ភ្នំពេញៈ មនុស្ស​ជាង​ ៣០០ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ធនធាន​ធម្មជាតិ​ប្រព្រឹត្ត​កាលពី​ឆ្នាំ​ ២០១៧ ​ខណៈ​ជនសង្ស័យ​ជាង​ ៤ ​ពាន់​នាក់​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេង​ទៀត​។ ​នេះ​បើ​តាម​របាយការណ៍​កងរាជ​អាវុធហត្ថ​។

លទ្ធផល​ការងារ​ឆ្នាំ​ ២០១៧ ​របស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​ថា​ជន​​សង្ស័យ​ចំនួន​ ៣៤៥ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​ការ​បង្ក្រាប​លើ​ការ​ប្រមូល ដឹកជញ្ជូន និង​ស្តុក​ផល​អនុផល​ព្រៃឈើ​ទូទាំង​ប្រទេស​កាលពី​ឆ្នាំ​មុន​ក្នុង​នោះ មនុស្ស​ចំនួន​ ១០១ ​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន និង​អប់រំ​ចំនួន​ ២៤៤ ​នាក់​។ ទោះ​យ៉ាង​ណា​របាយការណ៍​ប្រចាំ​ឆ្នាំ​មិន​បាន​បង្ហាញ​ពី​ចំនួន​វត្ថុតាង​ដូចជា​ឈើ និង​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ​។

លើស​ពី​នោះ​របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​មាន​មនុស្ស​ចំនួន​ ១២ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​ល្មើស​ធនធាន​រ៉ែ​ដែល​ក្នុង​នោះ​ ៣ ​នាក់​ត្រូវ​ឃុំ​ខ្លួន​ និង​ ៩ ​នាក់​ត្រូវ​ធ្វើការ​អប់រំ​ឲ្យ​ឈប់​ប្រព្រឹត្ត​បទល្មើស​។

ក្រៅពី​នោះ​ជន​សង្ស័យ​ចំនួន​ ៣០ ​នាក់​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​រឿង​ទន្ទ្រាន​យក​ដី​រដ្ឋ​ខុស​ច្បាប់​ និង​បទល្មើស​នេសាទ​ចំនួន​ ២៧៣ ​លើក​ត្រូវ​បាន​បង្ក្រាប​ផង​ដែរ​។

លោក អេង ហ៊ី អ្នក​នាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​ថា​លោក​មិន​បាន​ដឹង​ពី​ចំនួន​វត្ថុតាង​នោះ​ទេ ដោយសារ​តែ​ក្រោយ​បង្ក្រាប​បាន​មន្ត្រី​អាវុធហត្ថ​បាន​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ជា​អ្នក​ចាត់ការ​បន្ត​។

កាលពី​ ៨ ​ខែ​ដើម​ឆ្នាំ​ ២០១៦ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដឹកនាំ​ដោយ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បង្ក្រាប និង​ដកហូត​ឈើ​ជាង​ ៧ ​ម៉ឺន​ម៉ែត្រគុប​ពី​បទ​ល្មើស​ព្រៃឈើ​ពិសេស​គឺ​នៅ​តាម​បណ្តា​ខេត្ត​ភូមិភាគ​ឦសាន​។

គណៈកម្មការ​នេះ​ក៏​បាន​ពង្រីក​ខ្លួន​ទៅ​ជា​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ហើយ​ចាប់​តាំងពី​ខែ​កញ្ញា ឆ្នាំ​ ២០១៦ ​ដល់​ខែ​ឧសភា​ឆ្នាំ​ ២០១៧ គណៈកម្មការ​នេះ​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ចំនួន​ ៣៧០ ​លើក​។ ក្នុង​នោះ​ខេត្ត​មណ្ឌលគិរី​មាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​ទៅ​ ១៤៦ ​លើក​។ ក្រៅពី​នោះ​ខេត្ត​ក្រចេះ​មាន​ ៥៩ ​លើក​ស្ទឹងត្រែង​ ៣២ ​លើក​ពោធិ៍សាត់​ ២៥ ​លើក ព្រះវិហារ​ ២៤ ​លើក កំពង់ធំ​ ២២ ​លើក​...​។

មន្ត្រី​គ្រាក់ៗ​ជាង​ ១០ ​នាក់​ក្នុង​ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​រកឃើញ​ថា​ពាក់ព័ន្ធ​នឹង​បទល្មើស​ទាំង​នោះ​ហើយ​សំណុំ​រឿង​នេះ​ក៏​កំពុង​តែ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​​នីតិវិធី​ផង​ដែរ​។

លោក​នាយឧត្តម​សេនីយ៍​ សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏​បាន​អាន​របាយការណ៍​សង្ខេប​ជូន​លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ដែល​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​កាលពី​ម្សិលមិញ​នេះ​។

លោក​នាយឧត្តមសេនីយ៍​បាន​ថ្លែង​ប្រាប់​ថា ​កម្លាំង​អាវុធហត្ថ​បាន​បង្ក្រាប​បទល្មើស​សរុប​ចំនួន​ ២៧២៧ ​លើក និង​ជន​ពាក់ព័ន្ធ​ ៤៨១៩ ​នាក់​ត្រូវ​បាន​ស្រាវជ្រាវ​រកឃើញ និង​បាន​ឃាត់​ខ្លួន​ចំនួន​ ៤១៨៨ ​នាក់​។ ​

បទល្មើស​ទាំង​នោះ​រួម​មាន​អំពើ​ឆក់​ចំនួន​ ១៣១ ​លើក លួច​ ៨៦៧ ​លើក​ប្លន់​ប្រដាប់​អាវុធ​ ៣២៣​ ​លើក​ឃាតកម្ម​ ២៧៣ ​លើក គ្រឿងញៀន​ ១០៩៤ ​លើក ការ​ចរាចរ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ ៤៣ ​លើក និង​ចាប់​ជំរិត ​៧ ​លើក ជាដើម​។

​រីឯ​ការ​តវ៉ា​ដោយសារ​ការ​ថ្នាំងថ្នាក់​មាន​ ៦១៩ ​លើក​ហើយ​​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦ ​បាន​ថយ​ចុះ​ចំនួន​ ៥១៩ ​លើក​៕