ភ្នំពេញៈ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក ឈឹម ផលវរុណ ដែលជាគូជម្លោះនឹងអតីតមេបក្សប្រឆាំងលោក កឹម សុខា បានចូលទៅបំភ្លឺកាលពីម្សិលមិញចំពោះមុខចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក គី ឫទ្ធី ក្នុងសំណុំរឿងចោទប្រកាន់អតីតមេបក្សរូបនេះពីបទ «ក្បត់ជាតិ»។
ប៉ុន្តែមេធាវី និងអ្នកវិភាគយល់ឃើញថាលោក ឈឹម ផលវរុណ ដែលជាភាគីម្ខាងធ្លាប់មានទំនាស់នឹងលោក កឹម សុខា នោះមិនត្រូវអនុញ្ញាតឲ្យទៅបំភ្លឺឡើយដោយសារថាការពិត ការទុកចិត្ត និងយុត្តិធម៌នឹងមិនអាចរកឃើញសម្រាប់លោក កឹម សុខា ឡើយ ខណៈដែលគូទំនាស់ត្រូវបានហៅមកសាកសួររឿងពាក់ព័ន្ធនឹងគូទំនាស់នឹងគ្នានោះ។
ការកោះហៅលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារថា លោកធ្លាប់ជាអតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីជំនាន់លោក កឹម សុខា នៅជាប្រធានដោយកោះហៅដើម្បីឲ្យទៅឆ្លើយនឹងសំណួរក្នុងនាមសាក្សីពាក់ព័ន្ធនឹងការចោទប្រកាន់លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ឬឃុបឃិតជាមួយបរទេសដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន។ បទចោទនេះប្រសិនបើតុលាការរកឃើញដូចការចោទប្រកាន់មែនលោក កឹម សុខា ប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ឆ្នាំទៅ ៣០ ឆ្នាំ។
លោក ឈឹម ផលវរុណ បានប្រាប់អ្នកសារព័ត៌មានក្រោយការឆ្លើយបំភ្លឺថា៖ «(ចៅក្រម) សួរពាក់ព័ន្ធដែលខ្ញុំធ្លាប់ធ្វើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលជំនាន់លោក កឹម សុខា ជាប្រធានមជ្ឈមណ្ឌល។ យើងមានអ្វី (ឯកសារ) ដែលបញ្ជាក់រឿងការពិតប៉ុណ្ណោះ យើងមិនអាចនិយាយបានទេព្រោះវាជានីតិវិធីរបស់តុលាការ ហើយជាការគោរពកិត្តិយសសេចក្តីថ្លៃថ្នូរបុគ្គលអ៊ីចឹងយើងមិនលាតត្រដាងជាសាធារណៈ។ ខ្ញុំបានសន្យាថាយោងតាមសម្បថខ្ញុំនិយាយតែការពិត»។
លោកថ្លែងថាអ្វីដែលចៅក្រមបានសាកសួរគឺពាក់ព័ន្ធទៅនឹងបទចោទលើលោក កឹម សុខា។ លោកបញ្ជាក់ថា៖ «គាត់សួរតែរឿងអ្វីដែលពាក់ព័ន្ធនឹងអ្វីនៅក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សទៅនឹងបទល្មើសដែលកំពុងនៅក្នុងដំណើរការក្តីហ្នឹង តែខ្ញុំគ្រាន់តែឆ្លើយក្នុងនាមសាក្សីនូវអ្វីដែលខ្ញុំដឹងទេ»។
លោក ឈឹម ផលវរុណ ធ្លាប់បានដាក់ពាក្យប្តឹងលោក កឹម សុខា កាលពីឆ្នាំ ២០០៦ ដោយចោទប្រកាន់លោក កឹម សុខា ថាបានកិបកេងប្រាក់រាប់ពាន់ដុល្លារពីថវិកាជំនួយ និងបង្កើតឯកសារក្លែងក្លាយ។ ប៉ុន្តែរឿងក្តីនេះត្រូវបានពន្យាររហូតដល់ឆ្នាំ ២០១០ ក្រោយពេលលោក កឹម សុខា លាលែងទៅបង្កើតគណបក្សសិទ្ធិមនុស្សទើបតុលាការកោះហៅលោក កឹម សុខា ទៅសាកសួរ។
ចៅក្រមស៊ើបសួរមិនអាចទាក់ទងសុំការបំភ្លឺបន្ថែមបានទេកាលពីម្សិលមិញ។
លោកស្រី ម៉េង សុភារី មេធាវីម្នាក់ក្នុងចំណោមមេធាវី ៨ នាក់ដែលការពារក្តីលោក កឹម សុខា ថ្លែងថាការកោះហៅលោក ឈឹម ផលវរុណ មកសាកសួរក្នុងនាមសាក្សីនេះមិនអាចរកឃើញការពិត និងមានទំនាស់ផលប្រយោជន៍។
លោកស្រីពន្យល់ថា៖ «លោក ឈឹម ផលវរុណ ពីដើមមកគាត់ធ្លាប់មានទំនាស់នៅឯមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយដោយសារតែមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអស់មូលនិធិទៅមជ្ឈមណ្ឌលបានបញ្ឈប់លោក ឈឹម ផលវរុណ ដែលកាលនោះគាត់ជាបុគ្គលិកម្នាក់នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សដែរ។ គាត់កើតទុក្ខមិនសុខចិត្តចំពោះការបញ្ឈប់គាត់ តែមិនមែនតែគាត់ទេគឺមានការបញ្ឈប់បុគ្គលិកមួយចំនួនទៀតចំពោះគម្រោងមួយចំនួនដែលត្រូវអស់ជំនួយ»។
លោកស្រីបន្ថែមថា៖ «យើងធ្លាប់បានស្តាប់ឮតាមវិទ្យុហើយ គាត់បានធ្វើការវាយប្រហារមកលើឯកឧត្តម កឹម សុខា ជារឿយៗតាមវិទ្យុ។ ដូច្នេះ ការកោះហៅលោក ឈឹម ផលវរុណ មកធ្វើជាសាក្សីហ្នឹងមិនបង្ហាញពីការពិត ហើយក៏មិនអាចរកយុត្តិធម៌ដល់ជនត្រូវចោទបានទេ ព្រោះវាបង្ហាញឲ្យឃើញថាពួកគាត់ទាំង ២ មានទំនាស់ផលប្រយោជន៍នឹងគ្នានៅក្នុងរឿងក្តីនេះ»។
លោកស្រីមេធាវីនិយាយថាក្រុមមេធាវីនឹងស្នើសុំឯកសារចម្លើយរបស់លោក ឈឹម ផលវរុណ ដើម្បីយកមកសិក្សា និងសម្រេចថា តើក្រុមមេធាវីនឹងសុំប្តឹងមោឃភាពលើចម្លើយរបស់គាត់ឬយ៉ាងណា ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាវេលាយប់ឈានចូលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ ទាំងមានអភ័យឯកសិទ្ធិជាតំណាងរាស្ត្រនៅផ្ទះរបស់លោកក្នុងខណ្ឌទួលគោកដោយសមត្ថកិច្ចសំអាងលើវីដេអូឃ្លីបដែលលោកបាននិយាយនៅប្រទេសអូស្ត្រាលីកាលពីចុងឆ្នាំ ២០១៣។ លោកត្រូវបានយកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាមចាប់ពីពេលនោះមក។
កាលពីសប្តាហ៍មុនលោកត្រូវបានសមត្ថកិច្ចដឹកយកមកចូលរួមសវនាការសុំនៅក្រៅឃុំបណ្ដោះអាសន្ននៅភ្នំពេញ ប៉ុន្តែសាលាឧទ្ធរណ៍បានបដិសេធមិនឲ្យលោកនៅក្រៅឃុំឡើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយថ្លែងថាតុលាការមិនគួរពិចារណាចំពោះការធ្វើសក្ខីកម្មរបស់លោក ឈឹម ផលវរុណ ទេ «ប៉ុន្តែតុលាការរបស់យើងធ្វើអ្វីដែលគេចង់ធ្វើ»។
លោកបន្ថែមថា៖ «ការចោទប្រកាន់លោក កឹម សុខា នោះវាមិនយុត្តិធម៌ស្រាប់ទៅហើយគឺមិនត្រឹមត្រូវតាមនីតិវិធី។ ខ្ញុំគិតថាតុលាការបានកោះហៅសាក្សី ហើយវាស្រេចលើក្រុមមេធាវីដែលការពារលោក កឹម សុខា ទេដែលត្រូវជំទាស់ទៅនឹងការផ្តល់សក្ខីកម្មនេះ ឬភាពអាចជឿទុកចិត្តបាននៃសក្ខីកម្មនេះ ដោយសារតែវាមានទំនាស់ជាមួយជនត្រូវចោទគឺលោក កឹម សុខា»៕