ភ្នំពេញៈ តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ ឆ្នាំ ២០១៨ នេះ បាន​បើក​សវនាការ​និង​ប្រកាស​សម្រេច​តម្កល់​សាល​ដីកា​តុលាការ​ថ្នាក់​ក្រោម ដោយ​ផ្តន្ទា​ទោស​អ្នក​ស្រី ទេព វន្នី តំណាង​សហគមន៍​បឹងកក់ ជាប់​ពន្ធនាគារ ២ ឆ្នាំ​កន្លះ​ដដែល ទាក់​ទិន​នឹង​ករណី​បង្ក​របួស​ស្នាម​នៅ​ក្បែរ​វិមាន​ឯករាជ្យ ជិត​ផ្ទះ​នាយក​រដ្ឋ​មន្ត្រី កាល​ពី​ខែ​មីនា ឆ្នាំ ២០១៣។

ក្នុង​សវនាការ​ដែល​ដឹក​នាំ​ដោយ​ចៅក្រម​លោក​ស្រី គឹម សត្ថាវី និង​មាន​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​អ្នកស្រី ទេព វន្នី ផង​ដែរ​នោះ បាន​សម្រេច​រក្សា​បទ​ចោទ និង​តម្កល់​សាល​ដីកា តុលាការ​ថ្នាក់​ក្រោម​នៅ​ដដែល។

អ្នកស្រី ទេព វន្នី ដែល​បាន​ត្រូវ​បាន​នាំ​មក​សវនការ​ផងដែរ បាន​និយាយ​ថា ប្រាប់​តុលាការ​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។

អ្នកស្រី​ថ្លែង​ថា៖ «នៅ​ថ្ងៃ​កើត​ហេតុ ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​ទេ ព្រោះ បាន​ដាក់​ញត្តិ​ទៅ​ក្រសួង ពេល​មិន​ទទួល​ក៏​នាំ​គ្នា​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី។ ថ្ងៃ​នោះ អត់​មាន​អ្នក​ចេញ​មក​ទទួល បើ​ចេញ​មក​ទទួល ក៏​អត់​មាន​បញ្ហា​ដែរ។ ទើប​មួយ​សន្ទុះ សមត្ថកិច្ច​រារាំង​និង​មាន​ការ​ប្រទូស្តរាយ​ដាក់​គ្នា»។

អ្នកស្រី អះអាង​ថា ការ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នកស្រី ក៏​ដោយសារ​មូល​ហេតុ​ថា កូនស្រី​អាយុ ១៤ ឆ្នាំ មាន​បញ្ហា​រលាក​ខួរ​ក្បាល ច្រើន​សន្លប់ ឯ​ម្តាយ​វះ​ភ្នែក​ទាំង​សង​ខាង​ផង​ដែរ។

នៅ​ក្រៅ​តុលាការ​កំពូល ក៏​មាន​អ្នក​គាំទ្រ​អ្នកស្រី វន្នី​ប្រមាណ ២០ នាក់​ផង​ដែរ។

គួរ​បញ្ជាក់​ថា នេះ​ជា​សវនាការ​លើ​បណ្តឹង​សារ​ទុក្ខ ចំពោះ​សំណុំ​រឿង​អ្នកស្រី ទេព វន្នី ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ខែ សីហា ឆ្នាំ ២០១៦ និង​ត្រូវ​បាន​ចោទ​ថា បាន​បង្ក​របួង​ស្នាម ទៅ​លើ​សន្តិសុខ​ខណ្ឌ​ដូន​ពេញ ២ នាក់។ តុលាការ​ថ្នាក់​ក្រោម​កាត់​ក្តី​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ ឆ្នាំ កន្លះ ពាក់​ព័ន្ធ​នឹង «បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខាង​កើត​វិមាន​ឯករាជ្យ ក្បែរ​ផ្ទះ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាល​ពី​ខែ​មីនា ឆ្នាំ ២០១៣៕