តាកែវៈ នៅពេលដែល ហេងនី សើច មានស្នាមជ្រួញជាខ្សែៗនៅលើផ្ទៃមុខរបស់គាត់។ អង្គុយនៅមុខផ្ទះដ៏សាមញ្ញឃើញមានឆ្មា និងមាន់បួនដប់ក្បាលកំពុងរត់ជុំវិញជើងរបស់គាត់ៗបានញញឹមនៅពេលនិយាយអំពីទំនាក់ទំនងរបស់គាត់។ លោក និងភរិយាមើលទៅដូចគូស្វាមីភរិយាធម្មតាដែរ ប៉ុន្តែអ្វីដែលខុសប្លែកគឺលោក នី ជាស្ត្រីស្រឡាញ់ភេទដូចគ្នា។
ថ្វីបើពេលនេះពួកគាត់កំពុងរស់នៅយ៉ាងមានសេចក្តីសុខនៅក្នុងគេហដ្ឋានរបស់ពួកគាត់នៅក្នុងភូមិតាសូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវក្តីប៉ុន្តែអ្វីៗទាំងអស់មិនមែនសុទ្ធតែងាយស្រួលនោះទេ។
លោកឲ្យដឹងថា៖ «ឪពុកម្តាយ និងជីដូនរបស់គាត់ (ភរិយា) បានចោទខ្ញុំថា ខ្ញុំបានដាក់ស្នេហ៍ធ្វើឲ្យនាងស្រឡាញ់ខ្ញុំ។ ពួកគេបានព្យាយាមបំបែកពួកយើង។ ពួកគេថែមទាំងបាននាំនាងទៅនៅផ្ទះគ្រូមន្តអាគមមួយថែមទៀតផងដើម្បីឲ្យស្រោចទឹកស្តោះផ្លុំដើម្បីកុំឲ្យត្រូវស្នេហ៍ខ្ញុំ។ និយាយដល់ចំណុចនេះបុរស (ស្ត្រីដើរតួជាបុរស) វ័យ ៥០ ឆ្នាំរូបនេះបានថ្លែងដោយផ្ទុះសំណើចថា៖ «ប៉ុន្តែគាត់បានវិលត្រឡប់មករកខ្ញុំវិញ»។
មិនត្រឹមតែគាត់បានវិលត្រឡប់មករកលោក នី វិញប៉ុណ្ណោះទេពួកគេក៏បានបង្កើតក្រុមគ្រួសារមួយ និងបានសុំកូនចិញ្ចឹមចំនួន ២ នាក់ថែមទៀតផងដែលរហូតមកដល់ពេលនេះកូនម្នាក់មានអាយុ ២៤ ឆ្នាំ និងម្នាក់ទៀតមានអាយុ ២ ឆ្នាំ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) ជារឿយៗពួកគេនៅតែប្រឈមនឹងការរើសអើងនៅឡើយនៅក្នុងប្រទេសកម្ពុជាហើយមានគូស្វាមីភរិយាជាច្រើនគូដែលស្រឡាញ់ភេទដូចគ្នានៅតែអាចសុំកូនយកមកចិញ្ចឹមបានមិនថាតាមផ្លូវការ ឬក្រៅផ្លូវការ និងគ្មានមូលដ្ឋានច្បាប់ក៏ដោយ។ ប៉ុន្តែចំណុចនេះគូស្វាមីភរិយានោះក៏ត្រូវរង់ចាំការសម្រេចយល់ព្រមពីអាជ្ញាធរភូមិឃុំដែរ។
របាយការណ៍ជាច្រើនបានបង្ហាញថានៅពេលដែលក្រុមគ្រួសារនោះសុំកូនយកមកចិញ្ចឹមនោះពួកគេទទួលបានការគាំទ្រកើនឡើងពីក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ។
លោក នី និងភរិយា របស់គាត់ឈ្មោះ ប៉ែល ញ៉ក់ បានជួបគ្នាក្នុងរបបប៉ុលពតនៅពេលដែលពួកគាត់នៅជាក្មេងជំទង់។ លោកថ្លែងថាពីដំបូងពួកគាត់គ្រាន់តែជាមិត្តភក្ដិនឹងគ្នាប៉ុណ្ណោះហើយចាប់ផ្តើមមានទំនាក់ទំនងនៅពីរបីឆ្នាំក្រោយបន្ទាប់ពីរបបពិឃាតនោះបានបញ្ចប់។
លោកឲ្យដឹងថា៖ «ពីដំបូងភូមិតម្រូវឱ្យប្រជាពលរដ្ឋទៅជួយជីកស្រះដើម្បីស្ទុកទឹកដូច្នេះហើយយើងទាំង ២ ក៏បានទៅចូលរួមជីកស្រះនោះជាមួយគ្នា និងញុំអាហារជាមួយគ្នា។ យើងចាប់ផ្តើមយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក»។
រហូតមកដល់ឆ្នាំ ១៩៨៤ ទើបគូស្វាមីភរិយានេះមានបំណងចង់ផ្លាស់មករស់នៅជាមួយគ្នាជាគម្រោងមួយដែលគ្រួសាររបស់ពួកគេមិនយល់ស្របនោះទេ។
លោក នី បានរំឭកឡើងវិញថាប្រសិនបើគាត់ចង់រស់នៅផ្ទះខាងប្រពន្ធរបស់គាត់នោះនៅពាក់កណ្តាលយប់ឪពុកក្មេកគាត់នឹងព្យាយាមធាក់គាត់ចេញ។
លោកថ្លែងដោយសំណើចថា៖ «ឪពុករបស់គាត់បានត្រៀមកាំបិតទុកជាស្រេចគឺគាត់គ្រាន់តែចង់បំភ័យខ្ញុំប៉ុណ្ណោះ ប៉ុន្ដែខ្ញុំមិនខ្លាចទេ»។ បន្ទាប់មកគាត់ចង្អុលទៅផ្ទះមួយនៅជាប់នោះថានោះគឺជាផ្ទះដែលគ្រួសាររបស់គាត់រស់នៅ»។ គ្រួសាររបស់អ្នកស្រី ញ៉ក់ មិនចង់ឱ្យកូនស្រីរបស់ពួកគេមានទំនាក់ទំនងជាមួយស្ត្រីដែលមានចរិតជាបុរសនោះទេ។
អ្នកស្រាវជ្រាវលោកស្រី Kasumi Nakagawa បានថ្លែងថានៅក្នុងប្រទេសកម្ពុជាមានស្រីស្រឡាញ់ស្រីជាគូដែលដៃគូម្ខាងដើរតួជាបុរស ប៉ុន្តែការទទួលស្គាល់នៅក្នុងសហគមន៍របស់ពួកគេមានលក្ខណៈខុសគ្នាឆ្ងាយនៅទូទាំងប្រទេស។
លោកស្រីបញ្ជាក់តាមរយៈអ៊ីមែលថា៖ «បញ្ហាប្រឈមដែលពួកគេជួបប្រទះគឺអាស្រ័យលើទីតាំងដែលពួកគេរស់នៅ។ សហគមន៍ខ្លះមានការទទួលស្គាល់ច្រើនចំពោះគ្រួសារបែបនេះហើយអាជ្ញាធរក៏បានផ្តល់សៀវភៅគ្រួសារដល់ពួកគេផងដែរ ប៉ុន្តែសហគមន៍ខ្លះមិនទទួលស្គាល់គ្រួសារបែបនេះច្រើននោះទេ»។
ជាឧទាហរណ៍លោកស្រីបន្ថែមថាការមិនទទួលស្គាល់បែបនេះគឺមាននៅតាមសហគមន៍ជនជាតិមូស្លីមមួយចំនួនដែលលោកស្រីបានទៅធ្វើការស្រាវជ្រាវហើយវាក៏ជាមូលហេតុដែលធ្វើឲ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នាព្យាយាមលាក់បាំងអត្តសញ្ញាណភេទរបស់ពួកគេដែរ។ ដោយសារតែការទទួលស្គាល់មានភាពខុសគ្នាបែបនេះហើយទើបធ្វើឲ្យកសិករអាយុ ៤៩ ឆ្នាំម្នាក់ឈ្មោះ ស្រីពេជ (ឈ្មោះប្រឌិតដើម្បីការពារប្រភព) ដែលរស់នៅក្នុងខេត្តត្បូងឃ្មុំបានជួបប្រទះនូវបញ្ហាមួយចំនួនក្នុងជីវិតស្រឡាញ់ភេទដូចគ្នានេះ។
ស្រីពេជ បានថ្លែងថាគាត់បានស្រឡាញ់ស្រីម្នាក់ដែលស្លៀកពាក់ដើរតួជាបុរសនៅពេលដែលគាត់មានអាយុ ១៦ ឆ្នាំ ប៉ុន្តែឪពុកម្តាយ និងសហគមន៍របស់គាត់មិនយល់ស្របឡើយ។
អ្នកស្រីបន្តថា៖ «ពួកគេរើសអើងពួកយើង។ ពួកគេបានហៅស្វាមីរបស់ខ្ញុំថា [អាខ្ទើយ] ខ្ញុំចូលចិត្តគាត់ពីព្រោះគាត់ជាមនុស្សដែលចេះជួយយកអាសាគេ ហើយគាត់តែងតែផ្តល់ចំណីអាហារឱ្យខ្ញុំញុំា និងបានជួយធ្វើកិច្ចការខ្ញុំជាដើម»។
ស្រីពេជ បន្ថែមថាទោះបីខ្ញុំមិនមានបញ្ហានៅពេលគេនិយាយអាក្រក់ពីស្វាមីរបស់ខ្ញុំ ប៉ុន្តែស្វាមីខ្ញុំគាត់ពិតជាអន់ចិត្តខ្លាំងណាស់នៅពេលដែលគាត់មិនត្រូវបានគេទទួលស្គាល់ថាជាបុរសម្នាក់នៅក្នុងសហគមន៍។
នៅក្នុងករណីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៀត លោកស្រី Nakagawa បានឲ្យដឹងថា គ្រួសារកម្ពុជាជាច្រើនបានដាក់ទណ្ឌកម្មកូនៗរបស់ពួកគេដោយបង្ខំឱ្យរៀបការទោះបីជាកូននោះត្រូវបានកំណត់ថាមានបញ្ហាផ្លូវភេទខុសធម្មជាតិតាំងពីកំណើតក្តី។ ប៉ុន្តែថ្វីបើមិនមានការយល់ស្របពីគ្រួសាររបស់ដៃគូគាត់ក្តីក៏គ្រួសាររបស់អ្នកស្រី ញ៉ក់ ដែលរស់នៅខេត្តតាកែវមិនដែលបង្ខំកូនគាត់ឲ្យរៀបការជាមួយនរណាម្នាក់ផ្សេងទេហើយអ្វីៗហាក់បានល្អប្រសើរឡើងនៅពេលដែលគ្រួសារគាត់បានមើលឃើញថាលោក នី ជាមនុស្សដែលឧស្សាហ៍ព្យាយាមខិតខំធ្វើការ។
លោក នី ថ្លែងហាក់មានមោទនភាពខ្លួនឯងថា៖ «ក្រោយមកពួកគេក៏បានទទួលខ្ញុំ។ ពីដំបូងពួកគេស្អប់ខ្ញុំណាស់ហើយព្យាយាមបំបែកពួកយើង ប៉ុន្តែក្រោយមកពួកគេបានមើលឃើញថាខ្ញុំជាមនុស្សឧស្សាហ៍ខិតខំធ្វើការ និងជាអ្នករកស៊ីចិញ្ចឹមគ្រួសារ ពួកគេក៏យល់ព្រម»។
លោកពន្យល់ថាផ្នែកសំខាន់នៃការទទួលស្គាល់នេះគឺស្ថិតនៅលើចំណុចគ្រឹះនៃក្រុមគ្រួសារនោះ។
លោករៀបរាប់ថា៖ «ពួកគេឈប់ស្អប់យើងដោយសារតែពួកគេមើលឃើញថាគ្រួសារយើងមានការរីកចម្រើន។ ឥឡូវនេះគ្រួសាររបស់ភរិយាគាត់ថែមទាំងជួយថែទាំមើលកូនៗពួកគាត់ថែមទៀតផង។ ខ្ញុំចង់យកក្មេងម្នាក់មកចិញ្ចឹមពីព្រោះខ្ញុំគិតថានៅពេលដែលខ្ញុំចាស់ទៅនឹងនៅពេលដែលខ្ញុំឈឺនោះកូនខ្ញុំអាចមើលថែខ្ញុំបាន»។
នៅឯខេត្តត្បូងឃ្មុំឯណោះវិញស្រីពេជ និងស្វាមីរបស់គាត់ក៏បានសុំកូនគេមកចិញ្ចឹមដែរដោយសារពួកគាត់សង្ឃឹមថាកូននោះនឹងជួយមើលថែនៅពេលពួកគាត់ចាស់ៗទៅ។
ស្រីពេជ ថ្លែងថា៖ «ខ្ញុំស្រឡាញ់ពួកគេដូចកូនខ្ញុំបង្កើតអ៊ីចឹង ដូច្នេះពេលនេះយើងបានក្លាយទៅជាគ្រួសារមួយដូចគ្រួសារដទៃទៀតដែរ»។
យោងតាមរបាយការណ៍មួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ស្តីពីគូស្វាមីភរិយាស្រឡាញ់ភេទដូចគ្នា LGBT គឺប្រហែល ៨៨% នៃអ្នកឆ្លើយសំណួរបានបង្ហាញថាការមានកូនគឺមានសារៈសំខាន់ណាស់សម្រាប់ពួកគេ។ ប៉ុន្តែខណៈពេលដែលគ្រួសាររបស់អ្នកស្រី ញ៉ក់ និងលោក នី មានការទទួលស្គាល់កាន់តែច្រើននៅពេលដែលពួកគេសុំកូនយកមកចិញ្ចឹមនោះ ស្រីពេជ បែរជារៀបរាប់រឿងរ៉ាវផ្សេងពីនេះទៅវិញ។
អ្នកស្រីថ្លែងថាពីដំបូងឪពុកម្តាយរបស់គាត់មិនយល់ស្របពីទំនាក់ទំនងរបស់គាត់ជាមួយដៃគូគាត់ទេដោយគេយល់ថាពួកគាត់នឹងមិនមានអនាគតទេពីព្រោះពួកគាត់មិនអាចមានកូនបាន។ ប៉ុន្តែរហូតមកដល់ពេលនេះពួកគាត់បានសុំកូនគេមកចិញ្ចឹមរហូតដល់ ៣ នាក់ដែលម្នាក់មានអាយុ ៩ ឆ្នាំម្នាក់មានអាយុ ១៤ ឆ្នាំ និងម្នាក់ទៀតអាយុ ១៨ ឆ្នាំ។ ប៉ុន្តែការទទួលស្គាល់ហាក់មិនបានប្រសើរឡើងច្រើននោះទេ។
អ្នកស្រីថ្លែងថា៖ «ពួកគេបានសួរយើងដោយសើចចំអកថាតើហេតុអ្វីបានជាពួកខ្ញុំត្រូវចិញ្ចឹមកូនៗទាំងបីនាក់នោះម៉េចខ្ញុំមិនទុកលុយនោះវិញទៅ?»។
ស្រីពេជ បានបន្ថែមទៀតថាអ្នកស្រីព្រួយបារម្ភថាខ្លាចកូនៗរបស់គាត់មិនសប្បាយចិត្តនៅពេលដឹងថាប្តីរបស់គាត់គឺជាស្ត្រីភេទដូចរូបគាត់ដែរ ដោយអ្នកស្រីពន្យល់ថាកូនៗរបស់គាត់មិនទាន់បានដឹងទេបើទោះបីជាប្តីរបស់គាត់មិនដែលបានឆ្លងកាត់ការវះកាត់ប្តូរភេទក្តី ម្យ៉ាងវិញទៀតសុដន់គាត់រាបស្មើអ៊ីចឹងគាត់អាចបិទបាំងអត្តសញ្ញាណភេទពីកំណើតរបស់គាត់បាន។
របាយការណ៍របស់ CCHR បានរកឃើញថាសិទ្ធិទទួលសុំកូនចិញ្ចឹមពេញលេញត្រូវបានអ្នកឆ្លើយតបជិត ៧០ ភាគរយយល់ឃើញថាវាសំខាន់ណាស់ដើម្បីកាត់បន្ថយការរើសអើង ខណៈដែលច្បាប់នេះអាចការពារ និងគាំទ្រពួកគេបាន។
ត្រឡប់ទៅខេត្តតាកែវវិញអ្នកស្រី ញ៉ក់ មានហេតុផលតិចតួចជាងនេះសម្រាប់ការចង់បានកូនចិញ្ចឹម។
អ្នកស្រីថ្លែងដោយញញឹមថា៖ « នៅពេលខ្ញុំឃើញគ្រួសារដទៃមានកូនខ្ញុំក៏ចង់បានកូនដែរ ខ្ញុំមានអារម្មណ៍ថាខ្វះអ្វីម្យ៉ាង។ ប៉ុន្តែឥឡូវនេះកូនៗរបស់ខ្ញុំបានចូលមកបំពេញចន្លោះខ្វះខាតនេះហើយ។ អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំតែងតែគិតថាគ្រួសាររបស់ខ្ញុំគឺជាគ្រួសារមួយដ៏រីករាយ។ ខ្ញុំសប្បាយចិត្ត ... ខ្ញុំស្រឡាញ់កូនៗរបស់ខ្ញុំដូចកូនបង្កើតរបស់ខ្ញុំអ៊ីចឹង។ ពួកគេជាក្មេងដែលកតញ្ញូ»។
បន្ទាប់មកអ្នកស្រីនិយាយក្នុងលក្ខណៈម៉ឺងម៉ាត់ហើយលេងសើចនៅពេលអ្នកស្រីរំឭកអំពីការបាត់បង់កូនចិញ្ចឹមទី ១ របស់អ្នកស្រី។ ពួកគេបានស្មុំកូនមួយអាយុ ១ ថ្ងៃបន្ទាប់ពីពួកគេរើសមកនៅជាមួយគ្នា ប៉ុន្តែកូនស្រីនោះបានស្លាប់នៅពេលមានអាយុ ៧ ខែ។ អ្នកស្រី ញ៉ក់ ជឿថាវាបណ្តាលមកពីការខ្វះអាហារូបត្ថម្ភ។ «កាលពេលនោះមិនមានរូបមន្តសម្រាប់ការចិញ្ចឹមក្មេង។ យើងគ្រាន់តែបញ្ចុកបបរ»។
នៅពេលពួកគេបានជ្រើសរើសលោក ហេង នឿន មកចិញ្ចឹមប្រហែលក្នុងឆ្នាំ ១៩៩៣ គាត់ឈឺញឹកញាប់។
អ្នកស្រីបានថ្លែងបន្តថា៖ «ខ្ញុំភ័យខ្លាចខ្លាំងណាស់ថាគាត់នឹងស្លាប់ដូចកូនទី ១ របស់ខ្ញុំ»។
ទោះយ៉ាងណាក្តីដោយសារមានរូបមន្តសម្រាប់ទារកដែលឥឡូវនេះសំបូរកូនស្រីអាយុ ២ ឆ្នាំរបស់អ្នកស្រីមានសុខភាពល្អ។ ពួកគេស្ថិតនៅក្នុងចំណោមអ្នកដែលសំណាងចំពោះការស្មុំកូនរបស់ពួកគេដែលត្រូវបានទទួលស្គាល់ដោយច្បាប់។ បើទោះបីជាពួកគេមិនដែលបានរៀបការតាមប្រពៃណី និងមិនមានសំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសាររបស់ពួកគេបានចុះឈ្មោះពួកគេជាប្តីប្រពន្ធ ឪពុកម្តាយនៃកូន ២ នាក់ហើយអាជ្ញាធរសង្កាត់ និងខណ្ឌបានចុះហត្ថលេខាលើលិខិតស្មុំកូនរបស់ពួកគេ។
បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថា ២១,៥ ភាគរយនៃអ្នកឆ្លើយសំណួរនៅក្នុងការសិក្សាស្រាវជ្រាវរបស់ពួកគេអំពីការរស់នៅជាមួយគ្នាដូចប្តីប្រពន្ធដែលបានរៀបការ «គ្រួសារឥន្ទធនូ» គឺមានសៀវភៅគ្រួសារ។
ចំពោះលោក នី នេះគឺអាចទៅរួចបើទោះបីជាច្បាប់របស់កម្ពុជាមិនផ្តល់ការទទួលស្គាល់យេនឌ័រ អាជ្ញាធរបានកត់សម្គាល់លោក នី ជា «ប្រុស» នៅក្នុងអត្តសញ្ញាណប័ណ្ណរបស់គាត់។
លោក នី បានថ្លែងបន្តថា៖ «ពួកគេឃើញលក្ខណៈរបស់ខ្ញុំ ដូច្នេះពួកគេដាក់ថា «ប្រុស»។ តាមរយៈអត្តសញ្ញាណនេះពួកគេគឺស្ថិតនៅក្នុងចំណោមអ្នកឆ្លើយតបប្រមាណ ៣៩ ភាគរយដែលត្រូវបានចុះបញ្ជីថាជាប្តីប្រពន្ធនៅក្នុងសៀវភៅគ្រួសាររបស់ពួកគេ ខណៈជិត ២២ ភាគរយត្រូវបានចុះបញ្ជីជាបងប្អូនបង្កើត។ អ្នកដទៃៗទៀតត្រូវបានចុះបញ្ជីថាជាដៃគូ និងមេគ្រួសារ ឬមិនដាក់ចំណាត់ថ្នាក់ទំនាក់ទំនងរបស់ពួកគេ។
លោក មែន វណ្ណា មេប៉ុស្តិ៍នគរបាលសង្កាត់ត្រពាំងសាបកាលពីម្សិលមិញបានថ្លែងថាលោកទើបតែប្រកាន់ជំហររបស់លោកកាលពីចុងឆ្នាំ ២០១៧ ហេតុដូច្នេះលោកមិនបានចេញសៀវភៅគ្រួសារទៅលោក នី និង ញ៉ក់ ទេ។
លោកបានថ្លែងបន្តថា ជាការពិតលោកមិនដឹងថាត្រូវធ្វើយ៉ាងម៉េចនៅពេលដៃគូភេទទី ៣ ចង់ធ្វើសៀវភៅគ្រួសារ។
លោកបានថ្លែងបន្តថា៖ «ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចសរសេរឲ្យពួកគេយ៉ាងម៉េចពីព្រោះជាធម្មតាសៀវភៅគ្រួសារគឺមានប្តី ប្រពន្ធ និងកូន»។
ស្រ៊ុន ស្រន សកម្មជនលើកកម្ពស់ភេទទី ៣ LGBT បានថ្លែងថាក្នុងប្រទេសកម្ពុជា ការអនុវត្តច្បាប់មិនតឹងរ៉ឹងគឺធ្វើឲ្យវាអាចទៅរួចសម្រាប់គ្រួសារឥន្ទធនូក្នុងការស្មុំកូន។ «ពួកគេភាគច្រើនបំផុតមានកូនដែលត្រូវបានសុំមកចិញ្ចឹម។ ពួកគេមួយចំនួនមានកូន ៧ ទៅ ៨ នាក់មានចៅ និងមានចៅទួតមួយចំនួនទៀត»។ «នៅកម្ពុជាច្បាប់មិនស្ថិតនៅក្នុងការអនុវត្តហើយគេអាចសុំកូនទៅតាមការចរចាជាមួយឪពុកម្តាយបង្កើត ឬគ្រួសារ»។
ទោះយ៉ាងណាក្តីមេឃុំសង្កាត់ដែលមិនតឹងរ៉ឹងនៅក្នុងការអនុវត្តបានធ្វើឲ្យមានការស្មុំកូនដោយប្តីប្រពន្ធភេទដូចគ្នា។
ស្រន បានថ្លែងថា ការខ្វះការការពារដោយច្បាប់គឺជាបញ្ហាប្រឈមបំផុតសម្រាប់ប្តីប្រពន្ធភេទដូចគ្នា ខណៈពួកគេភាគច្រើនមិនត្រូវបានទទួលស្គាល់ថាជាប្តីប្រពន្ធនៅក្នុងសៀវភៅគ្រួសារ ហើយអត្តសញ្ញាណប័ណ្ណរបស់ពួកគេមិនបានឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណយេនឌ័ររបស់ពួកគេ។ បើតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ការមានសៀវភៅគ្រួសារគឺសំខាន់សម្រាប់ការស្មុំកូន ខណៈជិត ៧០ ភាគរយនៃដៃគូដែលមានសៀវភៅគ្រួសារគឺមានកូន។
ខណៈការរៀបការភេទដូចគ្នាមិនត្រូវបានអនុញ្ញាតក្នុងប្រទេសកម្ពុជា ភាគច្រើនបំផុតនៃដៃគូភេទដូចគ្នាដែលរស់នៅជាមួយគ្នាបានកំណត់អត្តសញ្ញាណខ្លួនឯងថា ១ ស្រី ១ ប្រុស។ អ្នកនិពន្ធរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានធ្វើទឡ្ហីករណ៍ថាច្បាប់ស្តីពីការទទួលស្គាល់យេនឌ័រនឹងជួយប្រយុទ្ធប្រឆាំងការរើសអើងក្នុងប្រទេសកម្ពុជាហើយធ្វើឲ្យមានលក្ខណៈសាមញ្ញចំពោះការស្មុំកូន និងការរៀបការ។
លោក ស្រន បានថ្លែងថាការស្មុំកូនជាញឹកញាប់ពាក់ព័ន្ធនឹងការផ្តល់លុយ ហើយករណីរបស់លោក នី និងញ៉ក់ក៏ដូច្នេះដែរ។ ចំពោះកូនទី ១ របស់ពួកគេ ពួកគេបានផ្តល់ប្រាក់ចំនួន ៣០ ០០០ រៀលដល់ម្តាយបង្កើតដែលមិនចង់ចិញ្ចឹមកូននោះដោយសារនាងមិនមានទំនាក់ទំនងជាមួយឪពុកកូននោះ។
ចំពោះលោក ហេង នឿន ដែលជាកូនប្រុសរបស់អ្នកទាំងពីរបានថ្លែងថា លោកមិនខ្វល់ទេថាតើកូនចិញ្ចើម ឬកូនបង្កើតគ្រាន់តែដឹងថាឪពុកម្តាយរបស់លោកស្រឡាញ់លោកដូចកូនបង្កើត។ នៅក្នុងលក្ខណៈនិយាយទន់ភ្លន់លោកបាននិយាយអំពីការរើសអើងដែលបានប៉ះពាល់ដល់រូបលោក។ មិត្តភក្តិមួយចំនួនរបស់លោកបានសួរអំពីអត្តសញ្ញាណយេនឌ័ររបស់ឪពុកលោកដោយសួរថាតើគាត់ជាប្រុស ឬស្រីហើយលោកបានថ្លែងទៅវិញថា «មានតែក្មេងទេដែលសួរអ៊ីចឹង»។
«យើងមានអារម្មណ៍ធម្មតាដោយសារយើងទទួលយកស្ថានភាពនេះ»។ ចំពោះអនុស្សាវរីយ៍មួយចំនួនដែលលោកចូលចិត្តបំផុតលោកបានចង្អុលទៅរូបថតគ្រួសារគឺការទៅលេងខេត្តកំពត និងខេត្តព្រះសីហនុជាមួយគ្រួសារគ្នា ៣ នាក់។
លោកបានថ្លែងថាលោកក៏ត្រូវបានឌឺដងពីក្មេងដទៃៗអំពីការមិនបានរស់នៅជាមួយឪពុកម្តាយបង្កើត ប៉ុន្តែលោកមិនខ្វល់។ លោកបានថ្លែងថា៖ «ខ្ញុំដឹងថា ពួកគាត់ស្រឡាញ់ខ្ញុំ ដូច្នេះគ្មានអារម្មណ៍អ្វីផ្សេងទេ»។
លោកបានថ្លែងថាម្តាយបង្កើតរបស់លោកបានមកលេងលោកពីរបីដងកាលពេលលោកអាយុប្រហែល ៧ ឆ្នាំ និងបានទិញនំឲ្យលោកហូប។
ទោះយ៉ាងណាក្តីម្តាយរបស់លោកលែងមកលេងលោកនៅពេលគាត់រើទៅនៅក្នុងខេត្តបាត់ដំបង។ «ខ្ញុំអត់ដឹងថាតើផ្ទះរបស់គាត់នៅឯណាទេ។ គាត់ថែមទាំងមិនទាក់ទងខ្ញុំ»។
លោក ស្រន បានថ្លែងថាវិធីមួយទៀតក្នុងការស្មុំកូនគឺយកកូនពីបងប្អូនបង្កើតរបស់ខ្លួនដែលក្រីក្រពេកមិនអាចចិញ្ចឹមពួកគេបាន។
ចំពោះលោក នី និង ញ៉ក់ វិញវិធីនេះជាវិធីដែលពួកគាត់បានស្មុំកូនទី ២ របស់ពួកគាត់ប្រហែល ២ ឆ្នាំមុន។
លោក នី បានថ្លែងបន្តថា៖ «ដោយសារបងប្អូនស្រីរបស់ខ្ញុំគិតថាខ្ញុំមិនមានកូន ហើយនាងមានកូនច្រើន នាងបានឲ្យកូនខ្ញុំមួយ»។
ខណៈ ញ៉ក់ និង នី និង នឿន និយាយថាពួកគេមិនបានជួបការរើសអើងខ្លាំងពីប្រជាជនក្នុងសហគមន៍របស់ខ្លួនដូចលោកស្រី Nakagawi បានថ្លែងថារឿងដែលលំបាកខ្លាំងជាងនេះសម្រាប់ប្តីប្រពន្ធភេទដូចគ្នាគឺថាកាលពេលកើតពួកគេត្រូវបានដាក់ថាភេទប្រុស ប៉ុន្តែអត្តសញ្ញាណរបស់ពួកគេជាភេទស្រី។
លោកស្រី បានថ្លែងបន្តថា៖ «យើងបានរកឃើញថាមានការប្រកាន់រឹងមាំមួយនៅក្នុងសង្គមកម្ពុជាថាភេទប្រុសមិនគួរធ្វើលក្ខណៈជាភេទស្រីទេ»។
«សង្គមនេះបង្ហាញថាមនុស្សប្រុសដែលមានវ័យចំណាស់ជាងគេជាមេគ្រួសារ ហើយវាជាក្រឹត្យក្រមសង្គម ដូច្នេះមានការប្រឆាំងពីបុរសដែលកំពុងព្យាយាមចេញពីក្រុមមនុស្សប្រុស។
ទោះយ៉ាងណាក្តីលោកស្រីបានថ្លែងថាការទទួលយកហាក់បីដូចជាមានការកើនឡើងក្នុងរយៈកាលឆ្នាំចុងក្រោយដោយសារសកម្មភាពតស៊ូមតិសកម្មជាងមុន ហើយសង្ឃឹមថាភាពរើសអើងនឹងបញ្ចប់។
នៅក្នុងភូមិតាស៊ូយ៉ាងហោចណាស់សហគមន៍នេះហាក់បីដូចជាទទួលយកច្រើនចំពោះគ្រួសារភេទទី ៣ ហើយបើទោះបីជានៅក្នុងគ្រួសារលោក នី មិនមានហ្ស៊ែនដូចគ្នា ពួកគេរស់នៅប្រកបដោយភាពសប្បាយរីករាយ៕ PS/NS