ភ្នំពេញៈ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក ​សម រង្ស៊ី កាលពី​ម្សិលមិញ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​​ដីកា​កោះ​ថ្មី​មួយ​ឲ្យ​បំភ្លឺ​ទាក់ទង​នឹង​សំណុំ​រឿង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ឈ្មោះ កុក ស កាត់​ដី​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា ជា​ទង្វើ​ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា​ជា​អំពើ​ក្បត់​​ជាតិ ប៉ុន្តែ​មេធាវី​ម្នាក់​បាន​សម្ដែង​ការងឿង​ឆ្ងល់​ទៅ​លើ​ចំណុច​មួយ​ចំនួន ខណៈ​ដែល​លោក​ សម រង្ស៊ី គ្មាន​អំណាច​ក្នុង​រដ្ឋ​ដើម្បី​សម្រេច​កិច្ចការ​នេះ​។

យោង​តាម​ដីកាកោះ​នៃ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​ ១៥៧៤ ចុះហត្ថលេខា​ដោយ​ព្រះរាជអាជ្ញារង​លោក សៀង សុខ ដែល​ជា​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​កំណត់​ឲ្យ​លោក សម រង្ស៊ី ដែល​កំពុង​ហ៊ុមព័ទ្ធ​ដោយ​បណ្ដឹង​ និង​ទោស​ជាប់​ខ្លួន​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ៧ ខែ​ឧសភា ឆ្នាំ​ ២០១៨ វេលា​ម៉ោង​ ៩ ​ព្រឹក​នៅ​បន្ទប់ ​(​ឋ​) ​ជាន់​ទី ២ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ដីកា​ដដែល​នេះ​បាន​តម្រូវ​ឲ្យ​លោក សម រង្ស៊ី បំភ្លឺ​ពី​ដំណើរ​រឿង​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ឈ្មោះ កុក ស ដែល​បាន​ធ្វើ​​ឡើង​កាលពី​ថ្ងៃទី​ ១៤ ខែ​មេសា​ឆ្នាំ​ ២០១៣ ​នៅ​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​នឹង​ការ​កាត់​ដី​ ៤ ​ខេត្ត​ទៅ​ឲ្យ​ជាតិ​ដើម​ភាគតិច​ដេហ្គា (​ម៉ុងតាញ៉ា​) ​និង​ឲ្យ​សាមីខ្លួន​យក​លិខិត​ពាក់ព័ន្ធ​នឹង​រឿង​នេះ​មក​ជាមួយ​ផង ប្រសិន​បើ​មាន​។

ក្រោយ​បាន​ដីកា​នេះ​មន្ត្រីនគរបាល​មូលដ្ឋាន​យក​ទៅ​បិទ​នៅ​របង​ផ្ទះ​លោក សម រង្ស៊ី លេខ ៥៧៦ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ ជា​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ត្រូវ​បាន​តុលាការ​សម្រេច​រឹបអូស​ជា​បណ្ដោះអាសន្ន​ដើម្បី​ទូទាត់​សំណង​ដល់​នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋសភា​។

នៅពេល​នាំ​យក​ដីកា​ទៅ​នេះ​នគរបាល​បាន​ជួប​បុរស​ ៨ ​នាក់​នៅ​ទី​នោះ និង​បាន​អាន​ដីកា​ឲ្យ​ស្ដាប់ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​មិន​ព្រម​ទទួល​ទេ​។ នេះ​បើ​តាម​ចំណារ​លើ​លិខិត​មួយ​របស់​សមត្ថកិច្ច​កាលពី​ម្សិលមិញ​។

ការចេញ​ដីកា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បាន​ផ្ញើ​របាយការណ៍​សំយោគ​ទៅ​ជូន​សាលាដំបូង​កាលពី​សប្ដាហ៍​មុន​តាម​ការជំរុញ​ឲ្យ​សិក្សា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ដែល​លោក​ចាត់ទុក​ថា ជា​ករណី​មិន​អាច​អត់ឱន​ឲ្យ​បាន​។

លោក សម រង្ស៊ី មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ទេ កាលពី​ម្សិលមិញ​។ ប៉ុន្តែ​យ៉ាង​ណា​ក្ដី​បន្ទាប់ពី​ករណី​នេះ​ត្រូវ​បាន​ទម្លាយ​លោក​ធ្លាប់​បាន​អះអាង​ថា ឈ្មោះ កុក ស ជាខែ្មរ ខណៈ​មាន​អ្នក​ខ្លះ​ថា​គាត់​មិន​ចេះ​និយាយ​​ខ្មែរ​ផង​នោះ​។

ទាក់ទង​ករណី​នេះ​លោក​មេធាវី ជូង ជូងី ដែល​ធ្លាប់​ការពារ​ក្ដី​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​មិន​បាន​សម្ដែង​ការយល់ឃើញ​​ថា​យ៉ាង​ណា​នោះ​ទេ កាលពី​ម្សិលមិញ ខណៈ​លោក​មិន​យល់​ពី​បណ្ដឹង​របស់​រដ្ឋាភិបាល តែ​លោក​មាន​ចម្ងល់​មួយ​ចំនួន​ទាក់ទង​នឹង​សំណុំ​រឿង​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិនដឹង​ថា ឯកសារ​នោះ​ពិត​ឬ​យ៉ាង​ណា​នោះ​ទេ ដូច្នេះ​ខ្ញុំ​គ្មាន Comment អី​ទេ​។ ​ខ្ញុំ​មិន​យល់​យ៉ាង​ណា​ពី​បណ្ដឹង​របស់​រដ្ឋាភិបាល​លើ​​ករណី​នេះ​ទេ តែ​ខ្ញុំ​មាន​ចម្ងល់​ចំនួន​ ៣ ទី​ ១- លោក សម រង្ស៊ី អត់​មាន​អំណាច​ក្នុង​រដ្ឋ​ទាល់​តែ​សោះ ធ្វើ​ម៉េច​គាត់​កាត់​ដី​ ៤ ​ខេត្ត​ឲ្យ​វៀតណាម​បាន​។ ​ទី​ ២- ​បើ​គាត់​ពិត​ជា​បាន​ធ្វើ​មែន តើ​គាត់​ទទួល​បាន​ប្រយោជន៍​អ្វី​ពី​កិច្ចព្រមព្រៀង​នោះ និង​ទី​ ៣- ​តើ​ប្រទេស​ណា​ដាក់​សម្ពាធ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ ព្រោះ​ជាទូទៅ​បើ​ប្រមុខរដ្ឋ​នៃ​ប្រទេស​មួយ​សម្រេច​កាត់​ដី​របស់​ខ្លួន​ឲ្យ​ទៅ​ប្រទេស​មួយ​ទៀត វា​លុះត្រា​តែ​មាន​សម្ពាធ​ពី​ប្រទេស​មួយ​ទៀត ហើយ​នៅក្នុង​ផលប្រយោជន៍​អ្វី​?»៕