​។ កន្លងមក​ពួកយើង​មិន​ដែល​បាន​គិតគូរ​ពី​ការងារ​អ្វី​ទេ ព្រោះ​មួយ​ថ្ងៃៗ​យើង​រវល់​តែ​គិត​រក​ដំណោះស្រាយ តើ​អ្នក​ណា​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​។ បន្ទាប់ពី​ពួកយើង​បាន​ដីធ្លី​មក​វិញ ពួកយើង​ក៏​ចង់​បាន​សេវាសាធារណៈ​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​លើ​ទីតាំង​ដី​ចាស់​នោះ​ផង​ដែរ​»​។

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ចូលរួម​សាទរ​ចំពោះ​ដំណោះស្រាយ ដោយ​សន្ដិភាព​មួយ​នេះ ហើយ​យើង​នឹង​បន្ត​ចាប់​ដៃ​គ្នា​អភិវឌ្ឍ​តំបន់ ខេត្ត និង​ប្រទេស​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។ ​ការដោះស្រាយ​ប្រកប​ដោយ​រលូន​នេះ ព្រោះ​តែ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​តំណាង​ដ៏ខ្ពង់ខ្ពស់​ពី​អន្តរក្រសួង និង​តំណាង​សហគមន៍​អឺរ៉ុប​ផង​ដែរ​»​។

លោក លី យ៉ុងផាត់ អ្នកតំណាង​ក្រុមហ៊ុន Koh Kong Plantation Co.,Ltd និង​ក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd បាន​ថ្លែង​ថា លោក​យល់​ស្រប​តាម​ការ​ចាត់ចែង​របស់​តំណាង​អន្តរក្រសួង​នេះ ហើយ​លោក​ក៏​ជួយ​អបអរសាទរ​ដល់​ពលរដ្ឋ​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ថ្ងៃ​ហ្នឹង​ខ្ញុំ​និយាយ​ត្រង់​ហើយ​ថា ការពិត​ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ស្ករអំពៅ​នេះ​ទេ ប៉ុន្ដែ​ពី​មុន​ខ្ញុំ​ជា​អ្នក​នាំ​ពួកគាត់​មក​ឃើញ​ថា ខាង​ស្រុកភូមិ​ខ្ញុំ​ហ្នឹង​អត់​មាន​អ្នក​​វិនិយោគ អ៊ីចឹង​ខ្ញុំ​ខំ​អូសទាញ​គាត់​មក អ៊ីចឹង​បាន​ពួកគាត់​ក៏​មក យើង​ដឹង​ហើយ​ថា ប្រទេស​យើង​វា​យ៉ាងម៉េច​។ ​ពេល​គាត់​មក​ហើយ ជួប​បញ្ហា​អ៊ីចឹង ខ្ញុំ​ក៏​មិន​អាច​ទៅ​ចោល​គាត់​ទេ ហើយ​ខ្ញុំ​ក៏​ជួយ​គាត់​អស់ពី​លទ្ធភាព​ដែរ​»​។

លោក វង្ស កុសល មន្ត្រី​សម្រប​សម្រួល​គម្រោង​វិវាទ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ហៅ​កាត់​ថា NGO Forum បាន​យល់​ឃើញ​ថា ករណី​វិវាទ​នេះ​វា​ល្មម​នឹង​ត្រូវ​បាន​បញ្ចប់​ហើយ ព្រោះ​រយៈពេល​ជិត​ ១០ ​ឆ្នាំ​មក​ហើយ​ដែល​ពលរដ្ឋ​នាំគ្នា​តវ៉ា​ដើរ​ដាក់ពាក្យ​បណ្ដឹង​ស្ទើរតែ​គ្រប់​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​ជួយ​រក​ដំណោះស្រាយ ប៉ុន្ដែ​ត្រូវ​បាន​ពន្យារពេល​រហូត​មក​ទល់​ថ្ងៃ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​សាទរ​ចំពោះ​ដំណោះស្រាយ​នេះ ព្រោះ​វា​ជា​ជោគជ័យ​ដ៏ធំ​មួយ​សម្រាប់​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​​កោះកុង​ទាំងអស់​នេះ​។ តាម​ការសង្កេត​របស់​យើង​កន្លង​មក​នេះ​មាន​បញ្ហា​ទំនាស់​ដីធ្លី​ជាច្រើន​មិន​សូវ​មាន​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឲ្យ​បាន​លឿន​នោះ​ទេ លុះត្រា​តែ​មាន​បទបញ្ជា​ពី​រដ្ឋាភិបាល និង​ឯកឧត្តម ជា សុផារ៉ា​»៕