បាត់ដំបងៈ ក្រុមប្រតិបត្តិករណូរីក្នុងខេត្តបាត់ដំបងបានចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្រោយពេលផ្លូវណូរីមួយខ្សែស្ថិតនៅស្របតាមជើងភ្នំបាណន់ ស្រុកបាណន់ ត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការកាលពីរសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧ ក្រោមកិច្ចសហការសាងសង់ឡើង រវាងអាជ្ញាធរខេត្ត និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ក្នុងខេត្តនេះ ។
លោក សយ បូរ៉ា តំណាងក្រុមប្រតិបត្តិករណូរីដែលជាដៃគូវិនិយោគលើគម្រោងអភិឌ្ឍន៍ខ្សែណូរីនេះបាននិយាយថាក្រុមប្រតិបត្តិករណូរីដែលបានប្រកបអាជីវកម្មនេះកាលពីមុនបាននាំគ្នាបន្តនូវអាជីពរបស់ខ្លួនជាថ្មី ក្រោយពេលរដ្ឋាភិបាលបានបិទសកម្មភាពណូរីលើផ្លូវរថភ្លើង ដើម្បីផ្ដល់ភាពងាយស្រួលដល់ដំណើរការស្ដារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជាកាលពី ២ ឆ្នាំមុន។
លោក បូរ៉ា បានបញ្ជាក់ថា៖ «គិតត្រឹមថ្ងៃទី ១ ខែមករាឆ្នាំ ២០១៨ ទៅយើងមានណូរីចំនួន ៦ គ្រឿងសម្រាប់ប្រតិបត្តិការដឹកភ្ញៀវទេសចរជាតិ និង អន្តរជាតិដែលមកទស្សនាតំបន់ប្រាសាទបាណន់»។
លោក បូរ៉ា បានបន្តថាការធ្វើដំណើរកម្សាន្តតាមជើងណូរីដែលមានចម្ងាយ ៣៨៥០ ម៉ែត្រលាតសន្ធឹងស្របតាមជើងភ្នំបាណន់ដោយចាប់ផ្ដើមពីភូមិសង្ឃ ឃុំកន្ទឺ ២ ដល់ភូមិ-ឃុំ ឈើទាលទេសចរអាចនឹងមើលឃើញផ្ទាំងទស្សនីយភាពជាច្រើននៃប្រាងប្រាសាទភ្នំបាណន់ និងល្អាងភ្នំបុរាណ។ ដោយភ្ញៀវម្នាក់ៗគ្រាន់តែបង់ថ្លៃសំបុត្រមួយម៉ឺនរៀលសម្រាប់ទេសចរជាតិ ដែលមានអាយុលើសពី ១០ ឆ្នាំ និង ២ ម៉ឺនរៀលសម្រាប់ទេសចរបរទេស។
ភ្ញៀវទេសចរក៏នឹងអាចមើលឃើញនូវប្រភេទសត្វព្រៃដ៏កម្រជាច្រើនប្រភេទទៀតដែលកំពុងមានវត្តមាននៅឡើយក្នុងតំបន់ព្រៃសហគមន៍ចំនួនបីនៅក្នុងស្រុកបាណន់ ដូចជា ស្វាឪ (ស្វាសម្បុរខ្មៅមាឌធំ) ពពែព្រៃ កេស ខ្លារខិន និង ខ្លាដំបង។ នេះជាដំណើការនូវខ្សែណូរីដំបូងគេនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិនឹងធ្វើឲ្យជីវភាពពលរដ្ឋក្នុងតំបន់នេះល្អ៕