ភ្នំពេញៈ តាម​របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា កាលពី​ឆ្នាំ​កន្លង​ទៅ​ដំណើរការ​ថវិកា​ជាតិ​​របស់​កម្ពុជា​គឺ​មាន​តម្លាភាព​តិចតួច​ជាង​ពី​ឆ្នាំ​មុនៗ ប៉ុន្តែ​នៅ​មាន​ព័ត៌មាន​តិចតួច​ត្រូវ​បាន​ផ្តល់​ជូន​ដល់​សាធារណជន​ជុំវិញ​ដំណើរការ​ប្រើប្រាស់​ថវិកា​ជាតិ​ ខណៈ​ឱកាស​សាធារណជន​នៅ​មាន​តិចតួច​ក្នុង​ការ​ចូលរួម​ត្រួតពិនិត្យ​ដំណើរការ​ថវិកា​នេះ​។

ការ​ស្ទង់មតិ​ថវិកា​បើក​ទូលាយ​របស់​អង្គការ​ The International Budget Partnership ឆ្នាំ​ ២០១៧ ដែល​បាន​ចេញ​ផ្សាយ​នៅ​ដើម​ខែ​នេះ​ស្តី​អំពី​ដំណើរការ​ថវិកា​ជាតិ​នៃ​ប្រទេស​ ១១៥ ​បាន​​វាយ​តម្លៃ​ចាប់ពី​ ០ ​ដល់​ ១០០ ​ពិន្ទុ​ដែល​មាន​ដូចជា តម្លាភាព ការ​ចូលរួម​ពី​សាធារណជន​ និង​ការ​ត្រួតពិនិត្យ​ថវិកា​ជាតិ​។

ពិន្ទុ​របស់​កម្ពុជា​បាន​កើន​ដល់​ ២០ ​ពិន្ទុ​សម្រាប់​តម្លាភាព​ថវិកា គឺ​កើនឡើង​ពី​ ៨ ​ពិន្ទុ​ក្នុង​ការ​ស្ទង់មតិ​ចុង​ក្រោយ​ក្នុង​ឆ្នាំ​ ២០១៥ គឺ​ខ្ពស់​ជាង​វៀតណាម​ដែល​មាន​ (១៥) ​​ពិន្ទុ ប៉ុន្តែ​តិច​ជាង​ទីម័រ​​ដែល​មាន​ (៤០) ​ពិន្ទុ​ក្នុង​តំបន់​។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី វា​ស្ថិត​នៅ​ឆ្ងាយ​ពី​មធ្យមភាគ​សកល​ដែល​មាន​ ៤២ ​ពិន្ទុ​។

ដើម្បី​កែលម្អ​បញ្ហា​នេះ​របាយការណ៍​ក៏​បាន​បញ្ជាក់​ដែរ​ថា​រដ្ឋាភិបាល​គួរ​ពង្រីក​ការ​ត្រួតពិនិត្យ​ដំណើរការ​ថវិកា​ជាតិ​រួម​បញ្ចូល​ទាំង​ចំណាយ​ផង​។

ចំពោះ​ការ​ចូលរួម​ពី​សាធារណជន​គឺ​កម្ពុជា​ទទួល​បាន​ ៤ ​ពិន្ទុ​ក្នុង​តំបន់​គឺ​នៅ​លើ​មីយ៉ាន់ម៉ា​តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន ​០ ​ពិន្ទុ ចំណែកឯ​ការ​ត្រួតពិនិត្យ​វិញ​កម្ពុជា​ទទួល​បាន​ ៥៥ ​ពិន្ទុ​។

របាយការណ៍​នេះ​ក៏​បាន «​ផ្តល់​អនុសាសន៍​ថា​ត្រូវ​បង្កើត​គ្រឹះស្ថាន​សារពើពន្ធ​ឯករាជ្យ​មួយ​ដើម្បី​ត្រួតពិនិត្យ​លើ​តម្លាភាព​ថវិកា​ជាតិ​នេះ​»​។

នាយក​អង្គការ​តម្លាភាព​អន្តរជាតិ​ប្រចាំ​កម្ពុជា​លោក ព្រាប កុល បាន​ថ្លែង​ថា​៖ «​វា​អាច​ជា​ការ​វិវឌ្ឍ​ដ៏ល្អ​បំផុត​មួយ ប្រសិន​បើ​រដ្ឋាភិបាល​អាច​ផ្សព្វផ្សាយ​ពី​ផែនការ​ថវិកា​ជាតិ​ឲ្យ​លម្អិត​ក៏​ដូច​ចំណាយ​តាម​ក្រសួង​»៕ NS