តាកែវៈ ក្រុម​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​តាកែវ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​គ្រញូង​ជាង​មួយ​តោន​នៅ​ក្នុង​ផ្ទះ​មន្ត្រី​នគរបាល ស្រុក​កោះអណ្ដែត ដែល​ត្រៀម​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​នៅ​ឡើយ​ខណៈ​ម្ចាស់​ឈើ​ទូរស័ព្ទ​សុំ​ចរចា​ក្នុង​តម្លៃ​ ១ ​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ក្នុង​ការ​ផ្ដល់​ឈើ​ឲ្យ​មក​វិញ​។

លោក ង៉ែត ចាន់ធី មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​ខេត្ត​តាកែវ​បាន​ថ្លែង​ប្រាប់​កាលពី​ម្សិលមិញ​ថា ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ភ្នាក់ងារ​តែ​ក្នុង​រយៈពេល​​ ២ ​ថ្ងៃ​ប៉ុណ្ណោះ​កម្លាំង​បាន​ចុះ​បង្ក្រាប​ទីតាំង​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​បន្ទាយធ្លាយ ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្ត​តាកែវ ដោយ​រកឃើញ​ឈើ​គ្រញូង​ជាច្រើន​ដុំ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​មន្ត្រី​នគរបាល​ដែល​គ្មាន​មនុស្ស​នៅ​ដោយ​ឈើ​ទាំង​នោះ​ត្រូវ​បាន​ច្រក​ដាក់​បាវ​រួច​ជាស្រេច​ត្រៀម​ដឹក​ចេញ​ទៅ​ វៀតណាម​។

លោក ចាន់ធី អះអាង​ថា​មិន​មាន​ចាប់​ខ្លួន​ទេ​គេ​យក​ឈើ​ទៅ​ទុក​នៅ​ផ្ទះ​គេ​ទុក​ចោល​គឺ​ផ្ទះ​នាយរង​ប៉ុស្តិ៍​។ ​ឈើ​ជា​ឈើ​​អ្នក​ផ្សេង​តែ​នៅ​ផ្ទះ​របស់​គាត់​ទុក​ចោល ដែល​ឈើ​ហ្នឹង​មាន​ ៧០ ​បាវ​ជាង​។ ដឹក​មក​ដល់​មាត់​ទឹក​ហើយ​ត្រៀម​ដឹក​ចេញ​ទៅ​វៀតណាម​។

លោក អ៊ុក កាន់ អធិការរង​ស្រុក​កោះអណ្ដែត​បាន​បញ្ជាក់​ថា​ផ្ទះ​ដែល​អាវុធហត្ថ​ចុះ​ទៅ​បង្ក្រាប​ឈើ​នោះ​គឺជា​ផ្ទះ​របស់​មន្ត្រី​នគរបាល​ឈ្មោះ ភឹម ផែន មាន​នាទី​ជា​នាយរង​ផ្នែក​ព្រហ្មទណ្ឌ​នៅ​នគរបាល​ស្រុក​កោះអណ្តែត ប៉ុន្តែ​ឈ្មោះ ភិម ផែន មិន​រស់នៅ​ផ្ទះ​នោះ​ទេ​។

លោក ង៉ែត ចាន់ធី បាន​បង្ហើប​ឲ្យ​ដឹង​ថា​ម្ចាស់​ឈើ​មាន​ឈ្មោះ ភឿន ជា​ឈ្មួញ​ឈើ​ល្បី​ឈ្មោះ​ម្នាក់​នៅ​ខេត្ត​តាកែវ​មាន​លំនៅ​ក្នុង​ស្រុក​បូរីជលសារ ប៉ុន្តែ​ការ​បង្ក្រាប​លើ​ឈើ​របស់​ឈ្មោះ​នេះ​គឺជា​លើក​ទី​មួយ​។

លោក​ថា​​ ខណៈ​ដែល​លោក​ចុះ​បង្ក្រាប​នោះ​លោក​បាន​ទទួល​ទូរស័ព្ទ​ពី​ម្ចាស់​ឈើ​ដោយ​ចង់​ឲ្យ​ប្រាក់​លោក​ ១ ​ម៉ឺន​ដុល្លារ​ដើម្បី​យក​ឈើ​ទៅ​វិញ​។

លោក​បាន​ឲ្យ​ដឹង​ថា​ អាវុធហត្ថ​កំពុង​ស្រាវជ្រាវ​បន្ត​រក​ម្ចាស់​ឈើ និង​អ្នក​នៅ​ពី​ក្រោយ ចំណែក​ឈើ​គ្រញូង​ទាំងអស់​បាន​ប្រគល់​ឲ្យ​ទៅ​រដ្ឋបាល​ព្រៃឈើ​រួច​ហើយ​ដើម្បី​បន្ត​នីតិវិធី​៕