Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ឈ្មួញ​វៀតណាម ​រកស៊ី​គ្រញូង​ម្នាក់​​គេច​ខ្លួន​ បន្ទាប់ពី​អាជ្ញាធរ​តាម​ចាប់

Content image - Phnom Penh Post
ឈ្មួញ​វៀតណាម​រកស៊ី​ឈើ​គ្រញូង​ហៅ​ យាយ ម៉ៃ ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​។ រូបថត ហ្វេសប៊ុក

ឈ្មួញ​វៀតណាម ​រកស៊ី​គ្រញូង​ម្នាក់​​គេច​ខ្លួន​ បន្ទាប់ពី​អាជ្ញាធរ​តាម​ចាប់

ឧត្តរមានជ័យៈ ឈ្មួញ​គ្រញូង​ជនជាតិ​វៀតណាម​ឈ្មោះ​ ម៉ៃ ​បាន​និង​កំពុង​តែ​រត់​គេច​ទៅ​ប្រទេស​ខ្លួន​វិញ បន្ទាប់ពី​អភិបាល​ខេត្ត​ឧត្តរមានជ័យ​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​រឿង​បទល្មើស​ប្រមូល​ទិញ​គ្រញូង​តាម​ទំនើង​ចិត្ត​នៅ​ក្នុង​ទឹកដី​ខេត្ត​ជាយដែន​មួយ​នេះ​។

ការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ដែល​កម្រ​នឹង​កើត​មាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខណៈពេល​ដែល​លោក ស ថាវី អភិបាល​ខេត្ត​ឧត្តរមានជ័យ​ចុះ​ពិនិត្យ​បទល្មើស​ព្រៃឈើ​កាលពី​សប្តាហ៍​មុន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​ក្នុង​តំបន់​អូរស្វាយ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​គឺ​នៅ​ក្រោយ​ពេល​បាន​ដឹង​ពី​ទង្វើ​ខុសច្បាប់​របស់​ឈ្មួញ​ឈើ​គ្រញូង​ដុះស្លែ​ឈ្មោះ​ ង្វៀង ធីម៉ៃ ហៅ​យាយ​ ម៉ៃ​។

លោក ស ថាវី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​យាយ​ ម៉ៃ ​នេះ​ពាក់ព័ន្ធ​ទី​ ១ ​រឿង​បទល្មើស​ព្រៃឈើ​។ ប្រមូល​ទិញ និង​ចរាចរណ៍​ឈើ​ដោយ​គ្មាន​សមត្ថកិច្ច​ចាត់ការ​ឡើយ​។ យើង​បាន​ចេញ​បញ្ជា​ឲ្យ​តាម​ចាប់​ឲ្យ​បាន​នូវ​មេឈ្មួញ​យាយ​ ម៉ៃ ​នេះ​»​។

ក្នុង​ខណៈ​ពេល​ចុះ​ពិនិត្យ​នោះ​អាជ្ញាធរ​ខេត្ត​ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​បទបញ្ជា​ ០៥ ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​រួម​មាន​ការ​ដឹកជញ្ជូន​គ្មាន​ការ​អនុញ្ញាត​ផង​ដែរ​។

លោក កូយ កាន់យ៉ា ព្រះរាជ​អាជ្ញាធរ​ខេត្ត​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក ថាវី បាន​អះអាង​ថា​រហូត​មក​ទល់​នឹង​ពេល​នេះ​​សកម្មភាព​បទល្មើស​ព្រៃឈើ​របស់​យាយ​ ម៉ៃ ​គឺ​គ្មាន​តទៅ​ទៀត​នោះ​ទេ​។ បើ​នៅ​មាន​ការ​ប្រមូល​ទៀត​គឺ​សុំ​ឲ្យ​ជំនាញ​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​»​។

ក្រៅពី​បទល្មើស​ព្រៃឈើ​ស្ត្រី​ជើង​ខ្លាំង​រូប​នេះ​ក៏​ត្រូវ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ ៤ ​នាក់​ប្តឹង​ទៅ​តុលាការ​ផង​ដែរ​ក្រោម​ការ​ចោទប្រកាន់​បង្ក​របួស​ស្នាម​លើ​ពួកគេ និង​វ៉ៃ​កម្ទេច​រថយន្ត​ ១ ​គ្រឿង​នៅ​ពេល​ដែល​ពួកគេ​កំពុង​តែ​ចុះ​យក​ព័ត៌មាន​ពី​សកម្មភាព​អារឈើ និង​ដឹក​គ្រញូង​របស់​យាយ​​ ម៉ៃ ​កាលពី​ខែ​មេសា​កន្លង​មក​។

ទាក់ទង​ទៅ​នឹង​ការ​បង្ក​របួស​ស្នាម​លើ​អ្នក​សារព័ត៌មាន​នេះ​លោក ស ថាវី ថ្លែង​ថា​៖ «​រឿង​គាត់​បាន​ប៉ះ​ទង្គិច​វ៉ៃ​អ្នក​សារព័ត៌មាន​គឺ​យើង​មិន​អាច​លូកដៃ​បាន​ទេ ដោយសារ​បងប្អូន​បាន​ដាក់​បណ្តឹង​ទៅ​តុលាការ​ហើយ​»​។

អាជ្ញាធរ​មាន​​សមត្ថកិច្ច​ក៏​បាន​បង្ក្រាប​ករណី​ដឹក​ឈើ​គ្រញូង​មួយ​រថយន្ត​របស់​កូនចៅ​យាយ​ ម៉ៃ ​ក្នុង​ស្រុក​ត្រពាំងប្រាសាទ​ កាលពី​យប់​ម្សិលមិញ​ ហើយ​រក្សា​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។

លោក នៅ សំតារារិទ្ធ អភិបាល​ស្រុក​ត្រពាំងប្រាសាទ​បាន​ឲ្យ​ដឹង​ថា​ឈើ​គ្រញូង​មួយ​រថយន្ត​នោះ​មាន​ជាង​ ២៧០ ​គីឡូក្រាម​។ ប៉ុន្តែ​អ្នក​បើកបរ​បាន​រត់គេច​ចូល​ព្រៃ​បាត់​។

លោក សំ តារារិទ្ធ ថ្លែង​ថា​៖ «​យើង​ដឹង​ថា​ជា​កូនចៅ​យាយ​ ម៉ៃ តែ​មិន​ទាន់​មាន​វត្ថុតាង​ដាក់​បន្ទុក​នោះ​ទេ​។ អ្នក​បើក​បាន​ចុះ​ពី​ឡាន​រត់​ចូល​ព្រៃ​បាត់​។ យើង​មិន​ដឹង​ថា​គេ​ដឹក​យក​ទៅ​ណា​នោះ​ទេ​។ ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​លើ​រឿង​នេះ​»​។

លោក ស្រី ណារ៉េន អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ខេត្ត​ឧត្តរមានជ័យ​បាន​ស្វាគមន៍​ចំពោះ​ការ​បញ្ជា​ឲ្យ​មាន​ការ​តាម​ចាប់​ខ្លួន​ឈ្មួញ​នោះ​ហើយ​សុំ​ឲ្យ​អាជ្ញាធរ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បង្ក្រាប​ និង​ចំណាត់ការ​លើ​ឈ្មួញ​គ្រញូង​រូប​នេះ​អាច​ជួយ​កាត់បន្ថយ​បាន​ខ្លះ​នូវ​ការ​ឆ្លងដែន​ខុស​ច្បាប់​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹកដី​ថៃ​។

លោក ណារ៉េន ថ្លែង​ថា​៖ «​បើ​សិន​អាជ្ញាធរ​មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​បទល្មើស​មែន​មិន​គួរ​ប្រកាស​អ៊ីចឹង​ទេ​ព្រោះ​ដូចជា​វាយ​ស្មៅ​បង្អើល​ពស់​ឲ្យ​គាត់​រត់​អ៊ីចឹង​។ គាត់​ចាត់​វិធានការ​តែ​ម្តង​ទៅ​ហើយ​បើ​គ្មាន​មន្ត្រី​ខិលខូច​ឃុបឃិត​នោះ​ទេ​នោះ​​ប្រាកដ​ជា​យាយ​ ម៉ៃ​ មិន​អាច​ប្រព្រឹត្ត​បទល្មើស​បាន​យូរ​បែប​នេះ​ទេ​។

លោក​ ថាវី អះអាង​ថា​ក្នុង​ករណី​ដែល​រកឃើញ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​នឹង​បញ្ជា​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ភ្លាម​។ ​ឈើ​គ្រញូង​ដែល​ចរាចរ​នោះ​គឺជា​ឈើ​តូចៗ​ដូចជា​មែក និង​ឫស​ជាដើម​៕

0

Comments

Please, login or register to post a comment